ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​បញ្ជី​នៃ​ប្រទេស​មាន​ការ​ជួញ​ដូរ​មនុស្ស


យុវជន​និង​កុមារ​កម្ពុជា​ដែល​បាន​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្នុង​តំបន់​ជា​ពិសេស​ប្រទេស​ម៉ាឡេស៊ី​និង​ថៃ ភាគ​ច្រើន​បាន​រងគ្រោះ​ដោយ​ការ​​ជួញ​ដូរ​ផ្លូវ​ភេទ​ជា​ទាសករ​តាម​ផ្ទះ​និង​តាម​ទូក​នេសាទ និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​វិស័យ​កសិកម្ម​និង​រោងចក្រ​ជា​ដើម។
យុវជន​និង​កុមារ​កម្ពុជា​ដែល​បាន​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្នុង​តំបន់​ជា​ពិសេស​ប្រទេស​ម៉ាឡេស៊ី​និង​ថៃ ភាគ​ច្រើន​បាន​រងគ្រោះ​ដោយ​ការ​​ជួញ​ដូរ​ផ្លូវ​ភេទ​ជា​ទាសករ​តាម​ផ្ទះ​និង​តាម​ទូក​នេសាទ និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​វិស័យ​កសិកម្ម​និង​រោងចក្រ​ជា​ដើម។
កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​នៃ​ប្រទេស​ដែល​មាន​ការ​ប្រឹងប្រែង​តិច​តួច​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​មនុស្ស។ នេះ​បើ​តាម​របាយការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ប្រចាំ​ឆ្នាំ​២០១៤​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

របាយការណ៍​នេះ​បាន​ចាត់​ថ្នាក់កម្ពុជា​ក្នុង​ប្រទេស​កម្រិត​ទី​ពីរ​ឬ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​នៃ​ការ​ជួញ​ដូរ​មនុស្ស​ ដែល​មាន​ន័យ​ថា ការ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​នៅ​មាន​កម្រិត​និង​មិន​ទាន់​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​នៅ​ឡើយ។

របាយការណ៍​ដដែល​នេះ​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិនទាន់​បាន​អនុលោម​តាម​បទដ្ឋាន​អប្បបរមា​ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស​នៅ​ឡើយ​ទេ ទោះ​បី​ជា​បាន​បង្ហាញ​ការ​ខិត​ខំប្រឹងប្រែង​គួរ​ឱ្យ​កត់​សម្គាល់​ក៏​ដោយ។ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ជួញ​ដូរ​មនុស្ស​ចំនួន​៣៥​ករណី​នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​មាន​តែ​១៨​សំណុំ​រឿង​ប៉ុណ្ណោះ​ដែល​នាំ​ឱ្យ​មាន​ការ​កាត់​ទោស។ ការ​ស៊ើប​អង្កេត​នេះ​គឺ​តិច​ជាង​ប្រាំបួន​ករណី​ធៀប​នឹងឆ្នាំ​២០១២។ របាយការណ៍​នេះ​បាន​សំដៅ​ទៅ​លើ​ពុក​រលួយ​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់ សម្រាប់​ការ​អាក់​ខាន​ក្នុង​ការ​នាំ​ជនល្មើស​មក​ផ្ដន្ទាទោស​នេះ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ស្នើ​មិន​អត្ថាធិប្បាយ​ជុំវិញ​របាយការណ៍​នេះ​ទេ ប៉ុន្តែ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នៃ​ការ​ជួញ​ដូរ​មនុស្ស​នា​ពេល​កន្លង​មក។

«យើង​មាន​ច្បាប់។ យើង​មាន​គោល​នយោបាយ។ យើង​មាន​ផែនការ​ យន្តការ​ជាតិ យន្តការ​ចម្រុះ​អន្តរ​ក្រសួង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ធ្វើ​ការ​ជាមួយ​ប្រទេស​ជាប់​ពាក់ព័ន្ធ​អញ្ចឹង។ ដូច្នេះ​ខ្ញុំ​ជឿ​ជាក់​ថា នេះ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ហើយ​យើង​មិន​ដែល​ទម្លាក់​ដៃ​ទេ​ព្រោះ​យើង​ចាត់​ទុក​វា​ជា​អាទិភាព​មួយ»។

របាយការណ៍​នេះ​ឱ្យ​ដឹង​ថា កម្ពុជា​ជា​ប្រភព ជា​ប្រទេស​ឆ្លង​កាត់ និង​ជា​ប្រទេស​គោល​ដៅ​មួយ​នៃ​ពលកម្ម​ដោយ​បង្ខំ​និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទចំពោះ​បុរស ស្ត្រី និង​កុមារ។ ចំណែក​ឯ​យុវជន​និង​កុមារ​កម្ពុជា​ដែល​បាន​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្នុង​តំបន់​ជា​ពិសេស​ប្រទេស​ម៉ាឡេស៊ី​និង​ថៃ ភាគ​ច្រើន​បាន​រងគ្រោះ​ដោយ​ការជួញ​ដូរ​ផ្លូវ​ភេទ​ជា​ទាសករ​តាម​ផ្ទះ​និង​តាម​ទូក​នេសាទ និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​វិស័យ​កសិកម្ម​និង​រោងចក្រ​ជា​ដើម។ ចំណែក​ឯ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​បាន​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ក្លែង​ក្លាយ​ដើម្បី​សម្រួល​ដល់​ការ​ជ្រើសរើស​កុមារ​យក​ទៅ​ធ្វើ​ការ​នៅ​បរទេស។ ការ​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ​នៅ​តែ​ជា​បញ្ហា​នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​របាយការណ៍​នេះ។

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​យល់​ស្រប​នឹង​ការ​រក​ឃើញ​របស់​របាយការណ៍​នេះ ប៉ុន្តែ​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​ចាត់​វិធានការណ៍​ណា​មួយ​ដើម្បី​ឱ្យ​ភាគី​កម្ពុជា​បង្កើន​កិច្ច​ប្រឹងប្រែង​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​ប្រទេស​របស់​ខ្លួន។

«របាយការណ៍​នេះ​បាន​ត្រឹម​តែ​ដាស់​តឿន​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​តិច​តួច​តែ​ប៉ុណ្ណឹង។ មិន​បាន​ចាត់​វិធានការណ៍​អ្វី​ឱ្យ​បាន​ម៉ឺងម៉ាត់​នោះ​ទេ និង​មិន​បាន​យក​របាយការណ៍​នេះ​ទៅ​ដាក់​ទណ្ឌកម្ម​អ្វី​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ»។

ចំណាត់​ថ្នាក់​កម្រិត​ទី​២​របស់​កម្ពុជា​គឺ​ដូច​នឹង​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​ដែរ​ដូចជា​ប្រទេស​ប្រ៊ុយណេ សឹង្ហបុរី និង​វៀតណាម​ជាដើម។ ដោយ​ឡែក​ប្រទេស​ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១ ឬ​មាន​ន័យ​ថា ជា​ប្រទេស​ដែល​មាន​ការ​ប្រឹងប្រែង​ខ្ពស់​ក្នុង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស មាន​ដូចជា​សាធារណរដ្ឋ​ឆេក ប្រទេស​ដាណឺម៉ាក និង​កាណាដា​ជា​ដើម។ ចំណែក​ឯ​ប្រទេស​ក្នុង​តំបន់​ដូចជា​ថៃ​និង​ម៉ាឡេស៊ី​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ទៅ​ក្នុង​កម្រិត​ទី​៣ ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ​មិន​បាន​ប្រឹងប្រែង​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​ទាល់​តែ​សោះ ហើយ​ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ណា​មួយ​ពី​សហរដ្ឋ​អាមេរិក។

លោក យ៉ែម បុញឬទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា របាយការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់​ស្តែង​នៅ​កម្ពុជា។

«ខ្ញុំ​គិត​ថា នៅ​មាន​រូបភាព​មួយ​ចំនួន​ដែល​ការ​ជួញ​ដូរ​នេះ នៅ​មាន​កម្រិត​ធ្ងន់​ធ្ងរ ហើយ​យោង​តាម​របាយការណ៍​នេះ​ក៏​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ការ​ជួញ​ដូរ​ផ្លូវ​ភេទ ជួញ​ដូរ​មនុស្ស​នៅ​មាន​កម្រិត​ខ្ពស់ ដែល​យើង​យល់​ថា ប្រហែល​ជា​មក​ពី​បញ្ហា​ពុក​រលួយ​ជា​ប្រព័ន្ធ​ហ្នឹង ដែល​ធ្វើ​ឱ្យ​អំពើ​បែប​នេះ​នៅ​មាន​ក្នុង​សង្គម​យើង»។

កាល​ពី​ដើម​ខែ​នេះ កាសែត The Guardian ដែល​ជា​កាសែត​ដ៏​ល្បី​នៅ​លើ​ពិភពលោក​បាន​ចេញ​ផ្សាយ​អត្ថបទ​ស៊ើប​អង្កេត​អស់​រយៈ​ពេល​ប្រាំមួយ​ខែ​របស់​ខ្លួន​ដោយ​បាន​រក​ឃើញ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ប្រើ​ប្រាស់​កម្មករ​នេសាទ​បង្គារ​របស់​ប្រទេស​ថៃ​ដែល​មកពី​ប្រទេស​ផ្សេងៗ​ដែល​ក្នុង​នោះ​មាន​កម្ពុជា​ ឲ្យ​ធ្វើ​ការ​ដូច​ទាសករ។ កាសែត​ក៏បាន​ដក​ស្រង់​សម្តី​របស់​កម្មករ​ដោយ​បាន​លើក​ឡើង​ពី​ការ​ប្រើ​កម្មករ​ឲ្យ​ធ្វើការ​ពី​១៨​ទៅ​២២​ម៉ោង​ក្នុង​១ថ្ងៃៗ ការ​ធ្វើ​ទារុណ្ឌកម្ម​ និង​ការ​សម្លាប់​កម្មករ​នេសាទ​ជា​ច្រើន​ករណី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG