ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ ចង់​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​៥%​ក្នុង​ឆ្នាំ​២០២០


លោក Larry Kudlow ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។
លោក Larry Kudlow ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។

ទីប្រឹក្សា​សេដ្ឋកិច្ចជាតិ​របស់​សេតវិមាន​គឺ​លោក Larry Kudlow មាន​ប្រសាសន៍​ថា លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ នឹង​អំពាវនាវ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ស្រុក​របស់​រដ្ឋាភិបាល​ចំនួន​៥% ទៅ​លើ «គ្រប់​មុខ​ចំណាយ​ទាំងអស់» នៅ​ក្នុង​ឆ្នាំ​២០២០ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ដាក់​សំណើថវិកា​ថ្មី​របស់​លោក​ជូន​សភា​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក Kudlow បាន​ថ្លែង​ក្នុង​កម្មវិធី​ព័ត៌មាន​ Fox News ​ថ្ងៃ​អាទិត្យ​ថា៖ «‍ថវិកា​ឆ្នាំ​២០២០ នឹង​មាន​លក្ខណៈ​យ៉ាប់យ៉ឺន ដោយ​សារ​យើង​នឹង​ដាក់​កំហិត​លើ​ខ្លួន​ឯង​នៅ​ឆ្នាំ​នេះ​ ហើយ​ខ្ញុំ​គិត​ថា យើង​គូរ​តែ​បាន​ធ្វើ​បែប​នេះ​យូរ​ណាស់​មក​ហើយ»។

​លោក Kudlow ​មាន​ប្រសាសន៍​ថា៖ «‍ការ​អនុម័ត​ថវិកា​ថ្មីៗ​នេះ​ខ្លះ មិន​អំណោយផល​ល្អ​ដល់​ការ​ចំណាយ​នោះ​ទេ ដូច្នេះ ខ្ញុំ​គិត​ថា ការ​កាត់​បន្ថយ​ចំណាយ​នេះ គឺ​ពិត​ជា​វិធីសាស្ត្រ​ដ៏​ត្រឹមត្រូវ»។

សំណើ​ថវិកា​លើក​ទី​៣​របស់​លោក​ត្រាំ ក្នុង​ពេល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​នេះ ពោល​គឺ​ឆ្នាំថ្មី​ដែល​ចាប់​ផ្ដើម​នៅ​ខែ​តុលា ត្រូវ​គេ​រំពឹង​ថា​ នឹង​នាំ​ឱ្យ​មាន​ការ​ប្រឆាំង​ពីអ្នក​អនុម័ត​ច្បាប់​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​ខាង​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ផង​ដែរ។

សំណើ​ថវិកា​ថ្មី​នេះ ដែល​នឹង​ធ្វើ​ឱ្យ​មាន​ការ​ជជែក​សួរ​ដេញ​ដោល​គ្នា​រាប់​ខែ បាន​ចាប់​ផ្ដើម​តែ​ប៉ុន្មាន​អាទិត្យ​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​បិទ​រដ្ឋាភិបាលអស់​រយៈពេល​៣៥​ថ្ងៃ​ដែល​បាន​បំបែក​ឯតទគ្គកម្ម​ពី​មុន​ ដោយ​សារ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​បច្ចុប្បន្ន​នេះ បាន​បញ្ចប់​ទៅ។

ជម្លោះ​ថ្មីៗ​នេះ កើត​ឡើង​ដោយសារ​ការ​ទាមទារ​របស់​លោក​ត្រាំ ចង់​បាន​ថវិកា​ជាង​៥​ពាន់​លាន​ដុល្លារ​ យក​ទៅ​សង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​អាមេរិក​ជាប់​ប្រទេស​ម៉ិកស៊ិក ដើម្បី​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​ខុសច្បាប់។

នៅ​ពេល​ដែល​សភា​ ច្រាន​ចោល​សំណើ​សុំ​ថវិកា​របស់​លោក​ត្រាំ ​នោះ លោក​ប្រធានាធិបតី​ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​រំលង​ការ​សុំ​ការ​អនុញ្ញាត​ពី​សភា ក្នុង​ការ​ប្រើប្រាស់​ថវិកា​ដែល​ត្រូវ​បាន​បែងចែក​សម្រាប់​គម្រោង​ផ្សេងៗ​ទៀត យក​ទៅ​សង់​ជញ្ជាំង​តាម​ព្រំ​ដែន​នោះ៕

XS
SM
MD
LG