ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​ថ្មី​​បង្ហាញ​ថា ការ​យឺតយ៉ាវ​របស់​អាមេរិក​ក្នុង​ការ​ទប់ស្កាត់​នឹង​កូវីដ១៩​​នាំ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់


រូបឯកសារ៖ សាកសពរបស់អ្នកជំងឺត្រូវបានដឹកចេញពីមន្ទីរពេទ្យ Wyckoff នៅតំបន់ Brooklyn រដ្ឋញូវយ៉ក កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។

ការ​សិក្សា​ថ្មី​មួយ​របស់​សាលវិទ្យាល័យ Columbia នៃ​បូរី​ញូវយ៉ក​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​សប្តាហ៍​នេះ បង្ហាញ​ថា ភាព​យឺតយ៉ាវ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បិទ​សកម្មភាព​ក្នុង​ប្រទេស​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងជំងឺ​កូវីដ១៩ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់។

ការ​ស្រាវជ្រាវ​នេះ​បាន​រក​ឃើញ​ថា ប្រសិន​អាជ្ញាធរ​អាមេរិក​បាន​ចាប់​ផ្តើម​ចេញ​វិធានការ​រឹតត្បិត​នានា​ដើម្បី​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃវីរុស​កូរ៉ូណា​ តាំង​ពី​ថ្ងៃ​ ទី​១ ខែ​មីនា​ម៉្លេះ គឺ​ពីរ​សប្តាហ៍​មុនពេល​អាជ្ញាធរ​បាន​ចាប់​ផ្តើម​បិទ​សកម្មភាព​សង្គម​ក្នុង​រដ្ឋ​នានា​របស់​សហរដ្ឋ​អាមេរិក នោះ​គេ​ទំនង​អាចបញ្ចៀស​ការ​ស្លាប់បាន ​៨៣% នៃ​ចំនួន​អ្នក​ស្លាប់​សរុប​ពី​ជំងឺ​កូវីដ១៩ ដែល​មាននៅ​អាមេរិកមក​ទល់​នឹង​ពេលនេះ។

ការ​សិក្សា​នេះត្រូវ​ផ្តល់​ថវិកាដោយ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​សហរដ្ឋ​អាមេរិក​ និង​មូលនិធិ​វិទ្យាសាស្ត្រ​ជាតិ។

ការ​សិក្សា​រក​ឃើញ​ថា សូម្បី​ការ​ចាត់​វិធានការ​ឆ្លើយ​តប​បាន​តែមួយ​សប្តាហ៍​លឿន​ជាង​ក្នុង​ពេល​កន្លង​ ក៏​អាច​សង្គ្រោះ​ជីវិត​មនុស្ស​របស់​ដល់ ​៣៦.០០០​ នាក់ ដោយ​អាច​មាន​ប្រសិទ្ធភាព​ទប់ស្កាត់ការ​ឆ្លង​វីរុស​កូរ៉ូណា ​ក្នុង​ដំណាក់​កាល​ដំបូងនៅ​កន្លែង​ផ្ទុះ​ឆ្លង​ដូច​ជា​ក្រុង​ធំៗ ​ញូវយ៉ក​ និង​ក្រុង New Orleans។​

អ្នក​សិក្សា​បាន​ធ្វើ​ការ​សន្និដ្ឋាន​របស់​ពួកគេ​ដោយ​ប្រើ​គំរូ​ព្យាករណ៍ modeling ​ផ្អែក​លើ​ទិន្នន័យ​ពី​ប្រសិទ្ធភាព​នៃ​វិធានការ​រឹតត្បិត​សកម្មភាព​សង្គម​កន្លង​មក ដូច​ជា​ការ​តម្រូវ​ឲ្យ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម ដែល​ត្រូវ​អាជ្ញាធរ​អាមេរិក​អនុវត្ត​នៅ​ពាក់​កណ្តាល​ខែ​មីនា ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩។

ការ​សិក្សា​បង្ហាញ​ថា នៅ​ពេល​រដ្ឋ​នានា​ចាប់​បើក​សកម្មភាព​សង្គម​ឡើង​វិញ អាជ្ញាធរ​ត្រូវតាមដានការ​ឆ្លង​ថ្មី​យ៉ាង​ខ្លាំង​ដើម្បី​បង្ការ​ការ​ផ្ទុះ​ឆ្លង​ទ្រង់ទ្រាយ​ធំ​ម្តង​ទៀត៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG