រដ្ឋមន្ត្រីប្រទេសអង់គ្លេស និងបារាំងបានជួបប្រជុំគ្នាជាបន្ទាន់មួយកាលថ្ងៃអង្គារក្នុងទីក្រុងប៉ារីស ដើម្បីពិភាក្សាពីវិបត្តិនៃជនភៀសខ្លួនតាមទូកដែលមានចំនួនកាន់តែច្រើនឡើងក្នុងច្រកសមុទ្រអង់គ្លេស។
ក្នុងឆ្នាំនេះ មានជនភៀសខ្លួនជាង៤ពាន់នាក់ហើយ ដែលភាគច្រើនមកពីតំបន់អាហ្រ្វិកនិងមជ្ឈិមបូព៌ា បានព្យាយាមឆ្លងកាត់ពីប្រទេសបារាំងមកប្រទេសអង់គ្លេស តាមរយៈទូកតូចៗនិងទូកមានដំបូល ដោយក្នុងសប្តាហ៍មុន មានជនភៀសខ្លួនចំនួន៧០០នាក់។
ជនភៀសខ្លួនព្យាយាមឆ្លងកាត់ច្រកសមុទ្រចម្ងាយប្រមាណ៣៥គីឡូម៉ែត្រ ក្នុងតំបន់ដឹកជញ្ជូនដែលមានភាពមមាញឹកបំផុតក្នុងពិភពលោក ដោយមានកុមារគ្មានអាណាព្យាបាលស្ថិតក្នុងចំណោមនោះដែរ។
ការកើនចំនួនអ្នកមកដល់នៃជនភៀសខ្លួននេះបានជំរុញឲ្យមានការឆ្លើយតបខាងនយោបាយ។ នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសលោក Boris Johnson ប្រាប់អ្នកកាសែតនៅថ្ងៃចន្ទថា លោកសន្យានឹងចាត់វិធានការក្នុងរឿងហ្នឹង តែគេនៅពុំទាន់ដឹងនូវសេចក្តីលម្អិតរបស់លោកនោះឡើយ។ លោកថា នឹងព្យាយាមបញ្ឈប់ការឆ្លងកាត់ខុសច្បាប់ ប៉ុន្តែក៏ពិនិត្យមើលសិទ្ធិរបស់ពួកគេដែលអាចរស់នៅអង់គ្លេសដែរ។
រដ្ឋមន្ត្រីអន្តោប្រវេសន៍អង់គ្លេសលោក Chris Philp បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសនៅថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយសមភាគីបារាំង ក្នុងការកាត់បន្ថយចំនួនជនភៀសខ្លួនដែលធ្វើការឆ្លងកាត់ដៃសមុទ្រ។ ផែនការមួយក្នុងការពិភាក្សាគឺការប្រទេសអង់គ្លេសចេញសោហុយថែមទៀតក្នុងការយាមល្បាតនៅតាមឆ្នេរភាគខាងជើងរបស់ប្រទេសបារាំង។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រទេសអង់គ្លេស បានពង្រាយនាវាកងទ័ពជើងទឹក និងយន្តហោះឃ្លាំមើលនៅតំបន់ច្រកសមុទ្រអង់គ្លេស។ អតីតមន្ត្រីកងទ័ពជើងទឹកអង់គ្លេសលោក Chris Parry និយាយថា វាជារឿងត្រឹមត្រូវដែលឲ្យកងទ័ពអង់គ្លេសចូលពាក់ព័ន្ធក្នុងរឿងនេះ ដោយលោកថា មកទល់ពេលនេះអង់គ្លេសមិនទាន់អាចគ្រប់គ្រងព្រំដែនសមុទ្រខ្លួនបាន៕