ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​រៀប​ចំ​ចេញ​ដំណើរ


លោក​ ដ្យន បេនើរ៍ (John​ Boehner) ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋនិយម។
លោក​ ដ្យន បេនើរ៍ (John​ Boehner) ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋនិយម។

ទីក្រុង​វ៉ាស៊ីនតោន៖ ជា​ការ​ពិបាក​នឹង​ជឿ​ ក៏ប៉ុន្តែ​ការសាកល្បង​ទី​មួយ​សម្រាប់​ឱ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​និយម​ក្នុង​ការស្វះស្វែង​រក​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ពួកគេ​មាន​រយៈពេល​មិន​ដល់​មួយឆ្នាំ​ទៀត​ផង។ ​ការ​ប្រជុំ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​នៅ​រដ្ឋ​ អាយអូវ៉ា (Iowa) នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ។

លោក​ កូស្តាស ផាណាហ្គោភូឡុស (Costas​ Panagopoulos) ​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឯ​សាកលវិទ្យាល័យ​ ហ្វ័រដហាម (Fordham University) រំពឹង​ថា នឹង​មាន​ឥស្សរជន​ច្រើន​នាក់​ ជា​បេក្ខជន​ប្រធានាធិបតី សម្រាប់​គណបក្ស​សាធារណរដ្ឋនិយម​នៅ​ឆ្នាំ​២០១២។ លោក​មាន​ប្រសាសន៍​ថា៖

«គ្មាន​នរណា​ម្នាក់​នាំ​មុខ​គេ​ពិតប្រាកដ​ទេ ឬ​គ្មាន​អ្នក​បន្ត​តំណែង​ច្បាស់​លាស់​ទេ សម្រាប់​គណបក្ស ហើយ​ជា​ផ្នែក​មួយ​នៃការណ៍​នេះ​ខ្ញុំ​យល់​ថា ពីព្រោះ​គណបក្ស​សាធារណរដ្ឋ​និយម​បាន​ធ្វើ​អ្វី​ដែល​ខ្ញុំ​ហៅ​ថា ជា​ការ​ស្វែង​រក​ទិសដៅ​របស់​គណបក្ស​ក្នុង​ការ​ធ្វើ​ចលនា​ទៅមុខ»។

ឥស្សរជន​មួយ​ចំនួន​ដែល​មាន​សក្តានុពល​អាច​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​និយម​ ​បាន​ទៅ​ទស្សនា​រួចស្រេច​ហើយ​នូវ​រដ្ឋ​ត្រូវ​បោះឆ្នោត​ដំបូង​ដែល​មាន​សារៈសំខាន់​នៅ​ក្នុង​ដំណើរ​ការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ដោយមាន​រាប់​បញ្ចូល​រដ្ឋ​ អាយអូវ៉ា (Iowa) ញូ ហ៊ែមផ៍ស្ស៊ើ (New ​Hampshire) សោថ ការ៉ូឡៃណា (South​ Carolina)​ និង​រដ្ឋ​ ណេវ៉ាដា (Nevada)។

នៅ​ពេលនេះ​ មិន​ខ្វះ​មនុស្ស​ដែល​អាច​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​សាធារណរដ្ឋ​និយម​ទេ។​ ក៏ប៉ុន្តែ​ ក្នុង​កម្មវិធី​ ជួប​ជាមួយ​សារព័រមាន​ (Meet ​the​ Press)​ របស់​ទូរទស្សន៍​ អិនប៊ីស៊ី (NBC) លោក​ ដ្យន បេនើរ៍ (John​ Boehner) ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋនិយម​បាន​ទទួល​ស្គាល់​ថា នៅ​ក្នុង​ដំណាក់ការ​ដំបូង​នៃ​ការ​ប្រកួត​ប្រជែង​នេះ គ្មាន​សមាជិក​ណា​ម្នាក់​នៃ​គណបក្ស​សាធារណរដ្ឋ​និយម​មាន​ប្រៀប​ច្បាស់លាស់​ទេ។​ លោក​បន្ត​ថា៖

«ខ្ញុំ​មិន​ដែល​ឃើញ​ការ​ប្រកួត​ប្រជែង​ចំហរ​ទំនេរ​បែប​នេះ​សម្រាប់​ការ​តែង​តាំង​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋនិយម​ពី​មុន​មក​ទេ។ ក៏​ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​ដឹង​ថា ធម្មជាតិ​ស្អប់​ភាព​គ្មាន​អ្នក​គ្រប់គ្រង»។

នៅ​ក្នុង​ចំណោមអ្នក​ដែល​ត្រៀម​ខ្លួន​ចូល​ប្រកួត​ប្រជែង​នេះ មាន​លោក​ មីត្ត រ៉មនីយ៍ (Mitt​ Romney)​ អតីត​អភិបាល​រដ្ឋ​ ម៉ាស្សាជូសេត្តស៍ (Massachusetts)​ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​បណ្តា​ពួក​ជន​ដែល​អាច​មាន​សក្តានុពល​ជា​បេក្ខជន​ដែល​កាល​ពី​ពេលថ្មីៗ​នេះ​បាន​និយាយ​ទៅ​កាន់​ការប្រជុំ​មួយ​នៃ​ពួកសកម្មជន​អភិរក្ស​និយម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​ដែល​បាន​រិះគន់​ដល់​របៀប​ដោះស្រាយ​នៃ​គោលនយោបាយ​ការ​បរទេស​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា។ លោក​ថ្លែង​ថា៖

«ខ្ញុំ​នឹង​មិន​សុំ​អភ័យទោស​ជំនួស​មុខ​ឲ្យសហរដ្ឋ​អាមេរិក​ជា​ដាច់ខាត»។

លោក​ រ៉មនីយ៍ បាន​ឋិត​នៅ​ក្រោយ​លោក​ ដ្យន ម៉ាក់ខេន (John​ McCain) ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ការបោះឆ្នោត​ដំបូង​នៃ​គណបក្ស​សាធារណរដ្ឋ​និយម​កាល​ពី​ឆ្នាំ​២០០៨​ ហើយ​ហាក់​ដូចជា​អន្ទះសា​ចង់​ប្រកួត​ប្រជែង​លើក​ទី​ពីរ​សម្រាប់​តំណែង​ជាន់​ខ្ពស់​ក្នុង​សេតវិមាន​នៅ​ឆ្នាំ​ក្រោយ។

ក៏ប៉ុន្តែ​ លោក​ រ៉មនីយ៍ ប្រហែល​មាន​គូប្រជែង​ច្រើន។​ នៅ​ក្នុង​ចំណោម​ពួក​ឥស្សរជន​ដែល​គេ​រំពឹង​ថា នឹង​ប្រកាស​អំពី​គោលបំណង​របស់​គេ​ក្នុង​រយៈពេល​ពីរ​ បី​ខែ​ទៀត​នោះ មាន​លោក​ ញូត៍ ហ្គីងរិច (Newt​ Gingrich)​ អតីត​ប្រធាន​សភា​តំណាងរាស្ត្រ​អាមេរិក លោក​ ធិម ផាឡិនធី (Tim ​Pawlenty)​ អតីត​អភិបាល​រដ្ឋ​ ម៉ូនីសូតា (Minnesota) លោក​ ដ្យន ធូន (John ​Thune)​ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ប្រចាំ​រដ្ឋ​ សោថ ដាកូតា (South​ Dakota) និង​លោក ​រិក សានថរុម (Rick​ Santorum) អតីត​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ ភែនស៊ីលវ៉ានី (Pennsylvania)។

បញ្ហា​ធំ​មួយ​ទាក់ទិន​នឹង​លោកស្រី​ សារ៉ា ផេលីន (Sarah​ Palin)​ អតីត​អភិបាល​រដ្ឋ ​អាឡាស្កា (Alaska)​ ដែល​ជា​បេក្ខនារី​អនុប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​និយម​កាល​ពី​ឆ្នាំ​២០០៨។​ លោកស្រី​ ផេលីន មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​ក្នុង​ចំណោម​ពួក​អភិរក្ស​និយម​នៃ​គណបក្ស​សាធារណរដ្ឋ​និយម​ ក៏ប៉ុន្តែ​លោកស្រី​មាន​ប្រជាប្រិយភាព​តិចតួច​ណាស់​ក្នុង​ចំណោម​ពួក​ប្រជាធិបតេយ្យ និង​ក្រុម​អ្នក​បោះឆ្នោត​ឯករាជ្យ។ ការណ៍​នេះ​នាំ​ឱ្យ​មាន​កង្វល់​ដល់​ពួក​អ្នកយុទ្ធសាស្ត្រខ្លះ ​ដែល​ចង់​ឱ្យ​មាន​បេក្ខជន​ម្នាក់​ដែល​មាន​ការ​ទាក់​ទាញ​ច្រើន​បំផុត។

ឥស្សរជន​ឯ​ទៀតៗ​ដែល​ប្រហែល​នឹង​ឈរ​ឈ្មោះ​ មាន​រួមបញ្ចូល​លោក​ហាលីយ៍ បារបួរ (Haley Barbour) បច្ចុប្បន្ន​អភិបាលរដ្ឋ ​មីស្ស៊ីស្ស៊ីព្ពី (M​ississippi) លោក មីតច៍ ដានីញែលស៍ (Mitch​ Daniels) បច្ចុប្បន្ន​អភិបាលរដ្ឋ អ៊ីណ្ឌាណា (Indiana) ​លោកស្រី មីស្ស៊ែល បាចម៉ាន្ន (​Michele​ Bachmann) សមាជិកា​សភា​សហរដ្ឋ​អាមេរិក ប្រចាំ​រដ្ឋ​ មីនីសូតា (Minnesota)​ លោក ​ដ្យន ហាន់ត៍ស្ម៊ែន (Jon Huntsman) ​អតីត​អភិបាលរដ្ឋ​ យូថា (Utah)​ និង​លោក​ ម៉ៃ ហាកខាប៊ី (Mike

Huckabee) អតីត​អភិបាលរដ្ឋ​ អាកានសាស (Arkansas)។

លោក​រ៉ូដស៍ ឃុក (Rhodes​ Cook) ដែល​ជា​អ្នកជំនាញ​ការ​ខាង​នយោបាយ​និយាយ​ថា នឹង​មាន​រយៈពេល​យូរ​សម្រាប់​ឱ្យ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​និយម​លេច​មុខ​ទ្បើង។ លោក​បន្ត​ថា​៖

“លោក​អ្នក​ធ្លាប់​មាន​ជន​ទាំងនេះ​ដែល​ជា​អ្នក​នៅ​មុខគេ​នៅ​ពេល​ចាប់ផ្តើម​ការ​ប្រកួត​ប្រជែង​ខាង​គណបក្សសាធារណរដ្ឋ​និយម ហើយ​ដែល​កត់​សម្គាល់​ការ​ប្រកួត​ប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ​និយម។​ នៅ​ពេល​នេះ​លោកអ្នក​គ្មាន​ការណ៍​បែប​នេះ​ទេ។ ដូច​ខ្ញុំ​បាន​និយាយ​អញ្ចឹង វា​អាច​មាន​ការ​ធ្វើ​ឱ្យ​ច្រទ្បំ​បល់ និង​ប្រហែល​មាន​ភាព​ច្របូកច្របល់​ជាងមុន​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ»។

មនុស្ស​ម្នាក់​ដែល​អាច​ឋិត​នៅ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​គឺ​លោក​ ដូណលដ៍ ត្រាំផ៍ (Donald Trump) មហា​សេដ្ឋី​ខាង​ដីធ្លី និង​អាគារ​នៅ​ឯ​បូរី​ ញូយ៉ក។​ លោក​ថ្លែង​ថា៖

«ប្រសិន​បើ​ខ្ញុំ​ឈរ​ឈ្មោះ​ ហើយ​ប្រសិន​បើ​ខ្ញុំ​ឈ្នះ​ ប្រទេស​នេះ​នឹង​ត្រូវ​គេ​គោរព​ម្តង​ទៀត!»

លោក ត្រាំផ៍ ជា​អ្នក​ធ្វើ​ឱ្យ​គេ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​សន្និសីទ​អំពី​សកម្មភាព​នយោបាយ​របស់​ពួក​អភិរក្ស​និយម​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​ លោក​និយាយ​ថា លោក​នឹង​សម្រេចចិត្ត​ថា​តើ​ឈរឈ្មោះ​ឬ​មិន​ឈរឈ្មោះ​មិន​ឱ្យ​ហួស​ពី​ខែ​មិថុនា​ទេ។

សមាជិក​ម្នាក់​ទៀត​នៃ​គណបក្ស​សាធារណរដ្ឋ​និយម​ដែល​មាន​ប្រជាប្រិយភាព​ជាមួយ​អ្នក​អភិរក្ស​និយម និងសកម្មជន​នៃ​ចលនា​ Tea ​Party​ គឺ​លោក​ គ្រិស គ្រិស្ទី (Chris​ Christie)​ អភិបាលរដ្ឋ ​ញូ ដ្យឺស៊ី (New​Jers​ey)។​ ក៏​ប៉ុន្តែ​ លោក​ គ្រិស្ទី បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​លោក​ស្រងាកចិត្ត​ពីព្រោះ​លោក​មិន​ឈរ​ឈ្មោះ​ទេ​នៅ​ឆ្នាំ​ក្រោយ។​ លោក​និយាយ​ថា៖

«ខ្ញុំ​មិនមែន​ភ្លីភ្លើ​ទេ។ ខ្ញុំ​ឃើញ​ឱកាស។ នេះ​មិនមែន​ជា​ហេតុផល​ត្រូវ​ឈរ​ឈ្មោះ​ទេ។ ហើយ​ខ្ញុំ​យល់​ជា​ញឹកញយ​ថា ព្រោះហេតុ​នេះ​ហើយ​បាន​ជា​គេ​ឈរ​ឈ្មោះ។​ លោកអ្នក​ត្រូវ​ជឿ​ក្នុង​ចិត្ត​របស់​លោកអ្នក ក្នុង​ព្រលឹង​លោក​អ្នក​ ហើយ​ក្នុង​គំនិត​របស់​លោកអ្នក​ថា លោក​អ្នក​ប្រុង​ប្រៀប​ហើយ​ខ្ញុំ​ជឿ​ថា ខ្លួន​ខ្ញុំ​ផ្ទាល់​នៅ​ពេល​នេះ​មិនទាន់​រៀបចំ​ខ្លួន​រួចរាល់​នៅ​ទ្បើយ​ទេ»។

លោក​ប្រធានាធិបតី​អូបាម៉ា​ហាក់​ដូចជា​មាន​ការគាំទ្រ​តិចតួច​ក្នុង​ការ​ស្ទង់មតិ​ក្នុង​រយៈពេល​ភាគ​ច្រើន​នៃ​ឆ្នាំ​ទៅ​មិញ ហើយ​ការណ៍​នេះ​បាន​រួមចំណែក​ធ្វើ​ឱ្យ​ពួក​សាធារណរដ្ឋ​និយម​កើន​ទ្បើង​ក្នុង​សភា​ក្នុង​ការបោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​មុន។ ក៏ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​អត្រា​គាំទ្រ​លោក​ប្រធានាធិបតី​បាន​កើន​ទ្បើង​ហើយ​ពួក​អ្នក​ជំនាញការ​ដូចជា​លោក​កូស្តាស នៃ​សាកល​វិទ្យាល័យ​ហ្វដហាម ជាដើម​យល់​ឃើញ​ថា លោក​អូបាម៉ា​ជា​បេក្ខជន​មានខ្លាំង​ជាងមុន​សម្រាប់​ការ​ជាប់ឆ្នោត​ជា​ថ្មី​នៅ​ឆ្នាំ​ក្រោយ។ លោក​បន្ត​ថា៖

«អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​ខ្ញុំ​គឺ​មាន​ការស្ទង់មតិ​ខ្លះ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដាក់​លោក​អូបាម៉ា​តទល់​នឹង​បេក្ខជន​មួយ​ចំនួន​នៃ​គណបក្ស​សាធារណរដ្ឋនិយម​ ហើយ​លោក​អូបាម៉ា​មាន​ការ​គាំទ្រ​ល្អ​គួរសម​ក្នុង​ការស្ទង់មតិ​ទាំងនេះ។ ការស្ទង់មតិ​ភាគច្រើន​បង្ហាញ​ថា ​លោក​អូបាម៉ា​មាន​ប្រៀប​លើ​ពួក​អ្នកប្រកួត​ប្រជែង​ធំៗ​ខាង​គណបក្ស​សាធារណរដ្ឋនិយម​នៅ​ពេល​នេះ»។

សម្រាប់​ជនជាតិ​អាមេរិក​ភាគ​ច្រើន​មិនទាន់​ដល់​ពេល​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ​ទេ។ ក៏ប៉ុន្តែ​ការណ៍​នេះ​មិន​បញ្ឈប់​សមាជិក​គណបក្ស​សាធារណរដ្ឋនិយម​មួយ​ចំនួន​មិន​ឱ្យ​ចាត់​វិធានការ​ជា​ផ្លូវការ​ឆ្ពោះ​ទៅ​កាន់​ការ​ប៉ុន​ប៉ង​ឱ្យ​បាន​តំណែង​កំពូល​ក្នុង​សេតវិមាន​ក្នុង​រយៈពេល​បី​បួន​សប្តាហ៍​ខាង​មុខ​នេះ​ទេ៕

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ

XS
SM
MD
LG