រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងឃុំឃាំងជនអន្តោប្រវេសន៍កាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិកនៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈដែលការបញ្ជូនពួកគេត្រឡប់ទៅកាន់ប្រទេសខ្លួនវិញមានចំនួនតិចតួច នេះបើយោងតាមមន្ត្រីអន្តោប្រវេសន៍សហព័ន្ធដែលបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះ។
ទីភ្នាក់ងារអន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ដែលមន្ត្រីរបស់ពួកគេចាប់ខ្លួនមនុស្សដើម្បីបញ្ជូនត្រឡប់ទៅប្រទេសវិញបានឃុំឃាំងមនុស្សចំនួន១សែន៤ម៉ឺន៤រយ៧០នាក់ ដែលកាលពីដើមឆ្នាំទៅមាន១សែន១ម៉ឺន៤ពាន់៤រយ៣៤នាក់ប៉ុណ្ណោះ។ ដូច្នេះមានការកើនឡើងចំនួន២៥ភាគរយ។ នេះយោងតាមទិន្នន័យសម្រាប់ឆ្នាំសារពើពន្ធ២០១៧ ដែលគិតដល់ត្រឹមថ្ងៃទី៣០ ខែកញ្ញា។
ទីភ្នាក់ងារនោះក៏បានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារដែរថា ការបញ្ជូនមនុស្សត្រឡប់ទៅកាន់ប្រទេសកំណើតវិញមានចំនួនទាំងអស់២សែន២ម៉ឺន៦ពាន់១រយ១៩នាក់ដែលបានធ្លាក់ចុះ៦ ភាគរយបើធៀបទៅនឹងឆ្នាំមុន។ ក៏ប៉ុន្តែទិន្នន័យឆ្នាំសារពើពន្ធឆ្នាំ ២០១៧ ក៏បង្ហាញដែរថា ការចាប់ខ្លួនមនុស្សរបស់ភ្នាក់ងារសហព័ន្ធបានធ្លាក់ចុះ២៥ភាគរយ ដោយនៅសល់ត្រឹមតែចំនួន៣សែន១ម៉ឺន៥រយ៣១នាក់ដែលជាចំនួនទាបមួយក្នុងរយៈពេល៤៥ឆ្នាំ។ ការធ្លាក់ចុះមកនៅចំនួនទាបនៅតាមបណ្តោយព្រំដែននេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ក៏ប៉ុន្តែលោក Thomas Homan នាយកស្តីទីនៃទីភ្នាក់ងារអន្តោប្រវេសន៍និងគយបានសន្មត់ថា ការធ្លាក់ចុះនៅទាបនេះមកពីភាពប្រសើរឡើងនៃការត្រួតត្រានៅតាមព្រំដែន៕