ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លទ្ធភាព​ជួបជុំ​គ្រួសារ​វិញ​របស់​បុរស​ខ្មែរ​ម្នាក់​នៅ​រដ្ឋ​មីនីសូតា​នៅ​តែ​ស្រពិចស្រពិល


លោក ផាន ចំរើន (Phan Chamroeun) និង​ក្រុម​គ្រួសារ។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)
លោក ផាន ចំរើន (Phan Chamroeun) និង​ក្រុម​គ្រួសារ។ (រូបថត​ផ្តល់​ឲ្យ​ដោយ RELEASE MN 8)

បុរស​ជនជាតិ​ខ្មែរ​ម្នាក់​នៅ​រដ្ឋ​មីនីសូតា (Minnesota) នៅតែ​ប្រឈម​នឹង​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា​វិញ បើ​ទោះបី​ជា​ចៅក្រម​នៃ​តុលាការ​អន្តោប្រវេសន៍​បាន​ចេញ​សេចក្តី​សម្រេច​លុប​ចោល​បទ​បញ្ជា​បញ្ជូន​ខ្លួន​រូបលោក​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ក្តី។ នេះ​គឺ​ដោយសារ​តែ​ក្រសួង​សន្តិសុខ​មាតុភូមិ​ ក្រោម​រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​ប្តឹង​ឧទ្ធរណ៍​លើ​សេចក្តី​សម្រេច​នេះ។

នេះ​គឺជា​លើក​ដំបូង​ហើយ ដែល​អ្នកនាង ជុំ ម៉ុនថា (Montha Chum) បាន​ថ្លែង​ជា​សាធារណៈ​នៅ​មុខ​សេតវិមាន ដែល​ជា​ការិយាល័យ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

ថ្មីៗ​នេះ ក្រសួង​សន្តិសុខ​មាតុភូមិ​ក្រោម​រដ្ឋបាល​លោក​ ត្រាំ បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ចៅក្រម​អន្តោប្រវេសន៍ ដែល​បាន​អនុញ្ញាត​ឲ្យ​លោក ផាន ចំរើន (Chamroeun Phan) ដែល​ជា​ប្អូន​ប្រុស​របស់​អ្នកនាង ជុំ ម៉ុនថា រួច​ផុត​ពី​ការ​ឃុំឃាំង។ ជាលទ្ធផល លោក ផាន ចំរើន នៅ​តែ​បន្ត​ជាប់​ឃុំ​តាំង​ពី​ខែ​សីហា​ ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

អ្នកនាង ជុំ ម៉ុនថា (Montha Chum) អ្នក​រៀបចំ​ធ្វើ​យុទ្ធនាការ​របស់​ក្រុម​សកម្មជន Release MN8 និង​ជា​បងស្រី​របស់​លោក ផាន់ ចំរើន (Chamroeun Phan) ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុងការ​ជួបជុំ​ជា​សាធារណៈ​មួយ​នៅ​មុខ​សេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
អ្នកនាង ជុំ ម៉ុនថា (Montha Chum) អ្នក​រៀបចំ​ធ្វើ​យុទ្ធនាការ​របស់​ក្រុម​សកម្មជន Release MN8 និង​ជា​បងស្រី​របស់​លោក ផាន់ ចំរើន (Chamroeun Phan) ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុងការ​ជួបជុំ​ជា​សាធារណៈ​មួយ​នៅ​មុខ​សេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែង​នៅ​ក្នុង​ការ​ជួបជុំ​ជា​សាធារណៈ​មួយ​នៅ​មុខ​សេតវិមាន​នា​ព្រឹក​ថ្ងៃពុធ​កន្លងទៅ​នេះ អ្នកនាង ជុំ ម៉ុនថា បាន​ប្រាប់ VOA ថា ក្រុម​សកម្មជន​នៅ​រដ្ឋមីនីសូតា (Release MN8) នឹង​បន្ត​ការ​តស៊ូមតិ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក ផាន ចំរើន រួម​ទាំង​បុរស​ខ្មែរ​ម្នាក់​ទៀត​គឺ​លោក ញៀន សាម៉េត ដែល​សព្វថ្ងៃនេះ​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំខ្លួន​ជន​អន្តោប្រវេសន៍​នៅ​រដ្ឋ​មីនីសូតា។

«‍ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ដោះលែង​ប្អូនប្រុស​ខ្ញុំ​ ហើយ​ឲ្យ​យើង​បាន​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ ដើម្បី​ឲ្យ​យើង​បាន​រស់នៅ​ជួបជុំ​គ្នា»។

លោក ផាន ចំរើន ត្រូវបាន​ចោទប្រកាន់​ពី​បទ​ល្មើស​មួយ​ចំនួន​ រួមមាន​បទ​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ កាលពី​ឆ្នាំ​២០០៩។ លោក​ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ ក៏ប៉ុន្តែ​លោក​ត្រូវបាន​ដោះលែង​មុន​ពេល​កំណត់​ដោយសារ​តែ​អាកប្បករិយា​ល្អ ដោយ​បាន​ជាប់​ឃុំ​រយៈពេល​៤០ថ្ងៃ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ នៅ​ខែ​សីហា ឆ្នាំ​២០១៦ លោក​ត្រូវបាន​អាជ្ញាធរ​គយ និង​អន្តោប្រវេសន៍​ (ICE) ប្រចាំ​រដ្ឋ​មីនីសូតា ចាប់​ខ្លួន និង​រង់ចាំ​បទ​បញ្ជា​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា។ លោក ផាន ចំរើន និង​ក្រុម​គ្រួសារ​ ត្រូវបាន​ផ្តល់​សិទ្ធិ​រស់នៅ​ដោយ​ស្រប​ច្បាប់​ក្នុង​នាម​ជា​ជន​ភៀសខ្លួន​កាលពី​ខែកក្កដា ឆ្នាំ១៩៨៤ ដែល​ពេល​នោះ​លោក មាន​អាយុ​ត្រឹម​តែ​ពីរឆ្នាំ​ប៉ុណ្ណោះ។

ការ​ប្តឹង​ឧទ្ធរណ៍​របស់​រដ្ឋាភិបាល​សហព័ន្ធរបស់​លោក ត្រាំ ដោយ​តវ៉ា​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​ចៅក្រម​អន្តោប្រវេសន៍​នេះ ត្រូវបាន​ចាត់ទុក​ថា​មិន​សូវ​កើត​មាន​ជា​ញឹកញាប់​នោះ​ទេ ជាពិសេស​ក្នុង​ករណី​បញ្ឈប់​ការ​បញ្ជូន​ខ្លួន​ជន​អន្តោប្រវេសន៍​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ។

អ្នក​ចូលរួម​ម្នាក់​បាន​លើក​ពាក្យ​ស្លោក​មួយ​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា «‍បញ្ជូន​ភាព​ស្អប់​ខ្ពើម​ចេញ​ទៅ ពីព្រោះ​ថា​ជន​ភៀស​ខ្លួន​ត្រូវតែ​បន្ត​រស់នៅ​ទីនេះ» នៅ​ក្នុងការ​ជួបជុំ​ជា​សាធារណៈ​មួយ​នៅ​មុខ​សេតវិមាន កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
អ្នក​ចូលរួម​ម្នាក់​បាន​លើក​ពាក្យ​ស្លោក​មួយ​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា «‍បញ្ជូន​ភាព​ស្អប់​ខ្ពើម​ចេញ​ទៅ ពីព្រោះ​ថា​ជន​ភៀស​ខ្លួន​ត្រូវតែ​បន្ត​រស់នៅ​ទីនេះ» នៅ​ក្នុងការ​ជួបជុំ​ជា​សាធារណៈ​មួយ​នៅ​មុខ​សេតវិមាន កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។

អ្នកនាង Mari Quenemoen នាយក​នៃ​គម្រោង​សារគមនាគមន៍ និង​អភិវឌ្ឍន៍​នៃ​អង្គការ Southeast Asia Resource Action Center បាន​ថ្លែង​ប្រាប់ VOA នៅ​មុន​ការ​ជួបជុំ​សាធារណៈ​នៅ​មុខ​សេតវិមាន​ ថា ករណី​ប្តឹង​ឧទ្ធរណ៍​លើ​សំណុំរឿង​លោក ផាន ចំរើន នេះ​ បង្ហាញ​ឲ្យ​ឃើញ​ពី​ឥរិយាបថ​ដ៏​តឹងរ៉ឹង​កាន់​តែ​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​លោក ត្រាំ ជុំវិញ​បញ្ហា​អន្តោប្រវេសន៍​នេះ។

អ្នកនាង Quenemoen បាន​ថ្លែងថា៖ «‍ក្នុង​សង្គម​ដែល​ប្រឈម​ខ្ពស់​នឹង​បទ​ឧក្រិដ្ឋកម្ម​បែប​នេះ [រដ្ឋាភិបាល] ចាំបាច់​ត្រូវតែ​ពិនិត្យ​មើល​លើ​ស្ថានភាព​របស់​បុគ្គល​ និង​គ្រួសារ​នីមួយៗ​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​សម្រេច​ថា សេចក្តី​សម្រេច​បែប​ណា​ដែល​សមរម្យ​ដល់​ក្រុមគ្រួសារ សហគមន៍ និង​សង្គម​អាមេរិក»។

គោលនយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល​អាមេរិក ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មាន​លក្ខណៈ​តឹងរ៉ឹង នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​ជំនាញ​ខាង​ច្បាប់ ដែល VOA បាន​រាយការណ៍​នាពេល​កន្លង​មក​នេះ។

ក្រុម​សកម្មជន​សិទ្ធិ​ជន​ភៀស​ខ្លួន និង​អន្តោប្រវេសន៍ បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​ខែកុម្ភៈ​កន្លង​នេះ​ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ជាង​៣០នាក់ ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា។ បន្ថែម​លើ​នេះ ប្រជា​ពលរដ្ឋ​មក​ពី​តំបន់អាស៊ីអាគ្នេយ៍​ផ្សេង​ទៀត​ ដូចជា​ប្រទេស​វៀតណាម និង​ឡាវ​នៅ​សហរដ្ឋ​អាមេរិក ក៏​ត្រូវបាន​ឃុំ​ខ្លួន រង់ចាំ​បទ​បញ្ជា​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

នេះ​គឺ​ដោយសារ​ប្រភេទ​បទល្មើស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ពី​អតីតកាល ដែល​បណ្តាល​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កំណើត​វិញ​ជា​ដាច់ខាត ក្រោម​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ពង្រឹង​គោលនយោបាយ​អន្តោប្រវេសន៍។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នកនាង Katrina Dizon Mariategue អ្នក​គ្រប់គ្រង​គម្រោង​គោលនយោបាយ​អន្តោប្រវេសន៍​នៃ​អង្គការ SEARAC។

«‍ខ្ញុំ​យល់​ថា ក្រោម​រដ្ឋបាល​លោក ត្រាំ នា​ពេល​បច្ចុប្បន្ន​នេះ ក្រុម​ជន​អន្តោប្រវេសន៍ និង​ជន​ភៀស​ខ្លួន ត្រូវបាន​រង​បញ្ហា​ប្រឈម​នេះ​កាន់តែ​ខ្លាំង​លើស​ជាង​មុន»។

លោក ជិត នីន និង​ភរិយា គឺ​អ្នកស្រី ជេននី ស្រី (Jenny Srey) ឈរ​កាន់​ដៃ​គ្នា​ក្នុង​សាមគ្គីភាព នៅ​ក្នុងការ​ជួបជុំ​ជា​សាធារណៈ​មួយ​នៅ​មុខ​សេតវិមាន ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ទស្សនៈ​ប្រឆាំង​ជន​អន្តោប្រវេសន៍ និង​ជនភៀស​ខ្លួន‍ កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)​
លោក ជិត នីន និង​ភរិយា គឺ​អ្នកស្រី ជេននី ស្រី (Jenny Srey) ឈរ​កាន់​ដៃ​គ្នា​ក្នុង​សាមគ្គីភាព នៅ​ក្នុងការ​ជួបជុំ​ជា​សាធារណៈ​មួយ​នៅ​មុខ​សេតវិមាន ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ទស្សនៈ​ប្រឆាំង​ជន​អន្តោប្រវេសន៍ និង​ជនភៀស​ខ្លួន‍ កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)​

អ្នកនាង Katrina បាន​បន្ថែម​ថា ជាទូទៅ មនុស្ស​ភាគច្រើន​យល់​ថា សហគមន៍​ឡាទីន ដែល​មួយ​ភាគ​ធំ​បាន​ធ្វើ​អន្តោប្រវេសន៍​ដោយ​ខុស​ច្បាប់​មក​សហរដ្ឋ​អាមេរិក គឺជា​ក្រុម​ជន​រងគ្រោះ​ចម្បង​គេ​ ក្រោម​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងរ៉ឹង​នេះ។ ជាក់ស្តែង សហគមន៍​អាស៊ីអាគ្នេយ៍ រួម​មាន​កម្ពុជា វៀតណាម ឡាវ​ជាដើម ដែល​ជា​អតីត​ក្រុម​ជនភៀស​ខ្លួន ក៏​ទទួល​រងគ្រោះ​ដោយ​សារ​តែ​គោលនយោបាយ​នេះ​ដែរ ក៏ប៉ុន្តែ​មនុស្ស​ចំនួន​តូច​ប៉ុណ្ណោះ​បាន​ស្វែងដឹង​ពី​បញ្ហា​អន្តោប្រវេសន៍ ដែល​សហគមន៍​អាស៊ីអាគ្នេយ៍​បាន​ប្រឈម។

«‍ដូច្នេះ វា​មាន​សារៈសំខាន់​ណាស់ ដែល​យើង​ត្រូវតែ​លើក​កម្ពស់​ការ​យល់ដឹង​អំពីបញ្ហា​នេះ និង​ស្វែងយល់​កាន់​តែ​ច្បាស់​អំពី​បញ្ហា​ដែល​សហគមន៍​ទាំង​នេះ​ប្រឈម»។

លោក​ ផាន ចំរើន គឺជា​បុរស​ខ្មែរ​ម្នាក់ ក្នុង​ចំណោម​បុរស​ខ្មែរ​ចំនួន​៨នាក់​នៅ​រដ្ឋ​មីនីសូតា ដែល​ត្រូវបាន​ចាប់​ឃុំ​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា ដោយសារ​តែ​បទ​លើ្មស និង​បទ​ឧក្រិដ្ឋកម្ម​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ពី​អតីតកាល។ កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ បុរស​ជនជាតិ​ខ្មែរ​៥នាក់ ក្នុង​ចំណោម​៨នាក់​នេះ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា។ មាន​តែ​លោក ជិត នីន ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ឈ្នះ​ក្តី​នៅ​តុលាការ​អន្តោប្រវេសន៍​ប្រចាំ​រដ្ឋ​មីនីសូតា កាលពី​ខែ​មីនា ហើយ​បាន​ជួបជុំ​គ្រួសារ​របស់​លោក​វិញ។

អ្នកស្រី ជេននី ស្រី (Jenny Srey) ដែល​ជា​ភរិយា​ និង​លោក ជិត នីន បាន​ចូលរួម​នៅ​ក្នុង​ការ​ជួបជុំ​ជា​សាធារណៈ​នៅ​មុខ​សេតវិមាន​នេះ ដើម្បី​បង្ហាញ​សាមគ្គីភាព និង​ចូលរួម​ធ្វើ​យុទ្ធនាការ​ស្វែងរក​អន្តាគមន៍​ដល់​អ្នកនាង ជុំ ម៉ុនថា ដែល​មាន​ប្អូន​ប្រុស​នៅ​ជាប់​ឃុំ​ខ្លួន និង​ក្រុម​គ្រួសារ​របស់​លោក ញៀន សាម៉េត ដែល​អាច​ប្រឈម​នឹង​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា​នោះ។

អ្នក​ស្រី ជេននី ស្រី បាន​ប្រាប់ VOA ថា លោក ជិត នីន បាន​ចាត់ទុក​បុរស​ទាំង៧នាក់​នៅ​រដ្ឋ​មីនីសូតា ដូច​ជា​បងប្អូន​ «‍ដូច្នេះ​វា​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​អ្នក​ទាំងពីរ​ក្នុងការ​ចូលរួម​ចំណែក និង​ធ្វើការ​ជាមួយ​ក្រុម​សកម្មជន​រដ្ឋ​មីនីសូតា Release MN8»។

«‍វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ផ្តល់​ឱកាស​ឲ្យ​ក្រុមគ្រួសារ​បាន​ជួបជុំ​គ្នា​វិញ ហើយ​បញ្ឈប់​ការ​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​ដល់​ក្រុម​គ្រួសារ ដោយសារ​តែ​គោលនយោបាយ​អន្តោប្រវេសន៍​បែប​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍​នេះ»។

ទោះ​ជា​មាន​ការ​ប្តឹង​ឧទ្ធរណ៍​នេះ​ក្តី អ្នកនាង ជុំ ម៉ុនថា បាន​ឲ្យដឹង​ថា ប្អូន​ប្រុស​របស់​អ្នកនាង គឺលោក ផាន ចំរើន នៅ​តែ​មាន​ក្តី​សង្ឃឹម ទោះបី​វា​ពិបាក​យ៉ាង​ណា​ក៏​ដោយ៕

XS
SM
MD
LG