ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឃាត់​ខ្លួន​សកម្ម​ជន​ព្រៃឡង់​នាំ​ឱ្យ​មាន​ការ​បារម្ភ​ពី​ការ​បំផ្លាញ​ធន​ធាន​ព្រៃ​ឈើ​បន្ថែម​ទៀត


រូបឯកសារ៖ សមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតនិងបំបួសព្រៃឈើនៅក្នុងតំបន់អភិរក្សព្រៃឡង់។ (រូបថតដោយបណ្តាញសហគមន៍ព្រៃឡង់)

មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់​ធំ​បាន​ឃាត់​ខ្លួន ​សកម្ម​ជន​ការ​ពារ​ព្រៃឡង់​ជាង​១០​នាក់​នៅ​ស្រុក​សណ្តាន់​ កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ និង​បាន​បង្ខំ​ឱ្យ​ពួក​គេធ្វើ​កិច្ច​សន្យា​ឈប់​ល្បាត​ព្រៃ​ឈើ​បន្ត​ទៀត។

ការ​ឃាត់​ខ្លួន​ប្រជា​សហ​គមន៍​ការពារ​ព្រៃឡង់​ជាង​១០​នាក់​ខាង​លើ​ដោយ​មន្ត្រី​បរិស្ថាន​នោះធ្វើ​ឡើង​ក្រោម​ហេតុ​ផល​បំពាន​ច្បាប់។​ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន។​

ប៉ុន្តែ​អ្នក​តស៊ូ​មតិ​ផ្នែក​ព្រៃឈើ និង​សកម្មជន​ការពារ​បរិស្ថាន​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ជា​ទម្រង់​នៃ​ការ​រឹត​ត្បិត​សេរី​ភាព​ និង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​កាន់តែខ្លាំង​ពីការ​បាត់​បង់​ព្រៃ​ឈើ ដោយសារ​ពួក​គេ​សង្កេត​ឃើញថា​ ព្រៃ​ឈើ​កម្ពុជា​ ​នៅ​តែ​រង​ការ​កាប់​បំផ្លាញ​ជា​បន្ត​បន្ទាប់នៅ​ពេល​បច្ចុប្បន្ន​នេះ។​

មន្ត្រី​តស៊ូ​មតិ​នៃ​គម្រោង​ការពារ​ព្រៃ​ឈើ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN)​លោក ​សាន់ ម៉ាឡា​ ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា ​បច្ចុប្បន្ន​នេះ ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន​ មិន​ថា​ ​តែនៅ​តំបន់​ព្រៃឡង់​ទេ​ គឺ​នៅតំបន់​ព្រៃ​ឈើ​ដទៃ​ទៀត​ផង​ដែរ។​

លោក​យល់​ថា ​ការ​ឃាត់​ខ្លួន​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់​បង្ហាញ​ឱ្យ​ឃើញ​ពី​កង្វះ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ប្រជា​ពល​រដ្ឋ​ចូល​រួម​ការពារ​សម្បត្តិ​ព្រៃឈើ​ដែល​នៅ​សេស​សល់​ និង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ និង​ច្បាប់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ​ដែល​ផ្តល់​សិទ្ធិ​អំណាច​ដល់​ពល​រដ្ឋឱ្យ​ជួយ​អភិរក្ស​ធនធាន​ធម្មជាតិ។​

បើតាម​ សាន់ ម៉ាឡា​ ​ប្រសិន​បើ​ក្រសួង​បរិស្ថាន​នៅ​តែ​បន្ត​រឹត​ត្បិត​សិទ្ធិ​ប្រជា​សហ​គមន៍​មិន​ឱ្យ​ល្បាត​ព្រៃ​បែប​នេះ ​នោះ​ធន​ធាន​ធម្ម​ជាតិ ​និង​ព្រៃ​ឈើ​នឹង​ទទួល​រង​ការ​បំផ្លិច​បំផ្លាញ​បន្ត​ទៀត​ ហើយ​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ធម្មជាតិ​នៅ​ពេល​អនាគត។​

រូបឯកសារ៖ ទិដ្ឋភាពព្រៃឡង់ពី​លើ​អាកាស​នៅ​ឆ្នាំ​២០១៦។ (រូបថតដោយ៖ USAID/Michael Gebremedhin)
រូបឯកសារ៖ ទិដ្ឋភាពព្រៃឡង់ពី​លើ​អាកាស​នៅ​ឆ្នាំ​២០១៦។ (រូបថតដោយ៖ USAID/Michael Gebremedhin)

លោក​ថ្លែង​ថា៖ ​«រាល់​ថ្ងៃ​ខ្ញុំ​ឃើញ​បទ​ល្មើស​នៅ​តែ​បន្ត​កាប់​បំផ្លាញ​ និង​ដឹក​ជញ្ជូន​ឈើ​ជា​ហូរ​ហែ ​ទាំង​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះរកា​ ព្រៃឡង់ ​និង​ព្រៃ​ការពារ​ដ​ទៃ​ទៀត។​ ហើយ​បើ​សកម្មភាព​បែប​នេះ ​នៅ​តែ​កើត​មាន​ឡើង​ ​យ៉ាង​យូរ​បំផុត​ត្រឹម​១០​ទៅ​១៥​ឆ្នាំ​ទៀត​ គឺ​យើង​នឹង​ជួប​នូវ​គ្រោះ​មហន្ត​រាយ ​តាម​រយៈ​ការ​បាត់​បង់​ព្រៃ​ឈើ​ដ៏​ធំ​សម្បើម​ និង​សន្ធឹក​សន្ធាប់​បែប​នេះ»។​

ក្នុង​ចំណោម​ប្រជា​សហ​គមន៍​ការពារ​ព្រៃឡង់​ជាង​១០​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​អស់រយៈ​ពេល​ជាង​១​ម៉ោង​ដោយ​ក្រុម​មន្ត្រី​បរិស្ថាន​មាន​គ្នា​ចំនួន​៦​នាក់​នោះ​ គឺ​មាន​លោក ​ស្រី ទីន ​ដែល​ជា​ប្រជា​សហ​គមន៍​ព្រៃឡង់​មក​ពី​ខេត្ត​ព្រះ​វិហារ។​

លោក​ ស្រី ទីន ​ត្រូវ​បានឃាត់​ខ្លួន​ ជាមួយប្រជា​សហ​គមន៍​ព្រៃ​ឡង់​ចំនួន​១៥​នាក់​ទៀត នៅ​យប់​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា ក្នុង​ឃុំ​ដង​កំបិត ​ស្រុក​សណ្តាន់ ​ខេត្ត​កំពង់​ធំ ​ដែល​ជាប់​ព្រំ​ប្រទល់​ ឃុំ​រៀប​រយ​ ស្រុក​រវៀង ​ខេត្ត​ព្រះវិហារ​ បន្ទាប់​ពី​លោក​ត្រឡប់​មក​ពី​ការ​ចូល​រួម​បំបួស​កូន​ឈើ​នៅ​សហ​គមន៍​ព្រៃ​ក្បាល​ខ្លា។​ ​

បើ​តាម​ការ​រៀបរាប់​របស់​លោក ​ស្រី ទីន​ ក្រុមមន្ត្រី​បរិស្ថាន​បាន​បង្ខំឱ្យ​ប្រជា​សហ​គមន៍​ទាំង​១៦​នាក់​ធ្វើ​កិច្ច​សន្យា​ឈប់​ចូល​ល្បាត​ព្រៃ​ឡង់បន្ត​ទៀត។ ​ប៉ុន្តែ​លោក​ថា​ ប្រជា​សហ​គមន៍​មិន​បាន​ធ្វើ​កិច្ច​សន្យា​ទេ ​ដោយ​អះអាង​ថា មិន​បាន​ធ្វើអ្វី​ខុស​នោះ​ទេ និង​បានចោទ​សួរ​ទៅ​មន្ត្រី​បរិស្ថាន ​និង​ក្រសួង​បរិស្ថានថា ​តើ​ពួក​គាត់​ត្រូវ​មាន​កំហុស​ដែរ​ឬ?​ បើ​គ្រាន់​តែ​ចូល​ទៅ​ធ្វើ​ការ​បំបួស​ព្រៃ​ឈើ​ និង​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ ​និង​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃឡង់​នោះ។​

លោក​ថ្លែង​ថា៖ «ចង់​ឱ្យ​ពួក​គាត់​សហការ​ជាមួយ​ពួក​ខ្ញុំ​ដូច​សារ​មុន​អ៊ីចឹង​ គឺ​ចុះ​ល្បាត​ព្រៃ​ដោយ​សេរី ​ហើយ​ពួក​ខ្ញុំ​នឹង​ធ្វើ​របាយ​ការណ៍ ​និង​រាយ​ការណ៍​ជូន​គាត់​ ដូច​យើង​សហការ​គ្នា​ ចុះ​ល្បាត នៅ​ពេល​ណា នៅ​ខែ​ណា​អ៊ីចឹង។ ​យើង​ចុះ​មើល​បទ​ល្មើស​ទាំង​អស់​គ្នា ​គឺ​មិន​មែន[មន្ត្រី]​គប់​គិត​បទ​ល្មើស​ ហើយ​ចាប់​អ្នក​ការ​ពារ​ [ព្រៃ​ឈើ​បែប​នេះ]​ទេ»។​

សកម្ម​ជន​ការពារ​ព្រៃ​ឈើ​រូប​នេះ​ ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន ​និង​មន្ត្រី​បរិស្ថាន​នៅតាម​មូល​ដ្ឋាន​អនុញ្ញាត​ឱ្យ​ប្រជា​សហ​គមន៍​ព្រៃ​ឡង់ចូល​ល្បាត​ព្រៃ​ឈើ​ជាមួយ​មន្ត្រី​បាន​ដោយ​សេរី​ និងជា​ធម្មតា​វិញ​ដើម្បីអាច​ការ​ពារ​ធន​ធាន​ធម្មជាតិ​ និង​អាច​ចូលរួម​បង្ក្រាប​រួម​គ្នា​លើ​ក្រុម​អ្នកកាប់​បំផ្លាញ​ព្រៃ​ឈើ​ដើម្បី​ទុក​ព្រៃ​ឈើ​ជា​ប្រយោជន៍​ជាតិ​ជា​រួម ​និងបន្សល់​ទុក​សម្រាប់​ឱ្យ​អ្នក​ជំនាន់​ក្រោយៗ​ទៀត។​ ​

លោក​ ស្រី ទីន ​បន្ថែម​ថា​ ​ប្រជា​សហ​គមន៍​ព្រៃឡង់​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ និង​អាជ្ញាធរ​រឹត​ត្បិត​មិន​ឱ្យ​ចូល​ល្បាត​ព្រៃ​ តាំង​ពីអំឡុង​ឆ្នាំ​២០១៩​មក​ ដោយ​មន្ត្រី​ទាំង​នោះ​ចោទ​ប្រជា​សហ​គមន៍​ថា​ បានធ្វើ​សកម្ម​ភាព​ដើម្បី​ផល​ប្រយោជន៍​នយោ​បាយ​ទៅ​វិញ​ ដែល​លោក​ថា​ ការ​ចោទនេះ​មិន​ពិត​ទេ​ ព្រោះ​ការ​ការពារ​ព្រៃ​នេះ​គឺ​ចេញ​ពី​«ទឹក​ចិត្ត ​និង​មិន​ទទួល​បាន​កម្រៃ​អ្វី​នោះ​ទេ»។​

ប្រតិ​កម្ម​ទៅ​នឹង​ការ​បក​ស្រាយ​របស់​អ្នក​ការពារ​ព្រៃ​ឡង់​ រដ្ឋ​លេខា​ធិការ ​និ​ង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក​ នេត្រ ភក្រ្តា ​ថ្លែង​ថា​ មន្ត្រី​ឧទ្យានុរក្ស​ដែល​ជា​នគរបាល​យុត្តិ​ធម៌​គឺមាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ឃាត់​ខ្លួន​ និង​សាកសួរ​ទៅ​លើ​បុគ្គល​ណា​ម្នាក់​ ដែល​ចូល​ទៅ​តំបន់ព្រៃ​ការពារ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត។​

លោក​បន្តថា​ ក្រសួង​បរិស្ថាន​តែង​តែទទួល​ស្វាគមន៍​ជា​និច្ច​ជាមួយ​ប្រជា​ពល​រដ្ឋ​ចង់​ចូល​រួម​ក្នុង​ការ​ការ​ពារ​ព្រៃឈើ​ ក៏​ប៉ុន្តែ​ត្រូវ​តែ​គោរព​តាម​ច្បាប់​ដែល​បាន​កំណត់​ទាក់ទង​តំបន់​ការពារ​ធន​ធាន​ធម្ម​ជាតិ។​

តែ​ទោះ​ជា​យ៉ាង​ណាក្តី​ លោក​ទទួល​ស្គាល់​ថា​ បទ​ល្មើស​ព្រៃ​ឈើ​គឺ​នៅ​បន្តកើត​មាន​ តែ​បទ​ល្មើស​ព្រៃ​ឈើ​ដែល​កើត​ឡើ​ង​នោះ​ មានទ្រង់​ទ្រាយ​តូច​តែ​ប៉ុណ្ណោះ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«បទ​ល្មើស​ធន​ធាន​ធម្មជាតិ​នៅ​តែ​កើត​មាន​ទេ​ ក៏​ប៉ុន្តែ​បទ​ល្មើស​ខ្នាត​ធំ​គឺ​លែង​មាន​ទៀត​ហើយ​ គឺ​មាន​បទ​ល្មើស​ខ្នាត​តូច​ដែល​មន្ត្រី ​ក៏​ដូច​ឧទ្យានុរក្ស​សហ​គមន៍​តំបន់​ការ​ពារ​ធន​ធាន​ធម្មជាតិ​ ខិតខំ​ប្រឹង​ប្រែង​ចុះ​ទប់​ស្កាត់ ​និង​បង្ក្រាប។ ​ហើយ​ជាមួយ​គ្នា​នេះ​ ទន្ទឹម​វិធាន​ការអនុវត្ត​ច្បាប់​ក៏​ក្រសួង​បរិស្ថាន​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ខិត​ខំប្រឹង​ប្រែង​នៅ​ក្នុង​ការ​ដាក់​ចុះ​នូវ​វិធាន​ការ​សេដ្ឋ​កិច្ច​ មាន​ន័យ​ថា ​បង្កើត​សេដ្ឋ​កិច្ច​នៅ​មូល​ដ្ឋាន​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​មុខ​របរ​មាន​ចំណូល​ប្រចាំ​ថ្ងៃ​របស់​គាត់​ នោះ​ពួក​គាត់​នឹង​កាត់​បន្ថយ​ការ​ចូល​ព្រៃ​ដើម្បី​កាប់​ឈើ​ និង​បរបាញ់​សត្វ»។​

លោក​បញ្ជាក់​បន្ថែម​ថា ​ប្រសិន​បើ​ប្រជា​សហ​គមន៍ការពារ​ព្រៃឡង់​ចង់​ចូលរួម​ល្បាត​ព្រៃ​ឈើ​ ពួកគួរ​តែ​ចុះ​បញ្ជី​នៅ​ជា​មួយ​ក្រសួង​បរិស្ថាន​ដើម្បី​បាន​ភាព​ស្រប​ច្បាប់​ ​ខណៈ​ពេល​នេះ​លោក​បាន​ចាត់​ទុក​សកម្ម​ភាព​នៃសកម្ម​ជន​ការពារព្រៃឡង់​គឺ​កំពុង​បំពាន​ច្បាប់ ​និងបម្រើ​ផល​ប្រយោជន៍​នយោ​បាយ​បុគ្គល​ណា​មួយ។​ ​

របាយ​ការណ៍​ចុងក្រោយ​មួយរបស់​អ្នក​ស្រាវជ្រាវ​នៃ​សកល​វិទ្យាល័យ​ Copenhagen ​ប្រទេស​ដាណឺម៉ាក​ ដែល​បាន​ស្រាវជ្រាវ​អំពី​ព្រៃឡង់​នៅ​ប្រទេស​កម្ពុជា​ ដែលចេញ​ផ្សាយ​កាល​ពី​កន្លង​ទៅ ​បាន​ឱ្យ​ដឹង​ថា ​ព្រៃ​ឡង់​នៅ​កម្ពុជា​បន្ត​បាត់​បង់​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ហើយ​ការ​កាប់​បំផ្លាញ​មាន​ការ​កើន​ឡើង​ជាង​៧០% ​ក្នុង​ឆ្នាំ​២០១៩​ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។​ របាយ​ការណ៍​នេះ​បញ្ជាក់​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៩ ​ព្រៃឡង់​បាត់​បង់​ប្រមាណ​៤៧.៤០០​ហិកតា។​

គួរ​បញ្ជាក់​ថា ​ ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០​ម៉ឺន​ហិកតា​ដោយ​គ្រប​ដណ្តប់​ខេត្ត​ចំនួន​៤​ គឺ​ព្រះវិហារ ​កំពង់ធំ​ ក្រចេះ ​និង​ស្ទឹងត្រែង៕

XS
SM
MD
LG