ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហគមន៍​ព្រៃឡង់​ស្នើ​អាជ្ញាធរ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​បទ​ឧក្រិដ្ឋ​លើ​សកម្មជន​ព្រៃឈើ​ម្នាក់


រូប​ឯកសារ៖ សមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតនៅក្នុងតំបន់អភិរក្សព្រៃឡង់។ (រូបថតដោយបណ្តាញសហគមន៍ព្រៃឡង់)

បណ្តាញ​សកម្មជន​ការពារ​ព្រៃ​ឈើ​មួយ​នៅ​ក្នុងតំបន់​ព្រៃឡង់​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទ ប្រកាន់​លើ​សមាជិក​មួយ​រូប​ដែល​ត្រូវ​ចោទ​ពីបទ​ប៉ុនប៉ង​មនុស្ស​ឃាត​កាលពី​ឆ្នាំ​មុន​ដោយ​សារភាព​សកម្ម​ក្នុង​ការឃ្លាំមើល​និង​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ចេញ​ផ្សាយ​នៅ​សប្តាហ៍នេះ។

សកម្មជន​សកម្ម​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​គឺលោក​ ចាន់ ធឿន ​អាយុ​៣៥ឆ្នាំ​និង​ជា​ឪពុក​កូន​ពីរនាក់​បាន​រងការ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋ​ខាងលើ​ក្រោយ​មាន​ការ​ប្តឹង​ផ្តល់​ពីបុរស​ម្នាក់​ឈ្មោះ ​ប៉ាក យ៉ាងគួ​ដែល​ជា​កូនរបស់មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់​ធំ​និងដែល​ត្រូវ​បណ្តាញ​សហគមន៍​ព្រៃឡង់​ចោទ​ថា​ជា«ជនល្មើស​កាប់​ឈើ»។

សេចក្តី​ថ្លែង​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ចុះថ្ងៃ​ទី​២២ ខែកញ្ញា ​បាន​លើក​ឡើង​តាម​ន័យ​ដើមថា៖ «ជនល្មើស​(ប៉ាក យ៉ាង​គួ) បាន​បន្ត​ប្តឹង​សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ព្រោះ​គាត់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ពួក​គេ​ពីបទ​ប៉ុនប៉ង​មនុស្ស​ឃាត។ នេះ​ពិត​ជា​សកម្មភាព​នៃ​ការ​បំបាក់​ស្មារតី​ដោយ​មាន​ការ​ស្អប់​ខ្ពើម​ចំពោះ​គាត់​និង​សកម្ម​ជន​ដទៃ​ទៀត»។

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា៖ «លោក ចាន់​ ធឿន​ គឺ​ជា​សកម្មជន​ម្នាក់​ក្នុង​ចំណោម​សកម្មជន​ព្រៃ​ឡង់​ដែលត្រូវ​បាន​តែង​តាំង​ជា​តំណាង​បណ្តាញ​សហគមន៍​ព្រៃឡង់​ដើម្បី​ឃ្លាំមើល​មើល​ពី​ស្ថានភាព​បទល្មើស​ចេញ​ពី​សហ​គមន៍​ព្រៃ​ឈើ​និង​តំបន់​ព្រៃ​ឡង់។ លោក​ចាន់ ធឿន ​ត្រូវបាន​ភៀស​ខ្លួន​ចេញពី​ស្រុក​កំណើត​ដោយ​សារ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន​និង​បណ្តឹង​ពី​ជនល្មើស​(ប៉ាក យ៉ាងគួ)»។

លោក ​ហឿន សុភាព ​អ្នក​សម្រប​សម្រួល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ក្នុងខេត្តកំពង់​ធំ​បាន​ថ្លែង​ការពារ​សេចក្តី​កា្លហាន​របស់​សកម្មជន​ការពារ​ព្រៃឈើ​លោក​ចាន់​ ធឿន​ដែល​លោក​អះអាង​ថា​មិនបាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ធ្វើ​ឃាត​បុគ្គល​ណាមួយ​នោះ​ទេ។ លោក​ស្នើ​ឲ្យអាជ្ញាធរ​ពាក់​ព័ន្ធ​និង​មន្ត្រីតុលាការ​ពិចារណា​ទម្លាក់​ចោល​បទ​ចោទលើលោក​ចាន់​ ធឿនដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុងកិច្ច​ការ​ពារ​សម្បត្តិ​ធម្មជាតិ​នៅ​តំបន់​ព្រៃឡង់។

លោក​ថ្លែង​ថា៖ «ចាន់​ធឿន​ គឺជា​មនុស្ស​សកម្ម​នៅ​ក្នុង​សកម្មភាព​នៃ​ការ​ល្បាត​ព្រៃ។ អីចឹង​គឺ​តុលាការ​ហាក់​ដូច​ជា​ចោទ​ផ្ទុយ​ទៅ​លើ​សកម្មភាព​របស់​សកម្មជន។​អ្នក​ដែល​ការពារ​វា​ទៅ​ជា​ខុស​ច្បាប់​ហើយ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​វា​ទៅ​ជា​ត្រូវច្បាប់​ទៅវិញ»។

សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ស្ទឹងត្រែង​លោក ​ខេង ខូ​ អាយុ​៤៩ឆ្នាំ​ដែល​ចូលរួម​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់លើ​លោក​ចាន់ ធឿន ​ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា សកម្ម​ជន​ការពារ​ព្រៃ​ឡង់​ក្នុងខេត្ត​កំពង់​ធំរូប​នោះ​មិន​បាន​ធ្វើ​សកម្មភាព​ឧក្រិដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​របស់​បុគ្គល​ឈ្មោះ​យ៉ាងគួ​ដែល​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ខេត្ត​កំពង់​ធំ​ចោទថា​ជា​ជន​ល្មើស​រក​ស៊ី​ឈើ​ខុស​ច្បាប់។

លោក​ថ្លែង​សំដៅ​ដល់​ការងារ​របស់​លោក ​ចាន់​ ធឿន ​យ៉ាង​ដូច្នេះ៖ «គាត់​ទៅ​គាត់​ដើរ​ព្រៃ​ គាត់មក​វិញ​ក៏ឃើញ​បទល្មើស​គាត់​ថត​ ដល់​ពេល​គាត់​ថត​ទៅ​ក្រុមបទ​ល្មើស​នោះ​ឃើញ​សកម្មភាព​ថត​គាត់​ដក​ហូត​ទូរស័ព្ទ​ហើយ​មក​លុប​សកម្មភាព​រូបថត​គេ​ចេញ​ហើយ​ក៏​ឆក់​យក​ខ្វែវ​គេ​ពី​ចង្កេះហើយ​ចោទ​គេ​ថា​ គេលួច​ធ្វើ​អត្តឃាត។ ហើយ​ខ្លួន​គាត់​តែ​ម្នាក់​ឯង​រួច​គ្នាគាត់​បទ​ល្មើស​ម៉ាគោយន្ត​ហើយ យើង​ហ៊ាន​អត់យើង​យក​ការ​ពិចារណា​មក​វិភាគ​មើល​វា​អត់​ត្រូវ​ទេ​ការ​ចោទ​ប្រកាន់ ​គឺ​ខុស​ហើយ»។

រូប​ឯកសារ៖ ទិដ្ឋភាពព្រៃឡង់ពី​លើ​អាកាស​នៅ​ឆ្នាំ​២០១៦។ (រូបថតដោយ៖ USAID/Michael Gebremedhin)
រូប​ឯកសារ៖ ទិដ្ឋភាពព្រៃឡង់ពី​លើ​អាកាស​នៅ​ឆ្នាំ​២០១៦។ (រូបថតដោយ៖ USAID/Michael Gebremedhin)

តាម​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​បណ្តាញ​សហគមន៍​ព្រៃឡង់​រៀបរាប់​ឡើងវិញ​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ចំពោះ​លោក​ចាន់ ធឿន​ថា កាលពី​រសៀល​ថ្ងៃទី​២១​ខែ​កក្កដា​ ឆ្នាំ​២០២០​នៅ​ចន្លោះ​ម៉ោង​៣ដល់​ម៉ោង​៣.៤០នាទី​នៅចំណុច​ភូមិ​ត្រពាំង​ត្រឡាច​ឃុំ​មានរិទ្ធ​ ស្រុក​សណ្តាន់​ខេត្តកំពង់ធំ​ស្ថិត​ក្បែរតំបន់​ព្រៃ​ឡង់។ នៅពេល​លោក ​ចាន់ ធឿន​កំពុងធ្វើ​ដំណើរ​មក​ពី​ល្បាត​ព្រៃ​ជាមួយ​សមាជិក​សហគមន៍​ព្រៃ​ឈើ​ហុងជំទិត​គាត់​បាន​ប្រទះ​ឃើញ​គោយន្ត​ដឹក​ឈើ​មួយ​គ្រឿង​មាន​គ្នា២នាក់​គាត់​ក៏បាន​លើក​ទូរស័ព្ទ​ថតរូប​ក៏ត្រូវ​បាន​ជនល្មើស​មក​ប្រទាញ​យក​ទូរស័ព្ទ​តែ​មិន​បាន​សម្រេច។

សេចក្តី​ថ្លែង​ការណ៍​ដដែល​រៀបរាប់​បន្តថាបន្តិច​ក្រោយមក​ពួកគេ​បាន​ស្ទុះ​មក​មាន​កាំបិត​ស្នៀត​ភ្ជង់​គំរាម​ចាន់ ធឿន​ហើយ​បាន​យក​ទូរស័ព្ទ​ទៅ​លុប​រូប​ថត​រាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចោល​និងបាន​យក​ទូរស័ព្ទ​ពី​ចាន់ ធឿន​ ដែល​ជា​ជន​រងគ្រោះ​ដោយ​ប្រើ​ពាក្យ​ «អញគុំ​ទុក​យូរ​ហើយ»។

បណ្តាញ​សហគមន៍​ព្រៃឡង់​បានថ្លែង​ថា៖«យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជាសមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែល​បាន​ និង​កំពុង​ធ្វើការ​ងារ​ការពារ​ព្រៃ​ឈើ​និង​ធនធាន​ធម្មជាតិ​អស់​រយៈពេល​ជាងពីរ​ទសវត្សរ៍​នៅ​ក្នុងតំបន់​ព្រៃ​ឡង់​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​មេត្តា​ទម្លាក់​បទ​ចោទប្រកាន់​និង​បន្ត​ស៊ើប​អង្កេត​ដើម្បីរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ដែល​កំពុង​រង់​ចាំ​យុត្តិធម៌​អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ»។

បណ្តាញ​សហគមន៍​លើក​ឡើងបន្ថែម​ថា៖ «យើង​ខ្ញុំ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​មានការ​តក់​ស្លុត​និង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​របស់​យើង​ខ្ញុំ​ខណៈ​មានការ​បំភិត​បំភ័យ​និង​ការគំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​យើង​ខ្ញុំ​ដូច​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ដោយ​អ្នកកាប់​ឈើ​ខុស​ច្បាប់​និង​អ្នកដែល​គាំទ្រពួក​គេ»។

រូប​ឯការ៖ សមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតនិងបំបួសព្រៃឈើនៅក្នុងតំបន់អភិរក្សព្រៃឡង់។ (រូបថតដោយបណ្តាញសហគមន៍ព្រៃឡង់)
រូប​ឯការ៖ សមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់ចុះល្បាតនិងបំបួសព្រៃឈើនៅក្នុងតំបន់អភិរក្សព្រៃឡង់។ (រូបថតដោយបណ្តាញសហគមន៍ព្រៃឡង់)

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​ភាគី​លោក​ប៉ាក យ៉ាងគួ ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ថ្លែង​ការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់បាន​នៅ​ឡើយ​ទេ។

ចំណែក​ឯ​លោក​សុក​ ហៃ​អភិបាល​រង​ខេត្ត​កំពង់ធំ​និង​ជា​អ្នកនាំពាក្យ​បាន​បដិសេធ​មិនផ្តល់​ការ​អធិប្បាយ​ដោយ​បាន​បង្វែរ​សំណួរ​ទៅ​តុលាការ​ខេត្ត។

លោក​បញ្ជាក់​ថា៖ «អីចឹង​លោក​ឯង​សួរ​ទៅ​ស្ថាប័ន​តុលាការ​ទៅ​ព្រោះ​រឿង​វា​មួយ​ឆ្នាំ​ជាង​ទៅ​ហើយ»។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់​ធំ​លោក​សាយ វាសនា​ បញ្ជាក់​ថា​តុលាការ​ខេត្ត​មិន​ទាន់​បាន​ឃើញ​សំណុំ​រឿង​របស់​លោក​ចាន់​ ធឿន នៅ​ឡើយ​ទេ និង​មិន​ដឹង​ថា​តើ​ដំណើរ​រឿង​ចោទប្រកាន់​គ្នា​រវាង​លោក​ចាន់​ធឿន​ និង​បុរស​ឈ្មោះ​ប៉ាកយ៉ាងគួ​ បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​នោះ​ដែរ។

អ្នក​សម្រប​សម្រួល​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​កំពង់​ធំ​លោក ​សុខ រដ្ឋា​ និយាយ​ថា​ការិយាល័យ​លោក​មិន​ទាន់​បាន​ការ​ស្នើសុំ​ពឹងពាក់​សេវា​ច្បាប់​ពី​បណ្តាញ​សហគមន៍​ព្រៃឡង់​ទេ​ប៉ុន្តែ​លោក​ថា​តុលាការ​គួរមាន​ការ​អង្កេត​រកឃើញ​ខុសត្រូវ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រវាង​ភាគី​សកម្មជន​និង​បុគ្គល​ដែល​គេ​ចោទ​ថា​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់នោះ។

លោក​ថ្លែង​ថា៖ «កាលណា​បើសិន​ជា​អ្នក​អនុវត្ត​ច្បាប់​គាត់​ពិត​ជា​ប្រកាន់​គោល​ការណ៍​នីតិរដ្ឋ​ដោយ​ហ្មត់​ចត់​ ដោយ​ពិត​ប្រាកដ​មែន​នោះ​អីចឹង​គួរ​តែ​រកយុត្តិធម៌​ឲ្យភាគី​ទាំងសង​ខាង​ទៅ»។

មន្ត្រី​តស៊ូ​មតិ​នៃ​គម្រោង​ការពារ​ព្រៃ​ឈើ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN) លោក​សាន់ ម៉ាឡា​ក៏ចង់​ឃើញ​តុលាការ​ជម្រះ​រឿង​ក្តី​លោក ចាន់​ ធឿន​ ដោយត្រឹម​ត្រូវ​និង​ឥត​លម្អៀងដើម្បី​លើក​ទឹកចិត្ត​ដល់​សកម្មជន​ព្រៃ​ឈើ​ផ្សេង​ទៀតឲ្យ​បន្ត​កត់​ត្រា​ទុកសកម្មភាព​ខុស​ច្បាប់​ដែល​នាំ​ឲ្យ​ហិន​ហោច​សម្បត្តិ​ព្រៃ​ឈើ​ដែល​នៅ​សេស​សល់​ក្នុង​ប្រទេស៕​

XS
SM
MD
LG