ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាបន្តការជួបជុំក្រុមគ្រួសារឡើងវិញ ដែលបានខ្ចាត់ព្រាត់អស់រយៈពេលជាង៦០ឆ្នាំដោយសារសង្គ្រាមកូរ៉េ។
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថា ការជួបជុំក្រុមគ្រួសារឡើងវិញនឹងត្រូវធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ខែតុលានៅឯកន្លែងលំហែកាយភ្នំ Kumgang ក្នុងប្រទេសកូរ៉េខាងជើង។
បណ្តាញផ្សាយព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងបានបញ្ជាក់ថា កិច្ចព្រមព្រៀងនោះបានធ្វើឡើង បន្ទាប់ពីការចរចាដែលបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ហើយបានធ្វើរហូតដល់ពេលយប់នៅឯភូមិ Panmunjom។
មនុស្ស១០០នាក់មកពីប្រទេសនីមួយៗនឹងត្រូវជ្រើសរើសឲ្យចូលរួមនៅក្នុងការជួបជុំក្រុមគ្រួសារនេះឡើងវិញ ដែលត្រូវបានធ្វើលើកដំបូងចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៤មក។
ជនជាតិកូរ៉េរាប់លាននាក់បានត្រូវខ្ចាត់ព្រាត់ដោយសារសង្គ្រាមពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដែលបានបំបែកឧបទ្វីបនោះរវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហើយមិនបានធ្វើការទាក់ទងគ្នាអស់រាប់ទសវត្សរ៍រហូតទាល់តែក្រោយពេលសន្និសីទកំពូលអន្តរកូរ៉េនៅឆ្នាំ២០០០។ ការជួបជុំគ្រួសារឡើងវិញកាលពីដំបូងត្រូវបានធ្វើជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែបានត្រូវផ្អាកដោយសារទំនាក់ទំនងឆ្លងកាត់ព្រំដែនមានភាពតានតឹង។
អ្នកចូលរួមកម្មវិធីនោះជាច្រើនមានអាយុជាង៧០ ទៅជាង៨០ឆ្នាំ ហើយការជួបជុំគ្រួសារនោះឡើងវិញជាឱកាសមួយដើម្បីបានឃើញអ្នកជាទីស្រឡាញ់ដែលបានបាត់បង់ជាយូរយារណាស់មកហើយ នៅពេលដែលរដ្ឋាភិបាលទាំងពីរបានហាមឃាត់ការផ្លាស់ប្តូរលិខិត ការហៅទូរស័ព្ទ និងសារអេឡិចត្រូនិកឆ្លងកាត់ព្រំដែន៕