ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងសម្ព័ន្ធយោធា​អារ៉ាប់​បើក​ការស៊ើបអង្កេត​ទៅលើ​ការវាយប្រហារ​តាម​អាកាស​ក្នុង​ប្រទេសយេម៉ែន


កុមារ​ដែល​រួច​ផុត​ជីវិត​ពី​ការ​វាយប្រហារ​តាម​អាកាស​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ ​Saada ប្រទេស​យេម៉ែន​កាលពី​ថ្ងៃទី​១០ សីហា ឆ្នាំ ២០១៨។
កុមារ​ដែល​រួច​ផុត​ជីវិត​ពី​ការ​វាយប្រហារ​តាម​អាកាស​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ ​Saada ប្រទេស​យេម៉ែន​កាលពី​ថ្ងៃទី​១០ សីហា ឆ្នាំ ២០១៨។

កងសម្ព័ន្ធ​យោធា​អារ៉ាប់​ដែល​ដឹកនាំ​ដោយ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​កាល​ពី​ថ្ងៃសុក្រ​បាន​និយាយ​ថា​ខ្លួន​នឹង​ធ្វើ​ការស៊ើបអង្កេត​លើ​ការ​វាយប្រហារ​តាម​អាកាស​មួយ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៥០នាក់ ដែល​ភាគច្រើន​គឺ​ជា​កុមារ​ បន្ទាប់​ពី​បាន​និយាយ​ពារការ​វាយប្រហារ​នេះ​កាល​ពី​ពេល​មុន​ និង​បាន​ចាត់​ទុក​ទង្វើ​នោះ​ថា​ជា‍«សកម្មភាព​យោធា​ស្រប​ច្បាប់»។

ការ​ប្រកាសនេះ​បាន​ធ្វើឡើង​ខណៈ​មាន​ការ​រិះគន់​ពី​អន្តរជាតិ​ចំពោះ​ការ​វាយប្រហារ​នេះ​ ដោយ​រួម​មាន​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ផងដែរ​ ដែល​បាន​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ទៅ​លើ​ការ​វាយប្រហារ​តាម​អាកាស​នេះ។ ក្រុមឧទ្ទាម​ហ៊ូទី​របស់​ប្រទេសយេម៉ែន​បាន​និយាយ​ថា​ យ៉ាងហោច​ណាស់​មាន​កុមារ​៤០នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ហេតុការណ៍​វាយប្រហារ​តាម​អាកាស​មួយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​នៅ​ភាគខាងជើង​ប្រទេស​ដោយ​គ្រាប់ម៉ីស៊ីល​បាន​ចាញ់​ចំ​រថយន្ត​មួយ​ដែល​ដឹក​សិស្សសាលា​ត្រឡប់​មក​ពី​ដំណើរ​កំសាន្ត​ពិកនិក​រដូវ​ក្តៅ។

ពួកឧទ្ទាម​បាន​និយាយ​ថា​ ការ​វាយប្រហារ​នេះ​ក៏​បាន​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​យ៉ាងហោច​ណាស់​៧៧នាក់​ផងដែរ។ អ្នក​នាំ​ពាក្យ​ស្ថានទូត​របស់​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​នៅក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ លោកស្រី Fatimah Baeshenបាន​ថ្លែង​តាមរយៈ​សេចក្តី​ថ្លែងការ​មួយ​ដោយ​សំដៅ​ទៅ​លើ​កងកម្លាំង​ស៊ើបអង្កេត​របស់​ពួកសម្ព័ន្ធ​យោធា។

លោកស្រី​បានថ្លែង​ថា «ក្រុមសម្ព័ន្ធ​យោធា​នឹង​ព្យាយាម​គ្រប់វិធី​ទាំងអស់​ដូច​ដែល​បាន​ធ្លាប់​ធ្វើ​កន្លង​មក​ដើម្បី​ការពារ​អាយុជីវិត​ដល់​ជនស៊ីវិល‍» ។ កងសម្ព័ន្ធយោធា​អារ៉ាប់​ដែល​ដឹកនាំ​ដោយ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយ​ថា​ការ​វាយប្រហារ​តាម​អាកាស​ទៅលើ​រថយន្ត​នោះ​គឺ​ជា «សកម្មភាព​ស្របច្បាប់​របស់​ពួកយោធា‍»និង​បាន​ចោទ​ប្រកាន់​ក្រុមហ៊ូទី​ពី​ការ​យក​ពួកកុមារ​ធ្វើ​ជា​ទាហាន​និង​ប្រើប្រាស់​ពួកគេ​ធ្វើ​ជា​រនាំង​នៅក្នុង​សមរភូមិប្រយុទ្ធ។ កាល​ពីថ្ងៃសុក្រ​ក្រុមប្រឹក្សាអង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ដែល​អាច​ទុកចិត្ត​បាន​និង​មាន​តម្លាភាព​ទៅលើ​ការ​វាយប្រហារ​នេះ។

ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំអង្គការ​សហប្រជាជាតិលោកស្រី Karen Pierce ដែល​បច្នុប្បន្ន​មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា«ប្រសិន​បើការស៊ើបអង្កេត​នោះ​អាច​ទុកចិត្ត​បាន​និង​អាច​ទទួល​យក​បាន​នោះ​ក្រុមប្រឹក្សា​នឹង​ពិចារណា​អំពី​ជំហ៊ាន​បន្ទាប់​ទៀត‍‍»។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ក៏​បាន​ជំរុញ​ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​ និង​បន្ទាន់​មួយ​ទៅ​លើការ​វាយប្រហារនេះ​ផងដែរ៕

XS
SM
MD
LG