ក្រុមហ៊ុន Apple បានបើកហាងធំដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាក្នុងពិធីសម្ពោធមួយដែលគេរង់ចាំជាយូរមកហើយកាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅនេះ ដែលនេះបង្ហាញឱ្យឃើញអំពីសេចក្ដីប្រាថ្នារបស់ក្រុមហ៊ុននេះក្នុងការពង្រីកអាជីវកម្មនៅក្នុងប្រទេសនេះក្នុងក្តីសង្ឃឹមថានឹងអាចយកប្រទេសនេះជាកន្លែងផលិតផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោក Tim Cook នាយកប្រតិបត្តិនៃក្រុមហ៊ុន Apple បានថតរូបជាមួយមនុស្សពីរបីនាក់ក្នុងចំណោមអ្នកគាំទ្រក្រុមហ៊ុននេះប្រហែល ១០០ នាក់ឬច្រើនជាងនេះដែលបានឈរបន្តគ្នានៅខាងក្រៅហាងដែលមានទំហំជាង ១.៨០០ ម៉ែត្រការ៉េនេះនៅក្នុងទីក្រុង Mumbai ដែលជាទីក្រុងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា។ ការរចនាហាងនៃក្រុមហ៊ុននេះទទួលឥទ្ធិពលពីឡានតាក់ស៊ីពណ៌ខ្មៅនិងលឿងរបស់ទីក្រុងនេះ។
លោក Cook បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសឥណ្ឌាមានវប្បធម៌ដ៏ល្អផូរផង់និងមានថាមពលខ្លាំង ហើយយើងរីករាយនឹងបន្តអភិវឌ្ឍទៅមុខផ្អែកលើប្រវត្តិសាស្ត្រជាយូរមកហើយរបស់យើង»។
មហាក្រុមហ៊ុនបច្ចេកវិទ្យានេះបានប្រកបអាជីវកម្មនៅឥណ្ឌាជាង ២៥ ឆ្នាំមកហើយ ដោយលក់ផលិតផលរបស់ខ្លួនតាមរយៈហាងលក់រាយដែលមានការអនុញ្ញាតនិងតាមរយៈវេបសាយដែលខ្លួនបានចាប់ផ្តើមប្រើកាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែកន្លងមក បញ្ហាខាងនិយតកម្មនិងវិបត្តិជំងឺកូវីដ១៩ បានពន្យារពេលផែនការបើកហាងធំបំផុតរបស់ខ្លួននេះនៅឥណ្ឌា។
លោក Jayanth Kolla អ្នកវិភាគនៅក្រុមហ៊ុន Convergence Catalyst ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ខាងបច្ចេកវិទ្យា បាននិយាយថា ហាងថ្មីៗទាំងនេះគឺជាសញ្ញាច្បាស់លាស់មួយនៃការប្តេជ្ញារបស់ក្រុមហ៊ុននេះក្នុងការវិនិយោគនៅឥណ្ឌាដែលជាទីផ្សារទូរសព្ទស្មាតហ្វូនធំបំផុតទីពីរនៅលើពិភពលោក ដែលនៅទីនោះការលក់ទូរសព្ទ iPhone បានកើនឡើង។
លោកបានបន្ថែមថា ហាងទាំងនេះបង្ហាញថា «ឥណ្ឌាមានសារៈសំខាន់បែបណាចំពោះក្រុមហ៊ុន Apple ក្នុងពេលបច្ចុប្បន្ននិងអនាគត»។ សម្រាប់ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋ California នេះ ទំហំដ៏ធំនៃប្រទេសឥណ្ឌាធ្វើឱ្យទីផ្សារនេះមានការលើកទឹកចិត្តជាពិសេស។
លោក Neil Shah ដែលជាអនុប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Counterpoint Research ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារបច្ចេកវិទ្យា បាននិយាយថា មនុស្សប្រមាណ ៦០០ លាននាក់ក្នុងចំណោមប្រជាជន ១ ពាន់ ៤ រយលាននាក់នៃប្រទេសឥណ្ឌាមានទូរសព្ទស្មាតហ្វូន «ដែលមានន័យថាទូរសព្ទទំនើបនៅមានតិចនៅឡើយនៅក្នុងប្រទេសនេះ ហើយក្ដីរំពឹងនៃការកើនឡើងនូវទូរសព្ទទំនើបនៅឥណ្ឌាគឺមានច្រើន»។
បើតាមទិន្នន័យរបស់ក្រុមហ៊ុន Counterpoint Research នៅរវាងឆ្នាំ ២០២០ និងឆ្នាំ ២០២២ ក្រុមហ៊ុន Apple មានលទ្ធភាពមួយចំនួនចូលទៅកាន់ទីផ្សារទូរសព្ទស្មាតហ្វូននៅឥណ្ឌា ដោយកើនឡើងពីចំនួនតែ ២% រហូតដល់ ៦%។
តម្លៃខ្ពស់របស់ទូរសព្ទ iPhone ធ្វើឱ្យជនជាតិឥណ្ឌាភាគច្រើនគ្មានលទ្ធភាពទិញបាននៅឡើយ។
ការលក់ទូរសព្ទ iPhone នៅឥណ្ឌាច្រើនតែលក់ដាច់ក្នុងចំណោមមនុស្សមួយចំនួនតូចនៃក្រុមមនុស្សដែលមានជីវភាពលើមធ្យមនិងក្រុមមនុស្សអ្នកមាន ដែលជាក្រុមអ្នកទិញដែលលោក Shah ថ្លែងថាកំពុងកើនឡើង។ បើតាមទិន្នន័យរបស់ក្រុមហ៊ុន Counterpoint Research ក្រុមហ៊ុន Apple គ្រប់គ្រងទីផ្សារទូរសព្ទស្មាតហ្វូន «ទំនើប» ចំនួន ៦៥% ដែលទូរសព្ទនីមួយៗមានតម្លៃចាប់ពី ៣៦០ ដុល្លារឡើងទៅ។
ក្រុមហ៊ុន Apple បានចាប់ផ្តើមផលិតទូរសព្ទ iPhone SE ដំបូងរបស់ខ្លួននៅឥណ្ឌានៅឆ្នាំ ២០១៧ ហើយតាំងពីពេលនោះមកបានបន្តដំឡើងទូរសព្ទ iPhone ប្រភេទផ្សេងៗទៀតពីប្រទេសនេះ។
ទូរសព្ទស្មាតហ្វូននិង tablet ភាគច្រើនរបស់ក្រុមហ៊ុន Apple ត្រូវបានដំឡើងដោយក្រុមហ៊ុនជាប់កុងត្រាជាមួយរោងចក្រនានានៅក្នុងប្រទេសចិន ប៉ុន្តែក្រុមហ៊ុននេះបានចាប់ផ្តើមពិនិត្យមើលលទ្ធភាពនៃការផ្ទេរការផលិតខ្លះទៅអាស៊ីអាគ្នេយ៍ឬកន្លែងផ្សេងទៀត បន្ទាប់ពីការបិទរោងចក្រម្ដងហើយម្ដងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅប្រទេសចិនកន្លងមកបានបង្អាក់ដល់លំហូរសាកលនៃផលិតផល។
លោក Kolla បានថ្លែងថា៖ «ក្រុមហ៊ុនធំៗមានការស្រងាកចិត្តហើយយល់ថាពួកគេត្រូវការឱ្យមានយុទ្ធសាស្ត្រត្រៀមទុកមួយនៅក្រៅប្រទេសចិន ដោយសារពួកគេមិនអាចប្រថុយប្រថានជាមួយការរាំងខ្ទប់ម្តងទៀតឬជាមួយការមានជម្លោះខាងភូមិសាស្ត្រនយោបាយណាមួយដែលនាំឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេទេ»។
បើតាមក្រុមហ៊ុន Counterpoint Research នៅពេលបច្ចុប្បន្ននេះ ឥណ្ឌាផលិតទូរសព្ទ iPhone ជិត ១៣ លានគ្រឿងជារៀងរាល់ឆ្នាំ ដោយកើនឡើងពីចំនួនតិចជាង ៥ លានគ្រឿងកាលពីបីឆ្នាំមុន។ តួលេខនេះគឺស្មើនឹងប្រមាណ ៦% នៃចំនួនទូរសព្ទ iPhone សរុបដែលផលិតនៅលើពិភពលោក ហើយវាគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះបើប្រៀបធៀបជាមួយប្រទេសចិនដែលនៅតែផលិតទូរសព្ទ Iphone នេះប្រមាណ ៩០% នៅលើពិភពលោក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ