លោក ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានអំពាវនាវកុំឱ្យពលរដ្ឋខ្មែរលេងល្បែងភ្នាល់បាល់ក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2018 ខណៈថ្លែងសរសើរពីការប្រកួតថ្មីៗរបស់ក្រុមជម្រើសជាតិជប៉ុននិងការប្រកួតបាល់ទាត់ពិភពលោកក៏គួរឱ្យចាប់អារម្មណ៍។ លោកថា ការភ្នាល់បាល់ទាត់ក្នុងរដូវកាល World Cup នឹងអាចឱ្យអ្នកភ្នាល់ក្លាយជាកូនបំណុល ដោយសារតែការប៉ាន់ស្មានខុស។
ថ្លែងនៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ផែថ្មីក្នុងកំពង់ផែស្វយ័តក្នុងខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសរសើរការប្រកួតកីឡាបាល់ទាត់ World Cup លើកទី២១ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ី និងកំពុងទទួលបានចំណាប់អារម្មណ៍ពីពលរដ្ឋទូទាំងពិភពលោក។ លោក ហ៊ុន សែន ក៏បានថ្លែងចំអកដល់អ្នកភ្នាល់បាល់ចាញ់មួយចំនួនដែលជ្រើសរើសខុស និងចាញ់ប្រាក់កាសនោះ។
ទោះយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលបានអំពាវនាវយ៉ាងដូច្នេះ៖
«ខ្ញុំករុណា ខ្ញុំនៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងកុំលេងភ្នាល់បាល់! កុំលេងភ្នាល់បាល់! ឥឡូវមានថ្នាក់ចូលដាក់ video clip លេងនិយាយទៅ៖ស៊ីសៀងមានអីមិនល្អ! ស៊ីសៀងគឺជាមោទនភាព ដោយសារតែយើងចាញ់ភ្នាល់បាល់។ វាទៅជាអីចេះទៅ! កុំលេងភ្នាល់! កុំលេងភ្នាល់បាល់ នៅក្នុងរដូវនេះ។ នៅក្នុងប្រទេសខ្លះ ខ្ញុំដឹងថា មានសម្លាប់ខ្លួនហើយ ដោយសារតែការចាញ់ធ្ងន់ពេក»។
ការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2018 ដ៏ល្បីល្បាញ កំពុងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៤ខែមិថុនាដល់ថ្ងៃទី១៥ខែកក្កដានៅក្នុងប្រទេសរុស្ស៊ី។ គេហទំព័រផ្លូវការរបស់ FIFA World Cup 2018 ឱ្យដឹងថា មានក្រុមបាល់ទាត់ជម្រើសជាតិមកពីប្រទេសចំនួន៣២ចុងក្រោយ ដែលឈ្នះការប្រកួតបាល់ទាត់ពេលកន្លងមកនេះ កំពុងចូលរួមប្រកួតនៅប្រទេសរុស្ស៊ី។ ក្រុមបាល់ទាត់របស់ប្រទេសទាំងនោះត្រូវបានចែកចេញជា៨ក្រុមតូចៗ ដើម្បីធ្វើការប្រកួតសន្សំពិន្ទុ ឈានដល់ការប្រកួតធំៗបន្តទៀតជាមួយប្រទេសនានានៅក្នុងក្រុមផ្សេង។
គេដឹងថា នៅក្នុងការប្រកួតបាល់ទាត់សំខាន់ៗក្នុងពិភពលោកដូច្នេះ មានជនមួយចំនួនឆ្លៀតឱកាសក្នុងការភ្នាល់ជាល្បែងស៊ីសងដើម្បីកេងយកផលចំណេញពីពលរដ្ឋទូទាំងពិភពលោក។ បើទោះជាការភ្នាល់និងល្បែងស៊ីសងត្រូវបានហាមប្រាម ដោយច្បាប់កម្ពុជា ក៏ប៉ុន្តែគេនៅតែឃើញមានការភ្នាល់ និងល្បែងស៊ីសងកើតឡើងតាមកន្លែងមួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសពេលមានការប្រកួតកីឡាសំខាន់ៗក្នុងពិភពលោក។
ខណៈការប្រកួតបាល់ទាត់ World Cup កំពុងធ្វើឡើង គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបញ្ចេញក្តីកង្វល់អំពីការភ្នាល់បាល់ ក៏ដូចជាការកើនឡើងនូវឧក្រិដ្ឋកម្មផងដែរ។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ក៏បានបញ្ជាក់នៅថ្ងៃច័ន្ទនេះផងដែរថាលោកគឺជាអ្នកចូលចិត្តកីឡានានា រួមទាំងបាល់ទាត់ និងបាល់ទះ ហើយក្នុងរដូវកាលបាល់ទាត់ពិភពលោក World Cup នេះ លោកក៏បានចូលរួមភ្នាល់លេងសើចផងដែរជាមួយមិត្តភក្តិនៅក្រៅប្រទេសដែលលោកមិនបញ្ចេញឈ្មោះ។
«គិតទៅខ្ញុំកំពុងឈ្នះ ការប្រកួត៨ប្រកួត។ ភ្នាល់ជានិច្ចជាកាល ខ្ញុំភ្នាល់ជាមួយម្នាក់ហ្នឹងគឺខ្ញុំភ្នាល់កាត់ប្រទេស! កាត់ប្រទេស! វ៉ៃសារឆ្លងឆ្លើយគ្នា ហើយបញ្ចូនសារឱ្យគា្ន ប៉ុន្តែមិនមែនដាក់លុយទេ មិនមែនដាក់លុយទេ! គ្រាន់តែដល់ពេល ពេលវេលាចុងក្រោយគឺចុះហត្ថលេខាលើអាវ។ ចុះហត្ថលេខាលើអាវ។ តាំងពីឆ្នាំ១៩៩៨មកភ្នាល់ជាមួយម្នាក់ហ្នឹងរហូតមក។ ហើយយប់មិញ ខ្ញុំចាប់ជប៉ុន ខ្ញុំចាក់ជប៉ុន ខ្ញុំចាប់ជប៉ុនរហូត ព្រោះអាស៊ីត្រូវកាន់ជើងអាស៊ីគ្នាឯងបើទោះជាចាញ់ក៏ដោយ ឈ្នះក៏ដោយ»។
លោក មាស នី អ្នកវិភាគនិងអ្នកតាមដានការវិវឌ្ឍនៃសង្គមកម្ពុជា បានសាទរចំពោះការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការដាស់តឿនដល់ពលរដ្ឋខ្មែរក្នុងការលេងល្បែងភ្នាល់បាល់ ដែលលោកថា កំពុងពុះកញ្ជ្រោលនៅតាមកន្លែងនានា រួមទាំងតៀមកាហ្វេផងដែរ។ លោកថា ការណ៍នេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាពិសេសគឺយុវជនដែលជាអ្នកស្នងប្រទេសកម្ពុជា។ អ្នកវិភាគរូបនេះក៏សង្ឃឹមផងដែរថា រដ្ឋាភិបាលនឹងមានវិធានការ ឬចំណាត់ការណាមួយដើម្បីទប់ស្កាត់ការលេងភ្នាល់ដូច្នេះ ជាជាងការអំពាវនាវតែសម្តីនោះ។
លោក មាស នី បញ្ជាក់ក្នុងន័យដើមថា៖
«ប៉ុន្តែរាល់ដងយើងឃើញថា ការអំពាវនាវរបស់រាជរដ្ឋាភិបាល ជាធម្មតាដូចជាមិនសូវមានប្រសិទ្ធិភាពទេណា៎! ច្រើនតែបាន ជួនកាលថាទៅ ក៏ហីទៅ! ជួនកាលថាទៅគឺបានតែមួយប្រាវអីចឹងទៅ! ហើយវិលមកវិញអីចឹងណា៎។ ខ្ញុំចង់ឃើញរដ្ឋាភិបាលធ្វើអីថ្ងៃខាងមុខ ឱ្យវាមានលក្ខណៈណាមួយឱ្យវាច្បាស់លាស់ ដាក់ទៅឱ្យឃើញថា វាដើរតែម្តងណា៎ កុំឱ្យវាដូចព្រៃឈើ កុំឱ្យដូចរឿងហ្អីផ្សេងៗ ដូចរឿងច្បាប់ចរាចរណ៍អីហ្នឹង វានៅតែរឿងដដែលៗ វិលមកវិញ បាទ»។
យ៉ាងណាក៏ដោយ នៅថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន បានថ្លែងការសាទរនិងបង្ហាញការគាំទ្ររបស់លោកចំពោះក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនដែលប្រកួតស្មើរនឹងប្រទេស Senegal កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។ ថ្លែងចំពោះមុខឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក្នុងការសម្ពោធផែថ្មីដែលឧបត្ថម្ភទុនដោយប្រទេសនេះ លោក ហ៊ុន សែន ក៏បានសាទរចំពោះក្រុមបាល់ទាត់ជប៉ុនក្នុងការខិតខំប្រឹងប្រែង និងទទួលបានលេខមួយនៅក្នុងការប្រកួតជម្រុះក្នុងក្រុម ដើម្បីឈានទៅរកការប្រកួតធំៗបន្តទៀតនៅក្នុងការប្រកួត FIFA World Cup 2018 ដែលនឹងឈានដល់ទីបញ្ចប់នៅថ្ងៃទី១៥ខែកក្កដាខាងមុខ៕