ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន APHR ថា​ ប្រតិកម្ម​ពី​រដ្ឋាភិបាល​បង្ហាញ​ថា​របាយការណ៍​គឺ​ជា​ការ​ពិត


រូបភាព​ដំបូង​នៃ​គេហទំព័រ​របស់​អង្គការ​តំណាងរាស្ត្រ​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ដែល​បង្ហាញ​ពី​របាយការណ៍​ថ្មី​មួយ​ស្តី​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ (រូប​ដក​ស្រង់​ចេញ​ពី​គេហទំព័រ)
រូបភាព​ដំបូង​នៃ​គេហទំព័រ​របស់​អង្គការ​តំណាងរាស្ត្រ​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ដែល​បង្ហាញ​ពី​របាយការណ៍​ថ្មី​មួយ​ស្តី​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ (រូប​ដក​ស្រង់​ចេញ​ពី​គេហទំព័រ)

របាយការណ៍​នេះ ​មាន​ចំណង​ជើង​ថា «ជួង​មរណៈ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ៖ ការ​វាយប្រហារ​តំណាងរាស្ត្រ​និង​ការ​គំរាមកំហែង​ស្ថាប័ន​នៅ​កម្ពុជា» ឬ «​Death Knell for Democracy:Attacks on Lawmakers and the Threat to Cambodia's Institutions»។

កំណត់និពន្ធ៖ ក្រសួង​ការបរទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ពុធ បាន​រំលឹក​ប្រធានក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (ហៅ​កាត់​ថា​ APHR) ឲ្យ​គោរព​គោលការណ៍«មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​សមាជិក​អាស៊ាន» ក្រោយ​ពី​ក្រុម​នេះ បាន​ចេញ​របាយការណ៍​ថ្មី​មួយ ដោយ​រិះគន់​ខ្លាំងៗ​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ ​ប្រធានក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​នេះ បាន​ឆ្លើយតប​វិញ​ថា ប្រតិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ បង្ហាញ​ថា អ្វី​ដែល​បាន​រៀបរាប់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន គឺ​ជា​ការ​ពិត។ របាយការណ៍​នេះ ​មាន​ចំណង​ជើង​ថា «ជួង​មរណៈ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ៖ ការ​វាយប្រហារ​តំណាងរាស្ត្រ​និង​ការ​គំរាមកំហែង​ស្ថាប័ន​នៅ​កម្ពុជា» ឬ «​Death Knell for Democracy:Attacks on Lawmakers and the Threat to Cambodia's Institutions»។ លោក សាយ មុន្នី នៃ​VOAបាន​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ​ប្រធានក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​ អំពី​របាយការណ៍​និង​ប្រតិកម្ម​ពី​រដ្ឋាភិបាល​កម្ពុជាដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ សូម​ជម្រាបសួរ និង​អរគុណ លោក Charles Santiago ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​VOA អំពី​របាយការណ៍​ថ្មី​របស់​ក្រុម​លោក ដែល​បាន​ចេញ​ផ្សាយ​នៅទីក្រុង​ប៉ាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ចន្ទ​នោះ។ តើ​លោកអាច​ រៀបរាប់​ពី​របាយការណ៍​ថ្មី​នេះ​បន្តិច​បាន​ទេ?

Charles Santiago៖ បាន​សូម​អរគុណ​ ដែល​បាន​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​ ​បក​ស្រាយ។ គោល​បំណង​នៃ​របាយការណ៍​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​មើល​ការ​វិវត្ត​នយោបាយ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ ជា​ពិសេស​គឺ​ការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ និង​ការ​ធ្លាក់​ចុះ​គុណភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ និយាយ​ឲ្យ​ចំ​ទៅ​ គឺ​វា​ហាក់​ដូច​ជា​មាន​បរិយាកាស​នៃ​ភាព​ភ័យខ្លាច បរិយាកាស​នៃ​អំពើ​ហិង្សា និង​បរិយាកាស​នៃ​និទ្ទណ្ឌភាព ដែល​អ្នក​ឃើញ​មាន​នៅក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្វី​ដែល​បាន​កើត​ឡើង​ជាក់​ស្តែង​នោះ គឺ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច កំពុង​តែ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ភាព​ភ័យខ្លាច និង​ការ​ត្រួតត្រា។ រដ្ឋសភា កំពុង​ត្រូវ​បាន​គេ​ប្រើប្រាស់ ប្រព័ន្ធ​តុលាការ​ ក៏​កំពុង​ត្រូវ​បាន​គេ​ប្រើប្រាស់ ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​គណបក្ស​កាន់អំណាច។

ជា​លទ្ធផល ដូច​អ្នក​ឃើញ​ស្រាប់​ហើយ​ថា មិន​មាន​ការ​ការ​ពារ​ណាមួយ​ទាល់​តែ​សោះ សម្រាប់​ពលរដ្ឋ​ធម្មតា។ សិទ្ធិ​ពលរដ្ឋ​ រួម​ទាំង អ្នកតំណាង​រាស្ត្រ​ផង ត្រូវ​បាន​រំលោភ​បំពាន។ មាន​ករណី​ជាក់​ស្តែង​ជាច្រើន យ៉ាងហោចណាស់​ក៏​ករណី ដែល​គេ​ដឹងឭ​គ្រប់​គ្នា អំពី​អ្នក​តំណាងរាស្ត្រ ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខបុកម្នេញ ត្រូវ​គេ​វាយដំ ហើយ​ឥឡូវ​ ក៏​ត្រូវ​គេ​ចោទប្រកាន់ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ជាប់​ពន្ធនាគារ​ទៀត​ផង។

អំពើ​ហិង្សា​ដ៏​យង់ឃ្នង​ទៅ​លើ​សមាជិក​សភា​នេះ មិន​អាច​អត់អោន​ឲ្យ​បាន​ទេ​នៅ​ក្នុង​សហគមន៍​អាស៊ាន ដោយសារ​តែ រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន បាន​ប្តេជ្ញា​ថា​ គោរព​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច​ល្អ​និង​តម្លាភាព​ជាដើម។

ការ​ប្តេជ្ញា​ចិត្ត​ទាំង​នេះ មាន​នៅ​ក្នុង​ឯកសារ​ដែល​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ ប៉ុន្តែ​ ជា​អកុសល ការ​ប្ដេជ្ញា​ចិត្ត​នេះ មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត ក្នុង​ប្រទេស​កម្ពុជា​ខ្លួន​ឯង ។

ដូច្នេះ ពួក​យើង​ ក្នុង​នាម​ជា​សមាជិក​សភា​ក្នុង​តំបន់​អាស៊ាន​នេះ ត្រូវ​ពិនិត្យ​មើល​បញ្ហា​នេះ​ដោយ​យក​ចិត្តទុកដាក់​បំផុត។

លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ​ប្រធានក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)
លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ​ប្រធានក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)

VOA៖ កាល​ពី​ម្សិលមិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ប្រតិកម្ម​តប​ទៅ​លោក ថា​ឲ្យ​គោរព​គោលការណ៍ «មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន» ហើយ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​បាន​ហៅ​របាយការណ៍​របស់​ក្រុម​លោក​ថា គ្រាន់​តែ​ជា​របាយការណ៍​ចាស់​និង​មាន​ចេតនា​សន្សំរឿង​ប៉ុណ្ណោះ។ តើ​លោក​ចង់​ឆ្លើយតប​យ៉ាង​ដូច​ម្តេច?

Charles Santiago៖ ខ្ញុំ​គិត​ថា នេះ​គឺ​គ្រាន់​តែ​ជា​ការ​ឆ្លើយ​ការ​ពារ​ពី​អ្នក​នាំ​ពាក្យ​និង​រដ្ឋាភិបាល ដែល​ប្រឆាំង​នឹង​របាយការណ៍​នេះ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់​អ្នក​សរសេរ​របាយការណ៍​និង​ពួក​យើង​ ដែល​បាន​ចុះ​ទៅ​ដល់​ប្រទេស​កម្ពុជា ហើយបាន​និយាយ​ជា​មួយ​ពលរដ្ឋ​នៅ​ទី​នោះ​ផ្ទាល់ យើង​អាច​បញ្ជាក់​ថា​អ្វី​ដែល​បាន​រៀបរាប់​នៅ​ក្នុង​របាយការណ៍​នេះ គឺ​ជា​ការ​ពិត ហើយ​តំណាង​ឲ្យ​អ្វី​ដែល​ពិត​ជា​កំពុង​កើត​មាន​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ពិត​មែន។

ខ្ញុំ​គិត​ថា ដោយ​ការ​បដិសេធ​ថា អ្វី​ទាំង​នេះ មិន​បាន​កើតឡើង​នោះ រដ្ឋាភិបាល កំពុង​តែ​នាំ​មក​នូវ​ផល​អាក្រក់​ដល់​ខ្លួន​ឯង ហើយ ការ​មិន​ព្រម​ទទួលស្គាល់​របាយការណ៍​នេះ គឺ​ដូច​ជា​ការ​និយាយ​ថា អ្វី​ដែល​កំពុង​កើត​ឡើង​ដូច​ដែល​បាន​រៀបរាប់​មក​នេះ គឺ​ជា​ការ​ពិត​ដូច្នោះ​ដែរ។

ហេតុដូច្នេះ ខ្ញុំ​គិត​ថា រដ្ឋាភិបាល ប្រាកដ​ជា​បដិសេធ​ជាក់ជា​មិន​ខាន ហើយ​ការ​បដិសេធ​របាយការណ៍​នេះ មិន​បាន​ជួយ​ដល់​រដ្ឋាភិបាល​ ក៏​ដូចជា​ពលរដ្ឋ​កម្ពុជា​នោះ​ទេ ជាពិសេស​នៅ​គ្រា​ដែល​នឹង​មាន​ការ​បោះឆ្នោត​ដ៏​សំខាន់​គឺ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​នោះ។

VOA៖ របាយការណ៍​របស់​ក្រុម​លោក ក៏​បាន​ចោទ​ជា​សំណួរ​ទៅលើ​ភាព​ត្រឹមត្រូវ​នៃ ការ​បោះឆ្នោត​នេះ​ផង​ដែរ។ តើ​លោក​គិត​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ នឹង​ត្រូវ​បាន​ទទួលស្គាល់​ថា​ត្រឹមត្រូវ​ដែរ​ឬទេ?

Charles Santiago៖ ធម្មនុញ្ញ​អាស៊ាន និយាយ​អំពី​ការ​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​និង​អភិបាល​កិច្ច​ល្អ ហើយ​គោលការណ៍​ទាំង​នេះ មាន​សារៈសំខាន់​នៅ​ក្នុង​ការ​បោះឆ្នោត​ទាំងអស់។ ខ្ញុំ​គិត​ថា ប្រសិន​បើ​គោលការណ៍​ទាំង​នេះ មិន​ត្រូវ​បាន​គោរព​ឬ​ធ្វើ​តាម​ទេ នោះ​នឹង​មាន​សំណួរ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ការបោះឆ្នោត​ជា​ពុំ​ខាន។ ឧទាហរណ៍ បើ​មាន​ការ​ភ័យខ្លាច​ច្រើន​នៅ​ក្នុង​ប្រទេស ដូចជា​ រដ្ឋាភិបាល​ វាយប្រហារ​ទៅ​លើ​ពលរដ្ឋ ដែល​ខ្លួន​គួរ​តែ​ការពារ​នោះ នោះ​នឹង​ធ្វើ​ឲ្យ​មាន​មន្ទិល​អំពី​ភាព​ស្របច្បាប់​នៅ​ក្នុង​ការ​បោះឆ្នោត។

ខ្ញុំ​គិត​ថា របៀប​មួយ​ដែល​រដ្ឋាភិបាល​ អាច​ធ្វើ​គឺបង្កើត​ភាព​ភ័យខ្លាច​ក្នុង​ចំណោម​ពលរដ្ឋ បង្កើត​អំពើ​ហិង្សា​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស ដូច្នេះ ពលរដ្ឋ​ដែល​ភ័យខ្លាច នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច។ ការណ៍​នេះ មិន​ល្អ​ទេ មិនមែន​ចំពោះ​តែ​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ចំពោះ​ភាព​ត្រឹមត្រូវ​នៃ​របប​គ្រប់គ្រង​ប្រទេស​ផង​ដែរ។ ភាព​ស្របច្បាប់​នៃ​រដ្ឋាភិបាល​ដែល​នឹង​ឡើង​កាន់​អំណាច នឹង​ត្រូវ​ចោទ​ជា​សំណួរ​ជា​មិន​ខាន។

​VOA៖ តើ​លោក​គិត​ថា អាស៊ាន អាច​ធ្វើ​អ្វី​បាន​ ចំពោះ​បញ្ហា​នេះ?

Charles Santiago៖ ខ្ញុំ​គិត​ថា​អ្វី​មួយ​ដែល​អាស៊ាន​ទាំងមូល​អាច​ធ្វើ​បាន គឺ​ថា ​កិច្ច​ប្រជុំ​របស់​អន្តរ​រដ្ឋាភិបាល​អាស៊ានក្នុង​ទីក្រុង​ម៉ានីល​នៅ​ចុង​ខែ​មេសា​ខាង​មុខ​នេះ គួរ​តែ​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា អំពី​តម្រូវការ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ។ អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ គឺ​មិន​មែន​ការ​បោះឆ្នោត ដែល​ផ្អែក​លើ​ភាព​ភ័យខ្លាច​ ខ្លាចអំពើ​ហិង្សា ខ្លាច​គេ​ចាប់ខ្លួន​នោះ​ទេ៕

XS
SM
MD
LG