រដ្ឋាភិបាលកម្ពុជា បានស្នើអង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ឲ្យគោរពគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែល VOA ទទួលបាននៅថ្ងៃពុធនេះ។
ការស្នើរបស់រដ្ឋាភិបាលកម្ពុជា ធ្វើឡើងពីរថ្ងៃ ក្រោយពីអង្គការសមាជិកសភាអាស៊ាន ដើម្បីគោរពសិទ្ធិមនុស្ស បានចេញរបាយការណ៍មួយដែលមានចំណងជើងថា «ប្រផ្នូលនៃការស្លាប់លទ្ធិប្រជាធិបតេយ្យ៖ ការវាយប្រហារទៅលើតំណាងរាស្ត្រនិងការគំរាមកំហែងមកលើស្ថាប័ននានារបស់កម្ពុជា»។
របាយកាណ៍នោះ បានឲ្យដឹងថា បីឆ្នាំកន្លងមកនេះ មានតំណាងរាស្ត្រចំនួន ១៥រូប ត្រូវបានរកឃើញថា ជាជនរងគ្រោះនៃបទចោទប្រកាន់បទព្រហ្មទណ្ឌ និងនីតិវិធីរបស់តុលាការ ដែលជា ការវាយប្រហារដោយតុលាការទៅលើក្រុម អ្នកប្រឆាំងនៅកម្ពុជា។ របាយការណ៍ ក៏បានបញ្ជាក់ថា ការវាយដំលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួនពីររូបដោយក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច បានបង្កើតបរិយាកាសភ័យខ្លាចនៅកម្ពុជា។
ការណ៍នេះ បញ្ជាក់យ៉ាងច្បាស់ថា កិច្ចខិតខំនានារបស់គណបក្សកាន់អំណាចដើម្បីធ្វើឲ្យគណបក្សជំទាស់ចុះខ្សោយនៅមុនការបោះឆ្នោតឃុំ សង្កាត់ និងបោះឆ្នោតជាតិដ៏សំខាន់នៅឆ្នាំ ២០១៧ និងឆ្នាំ២០១៨ កំពុងធ្វើឲ្យខូចមុខងារ និង ស្ថាប័នគ្រឹះនៃអភិបាលកិច្ចបែបប្រជាធិបតេយ្យ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចុះនៅថ្ងៃទី ២២ ខែមីនានេះ បានបញ្ជាក់ថា អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ជាក្រុមតូចមួយនៃអតីត និងជាសមាជិកសភាបច្ចុប្បន្ន របស់បណ្តាប្រទេសសមាជិកអាស៊ាន និងពុំត្រូវបានទទួលស្គាល់ ជាអង្គភាពរបស់អាស៊ាននោះទេ។
ក្រសួងការបរទេសបានបន្តថា របាយការណ៍របស់ APHR គ្រាន់តែបានឆ្លុះបញ្ចាំងពីទស្សនៈ ខ្មៅងងឹតរបស់បុគ្គលមួយចំនួនតូច ដែលពុំបានយោងលើការពិត ជាក់ស្តែងនិងមិនអាចជឿបាននោះឡើយ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«សំខាន់ជាងនេះទៀត ចំាបាច់ត្រូវរំលឹកលោក Charles Santiago ដែលជាសមាជិកសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃក្រុមនេះ ត្រូវគោរពអោយបានត្រឹមត្រូវចំពោះគោលការណ៍ពិសិដ្ឋរបស់អាស៊ានស្តីពី ការមិនជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុង របស់រដ្ឋសមាជិក អាស៊ាន»។
VOA មិនទាន់អាចទាក់ទងលោក ជុំ សុន្ទរី អ្នកនាំពាក្យនៃក្រសួងការបរទេស ដើម្បីសុំសេចក្តីអធិប្បាយបន្ថែមនៅថ្ងៃពុធនេះ។
ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជាបានច្រានចោលរបាយការណ៍ របស់អង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ដោយលោកបានអះអាងថា អង្គការនេះបានព្យាយាមលើកយកបញ្ហាចាស់ៗ ដែលបានកើតឡើងរួចមកហើយ មកបន្តវាយប្រហារលើគណបក្សកាន់អំណាច។
«ការលើកយករឿងឧប្បទេវហេតុ មានអំពើហិង្សាលើសមាជិកពីររូបនៅក្នុងគណបក្សប្រឆាំងហ្នឹងវារំលងបាន ពីរ បីឆ្នាំ ទៅហើយ ដូច្នេះហើយ គាត់នឹងជាអ្នកសន្សំរឿងទេ។ រឿងវាផុតរលត់បាត់ទៅហើយ តុលាការបានចាត់ការនីតិវិធី ចប់សព្វគ្រប់អស់ទៅហើយ។ បាទអញ្ចឹង!យើងយល់ថា នេះជាចេតនាទុច្ចរិតមួយរបស់ក្រុមប្រឆាំងដែលមានខ្សែរយៈទាំងក្នុង ទៅក្រៅប្រទេស»។
លោក សុខ ឥសាន បានបន្ថែមថា របាយការណ៍របស់អង្គការសមាជិកសភាអាស៊ាន គឺជាទស្សនៈរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះថ្លែងប្រាប់ VOA ថា៖
«ខ្ញុំយល់ថា អង្គការសមាជិកអាស៊ាននេះ គឺថា សុទ្ធតែប្រមូលផ្តុំដោយពួកប្រឆាំងទេ! សុទ្ធតែសភាចេញពីគណបក្សប្រឆាំង។ អញ្ចឹងគាត់គ្មានវិសាលភាព ទម្ងន់អី ដាក់មកលើ រាជរដ្ឋាភិបាលកម្ពុជា ឬមួយគណបក្សកាន់អំណាចនៅកម្ពុជាទេ»។
លោក Charles Santiago ប្រធានអង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានបញ្ជាក់ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬអ៊ីម៉េលថា រដ្ឋាភិបាលកម្ពុជា មិនមានបំណង ធ្វើតាមអនុសាសន៍នានា ដើម្បីធានាដល់សុវត្ថិភាពរបស់តំណាងរាស្ត្រ។
លោកថ្លែងបន្តថា អង្គការសមាជិកសភាអាស៊ាន មិនបានរំលោភបំពានគោលការណ៍មិនជ្រៀតជ្រែករបស់អាស៊ាននោះទេ។
លោកបានពន្យល់ក្នុងន័យដើមថា៖
«យើងមិនត្រូវបានចងភ្ជាប់ដោយគោលការណ៍មិនជ្រៀតជ្រែកនោះទេ។ តែដោយបទដ្ឋានអន្តរជាតិ នានា ក្នុងនោះរួមមាន អនុសញ្ញា និងសិទ្ធិសញ្ញា ដែលរដ្ឋាភិបាលប្រទេសសមាជិកអាស៊ានពេញចិត្តនឹងការចុះហត្ថលេខា ក្នុងនោះមានប្រទេសកម្ពុជា។ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មានបញ្ហារស់នៅជាមួយ ការគោរពសិទ្ធិមនុស្ស និងការសន្យាខាងប្រជាធិបតេយ្យដែលបានសរសេរក្នុងឯកសារទាំងនេះ ពួកគេគួរចេញសេចក្តីថ្លែងការណ៍ ដែលនិយាយថា ពួកគេមិនយល់ព្រមនឹងធម្មនុញ្ញអាស៊ាននោះទេ»។
របាយការណ៍ស្តីពីប្រផ្នូលនៃការស្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា របស់អង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ត្រូវបានធ្វើឡើង ក្រោយពីគណបក្សកាន់អំណាច ស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ សេចក្តីស្នើច្បាប់នេះ មានគោលបំណងចម្បងក្នុងការរំលាយគណបក្សនយោបាយដែលមានមេដឹកនាំប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។
លោក Charlse Santiago ប្រធានអង្គការសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ មុនការចេញរបាយការណ៍ស្តីពីប្រផ្នូលនៃការស្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ ក្នុងន័យដើមថា៖
«ការអនុម័តសេចក្តីស្នើច្បាប់នេះ នឹងបង្ហាញអំពីការស្លាប់នៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ យើងកំពុងនិយាយអំពីការផ្លាស់ប្តូរដែលនឹងប្រែក្លាយប្រទេសនេះ ទៅជារដ្ឋដែលមានគណបក្សតែមួយ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ភាពស្របច្បាប់នៃការបោះឆ្នោត ដែលនឹងមកដល់នាប៉ុន្មានខែខាងមុខ»។
ក្រសួងការបរទេស បានថ្លែងការពារសេចក្តីស្នើវិសោធនកម្ម ដោយបានបញ្ជាក់ក្នុងន័យដើមថា៖
«ក៏ដូចនៅតាមបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនានាដែរ ច្បាប់ដែលបានធ្វើវិសោធនកម្មនេះ មានគោលបំណងទប់ស្កាត់រាល់ការរំលោភបំពានដែលមិនស្របទៅតាមគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ដូចជាការញុះញង់ ឲ្យមានសម្អប់ខាងជាតិសាសន៍ ការបង្ខូចកេរ្តិ៍ឈ្មោះ និងការបំផ្លិចបំផ្លាញដល់គ្រឹះសង្គមរបស់ប្រជាជាតិជាដើម»។
អ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បាននិយាយថា ការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ចុះធ្ងន់ធ្ងរនៅគ្រាដែលស្ថានភាពនយោបាយបន្តតានតឹង និងមុនពេលរៀបចំការបោះឆ្នោត៕