គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា នឹងចោទសួរលោក James Comey ដែលធ្លាប់ជាអ្នកទទួលបន្ទុកកិច្ចការស៊ើបអង្កេតករណីប្រទេសរុស្ស៊ី ឲ្យនិយាយអំពីទំនាក់ទំនងរបស់លោកជាមួយនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលឈានទៅដល់ការដកលោកចេញពីតំណែងភ្លាមៗ កាលពីខែមុន។
ការផ្ដល់សក្ខីកម្មរបស់លោក James Comey អតីតប្រធានទីភ្នាក់ងារ FBI ដែលគ្រោងនឹងធ្វើឡើងនៅពីមុខគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាការផ្ដល់សក្ខីកម្មមួយដែលមានលក្ខណៈទាក់ទាញ និងបើកកកាយជាទីបំផុត ដែលសភាសហរដ្ឋអាមេរិក មិនដែលបានជួបប្រទះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះទេ។
លោក James Comey មានព័ត៌មានច្រើនអំពីការស៊ើបអង្កេតករណីប្រទេសរុស្ស៊ី ដោយលោក ធ្លាប់បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងធ្វើការស៊ើបអង្កេតទៅលើស្ថានការណ៍នៃទំនាក់ទំនងណាមួយរវាងបុគ្គលដែលពាក់ព័ន្ធនឹងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ និងរដ្ឋាភិបាលរុស្ស៊ី»។
ហើយខ្លួនលោកផ្ទាល់ អាចបញ្ជាក់បានយ៉ាងច្បាស់ ថាតើសេតវិមានមានបានធ្វើសកម្មភាពណាមួយដើម្បីបង្អាក់ដល់ដំណើរការស៊ើបអង្កេតករណីប្រទេសរុស្ស៊ីនេះ ឬក៏យ៉ាងណានោះ។ រឿងនេះធ្វើឲ្យសាធារណជនចង់ដឹងកាន់តែខ្លាំងថែមទៀត បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកលោកចេញពីតំណែង។
លោក ត្រាំ ធ្លាប់បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំដកលោក Comey ចេញពីតំណែង ដោយសារលោកមិនបានបំពេញតួនាទីឲ្យបានល្អ។ នេះជារឿងសាមញ្ញបំផុត»។
បន្ទាប់មកលោក ត្រាំ បានលើកឡើងដ៏គួរឲ្យភ្ញាក់ផ្អើលអំពីលោក Comey យ៉ាងដូច្នេះថា៖ «យើងបានពិសាអាហារពេលល្ងាចដ៏វិសេសវិសាលបំផុត ហើយនៅពេលនោះ លោក Comey បានប្រាប់ខ្ញុំថា ខ្ញុំមិនត្រូវគេស៊ើបអង្កេតនោះទេ ដែលរឿងនេះ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំដឹងរួចទៅហើយ »។
ក្រោយមកទៀត លោក ត្រាំ បានបង្ហាញការគំរាមកំហែងដល់លោក Comey តាមរយៈប្រព័ន្ធ Twitter ដោយបានលើកឡើងថាមានកិច្ចសន្ទនានានាដែលថតចម្លងទុក។ បន្ទាប់មកទៀត នៅក្នុងកិច្ចប្រជុំមួយជាមួយនឹងមន្ត្រីការទូតរុស្ស៊ី លោក ត្រាំ ត្រូវគេរាយការណ៍ថា បានហៅលោក Comey ថាជា «មនុស្សឆ្កួត»។
បន្ទាប់ពីមានភាពស្ងៀមស្ងាត់អស់រយៈពេលប៉ុន្មានសប្ដាហ៍មក តើលោក Comey នឹងមានប្រតិកម្មតបតវិញឬទេនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ? ហើយតើលោកនឹងបញ្ចេញកំណត់ហេតុ ដែលគេបានរាយការណ៍ថា លោកបានសរសេរកន្លងមក រៀបរាប់លំអិតអំពីកិច្ចសន្ទនារបស់លោកជាមួយនឹងលោក ត្រាំ ដែលក្នុងនោះមានទាំងកិច្ចសន្ទនាពាក់ព័ន្ធនឹងបញ្ហាថាតើលោកត្រូវបានគេដាក់សម្ពាធឲ្យបញ្ឈប់ការស៊ើបអង្កេតរបស់ទីភ្នាក់ងារ FBI លើអតីតទីប្រឹក្សាសន្តិសុខជាតិលោក Michael Flynn ឬក៏អត់?
ក្នុងនាមជាប្រធានទីភ្នាក់ងារ FBI លោក Comey ប្រយ័ត្នប្រយែងបំផុតនៅក្នុងការថ្លែងរបស់លោកជាសាធារណៈ។
លោក Richard Blumenthal សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ បានសួរលោក Comeyថា៖ «ពាក់ព័ន្ធនឹងការស៊ើបអង្កេតដែលកំពុងតែបន្តលើទំនាក់ទំនងរបស់បក្ខពួកលោក ត្រាំ ជាមួយនឹងការជ្រៀតជ្រែករបស់រុស្ស៊ី តើសេតវិមានមានបានសហការជាមួយទេ?»។
លោក James Comey ធ្លាប់បានឆ្លើយតបចំពោះសំណួររបស់លោក Richard Blumenthal យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងការស៊ើបអង្កេតនេះមែនទេ? នេះមិនមែនជាអ្វីដែលខ្ញុំនឹងផ្ដល់យោបល់ទៅលើនោះទេ»។
នាពេលបច្ចុប្បន្ននេះ ក្នុងឋានៈជាពលរដ្ឋមួយរូប លោក Comey ប្រហែលជាមានសេរីភាពច្រើនជាងមុននៅក្នុងការបញ្ចេញមតិ។ សមាជិកសភាចង់បានចម្លើយរបស់លោក Comey អំពីកិច្ចសន្ទនារបស់លោក ជាមួយនឹងលោក ត្រាំ និងចង់ឃើញកំណត់ហេតុដែលលោកបានសរសេរ។
លោកស្រី Susan Collins សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ បាននិយាយថា៖ «យើងចាំបាច់ត្រូវស្ដាប់លោក Comey និយាយដោយផ្ទាល់...។ ការនិយាយដោយខ្លួនលោកផ្ទាល់នេះ អាចជួយច្រើនឲ្យយើងយល់ពីពាក្យពិត ដែលលោកបាននិយាយកាលពីខែកុម្ភៈកន្លងទៅនេះ នៅក្នុងជំនួបរបស់លោកជាមួយនឹងលោកប្រធានាធិបតី ត្រាំ»។
ចំណែកឯលោក Marco Rubio សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋវិញ បានលើកឡើងថា៖ «យើងចាំមើលកំណត់ហេតុរបស់លោក Comey។ យើងចាំមើលការផ្ដល់ចម្លើយកសិណសាក្សីរបស់លោកនៅពីមុខសភា»។
សេតវិមានមិនបានបង្ហាញសញ្ញាណាមួយដែលថា ខ្លួននឹងស្វះស្វែងយ៉ាងណាដើម្បីរារាំងលោក Comey មិនឲ្យផ្ដល់សក្ខីកម្មនៅពីមុខសភានេះ នោះទេ។
លោក Sean Spicer អ្នកនាំពាក្យសេតវិមាន បាននិយាយថា៖ «ខ្ញុំមិនទាន់បាននិយាយជាមួយនឹងទីប្រឹក្សាផ្នែកច្បាប់នៅឡើយទេ។ ខ្ញុំមិនដឹងថាតើពួកគេនឹងឆ្លើយតបយ៉ាងណានោះទេ»។
កន្លងមក គេកម្រឃើញមានសវនាការសភាណា ដែលល្បីខ្ចរខ្ចាយខ្លាំងក្នុងចំណោមសាធារណជនក្រៅពីរដ្ឋសភាណាស់។
ការបង្ហាញខ្លួនរបស់លោក Comey លើកនេះ នឹងក្លាយជាករណីពិសេសមួយ៕
ប្រែសម្រួលដោយ ភី សុភាដា