ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​ប្រធាន FBI លោក Comey ព្រម​ផ្តល់​សក្ខីកម្ម​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​ព្រឹទ្ធសភា


នាយក​ FBI លោក James Comey​ ត្រូវ​បាន​សាកសួរ​នៅ​ក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​ពុធទី​០៣ ឧសភា ២០១៧។

គណៈកម្មាធិការ​ស៊ើបការ​សម្ងាត់​ព្រឹទ្ធសភា​អាមេរិក​និយាយ​ថា អតីត​ប្រធាន FBI លោក James Comey បាន​យល់​ព្រម​ផ្តល់​សក្ខីកម្ម​ជា​សាធារណៈ​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦។ ​

ប្រធាន​គណៈកម្មាធិការ​ស៊ើបការ​សម្ងាត់​ព្រឹទ្ធសភា​បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក Comey នឹង​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​នេះ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ខាង​មុខ​នេះ។

លោក​សមាជិក​ព្រឹទ្ធសភា Richard Burr ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​ប្រធាន​គណៈកម្មាធិការ​នេះ​បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​សង្ឃឹម​ថា លោក Comey នឹង​ផ្តល់​សក្ខីកម្ម​ដល់​ប្រជាជន​អាមេរិក​ចំពោះ​ព្រឹត្តិការណ៍​នា​ពេល​ថ្មីៗ​នេះ ដែល​ត្រូវ​បាន​គេ​រាយការណ៍​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ‍»។ ​

លោក Mark Warner សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សំខាន់​មួយ​រូប​នៅ​ក្នុង​គណៈកម្មាធិការ​ស៊ើបការ​សម្ងាត់​ព្រឹទ្ធសភា​បាន​ថ្លែង​ថា «ខ្ញុំ​សង្ឃឹម​ថា សក្ខីកម្ម​របស់​លោក Comey នឹង​ជួយ​ឆ្លើយ​នូវ​សំណួរ​មួយ​ចំនួន​ដែល​ចេះ​តែ​កើនឡើង​ ចាប់​តាំង​ពី​លោក Comey ត្រូវ​បាន​លោក​ប្រធានាធិបតី​បណ្តេញ​ចេញ​ភ្លាមៗ​មក‍»។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ កាសែត The New York Times បាន​រាយការណ៍​ថា លោក​ប្រធានាធិបតី Donald Trump បាន​ប្រាប់​ដល់​ក្រុមមន្ត្រី​រុស្ស៊ី​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​កាល​ពី​ដើម​ខែ​នេះ​ថា លោក​ទើប​តែ​បញ្ឈប់​ការងារ​របស់​លោក Comey ដោយ​ហៅ​លោក Comey ​ថា «ធ្វើ​ការងារ​ល្ងីល្ងើ»៕

XS
SM
MD
LG