ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តវ៉ា​ប្រឆាំង​នឹង​លោក​ត្រាំ​ប្រមូលផ្ដុំ​​គ្នា​នៅ​ញូវយ៉ក​និង​​ទីក្រុង​ដទៃ​ទៀត


អ្នក​តវ៉ា​​ដែល​ប្រឆាំង​នឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅ​ទីក្រុង ញូវយ៉ក។

ខណៈ​ដែល​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​មួយ​ដោយ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​កាន់​តែ​ខិត​ជិត​មក​ដល់​ ​ដើម្បី​ចោទប្រកាន់​ដក​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពី​តំណែង អ្នក​តវ៉ា​ដែល​ប្រឆាំង​នឹង​លោក​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ ញូវយ៉ក និង​នៅ​តាម​បណ្ដា​ទីក្រុង​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

រដ្ឋសភា​សហរដ្ឋអាមេរិក​ទំនង​ជានឹង​ឈាន​ទៅ​ដល់​ការបោះឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ សម្រេច​ចំពោះបទចោទ​ចំនួន​ពីរ​ករណី ​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចេញ​ពី​តំណែង។ ប្រសិន​បើ​រដ្ឋសភា​បោះឆ្នោត​អនុម័ត​លើ​បទ​ចោទ​ទាំង​ពីរ​នេះ ការ​ចោទប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​នឹងត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ ដែល​អាច​នឹងឈាន​ដល់​ការ​ដក​លោក​ប្រធានាធិបតី​ពី​តំណែង។

នៅ​ក្នុង​ទីក្រុង ញូវយ៉ក ទីក្រុង Los Angeles និង​ទីក្រុង​ដទៃ​ទៀត​ក្នុង​សហរដ្ឋអាមេរិក អ្នក​តវ៉ា​បាន​និយាយ​ថា ពួកគេ​ចង់​ឲ្យ​លោក ត្រាំ ចេញ​ពី​តំណែង។

លោក ត្រាំ គឺ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​បួន​ហើយ​ដែល​នឹង​ប្រឈម​នឹង​ដំណើរការ​ធម្មនុញ្ញ​នៃ​ការ​ចោទប្រកាន់​ដើម្បី​ទម្លាក់​ពី​តំណែង​នេះ។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ថ្លែង​ថា៖ «វា​គឺ​ជា​ការ​បោក​បញ្ឆោត។ ដំណើរការ​ចោទប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​ទាំង​មូល​គឺ​ជា​ការ​បោក​បញ្ឆោត។ យើង​ទន្ទឹង​រង់ចាំ​មើល​ការ​បញ្ជូន​ការ​ចោទ​ប្រកាន់​នេះ​ទៅ​កាន់​ព្រឹទ្ធសភា។ យើង​គ្មាន​សិទ្ធិ​ទទួល​បាន​មេធាវី​ការពារ​ក្ដី គ្មាន​សាក្សី គ្មាន​អ្វី​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា។ វា​គឺ​ជា​រឿង​បោកប្រាស់​ទាំង​ស្រុង‍»។
ប្រទេស​ជាតិ​អាមេរិក​ត្រូវ​បែកខ្ញែកមតិ​គ្នា​ដោយ​សារ​តែ​ការ​ចោទប្រកាន់​ដក​លោក​ប្រធានាធិបតី​ត្រាំ ពី​តំណែង ប៉ុន្តែ​បាតុករ​ម្នាក់​នេះ​ចង់​ឃើញ​ភស្តុតាង។

លោក Tim Harrod ដែល​ជា​បាតុករ​ម្នាក់​បាន​និយាយ​ថា៖ «លោក ត្រាំ ​មាន​សិទ្ធិ​តាម​នីតិវិធី​ច្បាប់​ទាំង​អស់​ដែល​លោក​ចង់​បាន។ លោក​គ្រាន់តែ​ទៅ​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​និង​ផ្ដល់​សក្ខីកម្ម‍​ទៅ»។

បញ្ហាស្នូល​គឺ​ថា តើ​លោក​ប្រធានាធិបតី​ ត្រាំ បាន​គំរាម​ផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន​ ដើម្បី​ជា​ថ្នូរ​នឹង​ការណ៍​ដែល​ឲ្យ​អ៊ុយក្រែន​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​គូ​ប្រជែង​នយោបាយ​របស់​លោក គឺ​លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ? ជំនួយ​យោធា​នេះ​គឺ​ជា​ថវិកា​ដែល​បាន​មក​ពី​ការ​បង់​ពន្ធ​របស់​ពលរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​និយាយ​ថា៖ «ពួកគេ​យក​ការ​សន្ទនា​តាម​ទូរស័ព្ទ​ដ៏​ត្រឹមត្រូវ​មួយ​រវាង​ខ្ញុំ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន ដែល​ការ​សន្ទនា​នោះ​គឺត្រឹមត្រូវ​ទាំងស្រុង អ្នក​ទាំងអស់​គ្នា​បាន​ដឹង ពួកគេ​ក៏​បាន​ដឹង គ្មាន​អ្វី​ដែល​និយាយ​ខុសឆ្គង​នៅ​ក្នុង​ការ​សន្ទនា​នោះ​ទេ ប៉ុន្តែ​ពួកគេ​ប្រើប្រាស់​វា​ដើម្បី​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចេញ​ពី​តំណែង។ វា​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​អាម៉ាស់​ណាស់‍»។

ខណៈ​ដែល​រដ្ឋសភា​ដែល​មាន​សមាជិកភាគច្រើន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​គ្រោង​នឹងបោះឆ្នោតនៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ទៅ​លើ​បទ​ចោទ​ទាំង​ពីរ​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី​ពី​តំណែង បាតុករ​ទាំង​នេះ​ចង់​បញ្ចេញ​មតិ​របស់​ខ្លួន​ជា​សាធារណៈ។

លោកស្រី Kai Adwoa-Thomas ដែល​ជា​បាតុករ​ម្នាក់​ទៀត​បាន​លើកឡើង​ថា៖ «សង្ឃឹម​ថា មាន​អ្នក​គាំទ្រ​ច្រើន​លើ​ការ​ចោទប្រកាន់​នេះ»។​

ពលរដ្ឋ​អាមេរិកាំង​ជាង​៤០%​យល់​ស្រប​តាម​លោក​ប្រធានាធិបតី ត្រាំ ដែល​ថា សវនាការ​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ត្រាំ ពី​តំណែង មាន​ចេតនា​នយោបាយ។ ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​មិន​ទំនង​ជា​ចោទប្រកាន់​លោក​ប្រធានាធិបតី ត្រាំ នោះ​ទេ ដោយសារ​តែ​សមាជិក​ព្រឹទ្ធសភា​ភាគច្រើន​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​របស់​លោក ត្រាំ៕


ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG