កាលពីថ្ងៃសៅរ៍មានការបង្កើនកិច្ចការពារសន្តិសុខយ៉ាងខ្លាំងនៅក្នុងប្រទេស បែលហ្សិក អាល្លឺម៉ង់និងនៅកន្លែងឯទៀតៗក្នុងប៉ែកខាងលិចនៃទ្វីបអឺរ៉ុបនៅក្រោយការឆ្មក់វាយប្រហារដែលនៅក្នុងនោះជនជាប់សង្ស័យថាជាពួកភេរវជនអ៊ីស្លាមនិយមរាប់សិបនាក់បានត្រូវចាប់ខ្លួន។
ប៉ូលីសរាប់ពាន់នាក់បានត្រូវដាក់ពង្រាយនៅទូទាំងប្រទេសបែលហ្សិកដែលនៅទីនោះក្រុមទាហានបែលហ្សិកបានត្រូវហៅឱ្យមកបំពេញមុខនាទីគាំទ្រ។ ក្រុមមន្ត្រីបាននិយាយថាពួកគេបានដាក់ពង្រាយទាហាន៣០០នាក់ដើម្បីយាមកន្លែងដែលអាចជាទីដៅនៃការវាយប្រហារដោយក្រុមភេរវជនដោយមានរួមបញ្ចូលស្ថានទូតស.រ.អា.និងអ៊ីស្រាអែលនៅក្នុងរាជធានីព្រុចសែល (Brussels) និងនៅស្ថាប័នរបស់អង្គការអូតង់និងសហភាពអឺរ៉ុប។
ក្រុមទាហានក៏បានយាមសារមន្ទីរ Jewish នៅក្នុងក្រុងព្រុចសែល (Brussels) និងអាគារនៅក្នុងសង្កាត់ Jewish ក្នុងក្រុងកំពង់ផែ Antwerp ផងដែរ។
ប្រទេសបែលហ្សិកបានដំទ្បើងកម្រិតនៃការព្រមានអំពីភេរវកម្មដល់កម្រិតទីបីដែលជាកម្រិតខ្ពស់ទីពីរ។
នៅក្នុងប្រទេសអាល្លឺម៉ង់មានការបង្កើនកិច្ចការពារសន្តិសុខនៅកន្លែងដឹកជញ្ជូនដោយមានរួមបញ្ចូលទាំងស្ថានីយរទេះភ្លើងក្រុង Dresden ផងដែរ។
កិច្ចប្រតិបត្តិការសន្តិសុខដ៏ធំធេងកំពុងតាមប្រមាញ់ក្រុមតូចៗនៃក្រុមភេរវជន «កំពុងសម្ងំ» ដែលជាក្រុមអ៊ីស្លាមជ្រុលនិយមដែលប្រហែលជិតធ្វើការវាយប្រហារនៅក្រោយអំពើហិង្សាកាលពីពេលថ្មីៗនេះនៅក្នុងក្រុងប៉ារីស និងក្រុងឯទៀតៗ។
នៅពេលជាមួយគ្នានេះ អាជ្ញាធរនៃប្រទេសយេម៉ែនបាននិយាយថាពួកគេបានឃាត់ខ្លួនពលរដ្ឋបារាំងពីរនាក់ដើម្បីសាកសួរចម្លើយ។ ជនពីរនាក់នេះបានជាប់សង្ស័យថាមានទំនាក់ទំនងជាមួយសាខាអាល់កៃដានៅក្នុងប្រទេសយេម៉ែន គឺ ក្រុមអាល់កៃដានៅក្នុងឧបទ្វីបអារ៉ាប់ដែលហៅកាត់ថា AQAP។AQAP បានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារដោយកាំភ្លើងយន្តដែលបានបណ្តាលឱ្យមនុស្ស១២នាក់ស្លាប់នៅក្នុងក្រុងប៉ារីសកាលពីពេលមុននេះក្នុងខែនេះនៅក្នុងការិយាល័យទស្សនាវដ្តីត្លុកកំប្លែង Charlie Hebdo៕