ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិស្ស​រកស៊ី​ផ្លូវភេទ​ប្រឈម​មុខ​បញ្ហា​ជា​ច្រើន​សម្រាប់​ជីវិត​របស់​ខ្លួន


នារី​​រកស៊ី​​ផ្លូវភេទ​អង្គុយ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ទីក្រុង​​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​
នារី​​រកស៊ី​​ផ្លូវភេទ​អង្គុយ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ទីក្រុង​​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​

ភ្នំពេញ៖ សិស្ស​សាលា​ដែល​កំពុង​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​បាន​ និង​កំពុងប្រឈម​មុខ​បញ្ហា​ជាច្រើនសម្រាប់ជីរិត​របស់​ពួកគេ។ ​បន្ថែម​ពីនោះ​ទៀត​ ​ពួកគេ​ក៏​បាន​បង្ក​នូវ​បញ្ហា​មួយ​ចំនួន​ទៀត​ដល់​សង្គម​ផង​ដែរ។

ជា​ញឹកញាប់​ នីតា ​បាន​យក​ដៃ​ដ៏​ស្រឡូន ​ស​ខ្ចី​របស់នាងកៀសវែក​សក់​របស់​នាង​ចេញពី​វង្វង់​ផ្ទៃ​មុខ​ដែល​ស ​ម៉ត់​រលោង​បញ្ជាក់​ពី​ភាព​ក្មេង​វ័យ​របស់​នាង។ ​បន្តិច​ក្រោយ​មក​ នីតា​បាន​យក​ម្រាមដៃ​មក​ញី​ច្រមុះ​ ​ប្រៀប​ដូចជា​មនុស្ស​ដែល​កំពុង​កើត​ជំងឺ​ផ្ដាសាយ។ នីតា​បាន​និយាយ​ដោយ​ត្រង់ៗ​ថា​ ​កាយ​វិការ​របស់​នាង​បែប​នេះ​បាន​ឲ្យ​ដឹង​ថា ​គឺ​ជា​សញ្ញា​នៃ​ប្រភេទ​មនុស្ស​ដែល​ញៀន​ថ្នាំ​ញៀន។

នីតា​គឺជា​ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យនាង។ ​នាង​មាន​អាយុ​១៦​ឆ្នាំ​ ​រៀន​ថ្នាក់​ទី១០ ​នៅ​វិទ្យាល័យ​ មួយ​ក្នុង​ក្រុង​ភ្នំពេញ។ ​ក៏ប៉ុន្តែ​នាង​ទើបតែ​បាន​បោះបង់​ចោល​ការសិក្សា​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ​ ដោយសារ​តែ​នាងបាន​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​របរ​រកស៊ី​ផ្លូវភេទ​ ​ក្នុង​ពេល​ដែល​វ័យ​របស់​នាង​កំពុង​ត្រូវ​ការ​ការ​ក្រេប​ជញ្ជក់​ចំណេះ​ដឹង។ ​នៅ​ក្នុង​ពេល​នោះ​ នាង​ក៏​បាន​ឈាន​ទៅ​ដល់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​ ដែល​វា​ថ្នាំ​ញៀន​មួយ​ប្រភេទ​មាន​សភាព​ដូច​ជា​ទឹក​កក ​និង​នាំ​ឲ្យ​អ្នក​ប្រើ​ថ្នាំ​នេះ ​មាន​សភាព​រំភើប​ និង​រីករាយ​ជា​ខ្លាំង។

“ពេល​នៅ​ជាមួយ​ភ្ញៀវ​ម្តងៗ​បាន​កន្លះ​សន្លឹក(៥០ដុល្លារ)​ភាគច្រើន​ធ្លាប់​បាន​មួយ​សន្លឹក។ ​ពេលចូល​រៀន​ទី៩​ ​មិត្តភ័ក្រ្ក​នៅ​ក្នុង​សាលា​ថ្ងៃ​នេះ​ខួប​វា។ «ថ្ងៃនេះ​ខួបគេ​ម្តង ​លេង​ទៅអត់​អី​ទេ​ អត់​ញៀន​ទេ»។ ​ លេង​ទៅ​ដល់​ឥឡូវ​ទៅ។ ​ភ្ជុំ​មាន​សង្សារ​នៅ​ក្រៅ​ជាមួយ​សង្សារ។​ ចូលផ្ទះលួចទូរស័ព្ទ ​លួច​ ​iPhoneមួយ ​LT ​iStream​មួយ»។

ជីវិត​នៃ​សិស្ស​សាលា ដែល​បាន​ធ្លាក់​ខ្លួន​ចូល​ទៅក្នុង​ការ​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ដូច្នេះ​ច្រើនតែ​ឆ្លង​កាត់​ដំណាក់​កាល​ស្ទើរ​តែ​ដូចៗគ្នា​សម្រាប់​សិស្ស​ស្រី​នីមួយៗ។ នីតាបាន​ឲ្យ​ដឹងថា​ ​ចាប់​តាំង​ពី​រៀន​នៅ​ថ្នាក់​ទី៧​ ​នាង​តែងតែ​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ភ័ក្រ្ក។​ រហូតដល់​ថ្នាក់​ទី៩​ ​នាង​ក៏​មាន​សង្សារ​ ​ហើយ​ក៏បាន​ជ្រុលជ្រួស​នៅ​ជាមួយ​គ្នា​ ​ដោយ​លួចលាក់​ដែល​កាល​ណោះ​នាង​ទើបតែ​មាន​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ។

បន្ទាប់​ពីមាន​សង្សារ​នេះ​មក​នាង​តែងតែ​គេច​សាលា​ជា​ញឹកញាប់​ ​ហើយ​បាន​លួច​របស់​ក្នុង​ផ្ទះ​ ដូច​ជាទូរស័ព្ទ ​ម៉ូតូ​ ​យក​ទៅលក់​ដើម្បី​ចាយ​វាយ។

តម្រូវ​ការ​ចាយ​វាយ​ខ្ពស់​ហួស​ហេតុ​នេះ​បាន​បណ្តាល​ឲ្យ​នីតា ​សុខ​ចិត្ត​បណ្ដោយ​ខ្លួន​ទៅ​គេង​ជាមួយ​បុរស​ប្លែក​មុខ​ស្ទើរតែ​រាល់​ថ្ងៃ​ ដើម្បី​យក​កម្រៃ​មក​ផ្គត់ផ្គង់​ការ​ចាយ​វាយ។

ក្រៅ​ពីការ​ញៀន​គ្រឿង​ញៀន​ ​សិស្ស​សាលា​ដែល​លក់​ខ្លួន​បាន​ឈាន​ទៅដល់​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​ទៀត​ផង។

ជាក់ស្តែង​ ម៉ានី​មាន​អាយុ​១៩​ឆ្នាំ​រៀននៅថ្នាក់​ទី៩​ក្នុង​វិទ្យាល័យ​នៅ​ក្រុង​ភ្នំពេញ។​ ម៉ានី​ គឺជា​ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ​នាង​។ ​ម៉ានី​ក៏​ជាសិស្ស​សាលា​លក់ខ្លួន​ម្នាក់​ដែរ​ ​ហើយ​ម៉ានី​បាន​ប្រើ​ប្រាស់​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​កក​ និង​យ៉ាម៉ា​គ្រាប់។

ម៉ានី​បាន​ឲ្យ​ដឹងថា​ ​មិត្តភ័ក្រ្ក​របស់​នាង​មួយ​ចំនួន​បាន​លក់​ខ្លួន​ ​ហើយ​ក៏​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ទៀត។​ ​កត្ដា​នេះ​ធ្វើ​ឲ្យ​រូប​សម្ផស្ស​របស់​ពួក​គេ​ធ្លាក់​ចុះ​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ពួក​គេ​រក​លុយ​មិន​សូវ​បាន។ ​ហេតុ​ដូច្នេះ ​ពួកគេ​ត្រូវ​ស៊ី​ឈ្នួល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដើម្បី​រក​កម្រៃ​បន្ថែម។

«កាល​ពី​មុន​គាត់​ស្អាត​ ដល់​ពេល​គាត់​ស្អាត​ទៅ​ ​គាត់​រក​លុយ​បាន​ ​ សល់​លុយ​ ​ធ្លាប់​ចាយ​លុយ​ច្រើន​កាន់​ទាំង​ដៃៗ។ ដល់​ពេល​មុខ​គាត់​អត់​សូវ​ស្អាត​ ​ដូច​ពីមុន​អញ្ចឹង​ទៅ​ ​គាត់​រក​លុយ​មិនសូវបាន​ ហើយធា្លប់​ចាយ​លុយ​ទាំង​ដៃៗ​ ​ហើយ​គាត់​ធ្លាប់​ប្រើ​ថ្នាំ​ទៀត។​ ​ដល់​ពេល​គាត់​ធ្លាប់​ប្រើ​ថ្នាំ​ ​គាត់​អត់​ អត់​បាន។​ ​គាត់​គិតថា​ ​គាត់​មាន​កម្លាំង​បាយ​ ​អញ្ចឹង​មាននរណា​រក​គាត់​ ​ជួល​គាត់​ទៅ​ជះ​ទឹក​ អាស៊ីត​ ឬ​ក៏​ទៅ​វាយ​គេ​អញ្ចឹង​ទៅ​ ​គាត់​ទៅ​ហើយ។ ​តែ​អត់​វាយ​ប្រុស​ទេ ​វាយ​ស្រីៗ​ ដូច​គ្នា​។ ​វះ​មុខ​៦ ទៅ​៧ថ្នេរ​យក​៥០ដុល្លារ​ ​តែ​បើ​ត្រឹម​វាយដំអី ​ប្រហែល​១០ដុល្លារអាមេរិក។​ តែ​បើសិន​ជា​ជះ​ទឹក​អាស៊ីត​ ​យក​២០០​ដុល្លារ​ឡើង»។

សិស្ស​សាលា​ ដែល​ធ្លាក់​ខ្លួន​ប្រកប​របរ​លក់​ខ្លួន​ដោយ​លួចលាក់​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ដែល​ពួកគេ​នឹក​ស្មាន​មិនដល់។

លោក​ស្រី ​ម៉ម សូម៉ាលី ​នាយិកា​អង្គកា​រអាហ្វេស៊ីប​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ​សិស្ស​សាលា​រក​ស៊ី​ផ្លូវភេទគឺ​មាន​តាំងពី​យូរ​មក​ហើយ។​ លោក​ស្រី​បាន​បញ្ជាក់​ថា​ ​បន្ថែម​ពីលើ​ការ​បោះបង់​ចោល​សាលា​រៀន​ ​ប្រើប្រាស់​ថ្នាំញៀន​ ​សិស្សា​នុសិស្ស​ទាំងនោះ​ក៏​ត្រូវ​អាច​ក្លាយ​ទៅជា​ឈ្នាន់​នៃ​ការ​ជួញ​ដូរ​គ្រឿង​ញឿន ​ដែល​ជា​បទ​ល្មើស​មួយ​យ៉ាង​ធ្ងន់ធ្ងរ។​ ព្រម​ជាមួយ​គ្នានេះ​ ​ពួកគេ​ប្រឈមមុខនឹង​ជំងឺ​ផ្សេងៗ​ផង​ដែរ។

«ការ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​នេះ​ ​ទីមួយ​គឺ​បាត់បង់​ការសិក្សា​របស់​យើង​នេះ ​ហើយ​ទី​ពីរ​ ​កូន​សិស្ស​ខ្លះ​រហូតដល់​ធ្លាក់​ខ្លួន​ចាញ់​បោក​គេ។​ គេ​យក​ទៅ​លក់​ក្នុង​ផ្ទះ​បន​ទៀត។ ​ពេល​ខ្លះ​ប្រឈម​មុខ​នឹង​ការកើត​អេដស៍។ ​កិត្តិយស​ ​អនាគត​ទៅ​ ​វា​មិន​បាន​រុង​រឿង​ដូចគេ​ដូច​ឯង​ទេណា។​ ដូច​កូន​សិស្ស​ ឮ​សាលា​ខ្លះ​ ​គាត់​ភ្លើតភ្លើន​ ​ប្រើ​ថ្នាំញៀន ​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដេញ​ចេញ​ពី​សាលា​ដែរ។ ​ការ​ដែល​ប្រឈម​មុខ​ធំ​បំផុត​ គឺ​គ្មាន​អនាគត​ ​ហើយ​ពិសេស​អាច​លក់ដូរ​ទៅដល់​ស្រុក​ក្រៅ​ទៀត។ ​អញ្ចឹង ​រហូតដល់​អ្នកខ្លះ​ឪពុក​ម្តាយ​កាត់កាល់​ចោល​ទៀត។​ អញ្ចឹង​គាត់​ម្នាក់ឯង។​ អញ្ចឹង​គាត់​តែល​តោល។ ​គាត់​ទទួល​បាន​គ្រប់​រូបភាព​ រហូត​ដល់​សម្លាប់​ចោល​បំបិទ​មាត់​ទៀត»។

លោកស្រី​ ​ស៊ី ឌេហ្វីន ​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ​បាន​មាន​ប្រសាសន៍​ថា​ ​ការ​ដែល​សិស្ស​សាលា​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​នេះ​ ​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ជាខ្លាំង​សម្រាប់អនាគត​របស់​ពួក​គេ ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​ប៉ះពាល់​សីលធម៌​សង្គម​ ​ប៉ះពាល់​ដល់​អរិយធម៌​ ​និង​អត្តសញ្ញាណ​ជាតិ។

VOA ​សម្លេង​សហ​រដ្ឋ​អាមេរិកបាន​ព្យាយាម​ទាក់ទង​មន្ដ្រី​ផ្លូវការ​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ជា​ច្រើន​សប្ដាហ៍​មក​នេះ​ ​ក៏​ប៉ុន្ដែ​ពួកគេ​បាន​ព្យាយាម​មិនផ្ដល់​បទ​សម្ភាសន៍អំពី​សិស្ស​ស្រី​ក្នុង​សេវា​កម្ម​នៃ​មុខ​របរ​ផ្លូវភេទ​នេះ​ទេ។

ក៏ប៉ុន្ដែ​លោកស្រី​ស៊ី ឌេហ្វីន​មាន​ប្រសាសន៍​ថា​ ​ក្រសួង​កិច្ចការ​នារី ​និង​ក្រសួង​អប់រំ​ ​បាន​សហការ​គ្នា​ ធ្វើការ​អប់រំ​ ​ណែនាំ​អំពី​សុខភាព​ និង​សីលធម៌​សង្គម​ដល់​សិស្ស​សាលា​ជាច្រើន​មក​ហើយដែរ​ ​ដើម្បី​បញ្ចៀស​ពួកគេ​ពី​បាតុភាព​ទាំង​នេះ។

យោង​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ ​ការ​រកស៊ី​ផ្លូវភេទ​ជា​អំពើ​ខុស​ច្បាប់​ ​ហើយ​សង្គម​កម្ពុជា​ក៏មិន​បាន​ឲ្យ​តម្លៃ​លើរបរ​នេះ​ដែរ។ ​របរ​រកស៊ី​ផ្លូវភេទ​របស់​សិស្ស​សាលា​ត្រូវ​គេ​អះអាង​ថា​ ​ភាគ​ច្រើន​កើត​មាន​ក្នុង​ចំណោម​សិស្ស​ស្រីៗ​នៅ​ក្នុង​សាលា​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ទី​ក្រុង​ភ្នំពេញ។​ ក៏ប៉ុន្ដែ​ពុំ​មាន​ ការ​សិក្សា​ និង​ការ​ចុះ​ត្រួត​ពិនិត្យ​ជាក់លាក់​ណាមួយ​ត្រូវ​ធ្វើឡើង​នោះ​ទេ។

លោក​ឧត្តមសេនីយ៍ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសន៍​ថា​ ​ដើម្បី​ស្រោច​ស្រង់​យុវ​សិស្ស​ស្រី​ចេញ​ពី​រណ្ដៅ​ពេស្យា​កម្ម​ក្នុង​វ័យ​សិក្សា​ ​ការ​ពឹងផ្អែក​លើ​ការ​អប់រំ​និង​អូសទាញ​ពី​ឪពុក​ ម្ដាយ​ និង​គ្រូ​បង្រៀន​ គឺជា​ការ​ចាំបាច់។ ​លោក​បាន​ព្រមាន​ថា​ ​ក្រុម​សមត្ថកិច្ច​នឹង​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​ នៅ​ពេល​ដែល​យុវសិស្ស​ទាំង​នេះ​ឈាន​ដល់​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណា​មួយ។

ក៏ប៉ុន្ដែ​ទោះ​ជា​ដូច្នេះ​ក្ដី​ ​លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ​អំពាវនាវ​ឲ្យ​សិស្ស​ស្រីៗ​ទាំងនោះ​ ចាប់​ផ្ដើម​កែប្រែ​ខ្លួន​ឡើង​វិញ។

«ក្មួយៗ​ដែល​ប្រព្រឹត្ត​អញ្ចឹង​ គួរតែ​វិល​មក​រក​ផ្លូវ​ល្អ​វិញ​ ​ព្រោះ​ថា ​ការប្រព្រឹត្ត​គ្រឿងញៀន​ ​ការ​បណ្តាយ​ខ្លួនប្រាណ​នៅក្នុង​យុវវ័យ​អញ្ចឹង​ ​វា​នាំ​ឲ្យ​ខូច​ទាំង​អនាគត​យើង។ វា​ខូច​ដល់​គ្រួសារ​យើង​ ហើយ​ដល់​ប្រទេស​ជាតិ​យើង​ទៀតផង។​ នៅមា​នឱកាស​កែ​ខ្លួន​បាន ​មិនទាន់​ហួសពេល​ទេ។ ​យើង​នៅ​ក្មេង ​នៅវិល​មក​រក​ផ្លូវ​ល្អ​បាន​ ​លើកលែង​យើង​ប្រព្រឹត្ត​បទ​ល្មើស។​ បើ​ចូល​ទៅ​ច្បាប់​សម្រេចហើយ​ ​អានេះ​វា​អាច​ខុស​ច្រើន។​ ហើយ​បើថា នៅ​ប៉ុណ្ណេះ ​ យើង​អាច​វិល​មក​រកផ្លូវ​ល្អវិញ​បាន​ អាស្រ័យ​ទៅ​លើ​កក្តា​ខ្លួន​យើង​ជា​អ្នក​កំណត់»។

ទោះ​បី​ជា​សិស្ស​សាលា​ប្រកប​របរ​រកស៊ី​ផ្លូវភេទមាន​ការ​ប្រឈម​មុខ​ជាច្រើន​យ៉ាងណា​ក៏ ​សិស្ស​មួយ​ចំនួន​នៅ​តែ​បន្ត​សកម្ម​ភាព​របស់​ពួកគេ​ដដែល​ដោយសារ​មិនអាច​កែប្រែទម្លាប់​សប្បាយ​ ភ្លើត​ភ្លើន​ចោល​បាន។​ ក៏​ប៉ុន្តែ​ក៏​មាន​សិស្ស​សាលា​ខ្លះ​បាន​កែប្រែ​ខ្លួន​ដើម្បី​រៀបចំ​អនាគត​ថ្មី​របស់​ពួក​គេ​ឡើង​វិញ៕

XS
SM
MD
LG