ភ្នំពេញ៖ សិស្សសាលាដែលប្រកបរបររកស៊ីផ្លូវភេទដោយលួចលាក់មួយចំនួនបានកែប្រែខ្លួន ដើម្បី រៀបចំអនាគតជាថ្មីរបស់ពួកគេឡើងវិញ បន្ទាប់ពីពួកគេបានជួបប្រទេះបញ្ហាយ៉ាងធ្ងន់ធ្ងរកន្លងមក។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏នៅមានសិស្សសាលា ដែលប្រកបរបរនេះមួយចំនួននៅតែមិនអាចបោះបង់មុខរបរនេះចោលបានដែរ។
នៅក្នុងហាងអ៊ុតសក់មួយក្នុងក្រុងភ្នំពេញ ជា តា កំពុងតែកៀបសក់អតិថិជនស្រីម្នាក់ឲ្យត្រង់។ ក៏ប៉ុន្ដែនាងមិនទាន់មានភាពប៉ិនប្រសព្វនៅឡើយ។ ដោយមិនប្រាកដនៅក្នុងខ្លួន ជាតាបានងាកទៅសួរមេជាង ដែលស្ថិតនៅខាងស្តាំដៃរបស់នាង ដើម្បីសួរថា តើធ្វើយ៉ាងណាតម្រង់សក់របស់អតិថិជនរបស់នាងឲ្យបានស្អាតល្អ។
ប្រមាណជា៣ខែកន្លងមកហើយ ជា តា ជាឈ្មោះដែលអ្នកនិពន្ធដាក់ឲ្យ បានចាកចេញពីការរកស៊ីផ្លូវភេទដោយលួចលាក់នៅក្នុងពេលដែលនាងកំពុងតែបន្ដការសិក្សានៅក្នុងថ្នាក់ទី៩នៃសាលារៀនមួយក្នុងក្រុងភ្នំពេញ ហើយនាងបានស្វែងរកអាជីពមួយសម្រាប់កសាងអនាគតថ្មីរបស់នាង។ នោះគឺមុខវិជ្ជាជំនាញខាងអ៊ុតសក់ និងតុបតែងមុខ។
ក៏ប៉ុន្តែ នៅមុនពេលដែលនាងចូលរៀនមុខជំនាញនេះបានបន្ដិច ជាតាបានបោះបង់ចោលការសិក្សារបស់ខ្លួននៅសាលាចំណេះទូទៅរួចទៅហើយ។
ជាតាមានសាច់ថ្ពាល់ម៉ត់សរលោង រាងតូច ស ស្តើង ខ្ពស់ស្រឡូន គួរឲ្យចង់គយគន់។ ឆ្នាំនេះនាងអាយុ១៥ឆ្នាំ។ នាងបានលង់ខ្លួនធ្លាក់ក្នុងការរកស៊ីផ្លូវភេទក្នុងវ័យសិក្សាកាលពីដើមឆ្នាំ២០១០ដោយសារតែភាពសប្បាយភ្លឺតភ្លើនតាមមិត្តភក្រ្ដ។
ជាតាពោលដោយសំដីមួយៗ ថ្នមៗយ៉ាងសុភាពរាបសារ ដែលពិបាកនឹងឲ្យគេនឹកស្មានថា នាងបានប្រព្រឹត្តអ្វីដែលនាងបានធ្វើនាពេលកន្លងមកនេះ។ នាងបានសម្តែងការសោកស្តាយ ដោយនាងបានប្រកបរបររកស៊ីផ្លូវភេទ ដោយលាក់បាំងពីឪពុកម្ដាយ និងក្រុមគ្រួសាររបស់នាង ប៉ុន្ដែនៅពេលដែលនាងឃើញថា សង្គមគ្រួសាររបស់នាងស្អប់ខ្ពើមទង្វើនេះ នាងក៏មានភាពអៀនខ្មាស់ជាខ្លាំង ដែលធ្វើឲ្យនាងសុខចិត្តលះបង់របរដែលពុំមានការឲ្យតម្លៃនេះ។
«មកពីខ្ញុំគិតថា ធ្វើអញ្ចឹងទៅអត់ល្អ ហើយណាមួយចូលសង្គមគេអត់ចុះ។ និយាយរួម ចង់ធ្វើមនុស្សល្អវិញតែម្តង ណាមួយ បើយើងនៅតែធ្វើអញ្ចឹង បងប្អូនយើងមិនចង់និយាយរកយើង។ គេអត់ចូលចិត្តយើង ហើយយើងកែខ្លួន គេស្រឡាញ់យើងវិញ។ ខ្ញុំគិតថា ពេលយើងកែខ្លួន មានកេរ្តិ៍ឈ្មោះថ្លៃថ្នូរ តែបើយើងអត់កែខ្លួនវិញ និយាយរួម ទៅណា គេស្គាល់មុខយើង អញ្ចឹងល្បីតែម្តង។ ទោះអត់លុយចាយយ៉ាងណាក៏ឈប់ទៅជាមួយភ្ញៀវដែរ»។
តាមការឲ្យដឹងពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលថា កូនសិស្សសាលាលក់ខ្លួនមានតាំងពីយូរមកហើយ ក៏ប៉ុន្តែមិនទាន់មានអង្គការ ឬស្ថាប័នណាមួយធ្វើការសិក្សាទៅលើករណីនេះនៅឡើយ ដូច្នេះពុំទាន់មានទិន្នន័យណាមួយបញ្ជាក់ពីបញ្ហានេះទេ។
លោកស្រីម៉ម សូម៉ាលី នាយិកាអង្គការអាហ្វេស៊ីបកម្ពុជា ដែលធ្វើការទាក់ទង និងជួយផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់ស្ដ្រីរកស៊ីផ្លូវភេទជាច្រើន បានមានប្រសាសន៍ថា ក្រុមគ្រួសារគឺជាប្រភពដ៏សំខាន់បំផុតក្នុងការអូសទាញសិស្សសាលាឲ្យចាកចេញពីការរកស៊ីផ្លូវភេទ ហើយឲ្យពួកគេវិលត្រឡប់មករកផ្លូវល្អវិញបាន។
លោកស្រីបានបញ្ជាក់ថា គួរតែមានការលើកទឹកចិត្តសិស្សសាលា ដែលប្រព្រឹត្តខុសទាំងនោះឲ្យវិលត្រឡប់មកកាន់ផ្លូវវិញ។
«ប្រពៃណី វប្បធម៌យើង ពេលខ្លះឲ្យតែនាងខូចបន្តិច យើងចេះតែថា ខូចអស់សាច់ ចេះតែរុញក្មេងឲ្យទៅខូចថែមទៀត។ សង្គមខ្មែរយើងឥឡូវយើងគួរតែជួយគ្នា មិនគួរណារិះគន់គ្នា បង្អាប់គ្នា ឲ្យគ្នាធ្លាក់ខ្លួនទៅអញ្ចឹងសោះ។ យើងគួរគិតថា កំហុសមិនមែនជាបញ្ហាធំទេ បើសិនជាអ្នកខុសនោះដឹងថា ខ្លួនឯងខុស។ ដូចថា ជ្រុលជាខុសអញ្ចឹង ហើយអាចបកក្រោយវិញ។ បើប្អូនអញ្ចឹង ប្អូនអាចត្រឡប់ក្រោយ កែខ្លួន ខំប្រឹងរៀន កសាងខ្លួនជាថ្មី។ អ្នកណាក៏ធ្លាប់ធ្វើខុសដែរ។ ខុសប៉ុណ្ណាក្តី ប្អូនអាចកែ ខ្លួនបាន។ គ្មានពេលថា មិនអាចត្រឡប់ក្រោយបានទេ។ យើងត្រូវតែត្រឡប់ក្រោយ ដើម្បីដើរទៅផ្លូវមួយទៀត»។
ក៏ប៉ុន្ដែការវិលមករកផ្លូវត្រូវវិញរបស់សិស្សស្រីមួយចំនួនដែលប្រកបរបរកស៊ីផ្លូវភេទ ជួនកាលហាក់បីដូចជាយឺតពេល ហើយធ្វើឲ្យពួកនាងខ្លាចសាលានិងអស់ទឹកចិត្ត ក្នុងការបន្ដការរៀនសូត្រ បន្ទាប់ពីពួកនាងបានប្រឡូកនៅក្នុងមជ្ឈដ្ឋានខាងក្រៅអស់មួយរយៈពេល។
លោកសុខ សុវណ្ណា នាយកវិទ្យាល័យបាក់ទូក បានឲ្យដឹងថា ចំពោះក្មេងដែលកែខ្លួនតែងតែទទួលបានការអនុគ្រោះឲ្យវិលត្រឡប់មករកការសិក្សាវិញ ប្រសិនបើពួកគេចង់។
លោកសុខ សុវណ្ណា លើកឡើងថា ការក្លាយខ្លួនជាសិស្សរកស៊ីផ្លូវភេទមិនមែនជាការទទួលខុសត្រូវនៃការអប់រំរបស់សាលានោះទេ។
«រឿងនេះ គឺជារឿងរបស់ឪពុកម្តាយរបស់គេ។ យើង សាលាយើងអប់រំរាល់ថ្ងៃ ហើយគាត់ត្រូវតែមានភារកិច្ចមើលកូន។ មិនអាចថា គាត់ប្រគល់ឲ្យសាលាទាំងស្រុងទេ។ ចំពោះ គោលការណ៍ក្រសួងអប់រំ អត់មានដែលបិទទេចំពោះសិទ្ធិសេរីភាព។ គេចង់ឲ្យតែកូនសិស្សចេះទេ។ បើកសេរីចំពោះការងារចូលរៀនសូត្រនេះ។ គោលការណ៍អប់រំគឺសម្រាប់ទាំងអស់គ្នា គឺទទួលសិស្សគ្រប់ ទោះបី សិស្សយ៉ាងមេ្តចក៏ដោយ។ ក្រសួងអប់រំបើកទូលាយជានិច្ចចំពោះយុវជនណាដែលកែខ្លួន»។
ជាមួយគ្នានេះដែរ លោកស្រីស៊ី ឌេហ្វីន រដ្ឋលេខាក្រសួងកិច្ចការនារី បានឲ្យដឹងថា ទាំងក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច ក្រសួងការងារ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនមានកន្លែងសម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់អ្នកដែលកែប្រែខ្លួនបែបនេះ។
«ក្រសួងសង្គមកិច្ចក៏គេនៅមានកន្លែងជួយ ហើយផ្នែកអង្គការក្រៅរដ្ឋាភិបាលផង សង្គមស៊ីវិលផង គេក៏អាចមានលទ្ធភាពជួយមួយចំនួនទៀត។ មិនខ្វះទេឲ្យតែគាត់មានការផ្លាស់ប្តូរ សម្រេចចិត្តឲ្យបានត្រឹមត្រូវ ហើយមានឆន្ទៈពិតប្រាដកថា យើងចង់កសាងខ្លួនយើងឲ្យទៅជាពលរដ្ឋល្អ រស់នៅមានសភាពថ្លៃថ្នូរ។
ទោះជាយ៉ាងណាក៏ដោយ ម៉ានីដែលជាសិស្សសាលាលក់ខ្លួនម្នាក់ ដែលស្គាល់សិស្សសាលាលក់ខ្លួនជាច្រើនទៀត បានឲ្យដឹងថា មានសិស្សសាលាដែលប្រកបរបររកស៊ីផ្លូវភេទនេះ ចំនួនតិចតួចបំផុត សុខចិត្តកែខ្លួន និងបោះបង់មុខរបរនេះចោល។
ម៉ានី និយាយដោយត្រង់ឥតលាក់លៀមថា សូម្បីតែខ្លួននាងក៏មិនអាចបោះបង់ចោលមុខរបរនេះបានដែរ ដោយសារមុខរបរនេះរកលុយបានច្រើន ហើយមិនពិបាកទៀត។
«និយាយរួម អ្នកដែលកែខ្លួនតិចណាស់ ដែលខ្ញុំស្គាល់តិចណា៎។ គេធ្លាប់បាន ធ្លាប់ទិញឥវ៉ាន់ របស់ស្អាតៗ ធ្លាប់ចាយលុយកប់ៗដៃ អញ្ចឹងធ្វើឲ្យពួកវាអត់កែប្រែវិញបាន។ លុយគេដាក់មកដល់ដៃ នរណាមិនចង់យក? គេហៅទៅយកលុយ ខ្ញុំទៅយកហើយ ចេះតែទៅៗ ហើយណាមួយចំពេលខ្វះអញ្ចឹងទៅ ទៅបណ្តាយ»។
យោងតាមសិស្សសាលាលក់ខ្លួនមួយចំនួន ដែលបានកែខ្លួននិងទាំងកំពុងស្ថិតក្នុងរបររកស៊ីផ្លូវភេទនៅឡើយ បានឲ្យដឹងថា នៅពេលដែលពួកគេកែខ្លួននោះ ពួកគេនឹងមិនបានប្រឈមនឹងការរើសអើងក្នុងសង្គមគ្រួសារនោះទេ។ ផ្ទុយទៅវិញ ថ្វីបើឪពុកម្តាយនិងបងប្អូនរបស់ពួកគេមិនបានដឹងពីស្ថានភាពពិតប្រាកដថា ពួកគេបានប្រកបរបររកស៊ីផ្លូវភេទក៏ដោយ ពួកគេក៏បានជំរុញឲ្យកូនៗរបស់គេវិលមករកផ្លូវត្រូវវិញដែរ។
ក៏ប៉ុន្តែកត្តាដែលសំខាន់នោះគឺពួកគេពិបាកធ្វើការកែខ្លួន ដោយសារតែពួកគេមានទម្លាប់ដើរលេងសប្បាយភ្លើតភ្លើនតាមបែបយុវវ័យរបស់ពួកគេ។
នេះគឺជាបញ្ហាដ៏ធំដែលបណ្តាលឲ្យសិស្សសាលាប្រកបរបររកស៊ីផ្លូវភេទចំនួនតិចតួចប៉ុណ្ណោះបានកែប្រែខ្លួនឡើងវិញ ដើម្បីរៀបចំអនាគតរបស់ពួកគេជាថ្មីឡើងវិញ៕