ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម​ប្រមូល​ផ្តុំ​គ្នា​នៅ​ទូទាំង​អឺរ៉ុប


ប៉ូលិស​កុបកម្ម​បំបែក​ក្រុម​បាតុកម្ម​ដែល​គាំទ្រ និង​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ នៅ​ពេល​បុរស​ម្នាក់​កាន់​ទង់ជាតិ​ដែល​សរសេរ​ថា «ជន​ជ្រុល​និយម​ឥស្លាម​មិន​ត្រូវ​បាន​ស្វាគមន៍​ទេ» ក្នុង​បាតុកម្ម Pegida នៅ​ក្នុង​ក្រុង​អាំស្ទែដាំ (Amsterdam) ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦។
ប៉ូលិស​កុបកម្ម​បំបែក​ក្រុម​បាតុកម្ម​ដែល​គាំទ្រ និង​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ នៅ​ពេល​បុរស​ម្នាក់​កាន់​ទង់ជាតិ​ដែល​សរសេរ​ថា «ជន​ជ្រុល​និយម​ឥស្លាម​មិន​ត្រូវ​បាន​ស្វាគមន៍​ទេ» ក្នុង​បាតុកម្ម Pegida នៅ​ក្នុង​ក្រុង​អាំស្ទែដាំ (Amsterdam) ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម​ និង​អន្តោប្រវេសន៍ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ធំៗ​មួយ​ចំនួន​នៅ​អឺរ៉ុប​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​មាន​ពេល​ខ្លះ​បាន​ប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលិស​ ឬ​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​មួយ​ក្រុម​ទៀត​ដែល​ប្រឆាំង​នឹង​ពួកគេ​ ខណៈ​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​ជុំវិញ​ការ​កើន​ឡើង​ចំនួន​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​យ៉ាង​ច្រើន​ទៅ​កាន់​ទ្វីប​អឺរ៉ុប​នេះ។

ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​បាន​ប៉ះ​ទង្គិច​ជាមួយ​នឹង​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នៅ​ទីក្រុង​អាំស្ទែដាំ (Amsterdam) ខណៈ​ដែល​អ្នក​គាំទ្រក្រុម PEGIDA ដែល​ប្រឆាំង​នឹង​អ្នក​ដែល​កាន់​សាសនា​ឥស្លាម ព្យាយាម​ធ្វើ​ការ​តវ៉ា​លើក​ដំបូង​របស់​ពួកគេ​នៅ​រដ្ឋធានី​ក្នុង​ប្រទេស​ហូឡង់។ ដោយ​មាន​អ្នក​គាំទ្រ PEGIDA តែ​២០០​នាក់​ប៉ុណ្ណោះ​ដែល​មាន​វត្តមាន​នៅ​ទី​នោះ ដែល​ចំនួន​ប៉ូលិស​ដែល​ចុះ​បង្រ្កាប​មាន​ច្រើន​ជាង​នេះ ហើយ​ក្រុម​អ្នក​តវ៉ា​ឆ្វេង​និយម​បាន​ស្រែក​ថា «ជន​ភៀស​ខ្លួន​ត្រូវ​បាន​គេ​ស្វាគមន៍​ ហើយ​អ្នក​កាន់​របប​ហ្វាស៊ីស​មិន​ត្រូវ​បាន​គេ​ស្វាគមន៍​នោះ​ទេ»។

ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​របស់​ហូឡង់​បាន​ឃុំ​ខ្លួន​មនុស្ស​មួយ​ចំនួន​ ខណៈ​ដែល​ក្រុម​ប៉ូលិស​ជិះ​សេះ​បាន​ធ្វើ​អន្តរាគមន៍​បំបែក​ក្រុម​អ្នក​តវ៉ា​ទាំង​២​ក្រុម។ នៅ​ពុំ​ទាន់​មាន​ព័ត៌មាន​ច្បាស់​ការ ថា​តើ​មនុស្ស​ចំនួន​ប៉ុន្មាន​នាក់​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ឡើយ​ទេ។ ​យោង​តាម​អង្គការ​ឯករាជ្យ Durchgezaehlt នៅ​ប្រទេស​អាល្លឺម៉ង់​ មាន​មនុស្ស​ចំនួន​៨០០០​នាក់​បាន​ប្រមូល​ផ្តុំ​នៅ​ក្នុង​ក្រុង​ Dresden។ អង្គការ​នោះ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រហែល​៣៥០០​នាក់​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​ដែល​គាំទ្រ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន ​ដែល​ស្ថិត​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ទន្លេ Elbe ដែល​បែងចែក​ទីក្រុង​នោះ​ជា​២។ ​

ពុំ​មាន​សេចក្តី​រាយការណ៍​ថា​ មាន​គ្រោះថ្នាក់​អ្វី​កើត​ឡើងនៅ​ក្នុង​ហេតុការណ៍​នោះ​ឡើយ​។ ​

នៅ​ទីក្រុង Calais ប្រទេស​បារាំង ប៉ូលិស​បាន​បំបែក​ក្រុម​បាតុករ​ដែល​តវ៉ា​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ ដោយ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ក្រុម​អ្នក​តវ៉ា​ និង​ឃុំ​ខ្លួន​អ្នក​តវ៉ា​ស្តាំ​និយម​មួយ​ចំនួន។ ​

​មនុស្ស​ប្រមាណ​១៥០​នាក់​មក​ពី​ក្រុម PEDIGA ដែល​ប្រឆាំង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម​ និង​អន្តោប្រវេសន៍ បាន​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​បាន​ស្រែក​ថា «យើង​មិន​គួរ​ឲ្យ​ទីក្រុង Calais ស្លាប់​នោះ​ទេ»៕

XS
SM
MD
LG