ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

IOM៖​ ​២០១៦​ ជា​ឆ្នាំ​សំខាន់​មួយ​ទៀត​​ចំណាក​ស្រុក​ទៅ​កាន់​ទ្វីប​អឺរ៉ុប​


រូប​នៃ​ស្រមោល​ជន​ចំណាក​ស្រុក​ត្រូវ​បាន​ថត​ នៅ​ពេល​ពួក​គេ​កំពុង​រង់​ចាំ​នៅ​ក្នុង​តង់​មួយ​ នៅ​ឯ​មណ្ឌល​ចុះ​ឈ្មោះ​សម្រាប់​ជន​ភៀស​ខ្លួន​និង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ការិយាល័យ​សុខភាព​និង​សង្គមកិច្ច​របស់​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​២០១៦។​
រូប​នៃ​ស្រមោល​ជន​ចំណាក​ស្រុក​ត្រូវ​បាន​ថត​ នៅ​ពេល​ពួក​គេ​កំពុង​រង់​ចាំ​នៅ​ក្នុង​តង់​មួយ​ នៅ​ឯ​មណ្ឌល​ចុះ​ឈ្មោះ​សម្រាប់​ជន​ភៀស​ខ្លួន​និង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ការិយាល័យ​សុខភាព​និង​សង្គមកិច្ច​របស់​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​២០១៦។​

ប្រធាន​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ​ព្យាករណ៍​ថា ​ឆ្នាំ​២០១៦​ នឹង​ក្លាយ​ជា​ឆ្នាំ​សំខាន់​មួយ​ទៀត​ចំពោះ​ការធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ទ្វីប​អឺរ៉ុប។​

ប្រធាន​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ​ លោក​ Lacy Swing​ និយាយ​ថា​ វិបត្តិ​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុក​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​បាន​ក្លាយ​ជា​បញ្ហា​ចំណាក​ស្រុក​ពិភព​លោក។​ លោក​បន្ត​ថា​ នៅ​ទីបំផុត​ពិភពលោក​បាន​ចាប់អារម្មណ៍​នឹង​អ្វី​ដែល​លោក​ហៅ​ថា​ការផ្លាស់​ទីលំនៅរបស់​មនុស្ស​គឺ​ជា​និន្នាការ​ដ៏​ធំ​មួយ​នា​ពេល​បច្ចុប្បន្ន។​

លោក​បាន​កត់សម្គាល់​ថា​ បច្ចុប្បន្ន​ក្នុង​ចំណោម​មនុស្ស​៧នាក់​ មាន​ម្នាក់​ជា​ជន​ចំណាក​ស្រុក។​ ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ មាន​ប្រជាជន​២៣២​លាន​នាក់​ជា​ជន​ចំណាក​ស្រុក​អន្តរជាតិ​ និង​៣៤០​លាន​នាក់​ទៀត​ ជា​ជន​ចំណាកស្រុក​ក្នុង​ប្រទេស។ លោក​និយាយ​ថា​ គោលនយោបាយ​រដ្ឋាភិបាល​អឺរ៉ុប​និង​តំបន់​ផ្សេងៗ​ទៀត​ មិន​បាន​អភិវឌ្ឍ​តាម​ចង្វាក់​ផ្លាស់​ទីលំនៅ​ដ័​ធំ​របស់​មនុស្ស​នៅ​ឡើយ​ទេ។​

លោក​ Lacy Swing បាន​និយាយ​ថា​៖​ « ការ​ធ្វើ​ចំណាក​ស្រុក​មិន​មែន​ជា​បញ្ហា​មួយ​ដែល​ត្រូវ​ដោះស្រាយ​នោះ​ទេ។ ភាព​ជាក់​ស្តែង​របស់​មនុស្ស​ដែល​ត្រូវ​ការ​គ្រប់​គ្រង​ទើប​ជា​បញ្ហា​ត្រូវ​ដោះ​ស្រាយ​...ទ្វីប​អឺរ៉ុប​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការគ្រប់គ្រង​លំហូរ​នៃ​ជន​ចំណាក​ស្រុក​ចំនួន​មួយ​លាន​នាក់​...គឺ​មិន​មែន​ថា​គ្រប់គ្រង​មិន​បាន​នោះ​ទេ។​ ខ្ញុំ​មិន​មែន​មាន​ន័យ​ថា​ អ្វី​ដែល​ដែល​កើត​ឡើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​គឺ​ងាយស្រួល​នោះ​ឡើយ​ ប៉ុន្តែ​ពួកគេ​មាន​សមត្ថភាព​ក្នុង​ការដោះ​ស្រាយ​ប្រសិន​បើ​ពួកគេ​មាន​សាមគ្គី​ភាព។​ ប៉ុន្តែ​ពួកគេ​គ្មាន​[សាមគ្គីភាព]នោះ​ទេ»។

ទីភ្នាក់ងារ​ជនភៀសខ្លួន​នៃ​អង្គការ​សហ​ប្រជាជាតិ​បាន​រាយការយ៍​ថា​ កាលពី​ឆ្នាំ​ទៅ​មាន​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុក​លើស​ពី​១​លាន​នាក់​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អឺរ៉ុប​តាម​សមុទ្រ។​ ក្នុង​នោះ​ប្រហែល​៨០​ភាគរយ​បាន​ចូល​ទៅ​ដល់ប្រទេស​ក្រិក​ ហើយ​អ្នក​ផ្សេង​ទៀត​ដែល​នៅ​សល់​បាន​មក​ដល់​ប្រទេស​អ៊ីតាលី​ និង​ប្រទេស​ម៉ាល់ត៍​ (Malta)។​ អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​បាន​ហៅ​ឆ្នាំ​២០១៥​ ជា​ឆ្នាំ​ដែល​ប្រល័យ​បំផុត​ ហើយ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ប្រជាជន​ប្រមាណ​ ៣.៧៧០ ​នាក់​បាន​បាត់​បង់​ជីវិត​ ដោយសារ​ការ​ផ្សង​គ្រោះថ្នាក់​ឆ្លង​សមុទ្រ​មេឌីទែរ៉ាណេ​ (Mediterranean Sea)។​

កាល​ពី​ឆ្នាំ​ទៅ​ សហភាព​អឺរ៉ុប​បាន​យល់ព្រម​បែងចែក​ឡើង​វិញ​នូវ​ជន​ភៀស​ខ្លួន​ចំនួន​១៦០.០០០​នាក់​ ទៅ​កាន់​ប្រទេស​ជា​សមាជិក​ទាំង​២៨។​ ប៉ុន្តែ​ លោក​ Lacy Swing​ នៃ​អង្គការ​ IOm​ ប្រាប់​ VOAថា​ ជាក់​ស្តែង​មាន​មនុស្ស​ចំនួន​តិច​ជាង​១.០០០​នាក់​ ​ដែល​ត្រូវ​បាន​តាំង​ទីលំនៅ​ថ្មី។

លោក​ Lacy Swing​ ​និយាយ​ថា​៖ «យើង​ទើប​តែ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ក្រិច​ ដើម្បី​ចាប់ផ្តើម​រៀបចំ​តាំង​ទី​លំនៅ​ថ្មី​ ចេញ​ពី​ក្រិច​ទៅ​កាន់​ប្រទេស​មួយ​ចំនួនបញ្ចូល​ទាំង​តំបន់​ណ័រឌីក​(Nordics)។ ខ្ញុំ​មិន​ដឹង​ចំនួន​ប្រជាជន​ពិត​ប្រាកដ​ ដែល​យើង​នឹង​ផ្លាស់​ពី​ទីនោះទេ។ យើង​សង្ឃឹម​ថា​ វា​កំពុង​តែ​អនុវត្ត​ហើយ។​ យើង​បាន​ត្រៀម​លក្ខណៈ​ធ្វើ​វា​ហើយ។ យើង​បាន​ពិនិត្យ​សុខភាព​និង​ផ្លាស់​ទី​លំនៅ​ឲ្យ​មនុស្ស​លើស​ពី​៣០០.០០០​នាក់​ ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ​ យើង​ទម្លាប់​នឹង​ធ្វើ​វា​ហើយ។​ ចំពោះយើង​ វា​ជា​សំនួរ​អំពី​ប្រតិបត្តិការ​ប៉ុណ្ណោះ។ ​យើង​ត្រៀម​លក្ខណៈ​រួច​ហើយ»។​

អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ​រាយការណ៍​ថា ​មាន​ជន​ភៀសខ្លួន​និង​ជន​ចំណាក​ស្រុក​លើស​ពី​២៣.០០០នាក់​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ក្រិច​និង​ប្រទេស​អ៊ីតាលី​នៅក្នុង​ខែ​នេះ។​ លោក​ Swing​និយាយ​ថា​ វា​អាច​មាន​ការលំបាក​ជាង​មុន​សម្រាប់​ជន​អន្តោប្រវេសន៍​ដែល​ធ្វើដំណើរ​ទៅ​ទ្វីប​អឺរ៉ុប​ក្នុង​ឆ្នាំ​នេះ​ ព្រោះ​ការរឹត​បណ្តឹង​ខាង​ផ្លូវ​ច្បាប់​កំពុង​ត្រូវ​បាន​អនុវត្ត​។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​បាន​និយាយ​ថា​ វា​ជា​រឿង​មិន​សម​ហេតុ​ផល​ឡើយ​ក្នុង​ការ​ហាម​ឃាត់​មនុស្ស​ដែល​អស់​សង្ឃឹម​មិន​ឲ្យមក​ទីនេះ​ និង​ព្យាករ​អំពី​លំហូរ​ជន​ចំណាក​ស្រុក​ជាច្រើន​បន្ត​ចូល​មក​ទ្វីប​អឺរ៉ុប​ក្នុង​ឆ្នាំ​នេះ​ដែរ៕


ប្រែសម្រួល​ដោយ វិញ សុជាតា

XS
SM
MD
LG