អង្គការទេសន្តរប្រវេសន៍អន្តរជាតិបាននិយាយថា ចំនួនជនចំណាកស្រុកនិងជនភៀសខ្លួនចូលក្នុងទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១៥បានកើនឡើងលើសពីមួយលាននាក់ហើយ ដែលជាលំហូរជនភៀសខ្លួនច្រើនបំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក។
អង្គការដែលមានមូលដ្ឋាននៅក្នុងក្រុងហ្ស៊ឺណែវ (Geneve) បានចេញផ្សាយតួលេខកាលពីថ្ងៃអង្គារថា ក្រុមជនចំណាកស្រុក១.០០៥.៥០៤ នាក់មកពីទ្វីបអាហ្វ្រិក និងភូមិភាគមជ្ឈិមបូព៌ាបានឆ្លងកាត់ចូលទៅក្នុងទ្វីបអឺរ៉ុបតាមផ្លូវគោកនិងផ្លូវសមុទ្រដោយមានចំនួនបួនដងលើសពីចំនួនកាលពីឆ្នាំ២០១៤។
លោក Joel Millman អ្នកនាំពាក្យនៃអង្គការទេសន្តរប្រវេសន៍អន្តរជាតិបាននិយាយប្រាប់ VOA ថា មានកត្តាមួយចំនួនដែលនាំឱ្យមានលំហូរជនភៀសខ្លួនច្រើនបែបនេះ ដែលគេមិនបានគិតទុកជាមុន ក៏ប៉ុន្តែកត្តាធំបំផុតគឺការប្រែប្រួលខាងប្រជាសាស្ត្រនៅក្នុងភូមិភាគមជ្ឈិមបូព៌ា។
ក្រុមជនភៀសខ្លួនមកពីប្រទេសស៊ីរីដែលហែកហួរដោយសារសង្គ្រាមស៊ីវិលប្រាំឆ្នាំមកហើយ ដែលបានធ្វើឲ្យមនុស្សជាង២សែននាក់ស្លាប់និងធ្វើឱ្យមនុស្សរាប់លាននាក់ទៀតខ្ចាត់ព្រាត់ពីផ្ទះសំបែងមានចំនួនពាក់ណ្តាលនៃចំនួនជនចំណាកស្រុកនិងជនភៀសខ្លួនទាំងអស់ ហើយបន្ទាប់មកមានជនភៀសខ្លួនមកពីប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសហែកហួរដោយសារសង្គ្រាមដែរនោះ៕