ពួកអ្នកគាំទ្រដែលមានការឈឺចាប់ជាយូរយារណាស់មកហើយរបស់គណបក្សប្រឆាំងម៉ាឡេស៊ីនៅទីបញ្ចប់បានដឹងពីអ្វីដែលគេហាក់ដូចជាមិនដែលនឹកស្រម័យដល់គឺ បានផ្តួលរបបមួយដែលបានគ្រប់គ្រងប្រទេសអស់រយៈពេលជាង៦ទសវត្សរ៍។
ពួកគេបានស្រែកឈ្មោះរបស់ចលនាមួយដែលបានចាប់ផ្តើមកាលពី២០ឆ្នាំមុននៅពេលដែលមេដឹកនាំរបស់ពួកគេគឺលោក Anwar Ibrahim បានជាប់ពន្ធនាគារ មកពីបញ្ជារបស់បុរសម្នាក់ដែលឥឡូវនេះបានដឹកនាំពួកគេឆ្ពោះទៅកាន់ជ័យជម្នះ។ លោក Zainul Azizan នៃគណបក្សចម្រុះ Pakatan Harapan បានថ្លែងថា៖
«ខ្ញុំមិនដែលគិតថា ក្នុងមួយជីវិតរបស់ខ្ញុំ យើងនឹងឈ្នះការបោះឆ្នោតនេះទេ។ ពីព្រោះ ប្រសិនបើ យើងចាញ់ការបោះឆ្នោតនេះ យើងខាតបង់រយៈពេល២០ឆ្នាំ»។ វីរជននៃពេលរសៀលនោះក៏មានលោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីអាយុ៩២ឆ្នាំដែលបានដឹកនាំប្រទេសអស់រយៈពេល២០ឆ្នាំក៏ជាអតីតសត្រូវរបស់ពួកគេដែរ។
លោក Mahathir បានបញ្ជាឲ្យចាប់ខ្លួនលោក Anwar លើបទចោទប្រកាន់ការរួមសង្វាសមនុស្សភេទដូចគ្នានៅឆ្នាំ១៩៩៨ ក៏ប៉ុន្តែ ឥឡូវនេះឈរឈ្មោះជាមេដឹកនាំគណបក្សចម្រុះ Harapan Pakatan ឬសម្ព័ន្ធភាពនៃក្តីសង្ឃឹម (Alliance of Hope) ដែលជាគណបក្សប្រឆាំងបានទទួលជ័យជម្នះ។
មានមនុស្សទុច្ចរិតម្នាក់ទៀតគឺនាយករដ្ឋមន្ត្រី Najib Razak មេដឹកនាំរបស់គណបក្សអង្គការសហភាពជាតិម៉ាឡេ ឬ United Malays National Organization។
លោក Razak ជាអតីតអ្នកបានទទួលការបណ្តុះបណ្តាលរបស់លោក Mahathir លោកបានធ្វើឲ្យប្រទេសលោកល្បីល្បាញដោយការប្រព្រឹត្តអំពើអាក្រក់គឺការចោទប្រកាន់ពីការទទួលបានប្រាក់រាប់រយលានដុល្លារក្នុងរឿងអាស្រូវពុករលួយដែលមានប្រាក់រាប់រយលានដុល្លារជាមួយមូលនិធិវិនិយោគទុនរដ្ឋ 1MDB។
ចំពោះគណបក្សអង្គការសហភាពជាតិម៉ាឡេ ឬ United Malays National Organization របស់លោក Najib គឺការបរាជ័យដ៏ល្វីងជូរចត់នៅក្នុងការបោះឆ្នោតដែលមនុស្សភាគច្រើនរំពឹងថា ពួកគេនឹងឈ្នះ។ លោក Sani អ្នកស្ម័គ្រចិត្តនៃគណបក្ស UMNO និយាយថា៖ «យើងយល់ស្របហើយយើងគាំទ្ររដ្ឋាភិបាលនេះ ហើយយើងប្រាកដថា រដ្ឋាភិបាលនឹងឈ្នះការបោះឆ្នោតនេះ»។
Saiful Ismail អ្នកស្ម័គ្រចិត្តម្នាក់ទៀតនៃគណបក្ស UMNO បាននិយាយថា៖ «នេះជាភស្តុតាងរបស់ខ្ញុំសម្រាប់រដ្ឋាភិបាល»។
នេះជាភស្តុតាងមួយពិតមែន ក៏ប៉ុន្តែ មិនមែនសម្រាប់រដ្ឋាភិបាលដែលលោកបានរំពឹងទុកនោះទេ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន