បាតុករប្រឆាំងចិនបានចេញទៅតាមផ្លូវនានានៅក្នុងប្រទេសវៀតណាម ដើម្បីជំទាស់ប្រឆាំងនឹងដំណើរបំពេញទស្សនកិច្ចនាពេលខាងមុខដោយប្រធានាធិបតីចិន ស៊ី ជីងពីង។
បាតុករមានកាន់បដាដែលមានន័យថា «ស៊ី ជីងពីង ឲ្យប្រជុំកោះ Spratlys និង Paracels មកវៀតណាមវិញ! ឬ ប្រជុំកោះ Spratly និង Paracels ជារបស់វៀតណាម»។
វីដេអូដែលចុះផ្សាយក្នុងប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញមនុស្សរាប់សិបនាក់បានស្រែកពាក្យស្លោកប្រឆាំងនឹងចិន ហើយបានដើរដោយសន្តិវិធីនៅតាមផ្លូវនានាទាំងនៅក្នុងរដ្ឋធានីហាណូយ ហើយនិងនៅទីក្រុង ហូ ជីមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅភាគខាងត្បូង។ ជាទូទៅ ប៉ូលីសបានទុកឲ្យពួកបាតុករធ្វើតវ៉ាប្រឆាំង ដែលខុសប្លែកពីការតវ៉ាប្រឆាំងចិនកាលពីពេលមុន ដែលកាលនោះបាតុករត្រូវបានប៉ូលិសបំបែកភ្លាមៗ។
លោក Nguyen Van Phoung សកម្មជនសង្គមបាននិយាយថា លោកបានចូលរួមបាតុកម្មនៅកណ្តាលទីក្រុងហាណូយ ពីព្រោះតែចំណាត់ការដ៏គឃ្លើនរបស់ចិនក្នុងសមុទ្រចិនខាងត្បូង។
លោក Nguyen Van Phoung បាននិយាយថា៖ «លោក ស៊ី ជីងពីង ជាប្រមុខរដ្ឋដែលបានយកកោះក្នុងសមុទ្រចិនខាងត្បូង ហើយកងទ័ពរបស់លោកបានវាយតប់អ្នកនេសាទវៀតណាម។ ប្រធានាធិបតី ស៊ី ជីងពីង គ្មានបំណងល្អជាមួយវៀតណាមទេ។ដូច្នេះ យើងមិនចង់ស្វាគមន៍លោកនៅទីនេះទេ។ យើងជាប្រជាពលរដ្ឋនៅទីនេះ ចង់បង្ហាញលោកប្រធានាធិបតីពីសារទាំងនេះ»។
ប្រធានាធិបតីចិន មានគម្រោងទៅដល់ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការរយៈពេលពីរថ្ងៃ។
យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ (Xinhua) ផ្លូវការរបស់ចិនបានប្រាប់ឲ្យដឹងថា ប្រធានាធិបតី ស៊ី នឹងចរចាជាមួយពួកមន្រ្តីវៀតណាមហើយមានផែនការធ្វើសុន្ទរកថានៅខាងមុខរដ្ឋសភាវៀតណាម។ គេមិនទាន់ដឹងច្បាស់នៅឡើយថា តើប្រធានាធិបតី ស៊ី នឹងនិយាយឡើងវិញពីជម្លោះផ្លូវនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូងដែរឬទេ។
ពួកអ្នកសង្កេតការនិយាយថា ការធ្វើសុន្ទរកថានោះបង្ហាញពីភាពចាំបាច់ថា វៀតណាមមានចំណងទាក់ទងជាមួយមហាអំណាចខាងជើងដែលជាប្រទេសជិតខាងរបស់ខ្លួន ហើយនឹងមានឆន្ទៈដើម្បីជួសជុលទំនាក់ទំនងដែលមានភាពល្វីងជូរចត់លើជម្លោះផ្លូវនាវាចរណ៍៕