ពីរថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកនាវាចម្បាំងនៅចម្ងាយប្រមាណ២០គ.មពីតំបន់ប្រជុំកោះសិប្បនិមិត្តក្នុងផ្ទៃទឹកមានជម្លោះក្តៅគគុក វៀតណាមបានធ្វើការឆ្លើយតបដោយគ្មានគោលជំហរចំពោះឧបទ្ទវហេតុនេះ។
ខណៈដែលប្រទេសស្ទើរទាំងអស់នៅក្នុងតំបន់បានឆ្លើយតបដ៏ឆាប់រហ័សដល់ព្រឹត្តិការណ៍នេះ វៀតណាមបានរក្សាការស្ងៀមស្ងាត់រហូតដល់ថ្ងៃព្រហស្បតិ៍ នៅពេលដែលអ្នកនាំពាក្យក្រសួងការបរទេសក្នុងទីក្រុងហាណូយត្រូវបានអ្នកយកព័ត៌មានសួរពីឧបទ្ទវហេតុនេះ។
ដោយមិនបានរិះគន់ចំៗដល់ប្រទេសចិន ឬសហរដ្ឋអាមេរិក លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមប្រាប់ក្រុមអ្នកយកព័ត៌មានថា វៀតណាម គោរពសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរក្នុងសមុទ្រខាងកើតស្របទៅតាមបទបញ្ញតិ្តពាក់ព័ន្ធនៃអនុសញ្ញាស្តីពីច្បាប់សមុទ្រ និងច្បាប់ជាតិរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ មនុស្សផ្សេងទៀតក្នុងប្រទេសវៀតណាមបានអំពាវនាវដល់រដ្ឋាភិបាលរបស់ខ្លួនឲ្យគាំទ្រចំណាត់ការរបស់សហរដ្ឋអាមេរិក។
លោក Pham Minh Hoang សកម្មជនសង្គម និងនយោបាយដ៏ល្បីល្បាញបានប្រាប់ VOA ផ្សាយជាភាសាវៀតណាមថា រដ្ឋាភិបាលទីក្រុងហាណូយចាំបាច់ស្វែងរកមធ្យោបាយដើម្បីកាត់បន្ថយឥទ្ធិពលរបស់ចិនក្នុងប្រទេសវៀតណាម។
លោក Pham Minh Hoang និយាយថា «យើងត្រូវតែស្វែងរកមធ្យោបាយធ្វើឲ្យរដ្ឋាភិបាលវៀតណាមប្រុងប្រយ័ត្នខ្ពស់នៅពេលដែលចិនពង្រីកទឹកដី និងឥទ្ធិពល។ វា ជាពេលវេលាសម្រាប់រដ្ឋាភិបាលទីក្រុងហាណូយត្រូវការស្វះស្វែងរកសម្ព័ន្ធមិត្តដូចជាសហរដ្ឋអាមេរិកដើម្បីដោះស្រាយជាមួយចិន។ វាជាការរកាំចិត្តដែលពួកគេមិនបានចាប់យកឱកាសដ៏មានតម្លៃនេះដើម្បីប្រកាន់ជំហរកាន់តែខ្លាំងឡើងប្រឆាំងនឹងចិន និងចេញពីរណបរបស់ចិន នៅពេលដែលសហរដ្ឋអាមេរិកកំពុងជំទាស់ប្រឆាំងនឹងការទាមទារអធិបតេយ្យភាពរបស់ចិននៅសមុទ្រចិនខាងត្បូង»៕