ចិនបញ្ចេញប្រតិកម្មខឹងសម្បារនឹងសហរដ្ឋអាមេរិកចំពោះការបញ្ជូននាវាចម្បាំងទៅជិតកោះ និងតំបន់ថ្មប៉ប្រះទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលក្រុងប៉េកាំងប្រកាសទាមទារ ខណៈពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសន្យាថា នឹងធ្វើបេសកកម្មល្បាតបន្ថែមទៀត។
ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃពុធថា ខ្លួនបានកោះហៅលោក Max Baucus ឯកអគ្គរដ្ឋទូតអាមេរិកមកជួប ដើម្បីប្រគល់ការតវ៉ាជាផ្លូវការលើព្រឹត្តិការណ៍កាលពីថ្ងៃអង្គារ។ សកម្មភាពកាលពីថ្ងៃអង្គារបង្ហាញនូវកាយវិការដ៏ក្លាហានរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទល់នឹងការប្រកាសទាមទាររបស់ចិនលើដែនដីដ៏ចម្រូងចម្រាសនេះ។
មន្ត្រីយោធាក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា ការចូលទៅកៀកតំបន់ថ្មប៉ប្រះទឹកស៊ូប៊ី (Subi) ដែលចិនគ្រប់គ្រងគឺជា ការអនុវត្តសេរីភាពនៃចរាចរណ៍នាវា ហើយមិនទាក់ទងទៅនឹងបញ្ហាអធិបតេយ្យភាពពីលើតំបន់នោះ ដែលប្រទេសវៀតណាមនិងហ្វីលីពីនបានប្រកាសទាមទារផងដែរនោះទេ។
មន្ត្រីការពារជាតិអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់វីអូអេកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកទំនងជានឹងធ្វើដំណើរល្បាតថែមទៀតនៅក្នុងតំបន់នោះ។
សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ក៏ស្វាគមន៍ការឆ្លងកាត់របស់នាវាអាមេរិកនៅជិតប្រជុំកោះ Spratly ដែលកំពុងមានជម្លោះ បើទោះបីជាពួកគេនៅប្រើប្រាស់ពាក្យពេចន៍ប្រយ័ត្នប្រយែងក៏ដោយ៕