ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​លោក ​Trump ​បន្ត​ធ្វើ​​នៅ​ក្នុង​សហរដ្ឋ​អាមេរិក


ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ ដូណាល់​ ត្រាំ ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ កាល​ពី​ថ្ងៃសៅរ៍។
ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ ដូណាល់​ ត្រាំ ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ កាល​ពី​ថ្ងៃសៅរ៍។

បាតុកម្ម​បាន​បន្តកាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​ជាប់​ឆ្នោត​របស់​មហា​សេដ្ឋី​អចលនទ្រព្យ ​Donald Trump ​ជាប្រធានា​ធិបតី​ថ្មី​របស់សហរដ្ឋអាមេរិក​ដែលនឹង​កាន់​ដំណែង​នៅ​ខែ​មករា។

សិស្ស​រាប់​រយ​នាក់​បាន​ដើ​រដោយ​សន្តិវិធី​ចេញ​ពី​ថ្នាក់​រៀន​នៅឯ​វិទ្យាល័យ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង ​Los Angeles ​ហើយ​នឹង​សាលា​រៀន​មួយ​កន្លែង​ទៀត​នៅ​ជាយក្រុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន ​បន្ទាប់​ពី​យប់​នៃ​បាតុកម្ម​នៅ​តាម​ផ្លូវ​នានា​កាន់​តែ​ច្រើន​ឡើងក្នុង​ទីក្រុង​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ ​បាតុកម្មកាល​ពី​យប់​ថ្ងៃ​អាទិត្យមាន​ទំហំ​តូច​ជាង​បាតុកម្ម​បន្ទាប់​ពីជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​លោក​ត្រាំ​ខាង​គណបក្ស​សាធារណ​រដ្ឋ​លើលោកស្រី ​Hillary Clintonខាង​គណបក្ស​ប្រជា​ធិបតេយ្យ។

លោកស្រី ​Kellyanne Conway​ អ្នក​ចាត់​ចែង​យុទ្ធនាការឃោសនា​បោះ​ឆ្នោត​របស់​លោក ត្រាំ ​បាន​និយាយ​នៅ​ក្នុង​ទីក្រុង​ញូយ៉ក​ថា ​«ខ្ញុំ​ដឹង​ថា ​មនុស្ស​មិន​បាន​ប្រុង​ប្រៀប​ខ្លួន​សម្រាប់​ជ័យ​ជម្នះ​របស់យើង​ទេ។ ​យើង​ត្រូវ​តែផ្តោត​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ‍»។

លោកស្រី​បាន​អំពាវនាវ​ដល់​លោក​ប្រធានា​ធិបតី ​បារ៉ាក់ អូបាម៉ា​ និង​លោកស្រី​ គ្លីនតុន ឲ្យ​និយាយ​ទៅ​កាន់​ពួក​បាតុករ​ទាំង​នោះ​ថា ​បុរស​នេះ​ជា​ប្រធានា​ធិបតី​របស់​យើង។

កាល​ពី​សប្តាហ៍​មុន​ ទាំងប្រធានា​ធិបតី​អូបាម៉ា​ និង ​លោកស្រី ​គ្លីនតុន ​បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព​ដើម្បី​ផ្តល់ឱកាសឲ្យ​លោក​ត្រាំ​ដឹកនាំ​ប្រទេស​នៅពេល​លោក​កាន់​កាប់​សេតវិមាន​នៅ​ថ្ងៃ​ទី​២០ ​ខែ​មករា ក៏ប៉ុន្តែ ​មិន​បាន​និយាយ​ជា​សាធារណៈ​អំពី​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG