សកម្មជនក្នុងសហគមន៍ខ្មែរ-អាមេរិកាំង លើកឡើងថា ការយល់ឃើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោក ដូណាល់ ត្រាំ នឹងមិនខ្វាយខ្វល់ពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា គឺជាការយល់ខុសមួយ។
លោក នួន វាសនា អតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែល នៃរដ្ឋម៉ាស្សាឈូសេត ប៉ែកឦសានសហរដ្ឋអាមេរិក បានលើកឡើងបែបនេះ នៅក្នុងកម្មវិធី «Hello VOA» កាលពីយប់ថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកានេះ៖
«លោកនាយករដ្ឋមន្ត្រីគិតថា នឹងរួចខ្លួន និងអាចបន្តការរំលោភសិទ្ធិមនុស្ស និងបន្តការប្រើអំពើហិង្សាទៅដល់អ្នកទោសផ្នែកនយោបាយ ។ល។ និង ។ល។ នោះគឺជាការយល់ខុស ពីព្រោះទោះបីជាលោក ដូណាល់ ត្រាំ ជាអ្នកជំនួញមែន តែលោកនឹងជួលបុគ្គលិករបស់លោក មកធ្វើការជាមួយហ្នឹងគឺជាអ្នកដឹងនូវកិច្ចការការបរទេសនិងសេដ្ឋកិច្ច»។
លោកបន្ថែមថា៖
«លើពីហ្នឹងទៀត ខុសដោយសារថា ព្រឹទ្ធសភានិងសភាសហព័ន្ធសហរដ្ឋអាមេរិកហ្នឹងក្នុងរយៈជាង១ឆ្នាំមកនេះ គេបានចាប់អារម្មណ៍ខ្លាំងណាស់នូវរឿងស្រុកខ្មែរ។ រឿងរដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស រឿងរដ្ឋាភិបាល គាបសង្កត់ទៅលើគណបក្សប្រឆាំង ចាប់ដាក់ឃុំឃាំង ជាអ្នកទោសនយោបាយ ។ល។ និង ។ល។ ម្ល៉ោះហើយ គេនឹងមិនព្រងើយកន្តើយទេ »។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំនៅកម្ពុជា បានប្រកាសជាសាធារណៈ គាំទ្រលោក ដូណាល់ ត្រាំ តាំងពីមុនថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិកម្ល៉េះ។
មេដឹកនាំកម្ពុជា ដែលរងការរិះគន់ដោយសារការប្រើកណ្ដាប់ដៃដែកលើក្រុមប្រឆាំងរបស់ខ្លួនរូបនេះ ក៏បានសរសេរសារអបអរសាទរដល់បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណៈគឺលោក ដូណាល់ ត្រាំ ចំពោះជ័យជម្នះក្នុងការបោះឆ្នោត លើគូរប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់លោកគឺលោកស្រី ហ៊ីលឡារី គ្លីនតុន ផងដែរ។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រ ហ្វេសប៊ុករបស់លោកក្រោយពីការប្រកាសជ័យជម្នះរបស់លោកត្រាំនៅថ្ងៃទី៩ ខែវិច្ឆិកាយ៉ាងដូច្នេះថា៖
«ប៉ុន្មានថ្ងៃមុន នៅពេលដែលខ្ញុំបង្ហាញនូវការគាំទ្ររបស់ខ្ញុំ ចំពោះ ឯកឧត្ដម មានមនុស្សមួយចំនួន បានចេញមកវាយប្រហារខ្ញុំ រហូតចោទ ឯកឧត្តម ថាជាមនុស្សផ្ដាច់ការទើបមានមនុស្សដូចខ្ញុំទៅគាំទ្រ។ ពេលនេះអ្វីៗច្បាស់ហើយ គឺប្រជាជនអាមេរិក ត្រូវការឯកឧត្ដមដឹកនាំ ហើយការគាំទ្ររបស់ខ្ញុំ ក៏មិនខុសដែរ»។
លោក ហ៊ុន សែន ក៏បានធ្វើអត្ថាធិប្បាយផងដែរថា ការឈ្នះរបស់លោក ត្រាំ នឹងធ្វើឲ្យពិភពលោក មានសន្តិភាពជាងមុន ដោយសារប្រធានាធិបតីជាប់ឆ្នោតរូបនេះ គឺជាអ្នកជំនួញ។
តែទោះជាយ៉ាងនេះក្តី អ្នកវិភាគនិងសកម្មជនមួយចំនួនដូចជាលោក នួន វាសនាជាដើម មើលឃើញថា ការឈ្នះឆ្នោតរបស់ត្រាំ នឹងមិនធ្វើឲ្យសហរដ្ឋអាមេរិកងាកចេញពីការចាប់អារម្មណ៍ទៅលើបញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផង នោះទេ។
«លោកនាយករដ្ឋមន្ត្រីយើង គិតថា លោក ដូណាល់ ត្រាំ មិនខ្វល់ខ្វាយពីរឿងហ្នឹងទេ ដោយសារភាសារបស់លោកដែលបាននិយាយថា លោកនឹងមិនលូកដៃជ្រៀតជ្រែករឿងកិច្ចការបរទេសទេ ប៉ុន្តែ អ្វីដែលតំណាងរាស្ត្រសភាសហព័ន្ធសហរដ្ឋអាមេរិក ថ្កោលទោសលើការប្រើអំពើហិង្សាផ្នែកនយោបាយ ថ្កោលទោសលើការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ចង់ឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ ចង់ឲ្យស្រុកខ្មែរ គោរពសិទ្ធិសេរីភាពអីហ្នឹង គេនឹងមិនព្រងើយកន្តើយទេ។ សហរដ្ឋអាមេរិក តែកាលណាគេនិយាយហើយ គឺគេនឹងធ្វើហើយ»។
សភាសហរដ្ឋអាមេរិក បានចេញសេចក្ដីសម្រេចលេខ៧២៨ ទទូចឲ្យមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យពេញលេញនៅកម្ពុជា ដោយជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការយាយីផ្លូវច្បាប់ប្រឆាំងនឹងគណបក្សប្រឆាំង និងដោះលែងសកម្មជនបក្សប្រឆាំងនិងមន្ត្រីសិទ្ធិមនុស្សដែលជាប់ពន្ធនាគារឬមន្ទីរឃុំឃាំងជាដើម។
សេចក្ដីសម្រេចនេះ ក៏បានអំពាវនាវឲ្យមានការធានាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៨ខាងមុខនេះដែរ។
លោក នួន វាសនា ដែលបច្ចុប្បន្នជាមន្ត្រីបម្រើការងារនៅក្នុងការិយាល័យអភិបាលរដ្ឋម៉ាស្សាឈូសេតផងដែរនោះ បានថ្លែងថា លោករំពឹងថា រដ្ឋសភានិងព្រឹទ្ធសភាសហព័ន្ធសហរដ្ឋអាមេរិក នឹងបន្តការអង្កេតមើលលើបញ្ហាក្នុងប្រទេសកម្ពុជានេះតទៅមុខទៀត។
«យើងក៏រំពឹងលើយុវជននិងយុវនារីខ្មែរក្នុងស្រុកខ្មែរសព្វថ្ងៃដែរគឺថា ត្រូវតែបន្តការតស៊ូមតិ ពីព្រោះអី យើងត្រូវជួយខ្លួនយើងផង មុននឹងឲ្យគេជួយយើង »៕