ក្រុមប្រជាពលរដ្ឋនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានទទូចសុំឲ្យអាជ្ញាធរមូលដ្ឋានស្រុក យោគយល់ទទួលស្គាល់ដីដែលពួកគេបានកាប់ឆ្ការតាំងពីឆ្នាំ២០០៤មក សម្រាប់បង្កបង្កើនផលកសិកម្មចិញ្ចឹមជីវិត នៅគ្រាដែលអាជ្ញាធរមូលដ្ឋានកំពុងព្យាយាមបែងចែកដីទៅឲ្យប្រជាជនថ្មីដែលមិនបានជួយកាប់ឆ្ការព្រៃពីមុនមកនោះ។ នេះបើយោងតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ។
លោក ហឿ ហាក់ បានប្រាប់VOAកាលពីថ្ងៃពុធថា លោកបានមកកាប់ឆ្ការព្រៃយកដីដើម្បីរស់នៅក្នុងតំបន់ជប់ត្រកួន ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង តាំងពីឆ្នាំ២០១៤។ តែក្នុងពេលថ្មីៗនេះ អាជ្ញាធរក្នុងស្រុកដែលលោកអះអាងថា ឈ្មោះ ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង បាននាំយកប្រជាពលរដ្ឋពីតំបន់ផ្សេងមកតាំងលំនៅដ្ឋានលើដីដែលប្រជាពលរដ្ឋកាប់ឆ្ការរួច និងកំពុងអាស្រ័យផលនៅក្នុងតំបន់ជប់ត្រកួននេះ។
«តាមពិតទៅដីដែលមានទំនាស់នេះ ប្រជាពលរដ្ឋគាត់មិន...មិន... មិននេះទេ បើតាមតែប្រភពចេញមក ដោយការរៀបដាក់ឲ្យប្រជាពលរដ្ឋមករស់នៅលើដីនេះគឺ មូលហេតុដោយសារតែអាជ្ញាធរស្រុកអន្លង់វែង លោកងួន លីន គាត់បានយកប្រជាពលរដ្ឋថ្មី ឲ្យមករស់នៅលើដីប្រជាពលរដ្ឋដែលគាត់ខំកាប់ ខំឆ្ការបានតិចតួច»។
តាមការបញ្ជាក់របស់មន្ត្រីសិទ្ធិមនុស្សនាពេលថ្មីៗនេះបានឲ្យដឹងថា មានប្រជាពលរដ្ឋប្រមាណ៨៣គ្រួសារកំពុងស្ថិតក្នុងវិវាទដីទំហំជាង២៣០ហិកតា។ លោក ហឿ ហាក់ អះអាងថា ខាងក្រុមលោកមានប្រជាពលរដ្ឋប្រមាណ៦០គ្រួសារកំពុងទាមទារកាន់កាប់ដីទំហំ២១៧ហិកតា តែលោកមិនបានដឹងថា ប្រជាពលរដ្ឋចំនួន២០គ្រួសារផ្សេងទៀតនោះកំពុងទាមទារដីប៉ុន្មាននោះទេ។
ទោះបីមានការផ្តល់តួលេខខុសៗគ្នាពីខាងមន្ត្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋក៏ដោយ អាជ្ញាធរស្រុកអន្លង់វែងចោទថា ប្រជាពលរដ្ឋបានមករស់នៅលើដីដែលជាកម្មសិទ្ធិរបស់រដ្ឋ។
លោក ហោ ជិនវិរយុទ្ធ អភិបាលស្រុកអន្លង់វែង មិនទទួលស្គាល់ការអះអាងរបស់ប្រជាពលរដ្ឋ ដែលបានចោទលោកងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែងថា បាននាំយកប្រជាពលរដ្ឋផ្សេងមករស់នៅលើដីដែលត្រូវបានគេកាប់ឆ្ការរួចហើយនោះទេ ហើយថា ប្រជាពលរដ្ឋទៅវិញទេ ដែលបានចូលមកតាំងទីលំនៅលើដីរបស់រដ្ឋ។
«បាទរឿងហ្នឹងវាមិនពិតទេ។ ប្រជាជនហ្នឹងគាត់មករស់នៅលើដីនេះទេ លើដីរដ្ឋទេណ៎ាតែប៉ុណ្ណឹងទេ។ ខ្ញុំជាប់រវល់បន្តិចបាទ»។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យ និងទទួលបន្ទុកឃ្លំាមើលការរំលោភសិទ្ធិមនុស្សក្នុងខេត្តដែលស្ថិតនៅភូមិភាគពាយ័ព្យប្រទេសនេះ មានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃពុធនេះថាអាជ្ញាធរស្រុកបានបញ្ជាក់ថា ដីដែលប្រជាពលរដ្ឋកំពុងតាំងលំនៅនោះគឺជាដីសម្បទានសង្គមកិច្ចរបស់រដ្ឋសម្រាប់បែងចែកដល់ប្រជាពលរដ្ឋក្រខ្សត់។ លោកបានបន្តថា វាជាការប្រសើរដែលរដ្ឋបានត្រៀមដីទុកបែកចែកជូនអ្នកក្រខ្សត់ តែរដ្ឋក៏ត្រូវពិនិត្យប្រវត្តិអ្នកដែលចង់បានដី ដែលប្រជាពលរដ្ឋចាស់ជាច្រើនគ្រួសារនោះបានធ្វើជាភោគីអាស្រ័យផលលើដីនោះជាច្រើនឆ្នាំមកហើយនោះ។
«ការធ្វើសម្បទានសង្គមកិច្ច វាជាការដោះស្រាយមួយដល់អ្នកក្រខ្សត់ហើយ ប៉ុន្តែក្នុងនាមអាជ្ញាធរស្រុកក៏ត្រូវពិនិត្យមើលទៅលើការផ្តល់ដីទៅលើអ្នកដទៃដែរ តើអ្នកដែលមកពីក្រៅមូលដ្ឋានហ្នឹង គាត់មានប្រវត្តិដីយ៉ាងម៉េច ធ្លាប់មានដីយ៉ាងម៉េច ហើយមានអ្វីដែលបញ្ជាក់ថា ពួកគាត់ហ្នឹងក្រខ្សត់ ខ្វះខាតដី។ ដូច្នេះអ្វីដែលសំខាន់គឺអាជ្ញាធរស្រុកត្រូវយោគយល់ ឬក៏ត្រូវអធ្យាស្រ័យ ឬក៏ត្រូវមានគោលការណ៍ច្បាស់លាស់ ហើយត្រូវគោរពសិទ្ធិដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដីពីមុនមក»។
លោក វង់ ភ័ក្រ្ត មេឃុំអន្លង់វែង អះអាងថា ទំនាស់នៅត្រង់តំបន់ជប់ត្រកួននោះបានកើតឡើងជាច្រើនលើកច្រើនសារមកហើយ។ លោកថា ប្រជាពលរដ្ឋមួយចំនួនមិនព្រមទទួលយកការបែកចែកដីតាមរយៈគម្រោងដីសម្បទានសង្គមកិច្ចនោះទេ ហើយថា ខ្លះទៀតទាមទារដីច្រើនដល់ទៅ៥ហិកតា និងខ្លះទៀតទទួលបានដំណោះស្រាយហើយ តែនៅតែចូលមកដណ្តើមដីនៅទីនោះទៀត។
«តាមគោលការណ៍ គឺលោកអភិបាលខេត្ត លោកអភិបាលស្រុកគាត់ មានគោលការណ៍ដើម្បីហៅ មកដោះស្រាយ សម្របសម្រួល ហើយដើម្បីរៀបចំធ្វើជាដីសម្បទានជូនពួកគាត់ តែគាត់មិនព្រម ខ្លះគាត់មិនព្រមទទួល»។
មេឃុំរូបនេះមានប្រសាសន៍បន្ថែមថា៖
«វាកើតមកវាច្រើនលើកច្រើនសារណាស់ហើយ។ តែគ្រាន់តែការដោះស្រាយហ្នឹង ចេះតែដោះស្រាយបន្តបន្ទាប់រហូត ដោះស្រាយព្រមទទួលយកតាមគោលការណ៍របស់អាជ្ញាធរដោះស្រាយឲ្យហើយមករំលោភយក បំពានយកថែមពីលើហ្នឹងទៀត»។
កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមមន្ត្រីសិទ្ធិមនុស្សបានចុះទៅអង្កេតទំនាស់ដីធ្លីនេះ ដោយការស្វែងរកជួបតំណាងប្រជាពលរដ្ឋ។ តែពួកក្រុមមន្ត្រីទាំងនោះ ដែលរួមមានមន្ត្រីរបស់ការិយាល័យឧត្តមស្នងការអ.ស.ប.ប្រចាំកម្ពុជាផងនោះ ត្រូវបានរារាំងដោយកម្លាំងមានសមត្ថកិច្ចចម្រុះប្រមាណជាង១០នាក់ មិនឲ្យជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ។ ការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្ស នៅថ្ងៃព្រហស្បតិ៍នេះ បានសុំមិនធ្វើការអធិប្បាយចំពោះការរារាំងនេះទេ។
លោក អ៊ិន គង់ជិត មន្ត្រីរបស់អង្គការសិទ្ធិមនុស្សលីកាដូ ទទួលបន្ទុកឃ្លំាមើលការរំលោភសិទ្ធិមនុស្សក្នុងខេត្តដែលស្ថិតនៅភូមិភាគពាយ័ព្យប្រទេស បានប្រាប់ VOA បន្ថែមនៅថ្ងៃព្រហស្បតិ៍នេះថា មានការខ្វែងគំនិតគ្នារវាងអាជ្ញាធរស្រុកអន្លង់វែង និងអាជ្ញាធរនៅថ្នាក់ខេត្ត ដោយហេតុថា លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ធ្លាប់លើកទឹកចិត្តឲ្យប្រជាពលរដ្ឋស្នើសុំកាន់កាប់ប្រើប្រាស់ដី ទៅថ្នាក់លើ ដើម្បីទទួលបានការទទួលស្គាល់ តែត្រូវបានអាជ្ញាធរឃុំ និងស្រុកបដិសេធ។ លោកបានបន្តថា ក្រុមអាជ្ញាធរស្រុកបានចោទប្រជាពលរដ្ឋថា បានទន្ទ្រានដីខុសច្បាប់ និងប៉ះពាល់ដីបម្រុងទុកជាដើម។
លោក ជឹម វណ្ណា វ័យ៤៨ឆ្នាំ ដែលមកតាំងទីលំនៅក្នុងតំបន់ជប់ត្រកួននោះជិត១០ឆ្នាំមកហើយនោះ និយាយថា អាជ្ញាធរមិនដែលទទួលស្គាល់ប្រជាជនចាស់ដែលមករស់នៅទីនោះ ទេ ហើយថែមទាំងបានចោទប្រជាពលរដ្ឋទាំងនោះថា ជាពលរដ្ឋចំណាកស្រុក បើទោះបីពួកគេមានសៀវភៅស្នាក់នៅ និងបណ្ណសម្រាប់បោះឆ្នោតក៏ដោយ។
លោកថ្លែងបញ្ជាក់ទៀតថា លោក ងួន លីន គឺជាមន្ត្រីមួយរូបដែលបានបដិសេធមិនទទួលស្គាល់ពលរដ្ឋដែលរស់នៅទីនោះយូរឆ្នាំមកហើយ ហើយមន្ត្រីរូបនេះបានប្រមែប្រមូលប្រជាជនថ្មីឲ្យមកតាំងលំនៅលើដីមានទំនាស់បច្ចុប្បន្ន។
លោកមានប្រសាសន៍អំពីការយកមនុស្សថ្មីមករស់នៅលើដីទំនាស់ថា៖
«គេដើរប្រមូលប្រជាពលរដ្ឋថ្មីមករស់នៅ កន្លែងគេចែកថ្មីហ្នឹង ហើយប្រជាពលរដ្ឋខ្ញុំនៅចាស់នេះអត់មានឈ្មោះទេ ដេញចេញ គេឈូស គេឆាយស្រេចតែគេ។ មានប៉ូលិស ប៉េអឹម ទាហានមកគ្រប់លំដាប់[ថ្នាក់]មកទាំងអស់។ គេដេញពួកខ្ញុំហ្នឹងចេញ គេឈូសដីហ្នឹង វាយជាឡូត៍ចែកឲ្យប្រជាជនថ្មីនៅ។ ពួកខ្ញុំតវ៉ា គេថា ជនចំណាកស្រុក។ ចំណាកស្រុកអី? ពួកខ្ញុំនៅសុទ្ធតែ១០ឆ្នាំជាងហើយ យ៉ាងតិចក៏ប្រាំពីរ ប្រាំបី ដប់ឆ្នាំជាង ហើយខ្ញុំសំណូមពរប៉ុន្មានសារហើយខ្ញុំថា ខ្ញុំសូមឲ្យអាជ្ញាធរហ្នឹងទទួលស្គាល់ពួកខ្ញុំជាប្រជាពលរដ្ឋពេញសិទ្ធិ ពេញច្បាប់នៅក្នុងភូមិហ្នឹង ហើយចំាវាស់វែងចែកឲ្យប្រជាពលរដ្ឋថ្មីទៅ សល់ប៉ុន្មាន ហើយបើមិនសល់ មិនដឹងធ្វើម៉េចដែរ។ ហើយគាត់មិនបានអីចឹង គាត់យកអ្នកថ្មីមកចែកលើដីពួកខ្ញុំ ហើយដីពួកខ្ញុំ មានខ្លះពីរហិកតា ខ្លះបីហិកតា»។
លោកបញ្ជាក់បន្តទៀតថា អំពើហិង្សាធ្លាប់បានកើតនៅលើដីទំនាស់នេះ ហើយថា លោក ងួន លីន ក៏ធ្លាប់ប្រើអំពើហិង្សាលើប្រជាពលរដ្ឋផងដែរ។
«មានៗ ងួន លីន នេះឯង។ មកឈូសឆាយ នាំគ្រឿងចក្រមកឈូសឆាយ ហើយឈ្លោះប្រតាយប្រតប់រហូតដល់វាយទះកំផ្លៀងមនុស្សស្រីទៀត។ មនុស្សប្រុសទៅ វាយទៀត ហើយដាក់ពាក្យបណ្តឹងអីចឹងទៅស្ងាត់ឈឹង!»។
VOA មិនទាន់អាចទាក់ទងលោកងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែងបាននៅឡើយទេ មកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ។ លោក ជឹម វណ្ណា បញ្ជាក់ថា តំណាងពលរដ្ឋនឹងឡើងទៅជួបក្រុមមន្ត្រីស្រុក និងខេត្តនៅថ្ងៃសុក្រស្អែកនេះ។ លោក ជឹម វណ្ណាអះអាងថា ប្រជាពលរដ្ឋជាច្រើនរយនាក់ក៏នឹងលើកគ្នាទៅជាមួយតំណាងរបស់ពួកគេដែរ ក្នុងការជួបប្រជុំជាមួយលោកអភិបាលខេត្ត លោក ស ថាវី និងលោកអភិបាលស្រុក ហោ ជិនវិរយុទ្ធ៕