ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​​​មក​ពី​ខេត្ត​ចំនួន​៤​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​បញ្ចប់​ជម្លោះ​ដី​ធ្លី


លោក​ សឹង​ សុខុម​ តំណាង​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​ ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ៣១​ ខែមករា​ ឆ្នាំ​ ២០១៧​ អំពីការរំលោភបំពាន​ដីធ្លី​របស់​ក្រុមហ៊ុន​ លោកសមាជិក​ព្រឹទ្ធ​សភា​ លី​ យ៉ុង​ផាត់។​ (ហ៊ុល រស្មី​/VOA​)

ទំនាស់​ដីធ្លី​ដែល​ផ្តើម​ចេញ​ពី​ឧស្សាហកម្ម​អំពៅ​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ។ទំនាស់​នេះ​បាន​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ​ កោះកុង​ ព្រះវិហារ​ និង​ឧត្តរមានជ័យ។​​​

ក្រុម​ប្រជាពល​រដ្ឋ​ជាង​២០០​នាក់​ មក​ពី​សហគមន៍​នានា​ក្នុងខេត្ត​ចំនួន​បួន​ ដែល​នៅ​ជាប់​គាំង​ក្នុង​វិវាទ​ដីធ្លី​អស់​ជាច្រើន​ឆ្នាំ​ ដោយសារ​ឧស្សាហកម្មអំពៅ​ ​បានស្វែងរក​ច​អន្តរាគមន៍​ពី​លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុម​ការងារ​អន្តរក្រសួង​ និង​សហគមន៍​អឺរ៉ុប​ បន្ត​ដំណើរការរក​ដំណោះស្រាយ​វិវាទ​ទាំង​នោះ។​

ប្រជា​ពលរដ្ឋ​ដែល​មក​ពី​ខេត្ត​កំពង់ស្ពឺ​ កោះកុង​ ព្រះ​វិហារ​ និង​ឧត្តរមានជ័យ​ ​បានប្រជុំ​គ្នា​ នៅ​មុខ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​រាជធានី​ភ្នំពេញ។​ តំណាង​ប្រជាពលរដ្ឋបាន​យក​ញ្ញតិ្ត​មក​ដាក់​នៅ​ខុទ្ទកាល័យ លោក​ ហ៊ុន សែន ដើម្បីស្នើ​សុំ​ឲ្យ​លោក ចុះ​ហត្ថលេខា លើ​ «លិខិត​ក្រប​ខ័ណ្ឌ​ការងារ​ សម្រាប់​អន្តរក្រសួង​ និង​សហគមន៍​អឺរ៉ុប​ បន្ត​ការងារ​របស់​ខ្លួន»។​

​លោក ​សឹង​ សុខុម​ តំណាង​ប្រជាពលរដ្ឋ​មក​ពី​ឃុំ ត្រពាំងជោ​ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​បាន​ ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ប្រជាពលរដ្ឋ​ដែល​នៅ​បន្ត​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ដែល​ដាំ​អំពៅ​នៅ​លើ​ដី​របស់​ពួក​គេ ​ត្រូវការ ​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក​ ហ៊ុន​ សែន​ ដើម្បី​ពន្លឿន​ដំណើរការ​រក​ដំណោះស្រាយ​ក្នុង​ជម្លោះ​ដីធ្លី។​

តំណាង​ប្រជាពលរដ្ឋរូប​នេះ​បញ្ជាក់​ថា៖

«គាត់​ចង់​បាន​ឲ្យ​សម្តេច​ស៊ីញ៉េ​ ដើម្បី​ឲ្យ​គណៈកម្មការ​អន្តរ​ក្រសួង​ចុះ​វាយ​តម្លៃ​ ធ្វើ​ការ​ដោះស្រាយ​សង​សំណង​ជូន​ពួកគាត់​តែ​ម្តង»។​

​លោក​ សឹង​ សុខុម​ បញ្ជាក់​ថា ក្រុម​ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ​ ក្នុង​ឃុំ​ត្រពាំង​ជោ​ ស្រុក​ឱរ៉ាល់មិន​ទាន់​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា​ លី​ យ៉ុងផាត់​ ​សមាជិក​ព្រឹទ្ធសភាគណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយ​ទេ។​ ទំនាស់​នេះ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ។​ ប្រជាពលរដ្ឋ​ទាំង​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ។​

ដោយសារ​តែ​គ្មាន​ចំណូល​ប្រចាំ​ថ្ងៃ​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ប្រជាជន​ដែល​មាន​ជម្លោះ​ដីធ្លី​ទាំង​នោះ​បាន​ដាក់​បញ្ចាំ​ដី​របស់​ពួក​គាត់​ដែល​នៅ​សេស​សល់​ពី​ជម្លោះ​ដីធ្លី​ទៅ​ឲ្យ​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា។​ ហើយ​ព្រោះ​តែ​គ្មាន​លទ្ធភាព​សង​ប្រាក់​កម្ចី​ទៅ​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​នោះ​វិញ​ ពួក​គាត់​បាន​បាត់​បង់​ដី​ធ្លី និងផ្ទះ​សម្បែង​ដោយ​សារ​ការ​រឹប​អូស​របស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​នោះ។

លោក​ សឹង​ សុខុម ថ្លែង​ថា៖

«យើង​ធ្វើ​មួយ​ថ្ងៃ​១៥.០០០​ ហើយ​គេ​មែន​ឲ្យ​យើង​ធ្វើ​ ទៀង​ទាត់​រាល់​ពេល​ រាល់​ថ្ងៃ​ឯណា​ វាតាម​ពេល​វេលា​ តាម​កាលៈទេសៈ​ប្រើ​ ជួន​កាល​វា​មិន​ប្រើ​ ហើយ​យើង​យក​មក​ យក​មក​ឧបត្ថម្ភ​ជីវភាព​កូន​រៀន​ផង​ មាន​អី​គ្រប់​គ្រាន់​ប៉ុណ្ណឹង​ បើ​កម្លាំង​ពលកម្ម​ទៅ​ធ្វើ​តែ​ពីរ​នាក់​មក​ចិញ្ចឹម​ប្រាំមួយ​ ប្រាំពីរ​នាក់​ យើង​គិត​មើល​ ហើយ​អង្ករ​អត់​ ស្រូវ​អត់ ​យក​ទៅ​ធ្វើ​អី​បាទ»។

អ្នកស្រី ​សួន​ ភន​ វ័យ​ ​៥០​ឆ្នាំ​ ដែល​បាន​បាត់បង់​ដី​ធ្លី​ចំនួន​៥​ហិកតា​ ​ដោយ​សារ​អ្នកស្រី​យល់​ព្រម​ទទួល​យក​សំណង​តិច​តួច​ពី​ក្រុមហ៊ុន​ស្ករអំពៅ​ក្នុង​ស្រុក​ឱរ៉ាល់​ និយាយ​ថា​ ​ប្រជាពលរដ្ឋ​សព្វ​ថ្ងៃ​ បាន​ក្លាយ​ជាកម្មករ​លើ​ដី​ចម្ការ​អំពៅ​ ​ដែល​ធ្លាប់​ជា​ដី​ចម្ការរបស់​ពួក​គាត់។​ ​

ទោះ​ជា​បាត់​បង់​ដីធ្លី​រួច​ទៅ​ហើយ​ក្តី​ ​អ្នកស្រី សួន​ ភន ​និង​ស្វាម៉ី​ នៅបន្ត​ជួយ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​សំណងសមរម្យ​ពី​ក្រុមហ៊ុន​ដាំ​អំពៅ​នានា។

អ្នក​ស្រី​ ស្រី​ ស៊ីនួន​ ចូល​រួម​ដាក់​ញ្ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ ទី​ ៣១​ ខែ​មករា​ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី​/VOA) ​
អ្នក​ស្រី​ ស្រី​ ស៊ីនួន​ ចូល​រួម​ដាក់​ញ្ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ ទី​ ៣១​ ខែ​មករា​ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី​/VOA) ​

អ្នក​ស្រី​ថ្លែង​ថា៖

«គេ​យក​ដី​យើង​ ទៅ​ដាំ​អំពៅ​ យើង​ជា​ម្ចាស់​ដី​ទៅ​ធ្វើ​ខ្ញុំ​ចិន​ហ្នឹង​ កាប់​អំពៅ​កាប់​អី​ឲ្យ​គេ​អញ្ចឹង​ទៅ​ តែ​ដី​យើង​សោះ​ហ្នឹង​ណ៎ា​ គួរ​ឲ្យ​ឈឺ​ចាប់​ប៉ុន្មាន។ បាន​ចឹង​បាន​ពួក​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​មក​ហ្នឹង។ មក​ឲ្យ​ទាមទារ​ឲ្យ​សម្តេច​ ហ៊ុន​ សែន លោក​ជួយ​ដល់​ប្រជាពលរដ្ឋ​ ដែល​កំពុង​រងគ្រោះ​សព្វ​ថ្ងៃ​ហ្នឹង​ វេទនា​ខ្លាំង​ណាស់»។​

អ្នក​ស្រី​ ស្រី​ ស៊ីនួន​ ពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ខេត្ត​កំពង់ស្ពឺ​ បាន​បដិសេធ​មិន​យក​សំណង​ពី​ក្រុមហ៊ុនរបស់​លោក​ លី​ យ៉ុង​ផាត់ ដោយសារ​ប្រាក់​សំណង​នោះ​មិន​សក្តិសម​នឹង​តម្លៃ​ដី​ដែល​លោក​ស្រី​បាន​បាត់បង់។​

​«ដូច​ជា​ពួក​ខ្ញុំ​ បាត់​បង់ដល់​ដីប្រាំ​ហត្ថ​ជាង​ ឲ្យ​ខ្ញុំ​ក្នុង​មួយ​គ្រួសារ​ ១.៥០០​ ហើយ​ខ្ញុំ​ ​១.៥០០​ហ្នឹង​ ដី​ខ្ញុំដល់​ប្រាំ​ហត្ថ​ជាង​ សួរ​ថា​ ខ្ញុំ​ទិញ​បាន​វិញ​អត់ អត់​បាន​ទេ​ ច៎ា​ ដី​ស្រុក​ខ្ញុំ​រាល់​ថ្ងៃ​នេះ​ ក្នុង​មួយហត្ថ​តិច​ណាស់​ ក៏​ត្រឹម​ ប្រាំមួយ​ ប្រាំ​ពីរ​ពាន់​ដែរ»។

​តំណាង​ប្រជាពលរដ្ឋសម្រេច​ឡើង​មក​ដាក់​ញ្ញត្តិ​នៅ​ខុទ្ទកាល័យ​របស់​លោក​ ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បន្ទាប់​ពី​ពួក​គេ​បាន​ផ្តល់​ឯកសារ​ជា​ច្រើន​ ពាក់​ព័ន្ធ​នឹង​ទំនាស់​ដីធ្លីជូន​ទៅ​ក្រសួង​ពាក់​ព័ន្ធ​នានា​ និង​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។​

លោក​ ប៉ាល់​ ចន្ទតារា​ ប្រធាន​គណៈកម្មការ​ចម្រុះ​ទទួល​ និង​ដោះស្រាយ​បណ្តឹង​តវ៉ា​នៃ​ខុទ្ទកាល័យ លោក​ ហ៊ុន​ សែន​ ​បាន​ទទួល​ញ្ញត្តិ​ និង​ឯកសារ​ផ្សេងៗ​ពី​តំណាង​ប្រជាពលរដ្ឋ។លោក​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ លោក​នឹង​បញ្ជូន​ឯកសារ​ទាំង​នោះ​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី​ នរគររូបនីយកម្ម​ និង​សំណង់​ ដើម្បី​ក្រសួង​ទាំង​នេះ​អាច​ចាត់​ចែង​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ដល់​ទី​កន្លែង​មាន​ទំនាស់។​

«រឿង​ដីធ្លី​នេះ​ អត់​អាច​ដោះ​ស្រាយ​នៅ​ភ្នំពេញ​បាន​ទេ​ ទៅ​ដោះ​ដល់​ទី​កន្លែង​ ទៅ​រក​ឯកសារ​ជាក់​ស្តែង​មាន​ឯកសារ​អី​ខ្លះ។​ បងប្អូន​មក​តវ៉ា​អី​ខ្លះ​ មាន​ឯកសារ​អី​ខ្លះ​ ដែល​ជា​ភស្តុតាង​ ដែល​ខ្លួន​ថា ​បាន​កាន់​កាប់​ដីធ្លី​ហ្នឹង។យើង​ទៅ​ទទួល​ហើយ​ យើង​បញ្ជូន​ទៅ។ ហើយ​ខាង​គណៈកម្មាការ​របស់​ក្រសួង​ដែនដី​នឹង​ចុះ​ចាត់​ចែង​ការងារ​ហ្នឹង»។​

តំណាង​ប្រជាពល​រដ្ឋ​រស់​នៅ​ក្នុង​សហគមន៍ ដែល​រង​ផល​ប៉ះ​ពាល់​ ​ដោយ​សារដំណាំ​អំពៅនៅ​ក្នុង​ខេត្ត​ទាំង​បួន​ ក៏​បាន​ដាក់​ញ្ញត្តិទៅ​កាន់​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​រក​ជំនួយ។​ ប៉ុន្តែ​ពួក​គេ​ពុំ​ទាន់​ទទួល​បាន​ការ​សន្យា​ជាក់​លាក់​ណា​មួយ​ក្នុង​ការ​ជួយរក​ដំណោះស្រាយ​ក្នុងទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​នៅ​ឡើយ​ទេ​មក​ទល់​ពេល​នេះ។​

​ក្នុង​ញ្ញត្តិ​ដែល​ដាក់​ជូន​ទៅ​កាន់​ស្ថានទូត​សហភាព​អឺរ៉ុប​ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ ក្រុមហ៊ុនវិនិយោគ​ទាំង​នោះ​ បាន​បង្ក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ដូច​ជា​ ការ​រំលោភ​យក​ដីធ្លី​ដែលប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ពី​មុន និង​ការ​បណ្តេញ​ចេញ​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។​ បញ្ហា​ទាំង​នោះ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​ពុំ​មាន​ដំណោះស្រាយ​នោះ​ឡើយ។​ ​

​ពួក​គេ​បន្ត​ថា​ ផល​ប៉ះ​ពាល់​ពី​ការ​អភិវឌ្ឍ​ឧស្សាហកម្មអំពៅ​ បាន​ធ្វើ​ឲ្យ​ពួក​គេក្លាយ​ជា​កូន​បំណុល​ និង​ធ្លាក់ទៅ​ក្នុង​ភាព​ក្រី​ក្រ​ ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​រស់នៅ​ក្នុង​ស្ថានភាព​កាន់​តែ​លំបាក​ខ្លាំង​ឡើងៗ។​

​VOA​ មិន​ទាន់​អាច​សុំ​សេចក្តី​អធិប្បាយ​ពី​លោក​ឧកញ៉ា​ លី​ យ៉ុងផាត់​ បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​ ក៏​ប៉ុន្តែ​ លោក​ ស៊ិន​ សត្ថា​ អ្នក​សម្រប​សម្រួល​ដំណោះស្រាយ​វិវាទ​ដីធ្លី​របស់​ក្រុមហ៊ុន​ លី​ យ៉ុងផាត់ បាន​ប្រាប់​ VOA ​ ថា​ ក្រុមហ៊ុន​នឹង​សហការ​ដោះស្រាយ​វិវាទដី​ធ្លី​ ដែល​នៅ​សេសសល់​ ជា​មួយ​ប្រជាពលរដ្ឋ​ តាម​រយៈគណៈកម្មការ​ជាក់លាក់​មួយ​ដែល​ត្រូវ​បាន​បង្កើត​ដោយ​ក្រសួង​ពាក់​ព័ន្ធ​និង​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។

«ប៉ុន្តែ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ក៏​គាត់​ត្រៀម​នូវ​អ្វី​ដែល​គាត់​ត្រូវ​មាន​ដែរ​ កុំ​តែ​គាត់​ទាមទារ​អញ្ចឹង​ទៅ​ ព្រោះ​ការ​ទាមទារ​នេះ​ មិន​ត្រឹម​ឥឡូវ​ទេ​ តាំង​២០១០​មក​ ខាង​ក្រុមហ៊ុន​ ព្យាយាម​រំដោះ​ច្រើន​ ហួស​ពី​សមត្ថភាព​ហើយ​ មក​ដល់​ម៉ោង​នេះ​ បាទ​ និយាយ​ការពិត​ទៅ»។​ ​

​ក្រៅ​ពី​ទំនាស់​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ លី​ ​យ៉ុងផាត់​ ប្រជា​ពលរដ្ឋ​ជា​ច្រើន​ក៏​មាន​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ដាំអំពៅផ្សេងៗ​ទៀត។​ នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ប្រជា​ពល​រដ្ឋ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន មីតផល​ ក្រុមហ៊ុន​ ទន្លេ​ស៊ូហ្គឺ​ និង​ក្រុមហ៊ុន​វ៉ាឡេយ៍​ស៊ូហ្គឺ ជា​ដើម៕​

XS
SM
MD
LG