ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សមត្ថកិច្ច​រារាំង​មន្ត្រី​អ.ស.ប​និង​ក្រុម​សិទ្ធិ​មនុស្ស​ពេល​ជួប​ពលរដ្ឋ​មានវិវាទ​ដីធ្លី


រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

មន្ត្រី​សិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ស្ថានភាព​រំលោភ​បំពាន​នៅ​ក្នុង​ខេត្ត​ចំនួន​បី​នេះ​ ​បាន​ថ្លែង​ថា​ ​កាយ​វិការ​របស់​កម្លាំង​មានសមត្ថកិច្ច​ ដែល​បាន​បញ្ឈប់​ការ​សន្ទនា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ នេះ​ជា​ការ​រឹតបន្តឹង​លើ​សេរីភាពនៃការ​បំពេញវិជ្ជាជីវៈការងារ​​របស់​ក្រុមសង្គមស៊ីវិល​ ដែល​ចង់​​ស្វែង​រក​ដំណោះ​ស្រាយ​ពីអាជ្ញាធរមក​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ទាំង​នោះ។

កងកម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជាង​១០នាក់​ប្រដាប់​ដោយ​អាវុធ​វែង​ពីរ​ដើម​បាន​បញ្ឈប់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ក្នុង​នោះ​មាន​មន្ត្រី​របស់​អ.ស.ប​មួយ​រូប មិន​ឲ្យបំពេញ​ការងារស្វែង​រក​ការណ៍ពិត​នៃ​ជម្លោះ​ដីធ្លី​មួយ​ដែល​បាន​កើត​ឡើង​រវាង​ក្រុម​ប្រជាពល​រដ្ឋ​ជាង​៨០គ្រួសារលើ​ដីទំហំ​ជាង​២៣០ហិកតា​ ក្នុង​ឃុំ​អន្លង់​វែង ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មានជ័យ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​និង​ក្រុម​ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លីនោះ។​

លោក ​អ៊ិន គង់ជិត​ អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​និង​ទទួល​បន្ទុកឃ្លំាមើល​ការ​រំលោភសិទ្ធិ​ក្នុង​ខេត្ត​ដែល​ស្ថិត​នៅ​ភូមិភាគ​ពាយ័ព្យ​ប្រទេស​បាន​បញ្ជាក់ឲ្យ​VOA​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កាល​ពី​ថ្ងៃ​អង្គារម្សិលមិញ​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​មាន​រូប​លោក​ជា​តំណាង​ឲ្យ​អង្គការ​លីកាដូ​និង​មន្ត្រី​របស់​ឧត្តមស្នង​ការ​អ.ស.ប.​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ទៅ​ជួបប្រជាពល​រដ្ឋ​ប្រមាណ​ជា៦០នាក់​ ​នៅ​ក្នុង​ចំណុច​តំបន់​ជប់​ត្រកួន​ ភូមិ​អូ​ តាម៉េង​ ​ឃុំអន្លង់​វែង​ ស្រុក​អន្លង់​វែង​ តាម​ការ​សំណូមពរ​របស់​តំណាង​ប្រជាពល​រដ្ឋ។​

លោក​មាន​ប្រសាសន៍ថា​ ក្រុម​ការងារ​ដែល​ជា​មន្ត្រី​ខាង​សិទិ្ធ​មនុស្ស​ បាន​ចាប់​ផ្តើម​សាកសួរ​ប្រជា​ពលរដ្ឋ​បានប្រមាណ​៣០នាទី​ ក៏ស្រាប់​តែ​មាន​កម្លាំង​ប៉ូលិស​និង​មន្ត្រីអាវុធ​ហត្ថមាន​គ្នា​ជាង​១០នាក់ចុះ​មក​បញ្ឈប់​សកម្មភាព​ធ្វើ​បទ​សម្ភាសន៍​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ ហើយបាន​នាំ​យក​ក្រុម​មន្ត្រី​ទៅ​កាន់​សាលា​ស្រុក​ ជាទី​ដែល​លោក ហោ ជិនវីរយុទ្ធ​ អភិបាល​ស្រុក​អន្លង់វែង​ប្រាប់​ថា ​លោក​ជា​អ្នក​បញ្ជា​កម្លាំង​ឲ្យចុះ​ទៅ​កន្លែង​ជួបជុំ​ប្រជាពលរដ្ឋ​នោះ​ ព្រោះ​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​មិន​បាន​សុំការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន។

លោក​ អ៊ិន គង់ជិត ​ថ្លែង​បន្តថា​ ការ​ចុះមក​ឃាត់​ទាំងកម្រោល​នេះ​គឺ​ជា​រូបភាព​មិន​ល្អមួយ​ ហើយ​ថា​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ព្យាយាម​ជូន​ដំណឹង​ទៅ​លោក​អភិបាលស្រុក​ដែរ​ តែពេល​ក្រុមមន្ត្រី​សិទ្ធិម​នុស្ស​ទៅ​ដល់​សាលាស្រុក​នោះ​ មន្ត្រី​រដ្ឋបាល​និយាយថា​ លោក​អភិបាល​ស្រុក​មិននៅ​នោះទេ។

លោក អ៊ិន គង់ជិត​បន្ថែម​ថា៖

«បើ​សិន​ជា​គាត់​ចង់​ឲ្យយើង​ទៅជួប​ គួរតែ​គាត់​ប្រាប់​មេឃុំ​ ឬក៏ប្រាប់​មេភូមិ​ទៅ​ ឲ្យមក​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ទៅ​ជួប​ទៅ​អាហ្នឹង​វា​ជាការ​ស្រេច​ហើយ។​ នេះ​ជាការ​ប្រើ​រូបភាព​មួយ​ គំរាម​កំហែង​ មក​លើ​ពួកខ្ញុំ។ ម្សិលមិញ​ពួកយើង​ឃើញ​កាំភ្លើង​ឃើញ​កម្លាំង​មក​ច្រូង​ច្រាង​ចឹង​ យើង​មានការ​ភ័យ​ខ្លួន​ដែរ។​ ហើយ​អ៊ីចឹង​ ធ្វើ​ឲ្យ​យើង​អាក់​ខាន​ក្នុងការ​បំពេញ​ការងារ​ដោយ​ឯករាជ្យ​ បាទ​ធ្វើ​ឲ្យយើង​មានការ​ភិត​ភ័យ»។​

មន្ត្រី​សិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ស្ថានភាព​រំលោភ​បំពាន​នៅ​ក្នុង​ខេត្ត​ចំនួន​បី​នេះ​ ​បាន​ថ្លែង​ថា​ ​កាយ​វិការ​របស់​កម្លាំង​មានសមត្ថកិច្ច​ ដែល​បាន​បញ្ឈប់​ការ​សន្ទនា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ នេះ​ជា​ការ​រឹតបន្តឹង​លើ​សេរីភាពនៃការ​បំពេញវិជ្ជាជីវៈការងាររបស់​ក្រុមសង្គមស៊ីវិល​ ដែល​ចង់ស្វែង​រក​ដំណោះ​ស្រាយ​ពីអាជ្ញាធរមក​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ទាំង​នោះ។

«នេះ​ជា​ការ​រឹតត្បិត​ក្នុង​ រឹតត្បិត​ក្នុងការ​បំពេញ​បំពេញ​ការងារ​ របស់​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ឲ្យយើង​មានការ​ខកចិត្តយ៉ាង​ខ្លាំង​បាទ»។​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក ហោ ជិនវីរយុទ្ធ​ អភិបាល​ស្រុក​អន្លង់​វែង​ តែ​ទូរស័ព្ទ​របស់​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

ក៏ប៉ុន្តែ​លោក​ វង់ ភ័ក្រ្ត​ មេឃុំ​អន្លង់​វែង​មាន​ប្រសាសន៍​ប្រាប់​VOA ​នៅរ​សៀល​ថ្ងៃ​ពុធនេះ​ថា​ កង​កម្លាំង​មាន​សមត្ថកិច្ច​មិន​បាន​ឃាត់​ខ្លួន​មន្ត្រីសិទ្ធិ​មនុស្ស​ទាំងពីរនាក់​នោះទេ​ តែ​គ្រាន់តែ​នាំ​ពួកគេ​មក​សាក​សួរ​ អំពី​ការណ៍​ដែល​ចុះមកជួបប្រជុំ​ជាមួយ​ប្រជាពល​រដ្ឋ​ ដោយមិន​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​មូល​ដ្ឋាន។​ លោក​ថ្លែងបន្តថា​ ការ​នាំ​មក​សាកសួរ​នេះ​ក៏​មិនមែន​ជាសកម្ម​ភាព​បំបិទសិទ្ធិបំពេញ​ការងារ​របស់​មន្ត្រី​សិទ្ធិមនុស្ស​ទាំង​នោះ​ផងដែរ។​

«ដូច​មិន​ឲ្យ​ប៉ះពាល់​អីទេ​ មែនទែន​ខ្លួន​គាត់​ទេ​ អ្នកធ្វើ​ឲ្យ​ប៉ះ​ពាល់​នោះ​ ព្រោះ​គាត់​មក​អត់មាន​ជូន​ដំណឹង​មកអាជ្ញាធរ​ ព្រោះ​ក្នុង​ដែន​សមត្ថកិច្ច​អាជ្ញាធរ​គេគ្រប់​គ្រង។​ មិនមែន​តំបន់​អនាធិបតេយ្យ​ទេ​ សព្វ​ថ្ងៃ​គេនៅ​មាន​ច្បាប់​យើង​ចង់​ធ្វើ​អី ធ្វើ​អី​មកហៅ​ប្រមូលផ្តុំ​ ប្រ​ជាជន​អីៗ អាហ្នឹងទាល់​តែមាន​ ប្រាប់​ អាជ្ញាធរ​ឲ្យគេ​ដឹង​ទៅ​មាន​អ្នកណា​ហាមឃាត់​អី»។​

លោក​ ហឿ ហាក់​ វ័យ​ ៣៨​ ឆ្នាំ ​ដែល​បាន​ចូល​មក​រស់​នៅ​ដីមាន​ទំនាស់​ ត្រង់​ចំណុច​ជប់​ត្រកួនក្នុង​ឃុំ​អន្លង់វែង​ ស្រុក​អន្លង់វែង​ និយាយថា​ វា​ជា​ការ​សោកស្តាយ​មួយ​ ដែល​ប្រជា​ពលរដ្ឋ​មិន​អាច​រៀបរាប់​លម្អិត​ដល់​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​ ដែល​ខំ​ចុះ​មក​ស្វែង​យល់ពីបញ្ហា​របស់​ប្រជាពលរដ្ឋ​ តែ​បែរ​ជា​ត្រូវ​បាន​កម្លាំង​មានសមត្ថកិច្ច​ ហាម​ឃាត់​ទៅវិញនោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើសម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ទាំងអស់​គ្នា​ហ្នុង​ ក៏មានការ​សោកស្តាយ​ដែរ​ រឿង​ក្រុមបង​ៗ​ អង្គការ​បាន​ចុះមក​ ក៏ប៉ុន្តែ​ដោយសារ​តែ​ ខកខាន​មិន​បាន​សំណេះ​សំណាល​ មានក្រុមបងៗ​ប៉ូលិស​នោះ​ គាត់​បាន​ហៅទៅវិញ​ ប្រជាពលរដ្ឋ​មានការ​ខក​ចិត្ត​ដែរ​ ចំពោះ​បញ្ហា​ការ​ជួប​ជុំ​របស់​ប្រជាពលរដ្ឋ​នោះ​ណ៎ា»។​

តំណាង​ការិយាល័យ​ឧត្តមស្នងការ​អ.ស.ប. ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ មិនទាន់​ឆ្លើយ​តប​សំណួរ​របស់​ VOA ​ដែល​បាន​ផ្ញើតាម​រយៈសារ​អេឡិកត្រូនិក​មកដល់​ល្ងាច​ថ្ងៃ​ពុធនេះ។​

តាម​ការ​អះអាង​របស់​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅខេត្ត​ដែល​ស្ថិត​នៅ​ភូមិភាគពាយ័ព្យ​ប្រទេស​កម្ពុជា​ បាន​បញ្ជាក់​ឲ្យដឹងថា​ វិវាទដីធ្លីនៅត្រង់​ចំណុច​ជប់​ត្រកួននេះ​ ​ជា​ករណីវិវាទ​ដីធ្លី​ដំបូង​ ​ដែល​បាន​កើត​នៅក្នុង​ស្រុក​អន្លង់វែង​ ដែល​ជា​តំបន់​វាយ​ប្រយុទ្ធ​ចុង​ក្រោយ​គេ​មួយ​របស់​ក្រុម​ទាហាន​ខោអាវខ្មៅ​ខ្មែរ​ក្រហម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG