ប្រទេសតួកគីកំពុងអំពាវនាវឲ្យមានទំនាក់ទំនងជាប្រក្រតីឡើងវិញជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីការកើនឡើងនូវការតានតឹងខាងការទូតរវាងសម្ព័ន្ធមិត្តរបស់អង្គការអូតង់នេះ។
នាយករដ្ឋមន្ត្រី Binali Yildirim នៃប្រទេសតួកគីបាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់អភិបាលខេត្តក្នុងទីក្រុងអង់ការ៉ាថា «សេចក្តីប៉ងប្រាថ្នារបស់យើងគឺទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំង២ត្រឡប់ទៅកាន់ភាពធម្មតានៅពេលឆាប់ៗនេះ។ យើងជាប្រទេសតួកគីនឹងមិនបោះបង់ចោលនូវសុភវិនិច្ឆ័យនៅពេលដែលការតានតឹងសាកលលោកនិងក្នុងតំបន់បានកើនឡើង»។
ទំនាក់ទំនងមានការតានតឹងយ៉ាងខ្លាំងបន្ទាប់ពីការចាប់ខ្លួនលោក Metin Topuz បុគ្គលិកក្នុងស្រុកម្នាក់របស់ស្ថានកុងស៊ុលសហរដ្ឋអាមេរិកលើបទចោទប្រកាន់ភេរវកម្ម និងចារកម្ម ការទាក់ទិននឹងរដ្ឋប្រហារមិនបានជោគជ័យកាលពីឆ្នាំទៅប្រឆាំងនឹងប្រធានាធិបតីតួកគី Recep Tayyip Erdogan។ ការតានតឹងទាំងអស់នេះបាននាំឲ្យភាគីទាំង២មានការរឹតត្បិតយ៉ាងខ្លាំងលើការចេញទិដ្ឋាការ។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីតួកគី Erdogan បានស្តីបន្ទោសលោក John Bass ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចំពោះការតានតឹងនេះ។ ប្រធានាធិបតី Erdogan ក៏បានប្រកាសដែរថា លោកឯកអគ្គរដ្ឋទូតនឹងមិនត្រូវចាត់ទុកជាតំណាងស្របច្បាប់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទៀតទេ។ លោក Bass នឹងចាកចេញពីប្រទេសតួកគីនៅចុងសប្តាហ៍នេះដើម្បីបេសកកម្មថ្មីនៅប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានគាំទ្រសកម្មភាពរបស់ឯកអគ្គរដ្ឋទូត Bass យ៉ាងខ្លាំងដោយបាននិយាយម្តងហើយម្តងទៀតពីការរិះគន់ការឃុំឃាំងរបស់បុគ្គលិកក្នុងស្រុករបស់ខ្លួន។ អ្នកសង្កេតការណ៍និយាយថា ចំណាត់ការនេះបានបិទទ្វារសេចក្តីសង្ឃឹមរបស់រដ្ឋាភិបាលក្រុងអង់ការ៉ាដើម្បីបញ្ចប់វិបត្តិនេះដោយស្តីបន្ទោសលើឯកអគ្គរដ្ឋទូតជាជាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន៕