ប្រទេសអូស្ត្រាលីនិងថៃ កំពុងដាក់សម្ពាធប្រទេសភូមាឲ្យធ្វើប្រសើរឡើងដល់ប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួនមុននឹងធ្វើជាប្រធាននៃសមាគមអាស៊ាននៅក្នុងឆ្នាំ២០១៤។ ការអំពាវនាវបានទទួលការគាំទ្រពីក្រុមការពារសិទ្ធិមនុស្សដែលខ្លាចថាអាចមានពហិកា ពីក្រុមប្រទេសដៃគូសំវាទនានានៃសមាគមអាស៊ាន ប្រសិនបើប្រទេសភូមាបរាជ័យក្នុងការអនុវត្តិកំណែទម្រង់។
ប្រទេសអូស្ត្រាលីនិងថៃបានអំពាវនាវដល់ប្រទេសភូមាឲ្យកែលំអប្រវត្តិសិទ្ធិមនុស្ស រួមមានទាំងការដោះលែងពួកអ្នកទោសនយោបាយទាំងអស់មុននឹងឡើងកាន់កៅអីប្រធានសមាគមអាស៊ាន១០ប្រទេសនៅក្នុងឆ្នាំ២០១៤។
នៅដើមខែនេះ ប្រទេសលាវត្រូវបានរាយការណ៍ថាបានយល់ព្រមប្តូរជាមួយប្រទេសភូមានូវតំណែងនាយកសមាគមអាស៊ានក្នុងឆ្នាំ២០១៤។ ប្រទេសលាវនឹងធ្វើប្រធាននៅក្នុងឆ្នាំ២០១២។
ការអំពាវនាវកើតមាននៅក្នុងអំឡុងពេលចរចាគ្នានៅចុងសប្តាហ៍រវាងរដ្ឋមន្ត្រី ក្រសួងការបរទេសប្រទេសអូស្ត្រាលី លោក ខេវិន រ៉ឺដ (Kevin Rudd) និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ីតភីរ៉ុមយ៉ា (Kasit Piromya) នៅក្នុងទីក្រុងបាងកក រាជធានីនៃប្រទេសថៃ។
ប្រទេសភូមាបានបោះបង់ចោលសិទ្ធិរបស់ខ្លួនក្នុងការធ្វើជាប្រធានអាស៊ាននៅ ក្នុងឆ្នាំ២០០៥ ដោយសារសម្ពាធពីអន្តរជាតិលើប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួន។ ប្រទេសភូមាឥឡូវនេះ បង្ហាញកំណែទម្រង់នយោបាយចាប់តាំងពីពេល នោះមក រួមមានទាំងការបោះឆ្នោតសាកលកាលពីឆ្នាំមុននិងការបង្កើតសភាតំណាងរាស្ត្រថ្មីមួយ ព្រមទាំងការដោះលែងមេដឹកនាំគណៈបក្សប្រឆាំង លោកស្រី អោងសាន ស៊ូជី ពីការឃុំខ្លួនក្នុងផ្ទះផងដែរ កាលពីឆ្នាំមុន។
ប៉ុន្តែក្រុមអ្នកការពារសិទ្ធិមនុស្សឲ្យហេតុផលថាសភាត្រូវបានកាន់កាប់ភាគច្រើនដោយពួកយោធានិងបណ្តាគណបក្សនយោបាយដែលពួកយោធាគាំទ្រ នៅពេលមានអ្នកទោសនយោបាយច្រើនជាងពីរពាន់នាក់នៅជាប់ក្នុងពន្ធនាគារនៅឡើយ នៅពាសពេញប្រទេស ក៏ដូចគ្នានឹងការវាយប្រហារទៅលើសហគមន៍នៃក្រុមជនភាគតិចដែលកំពុងនៅមានបន្ត។
វិធានការណ៍ដែលប្រទេសភូមាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០១៤នោះ កំពុងធ្វើឲ្យមានការមិនចុះសំរុងគ្នានៅក្នុងសមាគមអាស៊ាន។
លោក រ៉ឺដ នៃប្រទេសអូស្ត្រាលីនិយាយថា ប្រទេសភូមាចាំបាច់ត្រូវធ្វើឲ្យមានភាពជឿនលឿនថែមទៀតមុននឹងពិចារណាធ្វើជាប្រធានអាស៊ាន។ លោក រ៉ឺដមានប្រសាសន៍ថា៖
«ទស្សនៈរបស់យើងដែលជាប្រទេសអូស្ត្រាលី គឺថាយើងចង់ឃើញបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅក្នុងប្រទេសភូមា បានប្រសើរជាងមុន និងបន្តអនុវត្តតាមដោយគ្មានអាក់ខាន។ នៅក្នុងអតីតកាល យើងបានស្វាគមន៍ការដោះលែង លោកស្រី អោងសាន ស៊ូជី យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបន្តការឃុំឃាំងអ្នកទោសនយោបាយពីរពាន់នាក់»។
លោក រ៉ឺដ ក៏បានចង្អុលអំពីបញ្ហាដូចជាជនជាតិភូមា១១ម៉ឺននាក់ផងដែរដែលរស់នៅ នៅក្នុងជំរុំភៀសខ្លួនក្នុងប្រទេសថៃភាគខាងលិច ហើយនិងមនុស្សច្រើនពាន់នាក់ទៀតដែលផ្លាស់ទីលំនៅ នៅក្នុងប្រទេសភូមាដោយមកពីការប្រយុទ្ធគ្នារវាងក្រុមជនជាតិភាគតិចនិងកងយោធាភូមា។ លោក ម៉ាកទី ណាតេឡាហ្គាវ៉ា (Marty Natelagawa) រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នជាប្រធានសមាគមអាស៊ាន គ្រោងធ្វើទស្សនកិច្ចនៅប្រទេសភូមា ដើម្បីប៉ាន់តម្លៃនៃការត្រៀមខ្លួនរបស់ប្រទេសភូមា ក្នុងការទទួលកិច្ចប្រជុំអាស៊ាននៅក្នុងឆ្នាំ២០១៤។
លោក កាស៊ីត រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និយាយថា ការវាយតម្លៃត្រូវរួមមានទាំងភាពជឿនលឿនរបស់ប្រទេសភូមាដែលស្គាល់ជាម៉ៃយ៉ាន់ម៉ា រាប់តាំងពីការបោះឆ្នោតនិងកាតព្វកិច្ចរបស់ភូមានៅក្រោមធម្មនុញ្ញអាស៊ាន ដែលរួមមានទាំងការទទួលស្គាល់បញ្ហាសិទ្ធិមនុស្សផងដែរ។ លោក កាស៊ីតនិយាយថា នៅតែមានបញ្ហាធំៗនៅឡើយ។
«ជាពិសេស គឺការដោះលែងអ្នកទោសនយោបាយទាំងអស់ដែលនៅសេសសល់ សេរីភាពទូទៅទាំងស្រុងឬសេរីភាវូបនីយកម្មនៃការអនុវត្តន៍នយោបាយទាំងស្រុង ក៏ដូចគ្នានឹងការសន្ទនាគ្នាដែលគេទន្ទឹងរង់ចាំជាយូររវាង លោកស្រី អោងសាន ស៊ូជី ក្នុងនាមគណៈបក្ខប្រឆាំងនិងរដ្ឋាភិបាលដែលតែងតាំងថ្មីៗដោយម៉ៃយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃដំណើរផ្សះផ្សាជាតិនិងការស្ថាបនាជាតិ»។
ក្រុមការពារសិទ្ធិមនុស្សបានស្វាគមន៍ជំហររបស់ប្រទេសអូស្ត្រាលីនិងថៃ នៅក្នុងការទាមទារឲ្យមានកំណែទម្រង់នយោបាយនៅក្នុងប្រទេសភូមា។ លោកស្រី Debbie Stothard ជាស្ត្រីអ្នកនាំពាក្យនៃក្រុមសិទ្ធិមនុស្សឈ្មោះ the Alternative ASEAN Network។ លោកស្រីមានប្រសាសន៍ថា៖
«ប្រទេសភូមាមិនគួរអនុញ្ញាតឲ្យធ្វើជាប្រធានអាស៊ានទេ លុះណាតែប្រទេសនេះបានចាប់ផ្តើមធ្វើកំណែទម្រង់ពិតប្រាកដ គឺមានន័យថា ដោះលែងអ្នកទោសនយោបាយ និងបញ្ឈប់សង្គ្រាមប្រឆាំងនឹងសហគមន៍ជនជាតិភាគតិច»។
លោកស្រី Stothard និយាយថា ប្រសិនបើប្រទេសភូមាទទួលយកកៅអីប្រធានអាស៊ាននៅក្នុងឆ្នាំ២០១៤ដោយគ្មានកំណែរទម្រង់ជាបន្ថែមទេនោះ ក្រុមប្រទេសដៃគូពិភាក្សាសំខាន់ៗ ដែលរួមមានទាំងប្រទេសអូស្ត្រាលី កាណាដា សហគមន៍អឺរ៉ុបនិងប្រទេសជប៉ុន ព្រមទាំង សរអា ផងនោះអាចធ្វើពហិកាមិនចូលរួមក្នុងកិច្ចប្រជុំ។
ប្រែសម្រួលដោយ នុច សារីតា