ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​អានកូ​ផ្តល់​សំណង​ដល់​អតីត​អ្នក​ផ្សាយ​ស្រាបៀរ​Budweiser


អតីត​​អ្ន​ក​ផ្សព្វផ្សាយ​និង​លក់​ស្រាបៀរ​ Budweiser ធ្វើ​កូដកម្ម​ដោយ​លើក​បដា​នៅ​មុខ​ក្រុមហ៊ុន​អានកូ​ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ​ទី៥​ខែ​សីហា​ឆ្នាំ២០១៥​នេះ ដើម្បទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​សំណង​លើ​ការ​រំសាយ​ពួកគេ​ចេញ​ពី​ការងារ​មិន​ស្រប​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ (រូបផ្តល់ជូនដោយ សហព័ន្ធសហជីព កម្មករចំណីអាហារនិងសេវាកម្មកម្ពុជា)
អតីត​​អ្ន​ក​ផ្សព្វផ្សាយ​និង​លក់​ស្រាបៀរ​ Budweiser ធ្វើ​កូដកម្ម​ដោយ​លើក​បដា​នៅ​មុខ​ក្រុមហ៊ុន​អានកូ​ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ​ទី៥​ខែ​សីហា​ឆ្នាំ២០១៥​នេះ ដើម្បទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​សំណង​លើ​ការ​រំសាយ​ពួកគេ​ចេញ​ពី​ការងារ​មិន​ស្រប​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ (រូបផ្តល់ជូនដោយ សហព័ន្ធសហជីព កម្មករចំណីអាហារនិងសេវាកម្មកម្ពុជា)

ក្រុមហ៊ុន​អាន​កូ (Anco Brothers Co.,Ltd) បាន​យល់​ព្រម​ទូទាត់​សំណង​ដល់​ក្រុម​អតីត​អ្នក​ផ្សព្វ​ផ្សាយ និង​លក់​ស្រាបៀរ Budweiser ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​បាតុកម្ម​ពីរថ្ងៃ​ជាប់ៗ​គ្នា​នៅ​ពី​មុខ​ក្រុម​ហ៊ុន​អានកូ​ កាល​ពីដើម​ខែសីហា​នេះ។

ក្រុមហ៊ុន​អាន​កូ (Anco Brothers Co.,Ltd) បាន​យល់​ព្រម​ទូទាត់​សំណង​ដល់​ក្រុម​អតីត​អ្នក​ផ្សព្វ​ផ្សាយ និង​លក់​ស្រាបៀរ Budweiser ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​បាតុកម្ម​ពីរថ្ងៃ​ជាប់ៗ​គ្នា​នៅ​ពី​មុខ​ក្រុម​ហ៊ុន​អានកូ​ កាល​ពីដើម​ខែសីហា​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សហជីព​ និង​អ្នក​ដែល​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​កាល​ពី​ពេល​កន្លង​ទៅ។​

ការ​ទូទាត់​សំណង​នេះ​ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​បាន​ស្នើ​តាម​រយៈ​មេធាវី​របស់​ក្រុម​ហ៊ុន​ឲ្យ​អតីត​អ្នក​ផ្សព្វ​ផ្សាយ និង​លក់​ស្រាបៀ​រចំនួន៨នាក់​ ផ្អាក​ការ​ធ្វើការ​បាតុកម្ម​ បន្ទាប់​ពី​អ្នក​ទាំង​នោះ​បានធ្វើ​បាតុកម្ម​ពី​ថ្ងៃ​ទី​៥ដល់​៦ ខែសីហា​ ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​សង​សំណង​ត្រឹម​ត្រូវ​តាម​ច្បាប់​ការងារ។​

ពួកគេ​ចំនួន​១២នាក់​ត្រូវ​បាន​រំសាយ​ កាលពី​ចុង​ខែ​មករា​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​សំណង​សមស្រប​តាម​ផ្លូវ​ច្បាប់​ពី​ក្រុមហ៊ុន​អានកូ​របស់​លោក​ឧកញ៉ា​ កុក អាន​ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ សាន សុផា​ មន្ត្រី​ច្បាប់​ និង​យុទ្ធនាការ​នៃ​សហព័ន្ធ​សហជីព ​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​ ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​អានកូ​ បាន​ធ្វើ​ការ​ទូទាត់​សំណង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​ ដោយ​ក្រុម​ហ៊ុន​បាន​គោរព​ទៅ​តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​មិថុនា។​ លោក​និយាយថា៖

«តាម​ពិត ​គាត់​គោរព​ទៅ​តាម​សេចក្តី​បង្គាប់​អាជ្ញា​កណ្តាល។ ទីពីរ​ បើ​តាម​ការ​អះអាង​របស់​ខាង​មេធាវី​ គឺ​ថា​ វិវាទ​ការងារ​ការ​ទាម​ទារ​ ឬក៏​របស់​កម្មករ​ហ្នឹង​មិន​ត្រូវ​បាន​ដឹង​ ដល់​អគ្គនាយក​ ឬ​ថ្នាក់​ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន​ទេ។​ អញ្ចឹង​ទៅ​ការ​ទាមទារ​ ឬ​ការធ្វើ​កូដកម្ម​ហ្នឹង​ នៅ​ពេល​ដែល​នាំ​គ្នា​ទៅ​ធ្វើ​កូដកម្ម​មុខ​ក្រុមហ៊ុន​ហ្នឹង ក្រុមហ៊ុន​ភ្ញាក់​ផ្អើល​ដែរ។​ អគ្គនាយក​គាត់​អត់​ដឹង​រឿង»។​

លោក​ សាន សុផា​ បញ្ជាក់​ថា​ អតីត​បុគ្គលិក​ទាំង​នោះ​បាន​ទទួល​សំណង​បន្ថែម​ពី​ក្រុមហ៊ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​៩,៧៣០ដុល្លារ។ ប្រាក់​សំណង​បន្ថែម​ដែល​ក្រុមហ៊ុន​បាន​បង់​ជូន​អតីត​បុគ្គលិក​ម្នាក់ៗ​ គឺ​មាន​ចាប់​ពី​៥០០ដុល្លារដល់​៣,៨៧០ ដុល្លារ។

​អ្នកស្រី​ អូន​ ម៉ានីត​ អតីត​អ្នក​ផ្សព្វ​ផ្សាយ​ស្រាបៀ​រ Budweiser ដែល​បាន​ចូលរួម​ការ​ធ្វើ​បាតុកម្ម​កាលពី​ពេល​កន្លង​មក ​បញ្ជាក់​ប្រាប់​វីអូអេ​ថា ​អ្នកស្រី​ទទួល​បាន​សំណង​៥០០ដុល្លារ​ពីក្រុម​ហ៊ុន​អានកូ។​

កាល​ពី​ខែ​មិថុនា​កន្លងទៅ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ចេញ​សេចក្តី​សម្រេច​បង្គាប់​ឲ្យ​និយោជក ដែល​ជា​ក្រុមហ៊ុន​អានកូ​ទូទាត់​ប្រាក់​បំណាច់​ផ្តាច់​កិច្ច​សន្យា​ការងារ​ ជូន​កម្មការិនី​ទាំង​៨នាក់​ «នូវប្រាក់​បំណាច់​បណ្តេញ​ចេញ​ តាម​មាត្រា​៨៩​នៃ​ច្បាប់​ស្តី​ពី​ការងារ។ ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ជូន​ដំណឹង​មុន តាម​មាត្រា​៧៥នៃ​ច្បាប់​ស្តី​ពី​ការងារ។ ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​មាន​ប្រាក់​ឈ្នួល​ រយៈពេល​៣ឆ្នាំ​ចុង​ក្រោយ‍»។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុមហ៊ុន​អានកូ​មិន​ព្រម​ចូល​ខ្លួន​អនុវត្ត​សេចក្តី​សម្រេច​នេះ​ទេ។​

វីអូអេ​ក៏​បាន​ព្យាយាម​ទាក់​ទង​ លោក ឈុំ មហាកុសល តំណាង​ក្រុមហ៊ុន​អានកូ​ ផងដែរ​ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​ រីឯ​លោក យិច សមិទ្ធិ មេធាវី​ការពារ​ក្តី​ឲ្យ​ក្រុមហ៊ុន​អានកូ​ បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ៕

XS
SM
MD
LG