ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមហ៊ុន​ឧកញ៉ា​កុក អាន​មិនព្រម​បើក​ប្រាក់​ឱ្យ​អតីត​នារី​លក់​ស្រាបៀរ


អតីត​​អ្ន​ក​ផ្សព្វផ្សាយ​និង​លក់​ស្រាបៀរ​ Budweiser ធ្វើ​កូដកម្ម​ដោយ​លើក​បដា​នៅ​មុខ​ក្រុមហ៊ុន​អានកូ​ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃ​ពុធ​ទី៥​ខែ​សីហា​ឆ្នាំ២០១៥​នេះ ដើម្បទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​សំណង​លើ​ការ​រំសាយ​ពួកគេ​ចេញ​ពី​ការងារ​មិន​ស្រប​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ (រូបផ្តល់ជូនដោយ សហព័ន្ធសហជីព កម្មករចំណីអាហារនិងសេវាកម្មកម្ពុជា)

ក្រុមអតី​តបុគ្គលិក​ចែកចាយ​ស្រា​បៀរ​នឹង​បន្ត​ការ​ធ្វើ​កូដកម្ម​តទៅ​ទៀត​នៅ​ថ្ងៃ​ស្អែក​នេះ​ រហូត​ទាល់​តែ​មាន​​ដំណោះស្រាយ។

បុគ្គលិក​នៃ​ក្រុមហ៊ុន​អានកូ​(Anco Brother Co.,Ltd) ​របស់​លោក​ឧកញ៉ា​កុក​ អានសមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ដោះ​ស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ​ចូល​សម្រប​សម្រួល​ជម្លោះ​ការងារ​រវាង​អតីត​អ្នក​ចែក​ចាយ​ស្រា​បៀរ​ Budweiser ខណៈ​ដែលអតីត​អ្នក​ផ្សព្វ​ផ្សាយ​និង​លក់​ស្រាបៀរ​ប្រាំមួយ​នាក់​ ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​ក្រុម​ហ៊ុន។​ នេះ​បើ​តាម​ការ​បញ្ជាក់ពី​មន្ត្រី​សហជីព​ និង​មន្ត្រី​ដោះ​ស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ។​

ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ពុធ​នេះ​ កើត​មាន​ឡើង​ក្រោយ​ពេល​ដែល​ក្រុម​ហ៊ុន​អាន​កូ បាន​រំសាយ​អ្នក​ផ្សព្វ​ផ្សាយ​និង​លក់​ស្រាបៀរ​ចំនួន​១២​នាក់​កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០១៥ ​ដោយ​គ្មានទូទាត់​សំណងត្រឹម​ត្រូវ​តាម​ច្បាប់​ការងារ​នៃ​ប្រទេស​កម្ពុជា។​

លោក​សាន សុផាត​ មន្ត្រី​ច្បាប់​និង​យុទ្ធនាការ​នៃ​សហព័ន្ធ​សហជីព​ កម្មករ​ចំណី​អាហារ​និង​សេវា​កម្ម​កម្ពុជា ​ដែល​ដឹកនាំ​កូដ​កម្ម​នេះ​ មានប្រសាសន៍​ប្រាប់​វីអូអេ​ថា​ បុគ្គលិកក្រុម​ហ៊ុន​អានកូ​មិន​អនុញ្ញាត​ឲ្យ​លោក​ វ៉ា​ យុវវឌ្ឍនា​ប្រធាន​ការិយាល័យ​ដោះ​ស្រាយ​វិវាទ​ការងារ​នៃ​ក្រសួង​ការងារចូល​ជួប​នាយក​គ្រប់​គ្រង​ក្រុមហ៊ុន​នោះ​ទេ​ ហើយ​ថា​ ក្រុមហ៊ុន​ពុំផ្តល់​ហេតុផល​នៃ​ការ​មិន​អនុញាត​នេះ​ដែរ​។​

«គាត់​ឈរ​ចាំ​ជាង​មួយ​ម៉ោង​ ហើយ​ខាង​អាជ្ញាធរ​មូល​ដ្ឋាន​ ខាង​ប៉ូលិស​អីហ្នឹង​ គាត់​មកប្រាប់​ខាង​សហ​ជី​ព​ថា​ ឥឡូវ​ហ្នឹង​ក្រសួង​មកហើយ​ បន្តិច​ទៀត​នឹង​មាន​ការ​ប្រជុំ​ចរចា​ជាមួយ​ភាគី​ហ្នឹង​ហើយ​ទល់​មុខ​គ្នា​ហើយ​ ហើយ​យើង​រង់​ចាំ​ រង់ចាំ​រហូត​ ជិត​មួយ​ម៉ោង​ក្រសួង​ក៏គាត់​ទៅ​វិញ​ ហើយ​គាត់​ក៏ប្រាប់​យើង​មួយ​ម៉ាត់​វិញ​ថា ក្រុមហ៊ុន​មិន​ឲ្យ​ចូល»។​

កូដកម្ម​នេះ​ត្រូវ​បាន​ឡើង​ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​បាន​ចេញ​សេចក្តី​សម្រេច​កាល​ពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ បង្គាប់​ឲ្យ​និយោជក​ទូទាត់​ប្រាក់​បំណាច់​ផ្តាច់​កិច្ច​សន្យា​ការងារ​ ជូន​កម្ម​ការិនី​ទាំង​០៨​នាក់​ នូវ​៖ ប្រាក់​បំណាច់​បណ្តេញ​ចេញ​ តាម​មាត្រា​៨៩​នៃ​ច្បាប់​ស្តី​ពី​ការងារ។​ ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ជូន​ដំណឹង​មុន​ តាម​មាត្រា​៧៥នៃ​ច្បាប់​ស្តី​ពី​ការងារ។ ប្រាក់​បំណាច់​ទូទាត់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​មាន​ប្រាក់​ឈ្នួល​ រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ។

លោក​សាន​ សុផាត​ បន្តផងដែរ​ថា​ ការធ្វើ​កូដកម្ម​ថ្ងៃ​នេះ​ ពុំ​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ពី​ខាង​ភាគី​ក្រុម​ហ៊ុន​នោះ​ ហើយ​តំណាង​កម្មការិនី និង​តំណាង​ក្រុមហ៊ុន​អានកូ​ត្រូវ​បាន​លោក​ស្រីកែវ សាកលចៅ​សង្កាត់​វាលវង់​ហៅ​ទៅ​ជួប​នៅ​សាលាសង្កាត់​ដើម្បីពិភាក្សា​គ្នា។​

លោក​បញ្ជាក់​ថា​លោក​ស្រី​កែវ សាកល​ បាន​កំណត់ឲ្យគូវិវាទ​ជួបចរចា​គ្នា​នៅ​ថ្ងៃ​សុក្រ​ខាងមុខ​នេះ​ ហើយ​លោក​បាន​បន្ថែម​ថា​ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខណ្ឌ​ប្រាំពីរ​មករា​ម្នាក់ មក​គំរាមដក​ហូត​យក​ក្បាល​ម៉េក្រូ​ និង​បដា​តវ៉ា​ពីក្រុម​អ្នក​ធ្វើ​កូដកម្ម។​ ប៉ុន្តែ​លោក​មុក​ បូរុណ​ឆស័ក្ត ​នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​វាលវង់​ និយាយ​ថា​លោក​មិន​ដឹង​ពី​ការ​គំរាម​កំហែង​នេះ​ឡើយ​។

​ដោយ​ឡែក​លោកវ៉ា​ យុវវឌ្ឍនា​ ប្រធាន​ការិយាល័យ​ដោះ​ស្រាយ​វិវាទ​នៃ​ក្រសួង​ការងារ​ មាន​ប្រសាសន៍​ថា​ ខាង​ក្រុម​ហ៊ុន​មិន​បាន​ផ្តល់​មូល​ហេតុ​នៃ​ការណ៍ដែល​មិន​អាច​អនុញ្ញាត​ឲ្យ​លោក​ចូល​ទៅក្នុង​ក្រុម​ហ៊ុន​ដែរ​ តែ​លោក​ពន្យល់​ថា​ ក្រុម​ហ៊ុន​ត្រូវ​តែ​ទូទាត់​ការ​ខូច​ខាត​ការ​ងារ​របស់​អតីត បុគ្គលិក​ចែក​ចាយ​ស្រាបៀរ​ទាំង​នោះ​។​

«ប្រទេស​មាន​ច្បាប់​ គ្រួសារ​មាន​វិន័យ​ អញ្ចឹង​គាត់​អត់​មាន​យក​អំណាច​ឧកញ៉ា​មក​នេះ​ទេ​ គឺ​ត្រូវ​ចូល​ខ្លួន​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​ ច្បាប់​ចង្អុល​បង្ហា​ញ​ថា​ម៉េច​ គាត់​ត្រូវ​តែ​ឲ្យ​គេ​អញ្ចឹង»។​

រីឯ​លោក​ឈុំ​ មហាកុសល​ ​តំណាង​ក្រុម​ហ៊ុន​អាន​កូ ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​អំពី​សំណង​ដែល​ក្រុម​ហ៊ុន​អានកូ​ ត្រូវ​ទូទាត់​ជូន​អតីត​បុគ្គលិក​អ្នក​ផ្សព្វ​ផ្សាយ​ និង​លក់​ស្រាបៀរ​បាន​ទេ​ ដោយ​លោក​និយាយ​ថា៖

«ទេអាហ្នឹង​អត់​ដែរ ​លុះត្រា​តែ គាត់​ហ្នឹង​យ៉ាងម៉េច​ យ៉ាង​ម៉េច​ទេ​ ចាំ​ឲ្យ​គេសម្របសម្រួល​ ​គេ​ជជែក​គ្នាទៅ​»។

​ក្រុមអតី​តបុគ្គលិក​ចែកចាយ​ស្រា​បៀរ​នឹង​បន្ត​ការ​ធ្វើ​កូដកម្ម​តទៅ​ទៀត​នៅ​ថ្ងៃ​ស្អែក​នេះ​ រហូត​ទាល់​តែ​មានដំណោះស្រាយ ​ទោះ​បី​ជាមាន​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ក៏ដោយ៕

XS
SM
MD
LG