ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹក​នាំ​សហជីព​បន្ត​អំពាវនាវ​ឱ្យ​ផ្លាស់​ប្តូរ​ចំណុច​ខ្លះ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​សហជីព


រូបឯកសារ៖ កម្មការិនី​កាត់ដេរ​ម្នាក់(ស្តាំ) ទិញ​បន្លែ​នៅ​ក្បែរ​រោងចក្រ ដើម្បី​ធ្វើ​អាហារ​ពេល​ល្ងាច ក្រោយពី​ធ្វើ​ការងារ​ពេញ​មួយ​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។
រូបឯកសារ៖ កម្មការិនី​កាត់ដេរ​ម្នាក់(ស្តាំ) ទិញ​បន្លែ​នៅ​ក្បែរ​រោងចក្រ ដើម្បី​ធ្វើ​អាហារ​ពេល​ល្ងាច ក្រោយពី​ធ្វើ​ការងារ​ពេញ​មួយ​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

វិស័យ​ឧស្សាហ​កម្ម​កាត់ដេរ​បាន​ផ្តល់​ការងារ​ដល់​មនុស្ស​ចំនួន​៦០០.០០០​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​កម្មករ​បាន​និយាយ​ថា ​ប្រាក់​ខែ​កម្មករ​​នៅ​តែ​ទាប ​ដែល​ធ្វើ​ឱ្យ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​មាន​ការ​លំបាក​​ ហើយ​ដែល​នាំ​ឲ្យ​​មាន​ការ​ធ្វើ​កូដកម្ម​ និង​បាតុកម្ម​ជា​ច្រើន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

មេ​ដឹក​នាំ​សហជីព​នឹង​ផ្ញើ​សំណើមួយ​ផ្សេង​ទៀត​ទៅ​ក្រសួង​ការងារ​នៅ​សប្តាហ៍​នេះ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ចំណុច​ដ៏​ចម្រូង​ចម្រាស​ខ្លះ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​សហជីព ​ដែល​អ្នក​រិះគន់​មាន​ការ​ភ័យ​ខ្លាច​ថា​ នឹង​កាត់​បន្ថយ​សិទ្ធិ​របស់សហជីព​ និង​អង្គការ​ពលកម្ម​ ហើយវា​ផ្តល់ផល​ប្រយោជន៍​ទៅ​ឲ្យ​ម្ចាស់​រោងចក្រ​កាត់ដេរ​ ដែល​ជា​វិស័យ​ឧស្សាហ​កម្មដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា។​

វិស័យ​ឧស្សាហ​កម្ម​កាត់ដេរ​បាន​ផ្តល់​ការងារ​ដល់​មនុស្ស​ចំនួន​៦០០.០០០​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​កម្មករ​បាន​និយាយ​ថា ​ប្រាក់​ខែ​កម្មករនៅ​តែ​ទាប ​ដែល​ធ្វើ​ឱ្យ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​មាន​ការ​លំបាក ហើយ​ដែល​នាំ​ឲ្យមាន​ការ​ធ្វើ​កូដកម្ម​ និង​បាតុកម្ម​ជា​ច្រើន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ រដ្ឋាភិបាលបាន​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​គ្រប់គ្រង​សកម្ម​ភាព​សហជីព​ ដោយ​មាន​ការ​ដាក់​កម្រិត​ ដែល​មេដឹកនាំ​កម្មករ​និយាយ​ថា​ ពួក​គេ​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ​ ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ផ្តល់​យោបល់​កាលពីខែ​កក្កដា​កន្លង​ទៅ។

លោក​អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កម្ពុជា​ បាន​ថ្លែង​ថា ​បើ​ទោះ​ជា​ក្រសួង​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​នេះ​ហើយ​ក៏​ដោយ តែ​នៅ​មាន​ចំណុច​ផ្សេង​ទៀត​ដែល​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជា​ចាំ​បាច់​បន្ថែម​ទៀត។​ ហើយសហជីព​គួរ​ត្រូវ​បានអនុញ្ញាត​ឲ្យ​ពិនិត្យសេចក្តី​ព្រាង​ច្បាប់​នេះ។​

លោក​សាត សមុទ្រ ​អនុ​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ បាន​ឱ្យ​ដឹង​ថា ​ការ​ផ្លាស់​ប្តូរ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​កិច្ច​ប្រជុំ​កាលពី​ខែ​កក្កដា។ ​លោក​បាន​បន្ត​ថា​ ខ​នៃ​ច្បាប់​ដែលកំណត់​ថា ​មេដឹកនាំសហជីព​មិន​ត្រូវមាន​ប្រវត្តិ​ជាប់ទោសឧក្រឹដ្ឋនោះ ត្រូវ​បាន​លុបចោល​ ប៉ុន្តែ​លោក​និយាយ​ថា ​មេ​ដឹក​នាំ​សហជីព​ត្រូវ​បង្ហាញ​ថា​ ខ្លួនមិន​ធ្លាប់​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។

សេចក្តី​ព្រាង​ចុង​ក្រោយបំផុត​នៃ​ច្បាប់​គ្រប់គ្រង​សហជីព​នេះ​បាន​អនុញ្ញាត​ឱ្យ​សហជីពនៅ​ក្នុង​រោងចក្រ​អាច​បង្កើត​សហជីព​ ដោយមានការ​គាំទ្រ​ពី​កម្មករ​ចំនួន​១០%​នៃ​កម្មករ​ក្នុង​រោងចក្រ​គឺបាន​ធ្លាក់​ចុះ​ពី​២៥​ភាគរយ។​ លោកបាន​និយាយ​ថា​ តម្រូវ​ការ​អាយុ​សម្រាប់​មេដឹកនាំ​សហជីពត្រូវ​បាន​កាត់​បន្ថយ​ពី​២៥​ឆ្នាំ​ទៅ​១៨​ឆ្នាំ​វិញ​ ប៉ុន្តែ​សហ​ជីព​នៅ​តែ​ត្រូវ​ផ្តល់​របាយ​ការណ៍​ហិរញ្ញវត្ថុ​សម្រាប់​សមាជីព​របស់​ពួកគេ​ ហើយថតចម្លង​សេចក្តី​រាយ​ការណ៍​នោះ​ដាក់​ជូនក្រសួង​ការងារ។​

លោក​សមុទ្រ​បាន​និយាយ​ថា​ ក្រសួង​ការងារ​នៅ​តែ​បន្ត​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទៅ​លើ​សេចក្តី​ព្រាង​ ហើយក្រសួង​មិន​ទាន់អាច​ចែក​រំលែក​សេចក្តី​ព្រាង​ច្បាប់​នេះឲ្យសហជីព​នៅ​ឡើយ​ទេ។​

«វា​ត្រូវ​បាន​គេ​ពិនិត្យ​ឡើងវិញ​និង​កែ​សម្រួល​បន្ថែម»។​

លោក​អាត់ ធន់​បាន​និយាយ​ថា ​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរបន្ថែម​ទៀត​ ​ប៉ុន្តែ​សហ​ជីព​ត្រូវ​ពិនិត្យ​មើល​សេចក្តី​ព្រាង​ច្បាប់​នេះឡើង​វិញ។​

«យើង​មិន​បាន​ឃើញ​សេចក្តី​ព្រាង​ចុង​ក្រោយ​ ដូច្នេះ​យើង​នៅតែ​មាន​ការ​ព្រួយ​បារម្ភ»។

លោក​បាន​បន្ត​ថា ​ច្បាប់​គ្រប់គ្រង​សហជីព​នេះនៅ​មាន​ផ្នែក​ដែល​ប្រឆាំង​នឹង​ច្បាប់​ការងារ ​ដូចជា​ការតម្រូវ​ថា​ សហជីព​ត្រូវមានសមាជិក​យ៉ាងតិច៥១ភាគរយនៃ​សមាជិក​បច្ចុប្បន្ន​របស់​ខ្លួន​ទើបអាច​ធ្វើ​បាតុកម្ម​ ឬ​ធ្វើ​សមាជ​បាន។​

លោក​បាន​ថ្លែង​ថា៖​ «ការ​ធ្វើ​សមាជ​គឺ​សិទ្ធិ​របស់​សហជីព។​ ​យើង​មាន​ចំនួន​សមាជិក​ប៉ុន្មាន​ស្រេច​លើ​យើង។ ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​កំណត់​អញ្ចឹង?»​

លោក​ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​នៅ​មិន​ទាន់​ធ្វើ​ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ ​ក្រសួង​បាន​បង្ហាញ​សហជីព​តែ​ចំណុច​ដែល​ក្រសួង​បាន​ធ្វើការ​ផ្លាស់ប្តូរ​ប៉ុណ្ណោះ​ ប៉ុន្តែ​ក្រសួងមិន​បាន​បង្ហាញសេចក្តី​ព្រាង​ច្បាប់​ទាំង​មូល​ ដែល​សហជីព​អាចនឹង​ផ្ដល់​ជា​យោបល់​ និង​លើក​សំណើច្រើន​ទៀត។​

លោក​បាន​និយាយ​ថា៖​ «វា​មិន​ទាន់​គ្រប់គ្រាន់​ទេ។​ យើង​ចង់​ឃើញសេចក្តី​ព្រាង​ច្បាប់ចុង​ក្រោយ ​ដើម្បី​ឲ្យ​យើង​អាច​ពិនិត្យ​មើល​មាត្រា​ទាំង​អស់»៕​

XS
SM
MD
LG