ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេ​ដឹកនាំ​សហជីព​នឹង​បន្ត​ការ​តវ៉ា និង​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​១៧៧​ដុល្លារ


កម្មការិនីរោងចក្រទិញម្ហូបចម្អិនស្រាប់នៅទិដ្ឋភាពនៃបន្ទប់ស្នាក់នៅជួលរបស់កម្មកររោងចក្រនៅតំបន់ផ្លូវវេងស្រេង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (ស៊ូ ពិសែន/VOA)

ពួក​គេ​ថ្លែង​ថា​ ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៧៧​ដុល្លារ​​នៅ​តែ​ជា​ចំនួន​អាទិភាព​សម្រាប់​ធ្វើ​ការ​ចរចា​​ជា​មួយ​និយោជក​ដែល​ត្រូវ​ធ្វើ​ឡើង​​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ។​

មេ​ដឹកនាំ​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ព្រមាន​អំពី​ការតវ៉ា​ និង​ការ​ធ្វើ​កូដកម្ម​ បន្ទាប់​ពី​តំណាង​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បញ្ជាក់​តាម​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា​ ​និយោជក​ភាគ​ច្រើន​ដែល​ជា​សមាជិក​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​ពុំ​មាន​ចេតនា​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​នៅ​ក្នុង​ឆ្នាំ​២០១៦​ទេ។

ពួក​គេ​ថ្លែង​ថា​ ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៧៧​ដុល្លារនៅ​តែ​ជា​ចំនួន​អាទិភាព​សម្រាប់​ធ្វើ​ការ​ចរចាជា​មួយ​និយោជក​ដែល​ត្រូវ​ធ្វើ​ឡើងនៅ​ខែ​កញ្ញា​ឆ្នាំ​នេះ។​

លោកអាត ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា ឲ្យ​ដឹង​ថា​ ទោះ​បី​ជា​និយោជក​លើក​ឡើង​យ៉ាង​នេះ​ក្តី​ ក៏​ការ​ទាមទារ​ការ​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​នឹង​នៅ​តែ​កើត​មាន​ ហើយ​ថា​ កម្មករ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​និង​វាយនភ័ណ្ឌនឹង​ធ្វើ​ការ​តវ៉ា​ ប្រសិន​បើនិយោជក​មិន​គិតគូរ​ដល់​ការ​ដំឡើងប្រាក់​ឈ្នួល​របស់​ពួក​គេ​ ឬ​ក៏ការ​ដំឡើងមាន​កម្រិត​ទាប​ មិន​អាច​ទប់​ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​បាន​នោះ។​

«ជា​ធម្មតា​គឺសហជីពយើង​ យើង​មាន​បទ​ពិសោធន៍​ជាង​១០​ឆ្នាំ​ហើយ។​ យើង​តែង​តែ​ជួប​ពាក្យ​អញ្ចឹង ហើយ​វិនិយោជក​មិន​ដែល​ឮ​ពាក្យ​ណា​ដែល​គាត់​ចង់​ដំឡើងឲ្យ​ទេ។​ ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ បើ​សិន​ជា​និយោជក​មិន​ដំឡើងសោះ​ឬ​ក៏​ដំឡើងកម្រិត​ទាប​នោះ​ រឿង​ការ​តវ៉ា​របស់​កម្មករ​វា​នឹង​អាច​កើត​មាន​ឡើងហើយ»។​

លោក​អាត ធន់​បញ្ជាក់​បន្ថែមថា​ សហជីព​នឹង​នៅ​តែ​បន្ត​យក​តួ​លេខ​ប្រាក់​ឈ្នួល​អប្បបរមាចំនួន​១៧៧​ដុល្លារ​ដើម្បី​ចរ​ចាជាមួយ​ថៅកែ​រោចក្រ​ ខណៈ​ដែល​ការ​សិក្សា​ស្រាវជ្រាវ​រក​តួលេខ​ថ្មីបាន​ចាប់​ផ្តើម​ ហើយ​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​នឹង​ត្រូវ​បង្ហាញ​នៅ​ដំណាច់​ខែ​សីហា​ខាង​មុខនេះ។​

អ្នក​ស្រី​យ៉ាង សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា ​បាន​ថ្លែង​ថា​ ការ​ធ្វើ​បាតុកម្ម​ និង​កូដ​កម្ម​គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​កម្មករ​ តែថា ​ការ​ចរចា​ជាមួយ​ថៅ​កែ​រោងចក្រ​ដើម្បី​ការ​ដំឡើងប្រាក់​ឈ្នួល​អប្បបរមា​នេះ​នឹង​នៅ​តែ​បន្ត។​

«បើ​សិន​ណា​ការ​ជជែក​គ្នា​ យើង​មិន​បាន​លទ្ធផល​ជា​វិជ្ជមាន​ ហើយ​ការ​ដំឡើងហ្នឹង​មាន​លក្ខណៈ​តិច​តួច​ យើង​មិន​អាច​ទទួល​យក​បាន​ ​នោះ​យើង​ប្រាកដ​ជា​មាន​ការ​ប្រជុំ​ជាមួយ​សមាជិក​របស់​យើង​ នៅ​តាម​បណ្តា​រោងចក្រ​សហគ្រាស​ដែល​ជា​សមាជិក​របស់​យើង​ទាំង​អស់​ហ្នឹង។​ អញ្ចឹង​យើង​នឹង​ជជែក​គ្នា​ ​រក​យុទ្ធ​សាស្រ្ត​ដើម្បី​ធ្វើ​ការ​ងារ​បន្ត​ទៀត។​ ប៉ុន្តែ​បើ​សិន​ណា​យើង​រក​យុទ្ធសាស្ត្រ​ធ្វើ​ការ​ងារ​បន្ត​ទៀត​ ហើយ​វា​ចាំ​បាច់​មិន​មាន​ជម្រើសក្រៅពី​ការ​ធ្វើ​កូដកម្ម​ ធ្វើ​បាតុកម្ម​អី​ទេ​ ប្រហែល​ជាយើង​ដើរ​ចូល​ទៅ​ទាក់​ទង​និងធ្វើ​កូដកម្ម​ បាតុកម្ម​ បើ​សិន​ណា​មិន​ជម្រើស​អី​ទាំង​អស់»។​

​សេចក្តី​រាយ​ការណ៍របស់​ព្រឹត្តប័ត្រ​ព័ត៌មាន​ The Cambodia Daily ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​នេះ​បាន​ស្រង់​សម្តី​របស់​លោក​កាំង ម៉ូនីកា​ អគ្គ​លេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ដែល​និយាយ​ថា​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ធ្វើ​ការ​ស្ទាប​ស្ទង់​មតិ​សមាជិក​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ។​ ការ​ស្ទាប​ស្ទង់​មតិ​នោះ​បាន​ផ្តល់​នូវជម្រើស​បី​ឲ្យ​សមាជិក​សមាគ​មជ្រើស​រើស​ គឺ​«ជម្រើស​មិន​ដំឡើង​ ​ជម្រើស​ដំឡើង​ចន្លោះ​ពី​១​ដុល្លារ​ដល់​៥​ដុល្លារ និងជម្រើស​ដំឡើងពី​ចន្លោះ​៦​ដុល្លារដល់​១០​ដុល្លារ។​

លោក​ម៉ូនីកា​បាន​បញ្ជាក់​ពី​លទ្ធផល​បឋម​នៃ​ការ​ធ្វើការ​ស្ទាប់​ស្ទង់​មិត​នេះ​ថា ៦៣​ភាគរយ​នៃ​សមាជិក​របស់សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​បាន​បោះ​ឆ្នោត​គាំ​ទ្រ​ជម្រើស​ «មិនដំឡើង»​ រីឯ​២៦​ភាគរយ​ទៀត​បោះ​ឆ្នោត​គាំ​ទ្រ​ឲ្យ​ដំឡើង​ពី​១​ដុល្លារ​ដល់​៥​ដុលា្លរ។​

ថ្លែងតាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ លោក​ម៉ូនីកា​បញ្ជាក់​ជាថ្មី​ទៀត​ថា​ ថៅកែ​រោងចក្រ​កាត់​ដេរ​នៅតែរក្សា​ជំហរ​មិន​ដំឡើងប្រាក់​ឈ្នួល​បន្ថែម​ ដោយ​លទ្ធផល​ស្ថាពរ​នៃ​ការ​ស្ទាប​ស្ទង់​នេះបានបង្ហាញ​ថា​ ៦៦​ភាគរយ​នៃ​សមាជិក​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជាមិន​មាន​លទ្ធភាព​ដំឡើងប្រាក់​ឈ្នួល​នោះ​ទេ​ ខណៈដែល​២៧​ភាគរយ​នៃ​សមាជិក​របស់​សមាគម​បោះ​ឆ្នោតដំឡើងពី​១​ដុល្លារ​ទៅ​៥​ដុល្លារ ហើយ​មានតែ​៤​ភាគរយ​នៃ​សមាជិក​របស់​សមាគម​ បោះឆ្នោត​ដំឡើងពី​៦​ដុល្លារ​ដល់​១០​ដុល្លារ។​

ឆ្លើយ​តប​នឹង​សំណួរ​ថា​ តើ​ថៅកែ​រោងចក្រ​មានការ​បារម្ភ​អំពីការកើត​ឡើង​នូវ​ការ​តវ៉ា​ និង​ការ​ធ្វើ​កូដកម្ម​ឬទេ?​ លោក​ម៉ូនីកា​និយាយ​ថា៖​

«ជា​ទូទៅ​ អា​ហ្នឹង​ការ​បារម្ភ​របស់​យើង​ យើង​តែ​ងតែ​មាន​ហើយ​កូដកម្ម​ បាតុកម្ម​ហ្នឹង។ ​ប៉ុន្តែ​ធ្វើ​ម៉េច​អានេះ​វា​ជា​លទ្ធភាពដែល​សមាជិក​របស់​យើង​បាន​បង្ហាញ​មក​យើង»។​

វីអូអេ​ពុំ​អាច​ទំនាក់​ទំនង​លោក​ហេង សួ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។​

ឧស្សាហ​កម្មកាត់​ដេរ​បាន​ផ្តល់​ការងារ​ឲ្យ​មនុស្ស​យ៉ាងហោច​ណាស់​៦០០.០០០​នាក់។ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ភាព​រំជើប​រំជួល​នៅ​ក្នុង​វិស័យ​នេះ​ ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​បាន​សមស្រប​ទៅ​នឹង​ការ​កើន​ឡើង​នូវ​ថ្លៃ​ទំនិញ​នានា​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​បន្ត​កើន​ឡើង​លឿន​ជាង​ប្រាក់​ខែ​កម្មករ។​

ការ​តវ៉ា​របស់​កម្មករ​ដើម្បី​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កាលពី​ខែ​មករា​ដើម​ឆ្នាំ​២០១៤​បាន​ប្រឈម​នឹង​ការ​បង្រ្កាប​ដោយ​អំពើ​ហិង្សា​ពី​រដ្ឋាភិបាល​ ដែល​នាំឲ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួនប្រាំ​នាក់​បាន​ស្លាប់ ​និង​រាប់​សិប​នាក់​រង​របួស​ ព្រម​ជាមួយ​នឹង​ការ​ដាក់​ពន្ធនាគារ​មេ​ដឹក​នាំ​សហជីព​ និង​កម្មករ​មួយ​ចំនួន​ទៀត។​

បន្ទាប់​ពី​មាន​ការ​តវ៉ា​ទាំង​នោះ​ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១២៨​ដុល្លារក្នុង​មួយ​ខែ​ ប៉ុន្តែ​ក្រុម​កម្មករ​បាន​និយាយ​ថា​ ពួក​គេ​ត្រូវ​ការ​យ៉ាង​ហោច​ណាស់​១៧៧​ដុល្លារក្នុង​មួយ​ខែ​ដើម្បី​ទប់ទល់​នឹង​ការ​កើន​ឡើង​នូវ​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នា​ពេល​បច្ចុប្បន្ន៕​

XS
SM
MD
LG