ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សិទ្ធិ​មនុស្ស​អឺរ៉ុប​ប្រតិកម្ម​ភ្លាមៗ​លើ​ការ​បង្ក្រាប​មន្ត្រី​សិទ្ធិ​មនុស្ស​ថ្មី​ទៀត​នៅ​កម្ពុជា

  • សុខ ខេមរា

លោក Gerald ​Staberock ជា​អគ្គលេខាធិការ​របស់​អង្គការ​ OMCT។

អង្គការ​ The Observatory ​នេះ​ បាន​ទទូច​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​ត្រូវ​ចាប់​ឃុំឃាំង​តាម​អំពើ​ចិត្ត​នោះ ​ដោយ​ឥត​លក្ខខណ្ឌ​និង​ជា​បន្ទាន់​ ហើយ​បញ្ឈប់​កំណើន​នៃ​ការ​បំបិទ​សំឡេង​ជំទាស់​ក្នុង​ប្រទេស។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ទទូច​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បង្ក្រាប​លើ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ ដោយ​សង្កត់​ធ្ងន់​ថា ​ការ​ចាប់​ខ្លួន​ចោទ​ប្រកាន់​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស គឺ​ជា​ការ​គំរាម​កំហែង​បំផ្លាញ​សហគមន៍​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​របស់​ប្រទេស។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ​ដែល​មាន​មូលដ្ឋាន​នៅ​ឯ​ទី​ក្រុង​ប៉ារីស​និង​ក្រុង​ហ្សឺណែវ ​ហៅ​កាត់​ថា The Observatory ​ដែល​មាន​អង្គការ​ពីរ​គឺ​អង្គការ ​FIDH និង OMCT រួម​គ្នា​តែ​មួយ។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​បួន​នាក់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​ រួម​មាន​លោក​ នី សុខា​ ប្រធាន​ផ្នែកស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​ និង​លោក​ យី សុខសាន្ត​ លោក ​ណៃ​ វង់ដា ​អនុប្រធានផ្នែកស៊ើបអង្កេត​នៃ​សមាគម​អាដហុក និង​លោកស្រី​ លឹម​ មុន្នី ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​នេះ។ ​ក្រុម​មន្ត្រី​ទាំង​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី ​ហើយ​អតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​គឺ​លោក​ នី ចរិយា​ អគ្គលេខាធិការ​រង​គ.ជ.ប ​ជាប់​ចោទ​ពី​បទ​សម​គំនិត​សូកប៉ាន់​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​ស្នេហា​លួច​លាក់​របស់​លោក​ កឹម សុខា ​អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ។​ អ្នក​ទាំង​ប្រាំ​នាក់​ត្រូវ​បាន​តុលាការ​ឃុំ​ឃាំង​រង់ចាំ​ការ​កាត់​ទោស។

លោក អ៊ី សារ៉ុម នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​លំនៅស្ថាន សមាគមន៍​ធាងត្នោត​ត្រូវបាន​ដោះលែង​បន្ទាប់​ពី​ប៉ូលិស​ខ័ណ្ឌ​ដង្កោ​នៃ​រាជធានី​ភ្នំពេញ​សាកសួរ។ លោក សារុំ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​លោក​ចូលរួម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​០៩​ឧសភា​នេះ។ (ឡេង ឡែន/VOA)
លោក អ៊ី សារ៉ុម នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​លំនៅស្ថាន សមាគមន៍​ធាងត្នោត​ត្រូវបាន​ដោះលែង​បន្ទាប់​ពី​ប៉ូលិស​ខ័ណ្ឌ​ដង្កោ​នៃ​រាជធានី​ភ្នំពេញ​សាកសួរ។ លោក សារុំ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​លោក​ចូលរួម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​០៩​ឧសភា​នេះ។ (ឡេង ឡែន/VOA)

​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ដែល​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​នេះ​ បាន​ចាប់​ផ្តើម​យុទ្ធនាការ​របស់​ពួកគេ​ដោយ​បាន​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​ឬ​ហៅ​ថា យុទ្ធនាការ ​«ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»​ ដើម្បី​សម្តែង​ការ​តវ៉ា​នៅ​ទី​សាធារណៈ​ ឲ្យ​មាន​ការ​ដោះ​លែង​សហការី​របស់​ពួក​គេ​ទាំង​៥​រូប។ ​តែ​ជា​លទ្ធផល​មាន​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​សកម្មជន​ដី​ធ្លី​ចំនួន​៨​នាក់​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​ក្រោម​បទ​ចោទ​ថា ​ធ្វើ​ការ​តវ៉ា​គ្មាន​ច្បាប់​និង​ក្រោម​អំណះអំណាង​ថា​ ជា​ការ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់។ ក្រោយ​មក​ទើប​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ដដែល​ បន្ទាប់​ពី​ពួកគេ​ត្រូវ​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​មួយ។

លោក Karim Lahidji ប្រធាន​អង្គការ ​FIDH ​បាន​សង្កេត​ឃើញ​ពី​កំណើន​នៃ​ការ​បង្ក្រាប​ចុង​ក្រោយ​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​បាន​និយាយ​ថា៖ «ការ​គំរាម​របស់​អាជ្ញាធរ​ប៉ូលិស​ និង ​ការ​យាយី​ដោយ​ការ​ប្រើប្រាស់​តុលាការ​បាន​ កើន​ឡើង​ក្នុងរយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ ​នេះ​គឺ​ជា​ការ​បង្ក្រាប​ដ៏​សែន​អាក្រក់​បំផុត​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។​ ការ​បង្ក្រាប​នេះ​គឺ​ជា​ការ​ប៉ុនប៉ង​យ៉ាង​ច្បាស់​ដើម្បី​បំផ្លាញ​សហគមន៍​សិទ្ធិមនុស្ស​ដ៏​សកម្ម‍»។

លោក Gerald ​Staberock អគ្គលេខាធិការ​របស់​អង្គការ​ OMCT ​បាន​សម្តែង​ប្រតិកម្ម​ថា៖ «រលក​នៃ​ការ​ចាប់​ខ្លួន​ថ្មីៗ​នេះ​បាន​បន្ថែម​ការ​រឹត​បណ្តឹង​ខ្លាំង​ឡើង​ប្រឆាំង​នឹង​អង្គការ​សង្គម​ស៊ីវិល​តាម​រយៈ​ច្បាប់​គាប​សង្កត់​លើ​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មាន​មាត្រា​មួយ​ចំនួន​រំលោភ​លើ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​កម្ពុជា​ត្រូវ​គោរព​តាម​ ក៏​ដូចជា​រំលោភ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា‍​ដែរ»។

អង្គការ​ The Observatory ​នេះ​ បាន​ទទូច​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​ត្រូវ​ចាប់​ឃុំឃាំង​តាម​អំពើ​ចិត្ត​នោះ ​ដោយ​ឥត​លក្ខខណ្ឌ​និង​ជា​បន្ទាន់​ ហើយ​បញ្ឈប់​កំណើន​នៃ​ការ​បំបិទ​សំឡេង​ជំទាស់​ក្នុង​ប្រទេស៕

XS
SM
MD
LG