វ៉ាស៊ីនតោន៖ ការបោះឆ្នោតជាតិដើម្បីជ្រើសរើសតំណាងរាស្ត្រនិងដើម្បីបង្កើតរដ្ឋាភិបាលថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។
នៅក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែជាមួយនឹងលោក អ៊ូ វីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅថ្ងៃ១ខែកក្កដានេះជាកម្មវិធីចុង ក្រោយមុននឹងការ បោះឆ្នោតជាតិយើងនឹងពិភាក្សាពីតួរនាទីនិងការទទួលខុសត្រូវរបស់អ្នកតំណាងរាស្ត្រនិងអ្វីដែលអ្នកបោះឆ្នោតត្រូវធ្វើដើម្បី ធានាឱ្យអ្នកតំណាងរាស្ត្របម្រើផលប្រយោជន៍របស់គាត់។
លោកអ៊ូវីរៈបានអំពាវនាវឱ្យអ្នកបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រណាដែលអាចដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបាននិងត្រូវយល់ថាពួកគេគឺជាអ្នកបម្រើរាស្រ្តមិនមែនជាឱពុកម្តាយនេះទេ។
មានគណបក្សចំនួន៨កំពុងចូលរួមប្រកួតដើម្បី ជ្រើសរើសអ្នកតំណាងរាស្ត្រចំនួន១២៣នាក់។ ប៉ុន្តែប្រព័ន្ធបោះឆ្នោតនៅកម្ពុជាមានលក្ខណៈបោះឆ្នោតមិនចំពោះដែលតម្រូវឱ្យគណបក្សមានអំណាចមកលើអ្នកតំណាងរាស្ត្រដែលពេលខ្លះពួកគេត្រូវតែយល់ស្រប តាមដោយមិនសួរដេញដោលច្រើននូវការចំណាយថវិកាដែលរដ្ឋាភិបាលស្នើសុំមក។
លោកក៏បានរិះគន់ដល់ចំណាត់ការកន្លងមកដែលបានបណ្តាលឱ្យមានការដកអ្នកតំណាងរាស្ត្របើសិនជាគេមិនធ្វើតាមបញ្ជារបស់បក្សដែលនេះជាការមិនធានាបាននូវឯករាជ្យភាពរបស់អ្នកតំណាងរាស្ត្រ៕