ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកជំនាញ៖ ​កម្ពុជា​គួរ​កាន់​ជំហរ​សន្តិភាព​អំពី​បញ្ហា​សមុទ្រ​ចិន


ប្រទេសចិន​ថា តំបន់​ដែលផាត់ព៌ណ​នៃសមុទ្រចិន​ជាដែនរបស់ខ្លួន។ រដ្ឋាភិបាល​ឯទៀត​ក៏ទាមទារ​យ៉ាងដូច្នេះ។

សេច​ក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ​​ត្រូវ​គេ​រំពឹង​ថា​ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​កម្រិត​ស្រួចស្រាវ​មួយ​នៃ​ការ​អនុវត្ត​​​​នយោបាយ​ភូមិសាស្ត្រ​​​​នៅ​ក្នុង​ទ្វីប​អាស៊ី។​

នៅ​សល់​តែ​ប្រមាណ​ជា​មួយសប្តាហ៍​ទៀត​តែប៉ុណ្ណោះ​ ​តុលាការ​មជ្ឈត្ត​កម្ម ឬ ហៅ​ម្យ៉ាង​ទៀត​ថា​ តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ទី​ក្រុង​ឡាអេ​ (Hague)​ ប្រទេស ​ហូឡង់​នឹង​ប្រកាស​សេចក្តី​សម្រេច​របស់​ខ្លួន​ចំពោះ​បណ្តឹង​របស់​ប្រទេស​ហ្វីលីពីន​ ដែល​បាន​ប្តឹង​ប្រឆាំង​ប្រទេស​ចិន​កាល​ពីឆ្នាំ​២០១៣​ ​ទាម​ទារ​ការ​គ្រប់​គ្រង​ទឹកដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

សេច​ក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​មួយ​នេះត្រូវ​គេ​រំពឹង​ថា​ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​កម្រិត​ស្រួចស្រាវ​មួយ​នៃ​ការ​អនុវត្តនយោបាយ​ភូមិសាស្ត្រនៅ​ក្នុង​ទ្វីប​អាស៊ី។​ ​ប្រទេស​ហ្វីលីពីន​ត្រូវ​គេ​ដឹង​ថា​ ​ជា​ប្រទេស​សម្ត័ន្ធ​មិត្ត​យូរ​ឆ្នាំ​របស់​សហ​រដ្ឋ​អាមេរិក​ ហើយ​ប្រទេស​ចិន​គឺ​ជា​ប្រទេស​មហា​អំណាច​មួយ​ដែល​បាន​ខិត​ខំ​បង្កើន​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន​ដោយ​ស្ងៀម​ស្ងាត់​ និង​បាន​ផ្តោត​លើ​ការ​ការពារ​ទឹកដី​របស់​ខ្លួន​ដែល​ធ្លាប់​បែក​ខ្ញែក​កាលពី​អតីត​កាល។​

ក្នុងការ​ប្រុង​ប្រយ័ត្ន​ខ្លាច​បាត់​បង់​ទឹកដី​របស់​ខ្លួន ចិន​ត្រូវ​គេ​ដឹង​ផង​ដែរ​ថា​ ​កំពុង​ប្រឹង​ប្រែង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ ដោយ​ការ​ច្បាម​យក​ស្ទើរ​តែ​៩០​ភាគរយ​នៃ​ដែក​ទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ខណៈ​ដែលប្រទេស​បី​ផ្សេង​ទៀត​កំពុង​អាះអាង​ថា ​ខ្លួនជាម្ចាស់​កម្មសិទ្ធិ​លើដែនទឹកក្នុង​សមុទ្រ​នេះ​ផង​ដែរ។​

ប្រទេស​ទាំង​នោះ​ រួមមាន​ប្រទេស​វៀតណាម​ ម៉ាឡេស៊ី​ និង​ប្រ៊ុយណេ។​ កោះ​តៃវ៉ាន់​ ដែល​ចិន​បាន​ចាត់​ទុក​ថា​ ជា​ដែន​ដី​របស់​ខ្លួន​ក៏​កំពុង​មាន​ជម្លោះ​ក្នុង​សមុទ្រ​នេះ​ដែរ។​

អ្នក​ប្រវត្តិ​សាស្ត្រ​ និង​អ្នក​ស្រាវ​ជ្រាវ​ផ្នែកយុទ្ធ​សាស្ត្រ​ ដែល​ធ្វើការនៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សុទិដ្ឋិនិយម​ថា​ ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ ដោយការ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ត្រជាក់ បង្ក​ឡើង​ដោយមនោគមន៍​វិជ្ជា​សេរី ​និង​កុម្មុយនីស្ត​ក្នុង​ទស​វត្សរ៍​១៩៧០​នោះ ​នឹង​មិន​ជួប​ជោគ​វាសនា​ដូច​ដែល​កម្ពុជាបាន​ប្រឈម​កាល​ពី​អតីត​កាល​នោះ​ទេ។

ប៉ុន្តែ​ពួក​គេ​និយាយ​បន្ថែមថា​ កម្ពុជា​ត្រូវ​ឈរ​លើ​គោល​ការណ៍​សន្តិភាព​និយម​ និង​ត្រូវ​សិក្សា​អំពី​ជម្លោះ​នោះ​ឲ្យ​បាន​ល្អិតល្អន់​ មុន​នឹង​ធ្វើប្រតិកម្ម​ទៅ​នឹង​ហេតុ​ការណ៍​ដែល​អាច​កើត​មាន​ នៅ​ក្នុង​ជម្លោះ​ ដែល​កើត​ចេញពី​ការ​ដណ្តើម​ការ​ពារ​ផល​ប្រយោជន៍​សេដ្ឋកិច្ចផ្ទាល់​ខ្លួន​រវាង​ប្រទេស​ស្ថិត​ក្នុង​ជម្លោះនេះ​ ជា​ជាង​ការ​ពង្រីក​មនោគមន៍​វិជ្ជា​នយោបាយ​ដ៏​គ្រោះ​ថ្នាក់​នោះ។

លោក ​សំបូរ ម៉ាណ្ណារ៉ា​ ​សាស្ត្រា​ចារ្យ​ប្រវត្តិ​សាស្ត្រ​នៃ​សាលក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​បាន​ប្រាប់​ VOA​ ថា ​ស្ថាន​ភាព​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​មាន​លក្ខណៈ​ស្មុគស្មាញ​ និង​ពាក់​ព័ន្ធ​ដល់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ហៅកាត់​ថា​ អាស៊ាន​ ដែល​ប្រទេស​កម្ពុជា​ជា​សមាជិក។​

ហេតុ​ដូច្នេះ​ កម្ពុជា​ត្រូវ​ធ្វើការ​សម្រេច​របស់​ខ្លួន​ដោយឈ​រលើ​គោល​ការណ៍​សន្តិភាព​និយម​ និង​ត្រូវ​ច្រានចោល​រាល់​ការ​សម្រេច​ដោយ​អំណាច​តុលាការ​ណាមួយ​ដែល​មិន​បម្រើ​ដល់​តម្លៃ​សន្តិភាព។​

«អញ្ចឹង​ បើការ​សម្រេច​របស់​តុលាការ​ណា​ ដែល​ទាក់​ទង​ជាមួយ​នឹង​ [ការ]​ មិន​បម្រើ​ដល់​សន្តិភាព​ និង​អភិវឌ្ឍន៍​នោះ​ទេ​ ខ្ញុំ​គិតថា​ កម្ពុជា​គួរ​តែ​ធ្វើការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់មុន​នឹង​ការ​សម្រេច​អ្វីមួយ​នោះ​បាទ»។​

លោក​គង់ ភោគ​ ​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​ បាន​ប្រាប់​ VOA​ ថា​ ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​មិន​អាច​ឈាន​ដល់​ការប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ។​ លោក​យល់ថា​ ​ការ​ចរចា​វាង​ហ្វីលីពីន​និង​ចិន​អាច​នឹង​កើតមាន ​បន្ទាប់​ពី​ការ​ចេញ​សេចក្តី​សម្រេច​នោះ ​ដោយ​ហេតុ​ថា​ ​ទាំង​សហ​រដ្ឋ​អាមេរិក​ និង​ចិន​មិន​ចង់​ខាត​បង់​ផល​ប្រយោជន៍​សន្តិសុខ​ និងសេដ្ឋ​កិច្ច​រៀងៗ​ខ្លួន​ទេ។​

លោក​បន្ត​ថា​ កម្ពុជា​ក៏​មិន​អាច​ចូល​រួម​ក្នុង​ប្រតិបតិ្ត​ការ​យោធា​ ​ដើម្បី​ជួយ​ប្រទេស​ណា​មួយ​ដែល​ជាប់​ក្នុង​ជម្លោះ​នោះ​ដែរ។​

«ប្រទេស​គ្រប់​តែ​គ្នា​ទាំង​អស់​នៅ​ក្នុង​តំបន់ដឹង​មុន​ហើយ​ថា​ វា​មិន​អាច​នាំ​ទៅ​ដល់​ការ​ប៉ះ​ទង្គិច​ធ្ងន់​ធ្ងរ​ផ្នែកយោធា​អីទេ​ ពីព្រោះ​វា​អត់​មាន​ផ្តល់​ផល​ប្រយោជន៍​ទៅ​ដល់​ភាគី​ណា​ សូម្បី​តែ​មហា​អំណាចធំៗ​ ដូច​ជា​ចិន​ និង​អាមេរិក​ជា​ដើម»។​

លោក​បញ្ជាក់​បន្ត​ថា​ ប្រទេស​កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផ្សេង​ទៀត​ មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍ណា​មួយ​បញ្ជាក់ពី​ជំហរ​របស់​ខ្លួន​ ក្រោយ​ការ​ប្រកាស​សាល​ដីការ​បស់​តុលាការ​ផងដែរ។​ លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ដោយ​យោង​ទៅលើកាឈ្នះក្តី​របស់​កម្ពុជា​ ទាក់​ទង​នឹង​អធិប​តេយ្យ​ភាព​របស់​កម្ពុជា​លើ​ប្រាសាទ​ព្រះ​វិហារ។​

«យើង​ត្រូវ​មើល​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​តំបន់​ ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ទឹកដី​ រវាង​ប្រទេស​និង​ប្រទេស។​ អញ្ចឹង​ហើយ​ អា​ហ្នឹង​ជាទូទៅ​ដែល​ខ្ញុំ​ទទួល​បាន​សំណួរ​ថា​ តើ ហេតុ​អី​បាន​ជាយើង​មិន​ព្រម​ចូល​រួម​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គាំទ្រ​តុលាការ?​ កាលពី​យើង​ឈ្នះ​នោះ!​ ក៏​គ្មាន​អ្នក​ណា​គេ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ដែរ។​ អា​ហ្នឹងដែល​យើង​ត្រូវ​តែមានយុត្តិ​ធម៌​សម្រាប់​សមាជិក​អាស៊ាន​ទាំង​អស់»។

នៅក្នុងដំណើរ​ទស្សន​កិច្ចរបស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ ​ លោក​វ៉ាង យី​ (Wang Yi)​ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ បាន​ការពារ​សកម្មភាព​របស់​ចិន​ក្នុង​ការ​កសាង​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ​និង​បាន​ចោទ​ប្រទេស​ហ្វីលីពីន​ថា​ មិន​មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ ដោយ​ឈរ​លើ​គោល​ការណ៍​ទ្វេភាគី​ ព្រោះ​ប្រទេស​ហ្វីលីពីន​បាន​ប្តឹង​ជាឯក​តោ​ភាគីទៅ​កាន់​តុលាការ​មជ្ឈត្តកម្ម។​

លោក​វ៉ាង​ យី​បន្តថា​ ប្រទេស​ចិន​ប្រកាន់​យក​គោល​ជំហរ​ដោះ​ស្រាយ​ជម្លោះដោយ​ការ​ចរចា​ និង​សន្តិវិធី ​ហើយ​ថា​ ប្រទេស​ចិន​មិន​បារម្ភ​ពី​បណ្តឹង​របស់​ហ្វីលីពីន​នោះ​ទេ។​ នាគ្រា​នោះ​ ភាគី​កម្ពុជា​មិន​បាន​ប្រតិកម្ម​អ្វី​ទៅ​លើ​ការ​លើក​ឡើង​នេះ​ទេ​ ​ហើយ​បាន​ប្រកាស​ជំហរ​របស់​ខ្លួន​សារ​ជា​ថ្មី​ថា​ កម្ពុជាកាន់​លើ​គោល​ការណ៍​អព្យាក្រិត្យ​ និង​មិន​លូក​ដៃ​ចូល​ក្នុង​ទំនាស់​នេះ​ទេ។​

លោកបណ្ឌិត​ឈាង វណ្ណារិទ្ធ​ អ្នក​ជំនាញ​ខាងទំនាក់​ទំនង​អន្តរជាតិ បាន​ប្រាប់​ VOA ​ថា​ សាល​ដីកា​របស់​តុលាការ​មជ្ឈត្តកម្ម​នឹង​អាច​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ចិន​ ចំពោះ​ការ​គូស​ខ្សែ​ផែនទី​ដែល​មាន​គំនូសត្រេ​ចំនួន​៩​កំណត់ព្រំដែន​ដោយឯកឯង​ ​ដោយ​ក្តោប​កា្តប់​យក​តំបន់​មាន​ជម្លោះ​ស្ទើរ​តែ​ទាំងអស់។​

លោក​ឲ្យ​ដឹង​បន្តថា​ ភាព​តានតឹង​អាចនឹង​មាន​ផង​ដែរ​ ក្រោយការ​ចេញ​សាល​ដីកា​របស់​តុលាការ​ ហើយ​ជម្លោះ​រវាង​ចិន​ និង​ហ្វីលីពីន​អាច​នឹងឈាន​ដល់​ការ​ផ្ទុះ​អាវុធ​ក្នុង​ករណី​ដែល ប្រទេស​ចិនបន្ត​ជំរុញ​បន្ថែម​ទៀត​ក្នុងការ​សាង​សង់​កោះ​សិប្បនិម្មិត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​ ហើយ​ពង្រឹង​តួនាទីផ្នែក​យោធា​ការពារ​បូរណភាព​ដែន​ដី​ ជាពិសេស​នៅ​ក្នុង​តំបន់​ជម្លោះ​ Scarborough Shoal។​

«ប្រសិន​បើ​ចិន​ពង្រីក​នូវ​ការ​សាងសង់​ ហៅ​ថា​ ​កោះ​សិប្បនិម្មិត​នៅ​ក្នុង​តំបន់​ ​Scarborough Shoal​ នោះ​ ​វាអាច​ឈាន​ទៅ​រក​ចំណុច​ក្រហម​ហើយ​ បាន​ន័យ​ថា​ អាច​នឹង​មាន​ជម្លោះ​ប្រដាប់​អាវុធ​ណា​មួយ​ជាយថា​ហេតុ​រវាង​ប្រទេស​ចិន​ និង​ហ្វីលីពីន​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​ Scarborough Shoal​ ហ្នឹង»។​

លោក​បន្ថែម​ថា​ ​ចិន​នឹង​មិន​អាច​មើល​ស្រាល​សាល​ដីកា​តុលាការ​អន្តរជាតិ​មួយ​នេះ​បាន​ទេ​ ប្រសិន​បើ​ចិន​ចង់​រក្សា​ឥទ្ធិពល​ និង​មុខមាត់​របស់​ខ្លួន​ ដែល​កាន់​យក​ជំហរ​អភិវឌ្ឍន៍​ប្រកប​ដោយ​សន្តិភាព​ក្នុង​ពិភពលោក​នោះ។​ លោក​បញ្ជាក់​ថា​ សហ​រដ្ឋ​អាមេរិក​ សហគមន៍​អឺរ៉ុប​ ប្រទេស​ជប៉ុននិង​ប្រទេស​មួយ​ទៀត​ក្នុង​សមាគមអាស៊ាន​ ក្នុង​តំបន់​អាស៊ី​ បាន​ប្រកាស​ថា​ ​ពួក​គេ​នឹង​គាំទ្រ​សាល​ដីកាដែល​នឹង​ត្រូវ​ប្រកាស​នៅថ្ងៃទី​១២​ ខែ​កក្កដាខាង​មុខ​នេះ។​

ប្រទេស​កម្ពុជា​ ដែល​មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​នេះ​ ជារឿយៗ​ ត្រូវ​គេ​រាយ​ការណ៍​ឲ្យ​ដឹង​ថា​ បាន​រង​ការ​រិះគន់​ថា ​មាន​ជំហរ​ងាក​ទៅរក​ចិន​ ដែល​ជា​អ្នក​ផ្គត់​ផ្គង់​ហិរញ្ញ​ប្បទាន​ និង​ដាក់​ទុន​វិនិយោគ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។​

ជាក់​ស្តែង​ នៅ​ក្នុង​ជំនួប​ប្រជុំ​របស់​ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ាន​ជាមួយ​រដ្ឋ​មន្ត្រី​ការ​បរទេសចិន​ ដែល​រៀបចំ​ឡើង​កាលពី​ខែ​មិថុនា​នៅ​ Kunming ប្រទេស​ចិន​នោះ​បណ្តាញ​ព័ត៌មាន​បរទេស​នានា​បាន​រាយ​ការណ៍​ថា​ សមាគម​អាស៊ាន​បាន​យល់​ព្រម​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមគ្នា​ទាក់​ទង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូងនេះ​ ​ក្រោយ​ពី​កិច្ច​ប្រជុំ។

តែ​នៅ​នាទី​ចុង​ក្រោយ​ បើ​តាម​បណ្តាញ​ព័ត៌មាន​បរទេសបាន​ឲ្យដឹង​ថា​ អាស៊ាន​បាន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​វិញ​ ដោយ​សារ​ប្រទេស​ចិន​បាន​ដាក់​សម្ពាធ​ឲ្យ​ឡាវ ​ដែល​ជា​ប្រធាន​អាស៊ាន ​ហើយ​នឹង​កម្ពុជា​គាំទ្រ​ជំហរ​ខ្លួន។​

លោក​ហ៊ុន សែន​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​បាន​ច្រាន​ចោលសេចក្តី​រាយ​ការណ៍​នោះ ដោយ​បាន​អះ​អាង​ថា​ ​កម្ពុជា​មិន​មែន​ជាផ្នែក​មួយ​នៃ​ការ​បំផ្លាញ​អាស៊ាន​ទេ។​ លោក​បាន​បញ្ជាក់​ពី​ជំហរ​ កម្ពុជា​ថា​ ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជាជម្លោះ​ទេ្វភាគី​ មិនមែន​ជា​បញ្ហា​អាស៊ាន​នោះ​ឡើយ​ ហើយ​លោក​បានសង្កត់​ធ្ងន់​ថា​ ប្រទេស​ចិន​ និង​អាស៊ាន​មិនមែន​មាន​បញ្ហាស​មុទ្រ​ចិន​ខាង​ត្បូង​តែ​មួយ​ទេ​ គឺមាន​បញ្ហា​សេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម​ដែល​ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​អាស៊ាន។​

នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​៦៥ឆ្នាំនៃការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ដែល​រៀប​ចំ​ឡើង​កាល​ពីថ្ងៃ​ទី​២៨​ខែ​មិថុនា លោក​ហ៊ុន សែន​បាន​ប្រកាស​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ មិន​ត្រឹម​តែ​មិន​គាំទ្រ​ទេ​ ​គឺ​ថែមទាំង​ប្រឆាំង​នឹង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ​របស់​អាស៊ាន​ ដែល​គាំទ្រ​ដល់​សាលដីកា​តុលា​ការ​មជ្ឈត្តកម្ម​ពាក់​ព័ន្ធ​នឹង​ជម្លោះនៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ប្រទេស​នៅ​ក្រៅ​តំបន់​ខ្លះបាន​ធ្វើ​សកម្មភាព​អូស​ទាញ​ និង​គាប​សង្កត់​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​គាំទ្រ​មុនពេល​ដឹង​ថា ​តុលាការ​ចេញ​សាលដីកា​បែបណា​នោះ​ផង។

បន្ទាប់​ពីការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​ វេទិកាសង្គម​ស៊ីវិល​ ដែល​មាន​អង្គការ​ សមាគម​ និង​សហជីព​ចំនួន​១៤៧​ កាល​ពីថ្ងៃ​ទី៤​ ខែកក្កដា​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ជំហរ​របស់​គណបក្ស​កាន់​អំណាច​នេះ។ ​ពួកគេ​បាន​ទទូច​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ រក្សា​ភាព​អត់​ធ្មត់​ជា​អតិបរមា​ និង​ដោះស្រាយដោយ​សន្តិវិធី ​ដោយមិនប្រើ​កម្លាំង ឬគំរាម​ប្រើ​ប្រាស់​កម្លាំង​ទាក់​ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។​

ពួក​គេ​ស្នើ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ប្រើប្រាស់​យន្តការសេចក្តី​ថ្លែង​ការណ៍​ស្តីពី​ការ​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅសមុទ្រ​ចិន​ខាង​ត្បូង ​(DOC)​ និង​ខិត​ខំ​ធ្វើការ​រួមគ្នា​រវាង​អាស៊ាន​ និង​ចិន​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​ក្រម​ប្រតិបត្តិ​ (COC)។​

យ៉ាងណា​ក៏ដោយ​ សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​នានា​និយាយ​ថា​ ​សាល​ដីកា​ដែល​នឹង​ចេញ​ដោយ​តុលាការ​មជ្ឈត្តកម្ម​ នៅថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ​ ត្រូវ​គេ​រំពឹង​ថា​ នឹង​សម្រេច​គាំទ្រ​ដល់​ភាគី​ហ្វីលីពីន ​ហើយ​អាច​នឹង​ដកហូត​នូវ​ភាព​ស្រប​ច្បាប់​របស់​ចិន​ចំពោះ​ការ​ទាម​ទារ​យក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែទាំង​មូល​តាម​ខ្សែផែនទីដែលមានគំនូសត្រេ​៩ ដែល​គេ​ហៅ​ថា​ ​Nine Dash Line។​

នៅគ្រា​ដែលសាល​ដីកា​នេះ​មិនទាន់​ចេញ​ផង​នោះ​ ប្រទេស​ចិន​បាន​ផ្តើម​ធ្វើ​សម​យុទ្ធ​យោធា​ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​ពេញ​នៅ​ជុំវិញ​ប្រជុំ​កោះ​ Paracel។

​ចំណាត់ការកងទ័ព​មួយ​នេះ​គឺជា​អ្វីដែល​ក្រុម​អ្នក​វិភាគ​យល់ថា ​មាន​គោល​បំណង​ដើម្បី​ធ្វើ​ឲ្យ​សេចក្តី​សម្រេច​លក្ខណៈ​ប្រវត្តិសាស្រ្ត​របស់​តុលាការ​មជ្ឈត្តកម្មក្នុង​ពេល​ឆាប់ៗ​នេះ​ក្លាយ​ជា​មោឃៈ៕

XS
SM
MD
LG