សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានពន្យារពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអូស្ត្រាលីដែលបានគ្រោងទុក ដោយសារតែការចរចាលើពិដានបំណុលក្នុងស្រុក។
ទោះជាយ៉ាងនេះក្តី លោក Biden នឹងធ្វើដំណើរទៅប្រទេសជប៉ុនសម្រាប់កិច្ចប្រជុំនៃក្រុមប្រទេសឧស្សាហកម្មធំៗចំនួន ៧ ដែលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងចូលរួមផងដែរ រួមជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ផងដែរ។
លោក Albanese បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា មេដឹកនាំនៃកិច្ចសន្ទនាសន្តិសុខ Quad រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា នឹងជួបប្រជុំនៅក្រៅកិច្ចប្រជុំកំពូល G-7 នៅទីក្រុង Hiroshima ប្រទេសជប៉ុន។
លោក Albanese បានថ្លែងថា៖ «ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី Biden បានបង្ហាញថា លោកទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំនេះនាពេលអនាគត នៅពេលដែលកិច្ចប្រជុំនេះអាចរៀបចំទៅបាន ហើយខ្ញុំនឹងទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិកនៅពេលក្រោយក្នុងឆ្នាំនេះ។ មេដឹកនាំទាំង ៤ ដែលរួមមានលោកប្រធានាធិបតី Biden លោកនាយករដ្ឋមន្រ្តី Kishida លោកនាយករដ្ឋមន្រ្តី Modi និងខ្លួនខ្ញុំផ្ទាល់នឹងស្ថិតក្នុងកិច្ចប្រជុំមេដឹកនាំ G-7 នៅទីក្រុង Hiroshima»។
កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស Quad នៅទីក្រុងស៊ីដនីគឺជាលើកទីមួយដែលនឹងត្រូវរៀបចំនៅប្រទេសអូស្ត្រាលី។ ឥឡូវនេះវាត្រូវបានពន្យារពេលដោយមិនមានកាលបរិច្ឆេទច្បាស់លាស់។
អ្នកវិភាគបានថ្លែងថា ការលុបចោលនេះធ្វើឱ្យប៉ះពាល់ដល់មហិច្ឆិតារបស់ក្រុមប្រទេសនេះដែលចង់ក្លាយជាប្លុកដ៏មានឥទ្ធិពលជំនួសឱ្យប្រទេសចិន។ ពួកគេក៏បានថ្លែងថា វាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិកក្នុងនាមជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាន នៅពេលដែលការប្រកួតប្រជែងជាយុទ្ធសាស្រ្តជាមួយប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែមានភាពតានតឹងខ្លាំងទៅៗ។
លោក Ian Hall គឺជាសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថាន Griffith Asia នៃសាកលវិទ្យាល័យ Griffith។ លោកបានប្រាប់សារព័ត៌មាន Australian Broadcasting Corp. ថា ការលុបចោលកិច្ចប្រជុំកំពូលនេះនឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមប្រទេស Quad។
លោក Hall បានថ្លែងថា៖«ការងាររបស់ក្រុមប្រទេស Quad កំពុងដំណើរការ។ ក្រុមមន្ត្រីកំពុងធ្វើការយ៉ាងសកម្មគ្រប់ពេលលើកិច្ចការរបស់ក្រុមប្រទេស Quad។ ប៉ុន្តែចំណុចស្នូលគឺថា កិច្ចប្រជុំកំពូលនេះមានសារៈសំខាន់។ វាល្អក្នុងការបង្ហាញឱ្យឃើញនូវអ្វីដែលក្រុមប្រទេស Quad កំពុងធ្វើ អ្វីដែលពួកគេនឹងធ្វើ និងក្នុងគោលបំណងអ្វី។ ខ្ញុំគិតថា ការមិនមានជំនួបកំពូលនេះជាបញ្ហា ឬ យ៉ាងហោចណាស់ការពន្យារពេលនៃជំនួបកំពូលនេះគឺជាបញ្ហា»។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅតែប្តេជ្ញាចិត្តធ្វើដំណើរទៅប្រទេសអូស្ត្រាលីនៅសប្តាហ៍ក្រោយសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីឆ្នាំ២០១៤មក ប៉ុន្តែសមភាគីជប៉ុន លោក Fumio Kishida ត្រូវបានគេរាយការណ៍ថា ទំនងជាមិនធ្វើដំណើរទៅអូស្ត្រាលីនោះទេ។
លោក Biden ក៏បានបោះបង់ផែនការសម្រាប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសPapua New Guinea ប្រទេសដែលលោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយនាយករដ្ឋមន្ត្រី Papua New Guinea លោក James Marape ផងដែរ។
រដ្ឋាភិបាលក្រុងប៉េកាំងបានរិះគន់លើក្រុមប្រទេស Quad ដោយពណ៌នាក្រុមនេះថាជា «ក្រុមបក្ខពួកផ្តាច់មុខ»។
ទោះបីជាអូស្ត្រាលីសាទរចំពោះសម្ព័ន្ធភាពនៃប្រទេសទាំង ៤ នេះក៏ដោយ ក៏មានការសញ្ញាថា ភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការទូតជាមួយចិននាពេលថ្មីៗនេះកំពុងបន្តមានភាពធូរស្រាល។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងកង់បេរ៉ា លោក Xiao Qian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងចាប់ផ្តើមការនាំចូលឈើពីអូស្ត្រាលីឡើងវិញ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា