ក្រុមអ្នកវិភាគនៅក្នុងប្រទេសកម្ពុជា មិនបានស្តីបន្ទោសក្រុមកងទ័ពមួយចំនួនដែលបង្ហាញជំហរដាច់ខាតរបស់ខ្លួនប្រឆាំងនឹងគម្រោងតម្កល់រូបសំណាកលោក កែម ឡី នៅទីលានប្រជាធិបតេយ្យនោះទេ តែពួកគេលើកឡើងថា ក្រុមកងទ័ពនោះ អាចនឹងពិចារណាឡើងវិញចំពោះសេចក្ដីគោរពរបស់មហាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ចំពោះលោក កែម ឡី។
ក្រុមអ្នកវិភាគនិយាយថា លោក កែម ឡី អ្នកវិភាគនយោបាយដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា មិនបានកាន់កាំភ្លើងច្បាំងនឹងសត្រូវនាសម័យសង្គ្រាមនោះទេ តែលោក គឺជាអ្នកប្រើបញ្ញាច្បាំងនឹងអំពើអយុត្តិធម៌សង្គមនានា។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក បានប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពមួយចំនួន បានបង្ហាញការភ័ន្តច្រឡំ ចំពោះការជំទាស់មិនឲ្យមានការតម្កល់រូបសំណាកលោក កែម ឡី ដែលបានបាត់បង់ជីវិត ក្រោយពេលលោកត្រូវគេដឹងថា បានផ្ដល់មតិរិះគន់ជាច្រើន ដើម្បីស្ថាបនាប្រជាជាតិខ្មែរអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
«ជាការយល់ខុសរបស់គាត់ ព្រោះអីគាត់គិតថា ទាល់តែយើងកាន់អាវុធ បានក្លាយទៅជាវីរបុរសកើត។ ខ្ញុំមើលទៅជាការយល់ខុសធ្ងន់មែន»។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា មិនគួរមើលរំលងទឹកចិត្តស្រលាញ់របស់ប្រជារាស្ត្រខ្មែរដែលមានចំពោះលោក កែម ឡីនោះទេ។
លោក អ៊ូ វីរៈ បន្ថែមថា រាជរដ្ឋាភិបាលនឹងពិចារណាលើជំហរកងទ័ពខ្មែរ។
«ខ្ញុំគិតថា ប្រជាពលរដ្ឋប្រហែលជាមិនសប្បាយចិត្ត ជាមួយការសម្រេចរបស់រដ្ឋាភិបាលដែលមិនព្រមឲ្យដាក់ទេ។ តាមពិត រដ្ឋាភិបាលទេ គួរជាអ្នកលើកឡើង ឬមួយជាអ្នកព្យាយាម ក្នុងការធ្វើម៉េច ឲ្យរឿងរូបចម្លាក់នេះ ឲ្យបានចេញ ពីព្រោះរដ្ឋាភិបាល ក៏គាត់ថា គាត់សរសើរលោក កែម ឡី ដែរតើ អញ្ចឹង គួរតែធ្វើម៉េច ជួយជំរុញទៅ ហើយជួយឧបត្ថម្ភទៅ ដើម្បីធ្វើម៉េចឲ្យការមានរូបចម្លាក់នៅក្នុងទីលានសាធារណៈមួយហ្នឹង គឺឲ្យបានធ្វើដំណើរទៅកើត។ អាហ្នឹងខ្ញុំមើលទៅ ជារឿងល្អមួយ»។
ការប្រកាសបដិសេធមិនទទួលយកការតម្កល់រូបសំណាក លោក កែម ឡី កើតមានឡើង បន្ទាប់ពីក្រុមកងទ័ពមួយចំនួន បានទទួលដំណឹងថា អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប បានដាក់សំណើទៅសាលារាជធានីភ្នំពេញ ដើម្បីសុំការអនុញ្ញាតតម្កល់រូបសំណាក លោក កែម ឡី នៅទីលានប្រជាធិបតេយ្យ។ នេះបើយោងទៅតាមសេចក្ដីរាយការណ៍ព័ត៌មានក្នុងស្រុក ដែលបានចេញផ្សាយក្នុងសប្ដាហ៍នេះក្នុងប្រទេសកម្ពុជា។
សេចក្ដីរាយការណ៍នោះ បានឲ្យដឹងពីសមាគមអតីតយុទ្ធជនកម្ពុជាមួយស្ថិតក្នុងខេត្តកំពង់ធំ ដែលបានប្រើបណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បើកការវាយប្រហារលើសំណើនោះ។
សមាគមអតីតយុទ្ធជននេះ បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ២០ ខែសីហាថា ក្រុមខ្លួនប្រឆាំងដាច់ខាតចំពោះសំណើរបស់ក្រុមជ្រុលនិយមមួយចំនួន សុំដាក់រូបសំណាករបស់លោក កែម ឡី នៅទីលានប្រជាធិបតេយ្យដើម្បីរំលឹកវីរភាពរបស់លោក កែម ឡី ដោយសារតែលោក កែម ឡី ពីមុនមក ពុំធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ អោយសក្ដិសមនិងការផ្ដល់កិត្តិយសបែបនេះឡើយ ហើយថាសកម្មភាពរបស់លោក កែម ឡី ជារឿងឯកជនសុទ្ធសាធ។
ពួកគេបានចោទជាសំណួរថា៖«តើលោក កែម ឡី បានលះបង់ឬមានស្នាដៃស្មើនឹងពួកយើងខ្ញុំទេ?។ ពួកយើងខ្ញុំទាំងអស់គ្នា សូមប្រឆាំងដាច់ខាត ចំពោះទង្វើដ៏ជ្រុលនិយមបែបនេះ ដែលស្នើដោយគណបក្សសង្គ្រោះជាតិ និងពួកជ្រុលនិយម»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បានមានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពមានសិទ្ធិ មានការយល់ឃើញរបស់ខ្លួន ចំពោះការលះបង់របស់លោក កែម ឡី សម្រាប់ការស្ថាបនាសង្គមកម្ពុជា។
លោកថា ដ្បិតតែ ក្រុមកងទ័ពដែលត្រូវគេរាយការណ៍ មិនបានបង្ហាញចេតនាទាមទារសង់រូបសំណាកដល់អតីតជនពលីយ៉ាងណាក្ដី ក៏ក្រុមកងទ័ពនោះ អាចទាមទារការសាងសង់រូបសំណាកអតីតមេទ័ពល្បីឈ្មោះក្នុងប្រទេសបានដដែល។
ប៉ុន្តែ លោក មាស នី បន្ថែមថា ប្រសិនបើពួកគេ ប្រកាន់ជំហរដាច់អហង្ការ ប្រឆាំងនឹងរូបសំណាកលោក កែម ឡី នោះទង្វើនេះហាក់ដូចជាការជំទាស់នឹងប្រជាជនដែលផ្ដល់ការគាំទ្រដល់លោក កែម ឡី។
«បើសិនជាគាត់និយាយថា គាត់ប្រឆាំងដាច់ខាត អាហ្នឹងបានន័យថា គាត់ប្រឆាំងជាមួយនឹងពលរដ្ឋខ្មែររាប់លាននាក់ ដែលកំពុងតែគាំទ្រទៅលើលោក កែម ឡីនោះណា៎»។
លោក មាស នី ថ្លែងបញ្ជាក់ទៀតថា រូបសំណាករបស់លោក កែម ឡី នឹងមិនអាចបង្កបញ្ហាអសន្តិសុខដល់ប្រទេសកម្ពុជានោះទេ ហើយថា រដ្ឋាភិបាលអាចពិចារណាឲ្យបានហ្មត់ចត់ទៅនឹងសំណើតម្កល់រូបសំណាកនេះ ជាជាងការបង្កឲ្យមានការរើសអើងផ្នែកនយោបាយ។
«សំខាន់ត្រង់ថា តើរដ្ឋាភិបាល អនុញ្ញាតឲ្យដាក់ត្រង់ណា អាហ្នឹងសមរម្យ ប៉ុន្តែគ្រាន់តែថា បើសិនជាប្រឆាំងមិនឲ្យដាក់ ខ្ញុំគិតថា ខ្មែរយើងមើលទៅលាបពណ៌គ្នាអត់ចប់ទេបាទ»។
លោក កែម ឡី ដែលបានរួមចំណែកក្នុងការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវគេដឹងថា ទទួលបានការកោតសរសើរយ៉ាងខ្លាំងតាមរយៈបទវិភាគទៅតាមចំណេះដឹង និងគំនិតជ្រៅជ្រះរបស់លោកក្នុងការវែកញែកចំណោទបញ្ហាក្នុងសង្គម រួមទាំងសកម្មភាពទាំងឡាយរបស់លោកក្នុងការចូលរួមរកដំណោះស្រាយបញ្ហាទាំងនោះ ដែលរួមមានវិបត្តិដីធ្លី បំណុលកសិករ ប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ការការពារបូរណភាពទឹកដី និងជំហរនយោបាយអន្តរជាតិកម្ពុជារវាងប្រទេសកុម្មុយនិស្តចិន និងសហរដ្ឋអាមេរិក។
VOA ព្យាយាមសុំការអធិប្បាយពីលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា តែនៅមិនទាន់អាចទាក់ទងលោកបាននៅឡើយទេនៅថ្ងៃសុក្រនេះ។
ក៏ប៉ុន្តែ លោកឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣នៃកងយោធពលខេមរភូមិន្ទឈរជើងក្នុងខេត្តព្រះវិហារ ត្រូវព្រឹត្តិបត្រព័ត៌មានក្នុងស្រុក The Cambodia Daily ដកស្រង់សម្ភី កាលពីថ្ងៃពុធថា លោកមិនអនុញ្ញាតឲ្យមានការតម្កល់រូបសំណាកលោក កែម ឡី នៅទីលានប្រជាធិបតេយ្យនោះទេ។
លោកត្រូវបានដកស្រង់សម្ភីក្នុងន័យដើមថា៖ »ប្រសិនបើពួកគេ យករូបសំណាកលោក កែម ឡី ទៅដាក់នៅទីលានប្រជាធិបតេយ្យ យើងនឹងទៅយកចេញតែម្តង»។
រូបថតរូបសំណាករបស់លោក កែម ឡី ដែលត្រូវគេផ្សព្វផ្សាយតៗគ្នាលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ បង្ហាញឲ្យឃើញថា លោក កែម ឡី ញញឹមបន្តិច និងឈរពេញមួយជំហរខ្លួន ក្នុងសំលៀកបំពាក់អាវដៃខ្លី ខោជើងវែង និងមានពាក់ក្រវាត់ក។ ក្នុងហោប៉ាវរបស់លោកនោះ ក៏មានប៊ិចមួយដើមដែរ។
រូបសំណាកលោកកែម ឡី ធ្វើឡើងពីស្ពាន់ និងមានកម្ពស់ ១.៧៥ម៉ែត្រ។ រូបសំណាកនេះគឺជារូបសំណាកដែលធ្វើនៅប្រទេសកម្ពុជា ហើយនឹងចប់រួចរាល់នៅចុងខែសីហានេះ។ នេះបើតាមការបញ្ជាក់បន្ថែម ពីលោក ថេង សាវឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា។
លោក ថេង សាវឿនឲ្យដឹងបន្ថែមថា ពលករខ្មែរជាជាងសំណង់នៅប្រទេសថៃ ក៏បានរៃអង្គាសប្រាក់ ធ្វើរូបសំណាកមួយទៀតរបស់លោក កែម ឡី ដែលមានកម្ពស់ ១.៨០ម៉ែត្រ ធ្វើពីជ័រប្លាស្ទិក (Fiber) ដែលអាចរក្សាទុកបានពី ១៥០ ឆ្នាំ ទៅ២០០ឆ្នាំ។
រូបសំណាកនេះ គ្រោងនឹងធ្វើចប់រួចរាល់នៅសប្ដាហ៍ទីពីរក្នុងខែកញ្ញា ហើយនឹងត្រូវយកមកតម្កល់ក្នុងពិធីបុណ្យខួបគម្រប់១០០ថ្ងៃនៃសព លោក កែម ឡី ដែលនឹងត្រូវរៀបចំឡើងនាខែតុលា ខាងមុខនេះ។
លោក អ៊ូ ចាន់រ័ត្ន សមាជិកសភាខាងគណបក្សសង្គ្រោះជាតិ ដែលជាអ្នកស្នើសុំតម្កល់រូបសំណាកលោក កែម ឡី នៅទីលានប្រជាធិបតេយ្យ ត្រូវគេរាយការណ៍ថា លោកនិងមិត្តភ័ក្ដិរបស់លោក គឺជាអ្នកឧបត្ថម្ភប្រាក់ចំនួន៥០០០ដុល្លារដល់ការសាងសង់រូបសំណាកទីមួយរបស់ លោក កែម ឡី នៅប្រទេសកម្ពុជា។
VOA មិនទាន់អាចទាក់ទងលោក អ៊ូ ចាន់រ័ត្ន បានទេ ដើម្បីសុំការបញ្ជាក់ពីសំណើរបស់លោកទៅសាលារាជធានីភ្នំពេញ តាំងពីថ្ងៃព្រហស្បតិ៍ មកដល់ថ្ងៃសុក្រនេះ ដោយទូរស័ព្ទរបស់លោករោទ៍ តែគ្មានអ្នកទទួល។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បដិសេធមិនធ្វើការអធិប្បាយ នាថ្ងៃសុក្រនេះ។
លោក កែម ឡី ដែលតែងតែរិះគន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សជំទាស់នោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅនឹងកន្លែង ក្នុងហាងកាហ្វេមួយនៅរាជធានីភ្នំពេញ កាលពីខែកក្កដាកន្លងទៅ។
ការបាញ់សម្លាប់លោក កែម ឡី កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងរបាយការណ៍មួយរបស់អង្គការGlobal Witness ដែលបានបង្ហាញពីទ្រព្យសម្បត្តិនិងការគ្រប់គ្រងក្រុមហ៊ុនរបស់សមាជិកគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានទឹកប្រាក់២០០លានដុល្លារ។
លោកស្រី ប៊ូ រចនា ភរិយា លោក កែម ឡីបាន ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី មិនទាន់យល់ពីជំហររបស់កងទ័ពកម្ពុជាមួយចំនួនដែលប្រឆាំងនឹងការតម្កល់រូបសំណាកស្វាមីរបស់លោកស្រី ដែលមិនមានទស្សនៈនយោបាយប្រឆាំងនិងគាំទ្រគណបក្សនយោបាយណាមួយនៅក្នុងប្រទេសកម្ពុជា។
លោកស្រីថ្លែងថា ការសាងសង់រូបសំណាកស្វាមីលោកស្រី និងការស្នើតម្កល់រូបសំណាកស្វាមីលោកស្រីនេះ គឺផ្ដើមពីទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរដែលគោរពវីរភាពស្វាមីលោកស្រី ដែលហ៊ាននិយាយការណ៍ពិតនូវចំណុចអវិជ្ជមាននានាដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។
«ខ្ញុំមិនដឹងថាសុំស្នើទៅបាន ឬមិនបាន គេព្រមឬក៏យ៉ាងណា។ ឥឡូវខ្ញុំអត់ដឹងទេ រឿងហ្នឹង គ្រាន់តែថា ខ្ញុំគ្រាន់និយាយថា ប្តីខ្ញុំអត់ដែលមានទោសក្បត់ជាតិអីផង ហើយក៏គាត់ធ្វើសព្វដងហ្នឹង ក៏គាត់មិនដែលធ្វើប្រឆាំងជាមួយអ្នកណាដែរ គាត់និយាយតែការពិត»។
ប្រជាជនខ្មែរជាច្រើនសែននាក់ឬប្រភពខ្លះអះអាងថារហូតដល់លាននាក់ផង បានចូលរួមដង្ហែសពរបស់លោកបណ្ឌិត កែម ឡី ពីរាជធានីភ្នំពេញទៅស្រុកកំណើតរបស់លោកនៅឯខេត្តតាកែវ កាលពីថ្ងៃទី ២៤ ខែកក្កដាកន្លងទៅ។
ដោយឡែក អ្នកសូនរូបសំណាកលោក កែម ឡី គឺលោក សៀន កាម៉ង់ដង់ ត្រូវគេរាយការណ៍ថា ត្រូវបានថៅកែរបស់លោក បញ្ឈប់ពីការងារជាមេជាងសំណង់ និងចម្លាក់កាលពីពេលថ្មីៗនេះ ក្រោយពីលោកស្ម័គ្រចិត្តសូនរូបសំណាកលោក កែម ឡី៕