កាលពីព្រឹកថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦ នេះ គណបក្សដែលទើបតែបង្កើតថ្មីមួយគឺ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានស្ថាបនិកមកពីអង្គការសង្គមស៊ីវិលនិងអ្នកវិភាគកិច្ចអភិវឌ្ឍន៍សង្គមមួយចំនួនដូចជាលោកបណ្ឌិត កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ថ្មីៗនេះ បានប្រារព្ធខួបគម្រប់មួយឆ្នាំរបស់ខ្លួននៅរាជធានីភ្នំពេញ។ មេដឹកនាំគណបក្សនេះបានអំពាវនាវកុំឲ្យមានការលាបពណ៌នយោបាយរវាងអ្នកនយោបាយកម្ពុជា។
លោក យ៉ង សាំងកុមារ ប្រធានកម្មវិធីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្ដេជ្ញាបន្តការងាររបស់គណបក្ស បើទោះបីជាលោក កែម ឡី ស្លាប់ទៅហើយក្ដី។ លោកក៏ស្នើសុំឲ្យបញ្ឈប់ការចោទប្រកាន់គ្នារវាងអ្នកនយោបាយទៅវិញទៅមក ជាពិសេសពីប្រធានគណបក្សប្រឆាំងលោក សម រង្សី ដែលធ្លាប់និយាយថា លោក កែម ឡី ធ្លាប់មានបំណងចូលរួមគណបក្សសង្រ្គោះជាតិ។
ថ្លែងនៅក្នុងថ្ងៃប្រារព្ធខួបនៃការបង្កើតគណបក្សថ្មីដែលមានអាយុ១ឆ្នាំនេះ កាលពីព្រឹកថ្ងៃអង្គារ ទី២ ខែសីហានេះ លោក យ៉ង សាំងកុមារ បន្ថែមថា គណបក្សលោកនឹងបន្តអនុវត្តនិងបន្តផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន បើទោះបីជាមានស្ថាបនិកបក្សម្នាក់របស់លោកគឺ លោកបណ្ឌិត កែម ឡី ស្លាប់ក៏ដោយក្ដី។ អ្នកវិភាគកិច្ចអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់តាំងពីថ្ងៃទី១០ ខែកក្ដដា កន្លងនេះ។
លោក យ៉ង សាំងកុមារ អំពាវនាវឲ្យអ្នកគាំទ្រទាំងអស់ពង្រឹងស្មារតីនិងប្ដេជ្ញាថា នឹងដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យពីមូលដ្ឋានដែលមន្រ្តីជាន់ខ្ពស់នៃបក្សនេះថា ជាគោលនយោបាយប្លែកពីគណបក្សដទៃទៀតនៅកម្ពុជា។លោក យ៉ង សាំងកុមារ និយាយថា៖
«ឈរទៅលើការលាបពណ៌ ការជេរប្រមាថគ្នាទៅវិញទៅមកលើនយោបាយ ធ្វើនយោបាយធ្វើយ៉ាងណាឲ្យមានគោលនយោបាយច្បាស់លាស់។ខ្ញុំសុំស្នើសុំឈប់លាបពណ៌គ្នាទៅ ស្លាប់ម្នាក់ហើយ អត់ទាន់គ្រប់គ្រាន់ទៀតអី»។
លោកបន្តថា៖
«លោក កែម ឡី ជាបិតាស្ថាបនិក ខ្ញុំគ្រាន់តែបញ្ជាក់ថា គាត់ជាចំណែកមួយនៃការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដោយសារអី ដោយសារយើងចែកការងារ រួមគំនិតគ្នាបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ឥឡូវបិតាទៅបាត់ហើយ ប៉ុន្តែនៅមាតាហើយនិងកូន។ មាតានិងកូនគឺខំ ខំបន្តទៅមុខទៀតដើម្បីកសាងគណបក្សនេះឲ្យកាន់តែរឹងមាំ។ មិនមែនថា បិតាទៅបាត់ហើយអត់មានអ្នកខំទេ គឺមានមាតា កូន កូនចៅ ចៅទួត ដែលជាសមាជិកទើបចូលថ្មីនេះ ដើម្បីដឹកនាំគណបក្សទៅមុខ»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានសមាជិកសរុបចំនួនជាង២.០០០នាក់នៅក្នុងឃុំចំនួន១២ក្នុងចំណោមឃុំទាំង២០ ដែលនឹងត្រូវចាត់ទុកជាឃុំគំរូក្នុងការអភិវឌ្ឍន៍ប្រទេសតាមគោលនយោបាយប្រជាធិមតេយ្យថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិរបស់ខ្លួន។
អ្នកគាំទ្រនៃគណបក្សនេះ ស្នើសុំបន្តឲ្យមានការរកយុត្តិធម៌ដល់ឃាតកម្មលើលោក កែម ឡី ដែលជាស្ថាបនិកម្នាក់ក្នុងចំណោមអ្នកស្ថាបនិកទាំងអស់ដែលមានបទពិសោធន៍ការងារមកពីអង្គការក្រៅរដ្ឋាភិបាលផ្នែកអភិវឌ្ឍន៍មូលដ្ឋាន។
លោក ដុំ ដន អ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មកពីខេត្តកំពង់ស្ពឺ ដែលធ្លាប់ស្ដាប់យោបល់លោក កែម ឡី កាលលោកចុះមូលដ្ឋានពេលនៅមានជិវិត បានប្រាប់ VOAថា លោកសោកស្ដាយដែលបាត់បង់វីរជនដ៏ល្អម្នាក់ និងស្នើសុំឲ្យមានការចាប់ជនដៃដល់ឲ្យបានលឿន។
អ្នកគាំទ្ររូបនេះថ្លែងថា៖
«ខ្ញុំស្ដាយណាស់។ ធ្លាប់ចូលរួមធ្វើគោលនយោបាយគណបក្សជាមួយគាត់ សោកស្ដាយដែលគាត់ស្លាប់ទៅ។ ខ្ញុំបានទៅបុណ្យសពគាត់នៅវត្តចាស់ និងហែរទៅដល់ផ្ទះលោក។ ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលស្វែងរកឃាតករ ជនដៃដល់។ ខ្ញុំនឹងបន្តធ្វើទៀត។ ជូតទឹកភ្នែករបស់អ្នកហើយបន្តដំណើរទៅមុខទៀត»។