ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​មហាផ្ទៃ៖ តុលាការ​នឹង​បើក​សវនាការ​សាធារណៈ​រឿង​លោក​កែម ឡី​នៅ​ពេល​ឆាប់‍ៗ


លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​នៃ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​(គ.ជ.អ.ប) នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦ រាជធានី​ភ្នំពេញ។​ (ឡេង ឡែន/VOA)

រហូត​មកដល់​ថ្ងៃ​ទី១១​ ខែ​សីហា​នេះ​ ​មាន​រយៈ​ពេល​ជាង​មួយ​ខែ​ហើយ​​ដែល​លោក​ កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់។​ មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​រំពឹង​ថា​ តុលាការ​នឹង​ប្រមូល​បាន​ភស្តុតាង​គ្រប់​គ្រាន់​ ​និង​បង្ហាញ​​​ជា​សាធារណៈ​ក្នុង​ពេល​ឆាប់ៗ​ តែ​អ្នក​វិភាគ​និង​អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស​ជឿ​ថា​ រដ្ឋាភិបាល​នឹង​មិន​អាច​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​បាន​ ដូច​ករណី​ឃាតកម្ម​មុនៗ​ដែរ។

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ​ គឺ​លោក ​ខៀវ សុភ័គ​ ឲ្យ​ដឹង​ថា​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​នឹង​អាច​បើក​សវនាការ​ជា​សាធារណៈ​មួយ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ ​ ចំពោះ​ករណី​ឃាតកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់ លើ​រូប​ ​លោក​ កែម ឡី​ អ្នក​វិភាគ​និង​ស្រាវជ្រាវ​សង្គម។ ក៏​ប៉ុន្តែ​លោក​នាយ​ឧត្ដមសេនីយ៍​រូប​នេះ​ មិន​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​នៃ​សវនាការ​នេះ​នៅ​ឡើយ​ទេ។​

នាយ​ឧត្ដមសេនីយ៍ ​ខៀវ សុភ័គ​ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ​ក្រោយ​ពី​តុលាការ​បញ្ចប់​ការ​ប្រមូល​ភស្តុតាង​ ​និង​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ ​លោក​រំពឹង​ថា​ សវនាការ​ជា​សាធារណៈ​មួយ​នឹង​ធ្វើ​ឡើង​រួម​ទាំង​ការ​បង្ហាញ​ភស្តុតាង​ជា​សាធារណៈ​ផង​ដែរ។​

លោក​បន្ថែម​ថា៖

«ខ្ញុំ​សង្ឃឹម​ថា​ ​តុលាការ​ លោក​នឹង​បើក​ធ្វើ​សវនាការ​ក្នុង​ពេល​ឆាប់ៗ​ហ្នឹង ​ហើយ​ពេល​នោះ​ជា​សវនាការសាធារណៈ​ ​ហើយ​ទាំង​មេម៉ូរី (memory) កាត​វីដេអូ​ ​អាច​នឹង​អញ្ជើញ​ប្អូនៗ​ទៅ​មើល​ ​ឆាប់ៗ ហ្នឹង​ឬ​ក៏​ពេល​ណា​អាស្រ័យ​លើ​តុលាការ​ទេ​ ​ឥឡូវ​ហ្នឹង​គេ​កំពុង​ធ្វើការ​ស៊ើប​អង្កេត​ ​ប្រមូល​រឿង​ឲ្យ​ជុំ​សិន ជុំ​មួយ​សំណុំរឿង​សិន បើក​សវនាការ​ហើយ»។​

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)
លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

​លោក កែម ឡី​ អ្នក​វិភាគ ​និង​ស្រាវជ្រាវ​សង្គមដែល​តែងតែ​រិះគន់ ​រដ្ឋាភិបាលលោក​ ហ៊ុន សែន ​និង​គណបក្ស​ជំទាស់​នោះ​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​នឹង​កន្លែង​ ក្នុង​ហាង​កាហ្វេ​មួយ​នៅ​រាជធានី​ភ្នំពេញ​ ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។​ ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ ​បន្ទាប់​ពី​លោក​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​នឹង​របាយការណ៍​មួយ​របស់អង្គការ​Global Witness ​ដែល​បាន​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុលា្លរ។​

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​លោក ​លី សុផាណា​ បាន​ប្រាប់​ VOA នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ថា​ ចៅ​ក្រម​ស៊ើប​សួរ​កំពុង​បន្ត​ចំណាត់​ការ​ស៊ើបសួរ​លើ​សំណុំរឿងឃាតកម្ម​លោក​ ​កែម ឡី។​

លោក​មាន​ប្រសាសន៍​ថា៖​

«ពួក​យើង​កំពុងតែ​ជំរុញ​នៅ​ក្នុង​រឿង​ស៊ើប​ក្នុង​ករណី​នេះ​ ​ហើយ​ចំពោះ​ការ​បង្ហាញ​ជា​សាធារណៈ​ ​ឬក៏​យ៉ាង​ណា​នោះ​ ​គឺ​យើង​នឹង​ពិនិត្យ​តាម​ស្ថានភាព​ជាក់​ស្តែង​ ​ប៉ុន្តែ​ក៏​ត្រូវ​តែ​គោរព​នូវ​ការ​សម្ងាត់​នៃ​ការ​ស៊ើបសួរ​ រួម​ទាំង​ឯកសារ​ក្នុង​សំណុំ​រឿង​មួយ​ចំនួន​ដែល​មិន​អាច​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​បាន​ទេ​ក្រៅ​ពី​ភាគី​នៅ​ក្នុង​រឿង​ក្តី​ដែល​គាត់​អាច​បាន​ទទួល​ព័ត៌មាន​ ​ឬ​មួយ​ក៏​អាច​ពិនិត្យ​ឯកសារ​ណាមួយ​នៅ​ក្នុង​នីតិវិធី»។​

​ក្រោយ​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ សមត្ថកិច្ច​ ​បាន​ចាប់​ខ្លួនខ្មាន់​កាំភ្លើង​ម្នាក់​ដែល​អះអាង​ថា​ឈ្មោះ​ «ជួប ​សម្លាប់»​ ​ហើយ​ថា​ ​ខ្លួន​បាញ់​សម្លាប់​លោក​ កែម ឡី ​ព្រោះ​រឿង​បំណុល​ ​ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ឃុំខ្លួន​ ​ដើម្បី​ស៊ើប​អង្កេត​ តាម​បទ​ចោទ ឃាតកម្ម​គិតទុក​ជា​មុន​ និងប្រើប្រាស់អាវុធ​ខុស​ច្បាប់។​ តាម​ច្បាប់​កម្ពុជា​ ​ជននេះ​នឹងអាច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​កំហុស។ ​យ៉ាង​ណា​ក៏​ដោយ​ករណី​បាញ់​សម្លាប់​ ​លោក​កែម ឡី​ ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​ពី​សំណាក់​ ​អ្នក​គាំទ្រ​លោក​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ​និង​ ​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​

​លោក អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ​មាន​ប្រសាសន៍​ថា​លោក​មិន​មាន​ជំនឿ​ថា​ តុលាការ​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​បាននោះ​ទេ ​ប្រសិន​ជា​គ្មាន​ឆន្ទៈ ។​ លោក​ថា​ ​កន្លង​មក​ ករណី​ឃាតកម្ម​ធំៗ​ដូច​ជា​ការ​សម្លាប់​លោក​ ​ជា វិជ្ជា​ ​និង​លោក​ ​ឈុត វុទ្ធី រដ្ឋាភិបាល​នៅ​តែ​មិន​អាច​វែក​មុខ​ឃាតករ​មក​ផ្តន្ទា​ទោស​បាន​នៅ​ឡើយ។​

លោក​ អំ សំអាត ថ្លែង​ប្រាប់ VOA ថា៖

«អាជ្ញាធរ ឬក៏​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​របស់​កម្ពុជា​យើង​មិនមែន​អសមត្ថភាព​ទេ ការ​ធ្វើ​ការ​ស៊ើបអង្កេត​គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់ បើ​យើង​ធៀប​ទៅ​ករណី​លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដែល​ត្រូវ​បាន​បាញ់​សម្លាប់ យើង​ឃើញ​ហើយ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ គឺ​សមត្ថកិច្ច​ធ្វើ​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​រកឃើញ​ភ្លាម​ ​អា​នេះ​វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ ហើយ​អ្វី​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី តែ​ប៉ុណ្ណោះ​ ហើយ​តើ​រដ្ឋាភិបាល​និងអាជ្ញាធរ​ហ៊ាន​ទម្លុះ​នូវ​អាថ៌កំបាំង​ពី​ក្រោយ​ការ​បាញ់​សម្លាប់​នេះ​ដែរ​ឬទេ​?»។​

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក ​មាស នី​ ប្រាប់​ VOA ថា​ ប្រសិន​ជា​រដ្ឋាភិបាល​មិន​អាច​ស្រាវជ្រាវ​រក​ឃើញអ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​ នោះ​ស្ថានការណ៍នយោបាយ​នៅ​កម្ពុជា​នឹង​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ។​

លោក​មាស នី​ ​បន្ថែម​ថា៖​

​«បើ​សិន​ណា​ជា​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​យុត្តិធម៌​ឲ្យ​ឃើញ​ទេ​ ខ្ញុំ​យល់​ថា ​វា​អាច​មាន​កំហឹង​មហាជន​ហើយ​វា​ជា​រឿង​គ្រោះ​ថ្នាក់​មួយ​នៅ​ពេល​យើង​មាន​រឿង​ស្ថានការណ៍​ផ្លាស់​ប្តូរ​ណា​មួយ​បន្តិចបន្តួច វា​អាច​ក្លាយ​ជា​អំពើ​ហិង្សា​ណា​មួយ នេះ​ដោយសារ​កំហឹង​ពលរដ្ឋ​ហ្នឹង​ខឹង​ទៅ​លើ​រដ្ឋាភិបាល​ ហើយ​ចោទ​រដ្ឋាភិបាល​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​រឿង​ទាំងអស់​ហ្នឹង​ ដោយ​សារ​អី ដោយសារ​រដ្ឋាភិបាល​មិន​បាន​ចេញ​នូវ​ប្តេជ្ញា​ចិត្ត​ឲ្យ​បាន​ខ្ពស់រក​យុត្តិធម៌​ជូន​លោក កែម ឡី ដូច្នេះ​ការ​ចោទ​ប្រកាន់​ហ្នឹង​វា​នៅ​តែ​មាន»។​

​សមត្ថកិច្ច​បាន​ត្អូញត្អែរ​ពី​ការ​លំបាក​របស់​មន្ត្រី​ជំនាញ​ ​ក្នុង​ការ​ទាញ​យក​ចម្លើយ​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ និង​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​នេះ​មក​ផ្តន្ទា​ទោស​ ​បើ​ទោះ​បី​ជា​កន្លែង​ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី​ ​នៅ​ក្នុង​ស្តាម៉ាត​ជាប់​ស្តុប​បូកគោ​នោះ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ទាំង​ក្នុង​ហាង​ ​និង​នៅ​តាម​បង្គោល​ស្តុប​ទាំង៤​ត្រង់​ផ្លូវ​បំបែក​ក៏​ដោយ៕

XS
SM
MD
LG