ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​កាន់​អំណាច​បោះឆ្នោត​ដក​តំណែង​ប្រធាន​មតិ​ភាគ​តិច​របស់​លោក​កឹម សុខា​​​


ក្រុម​​តំណាង​រាស្រ្ត​មកពី​គណបក្ស​កាន់​អំណាច​ លើកដៃ​យល់ព្រម​​​​​​លុប​​ចោល​​ក្រុម​​តំណា​ង​រាស្រ្ត​​មតិ​ភាគ​​តិច និង​​ក្រុមមតិភាគ​​ច្រើន​​ នៅ​រដ្ឋសភា នាថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។

ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​មិន​បាន​ចូល​រួម​ប្រជុំ​នោះ​ដោយ​លើក​ឡើង​ថា​ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​ និង​មិន​អាច​ទទួល​យក​បាន។

រដ្ឋសភា​ដែល​មិន​មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៣១ ខែ​មករា​នេះ បាន​សម្រេច​លុបចោលក្រុម​មតិ​ភាគ​តិច​ និង​ក្រុម​មតិ​ភាគ​ច្រើន​ ដែល​ត្រូវ​បាន​បង្កើតដើម្បី​ចរចា​រក​ដំណោះស្រាយ​នយោបាយ។ ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​មិន​បាន​ចូល​រួម​ប្រជុំ​នោះ​ដោយ​លើក​ឡើង​ថា​ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ដោយ​មិន​ត្រឹមត្រូវ​ និង​មិន​អាច​ទទួល​យក​បាន។

ការ​បោះឆ្នោត ប្រព្រឹត្ត​ទៅ​ដោយសំឡេង៦៧​លើ​៦៧។ ការ​សម្រេច​លុប​ចោល​នេះ​ កើត​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ដែល​ជា​មេដឹកនាំ​បក្ស​កាន់​អំណាច​យល់​ថា ក្រុម​តំណាងរាស្រ្ត​មតិ​ភាគ​តិច​មាន​បំណង​ប្រើ​ប្រាស់​ការ​ចរចា​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​មួយ​ចំនួន ដែល​លោក​ថា​ ជា​ការ​បំពាន​ដល់​អំណាច​តុលាការ។

ការ​បោះឆ្នោត​ដក​ចេញ​ប្រការ​៤៨​ ថ្មី (៣) នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ ដោយ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាចនៅ​ថ្ងៃ​ទី​៣១ ខែ​មការ​នោះ ​មាន​ន័យ​ថា ​ជា​ការ​លុបចោល​ទាំង​ស្រុង​នូវ​មុខ​តំណែង​ប្រធាន​ក្រុម​មតិ​ភាគ​តិច​ ដែល​មាន​លោក ​កឹម​ សុខា ​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​ ជា​ប្រធាន ​និង​ក្រុម​មតិ​ភាគ​ច្រើន​ដែលមាន​លោក ​ស​ ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​របស់​បក្ស​កាន់​អំណាច​ ជា​ប្រធាន។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នោះ​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ ដែល​ជា​អ្នក​ផ្តួចផ្តើម​ការ​លុបចោល​ប្រការ​នេះ​បាន​លើក​ឡើង​ថា ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ប្រការ ​៤៨ ថ្មី (៣) នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​នេះ​ ផ្អែក​លើ​មូលហេតុ​យ៉ាង​តិច​ចំនួន​៥។​ ក្នុង​ចំណោម​មូលហេតុ​ទាំង​ប្រាំ​នោះ ​លោក​បាន​ពន្យល់​ថា ការ​បក​ស្រាយ​ខុស​គ្នា​លើ​តួនាទី​របស់​ប្រធាន​ក្រុម​មតិភាគ​តិច និង​ភាព​មិន​ស្មោះ​ត្រង់​របស់​គណបក្ស​ប្រឆាំង ​ដែល​តែង​ស្នើ​ឲ្យ​មាន​ការ​ចរចា​ដែល​ទាមទារ​ឲ្យដោះ​លែង​អ្នក​ទោស ​ដើម្បីទទួល​បានប្រយោជន៍​នយោបាយ គឺ​ជា​មូលហេតុ​សំខាន់​ជាង​គេ​ដើម្បី​បិទ​បញ្ចប់​ការ​ចរចា​នេះ។

លោក​មាន​ប្រសាសន៍​ថា៖

«បង្កប់​ន័យ សម្រួល​សភាពការណ៍​នយោបាយឲ្យ​បាន​ស្រួល ន័យ​នោះ​គឺ​ន័យ​តែ​មួយ​គត់​ គឺ​បញ្ហា​ដោះ​លែង​អ្នក​ទោស​ព្រហ្មទណ្ឌ។ ខ្ញុំ​ប្រកាស​ជា​ថ្មី​ទៀត កម្ពុជា​អត់​មាន​អ្នក​ទោស​នយោបាយ​ទេ​ មាន​តែ​អ្នក​នយោបាយ​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ព្រហ្មទណ្ឌ ហើយ​ទៅ​ជាប់​ទោស»។

លោក ហ៊ុន​ សែន ​បន្ថែម​ថា​ ការ​រំលាយ​ចោល​នូវ​តួនាទី​ប្រធាន​ក្រុម​មតិ​ភាគ​តិច​និង​ភាគ​ច្រើន​រដ្ឋសភា​ នឹង​មិន​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​ឡើយ។ លោក​បន្ត​ថា ​ការពិភាក្សា​លើ​បញ្ហា​នយោបាយ ​និង​កិច្ចការ​ជាតិ​ ត្រូវ​បន្ត​ធ្វើ​ឡើង​តាម​រយៈ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ។

​ក្នុង​សន្និសីទ​នៅ​ទីស្នាក់ការ​កណ្តាលគណបក្ស​សង្គ្រោះជាតិ ​ដើម្បីពន្យល់​ពី​មូលហេតុ​នៃ​ការ​មិន​ចូលរួម​ប្រជុំក្នុង​រដ្ឋសភា លោក សុន ឆ័យ តំណាងរាស្រ្ត​ និង​ជា​មន្រ្តី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ លើក​ឡើង​ថា​ ការ​អនុម័ត​ដោយ​ឯកបក្សរបស់​បក្ស​កាន់​អំណាច​ដើម្បី​លុបចោល​តួនាទី​ក្រុម​មតិ​ភាគ​តិច​ក្នុង​សភា ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ និង​មិន​អាច​ទទួល​យក​បាន។ លោក​ថា ​ការណ៍​នោះ​គឺជា​មូលហេតុ​ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មិន​ព្រម​ចូល​ប្រជុំ​សភា​ ហើយ​អះអាង​ថា ​គណបក្ស​ប្រឆាំង​មិន​ចង់​ក្លាយ​ជា​ចំណែក​នៃ​ការ​សម្រេច​ចិត្ត​ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ​ និង​ប្រទេស​ជាតិ។

ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ពន្យល់ពី​មូលហេតុ​ដែល​មិនចូល​រួម​ប្រជុំ​រដ្ឋសភា នៅទីស្នាក់ការកណ្តាល​គណបក្ស​សង្គ្រោះជាតិ នា​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។​
ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ពន្យល់ពី​មូលហេតុ​ដែល​មិនចូល​រួម​ប្រជុំ​រដ្ឋសភា នៅទីស្នាក់ការកណ្តាល​គណបក្ស​សង្គ្រោះជាតិ នា​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។​

លោក​បញ្ជាក់​ថា៖

«យើង​នឹង​ខិត​ខំ​នៅពេល​អនាគត​ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​រៀបរយ​ក្នុង​បទ​បញ្ជាផ្ទៃ​ក្នុង​រដ្ឋសភា​យើង​ហ្នឹង​ គឺ​ថា​ ធ្វើ​ម៉េច​ឲ្យ​ឆ្លុះ​បញ្ចាំង​ការងារឲ្យ​ស្រប​តាម​ស្ថាប័ន​នៃ​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ត្រឹមត្រូវ​ឡើង​វិញ។​ ដូច្នេះ​ខ្ញុំ​គ្រាន់​តែ​បញ្ជាក់​ថា​ យើង​មិន​អាច​ទទួល​យក​បាន​ ហើយ​នឹង​ខិតខំ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម»។

លោក មាស នី អ្នកវិភាគការ​អភិវឌ្ឍ​សង្គម​ប្រាប់ VOA ថា ក្រុម​តំណាងរាស្រ្ត​មតិ​ភាគ​តិច និង​មតិ​ភាគ​ច្រើន​នេះ​បង្កើត​ឡើង​ដើម្បីឲ្យ​តែ​ល្អ​មើល​ប៉ុណ្ណោះ ​ហើយ​មិន​មាន​ផល​ចំណេញ​អ្វី​ទាំង​អស់​សម្រាប់​ជាតិ។ លោក​បន្ថែម​ថា​ គណបក្ស​កាន់​អំណាច​ប្រើប្រាស់​ក្រុម​មតិភាគ​តិច និង​ភាគ​ច្រើនជា​ឈ្នាន់​នយោបាយ។​

លោក​មាន​ប្រសាសន៍​ថា៖

«អ្វី​ដែល​ជា​វិធី​របស់​សម្តេច​នាយក ​ខ្ញុំ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​អ្វី​ដែល​គាត់​មិន​ពេញ​ចិត្ត ដែល​គាត់​ថា ​មិន​ពេញ​ចិត្ត​ គឺ​គាត់​មិន​ធ្វើ​ គឺ​គាត់​ត្រូវ​បញ្ឈប់ ត្រូវ​ដក ត្រូវ​ដាក់​អី។ សម្រាប់​ខ្ញុំ​គឺ​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ​ គឺ​ដូច​ការ​ផ្លាស់​ប្តូរ​ស្រមោល​មួយ​ លឿន​អញ្ចឹង»។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន បាន​បន្ថែមក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នោះ​ថា ​ការ​ដែល​គណបក្ស​សង្គ្រោះជាតិ​មិន​ព្រម​ចូលរួម​ប្រជុំ​រដ្ឋ​សភា​ គឺ​ជា​ទង្វើ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ។ លោក​បាន​ព្រមាន​ថា​ ប្រសិន​បើ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​នៅ​តែ​មិន​ចូលរួម​ប្រជុំ​រដ្ឋសភា​ ហើយ​បក្ស​នេះ​នៅ​តែ​បន្ត​និយាយ​ថា​ សភា​កម្ពុជា​ជា​សភា​មិន​គ្រប់​ទឹក​នោះ​ លោក​នឹង​កាត់​ប្រាក់ខែ​អ្នក​តំណាងរាស្ត្រ​ទាំង​នោះ៕

XS
SM
MD
LG