ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ ហ៊ុន សែន ​ព្រមាន​បញ្ចប់«វប្បធម៌​សន្ទនា»​បើ​នៅ​មាន​ការ​រិះគន់

  • នៅ វណ្ណារិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ដៃ​ចង្អុល​នៅ​ក្នុង​អំឡុង​ពិធី​សម្ពោធ​ស្ពាន​អ្នកលឿង​ដ៏​វែង​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៥។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​អនុប្រធាន​គណបក្ស​នេះ​គឺ​លោក​ កឹម សុខា ​យ៉ាង​ចាស់ដៃ​សារ​ជា​ថ្មី​ម្តង​ទៀត​នា​ថ្ងៃពុធ​នេះ។​ ​នាយករដ្ឋមន្ត្រី​ដែល​កាន់​អំណាច​ ជាង​៣០ឆ្នាំ​បាន​ថ្លែងថា ​វប្បធម៌​សន្ទនា​និង​ភាព​ត្រូវរ៉ូវ​គ្នា​របស់​គណបក្ស​ទាំង​ពីរ​គឺ​គណបក្ស​សង្គ្រោះ​ជាតិនិង​គណបក្ស​ប្រជាជន​កម្ពុជាអាច​នឹង​បែកបាក់​ទៅវិញ​ប្រសិន​បើ​ថ្នាក់​ក្រោម​របស់​គណបក្ស​ជំទាស់​នៅ​តែ​ព្យាយាម​រិះគន់​លោក​នោះ។​

«ខ្ញុំ​បាន​និយាយ​ហើយ​ថា​គ្រាន់​តែ​ត្រូវរ៉ូវ​គ្នា​រវាង ​ហ៊ុន សែន​ និង​ សម រង្ស៊ី គឺ​វា​មិន​គ្រប់​គ្រាន់​ទេ។​ វា​ត្រូវការ​មនុស្ស​ទាំង​អស់។​ អញ្ចឹង​សូម​ផ្តាំ​ផ្ញើ​ទៅ​កាន់​ឯកឧត្ដម​ សម រង្ស៊ី​ សូម​ឲ្យ​អប់រំ​ផ្ទៃ​ក្នុង​បក្ស​ឲ្យ​បាន​ បើ​ឯកឧត្ដម​ធ្វើ​មិន​បាន​ទេ​ អា​វប្បធម៌​សន្ទនា​ ត្រូវ​លុប​ចោល​ក៏​លុប​ទៅ។​ កើត​ហើយ​ត្រូវ​លុបចោល​វិញ​ក៏​លុប​ទៅ»។​

លោក​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ដូច្នោះ​ក្នុង​ពិធី​សម្ពោធ​រោង​ចក្រ​ចម្រាញ់​ដូង​ប្រេង​មួយ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

​ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន​គឺ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​ដែល​លោក​និង​លោក ​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ការ​ណាត់​ជួប​សន្ទនា​ជាមួយ​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី។​ ក្នុង​កិច្ច​សន្ទនា​គ្នា​នា​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ពេល​នោះ​លោក​ ហ៊ុន សែន​បាន​ប្រាប់​លោក​សម រង្ស៊ី​ថា​កុំឲ្យ​មាន​ការ​សងសឹក​គ្នា​ទៅវិញ​ទៅ​មក​ប្រសិន​បើ​ថ្ងៃ​ថា មួយ​លោក​ធ្លាក់​ពី​អំណាច​ហើយ​លោក​ សម រង្ស៊ី ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​វិញ​នោះ។​

​ថ្លែង​ទៅ​កាន់​ប្រជារាស្ត្រ​និង​អ្នក​គាំ​ទ្រ​ នា​ពេល​ព្រឹក​ថ្ងៃពុធ​នេះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ថា​ការ​លើក​ឡើង​នា​ពេល​នោះ​ គ្រាន់តែ​ជា​ឧទាហរណ៍​តែ​ប៉ុណ្ណោះ​ទេ​ ហើយ​ត្រូវ​គេ​យក​មក​បក​ស្រាយ​ខុស។​ ជាពិសេស​ លោក​បាន​ឲ្យ​ដឹងថា​ លោក​ កឹម សុខា​ ​ពេល​ថ្មីៗ​នេះ​បាន​ប្រើ​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​នាទី​ក្រុង​គូឡាឡាំពួ​ ទៅជា​សង្គ្រាម​ចិត្តសាស្ត្រ​វាយ​ប្រហា​រលោក​និង​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក សម រង្ស៊ី និងលោក ហ៊ុន សែន​ នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្តនៅ​ខេត្តសៀមរាបនៃ​ប្រទេសកម្ពុជា ឆ្នាំ២០១៥។
លោក សម រង្ស៊ី និងលោក ហ៊ុន សែន​ នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្តនៅ​ខេត្តសៀមរាបនៃ​ប្រទេសកម្ពុជា ឆ្នាំ២០១៥។

ជាង​នេះ​ទៀត​លោក ហ៊ុន សែន ​បាន​ចោទ​ថា​លោក​ កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ព្យាយាម​រិះគន់​លោក​និង​គណបក្ស​ប្រជា​ជន​កម្ពុជា​ដោយ​ប្រើ​ពាក្យ​«កុម្មុយនិស្ត​ផ្តាច់ការ»៖​

​«បន្ថែម​ជា​មួយ​នោះ​ ​ឯកឧត្តម​ កឹម សុខា ​គាត់​ទៅ​ថ្លែងនៅ​តាកែវ​ថា​បើ​គាត់​ឈ្នះ​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​គាត់​មិន​ទៅ​សងសឹកទេ។​ ​បន្ថែម​ដោយ​សង្គ្រាម​ចិត្ត​សាស្ត្រថា ​CPP​ ត្រៀម​ចាញ់​ហើយ​រហូត​ដល់​ថា​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ មិន​ឈរ​ឈ្មោះ​តទៅទៀត»។

លោក​ហ៊ុនសែន​បាន​បន្ត​ថា​លោកនឹង​នៅ​តែ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​នឹង​ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស​មួយ​បន្ទាប់​ពី​ប្រធាន​គណបក្ស​របស់​លោក​គឺ​លោក​ជាស៊ីម ​ដែល​មាន​ជំងឺចាស់​ជរា​ទៅ​ហើយ​។ ជាងនេះទៀត​ លោក​បាន​ឲ្យ​ដឹង​ថា​លោក​ សាយ ឈុំ​ដែល​ជា​ប្រធាន​ស្តី​ទី​របស់​ព្រឹទ្ធសភា​និង​បន្ត​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​ផង​ដែរ​ប្រសិន​បើ​ លោក​ ​ជា ស៊ីម ​លាកចាក​លោក​នេះ។​

គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិបាន​ស្រុះស្រួល​ផ្នែក​នយោបាយ​ជា​មួយ​គ្នា​ក្រោម​ការ​សន្ទនា​និង​ ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតថ្មី​មួយ​ដែល​មាន​សមាសភាព​គណៈកម្មាធិការ​៩រូប។ ការសន្ទនា​នេះ​គឺ​បន្ទាប់​ពី​ការ​ជាប់​គាំង​នយោបាយ​ជិត​១​ឆ្នាំ​ក្រោយ​ពេល​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣។​

​VOA ​មិន​អាច​ទាក់​ទង​ លោក​ សម រង្ស៊ី​ និង​ លោក ​កឹម សុខា​ ដើម្បីសុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​លោក​យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ VOA ថា​គណបក្ស​របស់​លោកគ្មាន​អ្វីត្រូវ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នោះ​ទេដោយ​ហេតុ​ថាវប្បធម៌​សន្ទនា​គឺ​ធ្វើ​ត្រឹម​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ទាំងពីរ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំៗ​តែ​ប៉ុណ្ណោះ៖

«ជា​គោលការណ៍​វប្បធម៌​សន្ទនា​សម្រាប់​ថ្នាក់​ដឹកនាំ​ខាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​មិន​កាន់​អំណាច​គឺ​ត្រូវ​ពិភាក្សា​គ្នា​រិះរក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ធំៗ​ ហើយ​រឿង​ផៃ្ទ​ក្នុង​គណបក្ស​គឺ​យើង​នៅ​ដាច់​ពី​គ្នា»។

​លោក​ ហ៊ុន សែន ក៏បាន​ បាន​គំរាម​ចំៗ​ថា​នឹង​អាច​មាន​សង្គ្រាម​ស៊ីវិល​កើត​ឡើង​ប្រសិន​បើ​មាន​ការ​សងសឹក​ណាមួយ​កើត​ឡើង ​ពេល​ដែល​លោក​អស់​ពី​តំណែង​នោះ។​

​នេះគឺ​ជា​លើក​ទីពីរ​ហើយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ធ្វើការ​ព្រមាន​ចំៗ​ដល់​លោក​ កឹម សុខា។ កាល​ពី​ពាក់​កណ្តាល​ខែ​មិនា​កន្លង​ទៅ​លោក​ ហ៊ុន សែន​ព្រមានលោក​ កឹម សុខា​ ដោយ​ចោទ​ថា​អនុប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នៅ​ក្នុង​រយៈពេល​ធ្វើ​បាតុកម្ម​ក្រោយ​ពេល​បោះឆ្នោត​នោះ៕

XS
SM
MD
LG