ការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោមនឹងកាន់តែខ្សោយទៅ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លូកដៃចូលក្នុងសំណុំរឿងឃាត់ទុករថយន្តសង្គ្រោះបន្ទាន់គ្មានការចុះបញ្ជីមួយគ្រឿង ដោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។ នេះបើតាមការពន្យល់ពីក្រុមអ្នកសង្កេតការណ៍សង្គមកម្ពុជា។
បុគ្គលិកនៃវិទ្យុក្នុងស្រុកដែលគេស្គាល់ថា ជាវិទ្យុ ABC បានស្រែកហ៊ោរកញ្ជ្រៀវ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានឥទ្ធិពលនៅកម្ពុជា បានសន្យាផ្តល់រថយន្តចំនួន២គ្រឿងដល់ក្រុមការងាររបស់វិទ្យុនេះ កាលពីថ្ងៃសៅរិ៍កន្លងទៅ ដើម្បីជួយប្រជាពលរដ្ឋក្នុងផ្នែកមនុស្សធម៌។
លោក ហ៊ុន សែន មិនត្រឹមតែសន្យាផ្តល់រថយន្តនោះទេ លោកថែមទាំងបានសូមអភ័យទោសដល់វិទ្យុនេះ និងបានប្រកាសដកតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញផងដែរ។
អ្នកសិក្សាស្រាវជ្រាវសង្គមយល់ឃើញថា ការសម្រេចចិត្តដកតំណែងមន្ត្រីថា្នក់ក្រោមភ្លាមៗ ដោយខ្វះការពិនិត្យលើអង្គហេតុនៃកំហុសរបស់មន្ត្រីនោះគឺជាសញ្ញាណមួយនៃការបំបាក់ស្មារតីមន្ត្រីថ្នាក់ក្រោម មិនឲ្យអនុវត្តច្បាប់ និងជាការប្រើប្រាស់អំណាចខ្វះការពិចារណាក្នុងផ្លូវច្បាប់។
ការសម្រេចដកតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងការសន្យាផ្តល់ជូនរថយន្តរបស់លោកនាយករដ្ឋមន្ត្រីនេះ កើតមានឡើង បន្ទាប់ពីលោកសុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីរបស់លោកឃាត់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងរបស់វិទ្យុ ABC ដែលត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់សម្រាប់ដឹកគ្រឿងភេសជ្ជៈទឹកត្របែកចំនួន១២៨ប្រអប់។ រថយន្តនេះត្រូវបានរាយការណ៍ថា មិនមានពាក់ស្លាកលេខសម្គាល់ មិនបានចុះបញ្ជី និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលដើម្បីធ្វើប្រតិបត្តិការទេ។
ឃ្លីបវីឌីអូខ្លីមួយ ដែលមិនមានរូបភាព និងឮតែសម្លេង និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសៅរិ៍ នៅលើគេហទំព័រអង្គភាពព័ត៌មាន Freshnews ដែលគេដឹងថា ស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីមិនបានបន្ទោសក្រុមការងាររបស់វិទ្យុ ABC អំពីការប្រើប្រាស់យានយន្តដោយគ្មានស្លាកលេខនោះទេ តែថែមទាំងបានជួយឧបត្ថម្ភរថយន្តបន្ថែមដល់វិទ្យុនេះ។
«ទៅពេលខាងមុខនេះ ខ្ញុំក៏សុំជួយបន្ថែមដើម្បីឲ្យក្រុមគ្រួសាររបស់ ABC ហ្នឹងកាន់តែមានជោគជ័យថែមទៀត គឺខ្ញុំសុំផ្តល់បន្ថែមនូវរថយន្តពីរគ្រឿងសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ»។
ទាក់ទងនឹងការដកតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីបានថ្លែងបន្តយ៉ាងដូច្នេះថា៖
«ហើយយ៉ាងណាក៏ដោយ ខ្ញុំក៏សូមបញ្ជាក់ថា ដើម្បីធ្វើការប៉ះបូវគឺខ្ញុំអត់មានជម្រើសណាផ្សេង ខ្ញុំបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលហើយ ឲ្យដកប្រធានមន្ទីរសុខាភិបាលនេះ»។
កាលពីថ្ងៃអាទិត្យ VOA បានព្យាយាមទាក់ទងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងនេះ ដើម្បីសុំការអធិប្បាយអំពីភាពស្របច្បាប់នៃការប្រើរថយន្តសង្គ្រោះបន្ទាន់ដោយមិនបានចុះបញ្ជី និងនីតិវិធីនៃការដកតំណែងលោក សុខ សុគន្ធ តែមិនអាចទាក់ទងបាន។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម បានប្រាប់ VOA កាលពីថ្ងៃអាទិត្យថា ករណីដកមន្ត្រីចេញពីមុខតំណែងនេះមិនមែនជាករណីដំបូងដែលបានកើតឡើងក្នុងរយៈពេលបីខែចុងក្រោយនេះទេ។
លោកបានលើកឡើងពីករណីមន្ត្រីជាន់ខ្ពស់ផ្នែកអន្តោប្រវេសន៍មួយរូបដែលត្រូវលោកនាយករដ្ឋមន្ត្រីប្រកាសឲ្យចេញពីតំណែង បន្ទាប់ពីមន្ត្រីរូបនេះមានទំនាស់ជាមួយមន្ត្រីប៉ូលិសចរាចរណ៍ម្នាក់កាលពីពេលកន្លងទៅ។ លោក មាស នីនិយាយថា គ្រានោះ លោកនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរចិត្តដល់ទៅបីដងក្នុងមួយថ្ងៃ ដែលទីបំផុតមន្ត្រីជាន់ខ្ពស់ផ្នែកអន្តោប្រវេសន៍នោះ បានបន្តស្ថិតនៅក្នុងតំណែងដដែល។
លោកបន្តថា ករណីដកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញនេះគឺជារឿងច្រំដែល និងឆ្លុះបញ្ចាំងឲ្យឃើញពីការកាត់បន្ថយសកម្មភាពអនុវត្តច្បាប់ដោយមន្ត្រីថ្នាក់ក្រោម។
«គម្រូមួយនេះ ខ្ញុំគិតថា ថ្ងៃក្រោយ មន្ត្រីក្រសួងមន្ទីរផ្សេងៗទៀតគឺមិនហ៊ានធ្វើអីទេ បើសិនណាជាមិនមានបញ្ជាពីនាយករដ្ឋមន្ត្រី ឬក៏មិនហ៊ានធ្វើកិច្ចការអីឲ្យវាខ្លាំងក្លា ដូចជាការអនុវត្តច្បាប់ទេ បើសិនណាជាការសម្រេចចិត្តពីប្រមុខរាជរដ្ឋាភិបាលធ្វើឡើងដោយប្រើផ្លូវចិត្ត ជាជាងការប្រើផ្លូវច្បាប់ ឬប្រព័ន្ធរបស់រដ្ឋឲ្យធ្វើការជំនួសបាទ»។
VOA មិនអាចទាក់ទងលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានទេ កាលពីថ្ងៃអាទិត្យ។
ប៉ុន្តែលោក សុខ សុគន្ធ ត្រូវបានព្រឹត្តិប័ត្រព័ត៌មានក្នុងស្រុក The Cambodia Daily ដកស្រង់សម្តីកាលពីថ្ងៃសុក្រថា មន្ត្រីសុខាភិបាលរាជធានីភ្នំពេញ បានឃាត់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង កាលពីព្រឹកថ្ងៃ១១ ខែសីហា នៅក្បែរស្ពាន៧មករា ស្ថិតក្នុងខណ្ឌទួលគោក ដោយសង្ស័យថា រថយន្តនោះបានធ្វើប្រតិបត្តិការខុសច្បាប់។
លោកបានប្រាប់ព្រឹត្តិប័ត្រព័ត៌មាននោះក្នុងន័យដើមថា៖
«យើងបានរកឃើញរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលមិនបានចុះបញ្ជី ហើយវាមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលល្មើសនឹងគោលការណ៍ណែនាំក្រសួង និងបទដ្ឋានសុខាភិបាល»។
សម្តីរបស់លោកត្រូវបានដកស្រង់បន្តថា រថយន្តនោះមិនមានស្លាកលេខ ដូច្នេះប្រឆាំងនឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយនៅក្នុងរថយន្តមិនមានក្រុមមន្ត្រីសុខាភិបាល ឬអ្នកជំនាញផ្នែកសុខាភិបាលសម្រាប់ជួយសង្គ្រោះបន្ទាន់នោះទេ។ លោកបន្ថែមថា រថយន្តនោះមិនបានបំពាក់ឧបករណ៍ផ្តល់សញ្ញា បរិក្ខារពេទ្យ ឬក៏ថ្នាំពេទ្យទេ ហើយនៅក្នុងរថយន្តមានតែដែកច្រែះ និងសំណាញ់ពីងពាងដែលល្មើសនឹងគោលការណ៍របស់ក្រសួង។
VOA ពុំទាន់បានព្យាយាមទាក់ទងតាមរយៈលេខទូរស័ព្ទដែលមាននៅលើគេហទំព័ររបស់វិទ្យុ ABC ដើម្បីសុំការអធិប្បាយពីក្រុមការងារនៃវិទ្យុនេះ តែមិនអាចទាក់ទងបានទេ កាលពីរសៀលថ្ងៃអាទិត្យ។
យ៉ាងណាក៏ដោយ ទំព័រហេ្វសប៊ុករបស់វិទ្យុ ABC បានបង្ហោះសេចក្តីថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអន្តរាគមន៍យកឡានទឹកភ្នែកអ្នកក្រដើម្បីឲ្យ ABC បានបម្រើសង្គម និងប្រជាជនក្រីក្រឡើងវិញ។
បើយោងតាមសេចក្តីរាយការណ៍របស់ព្រឹត្តិប័ត្រ The Cambodia Daily បានឲ្យដឹងថា វិទ្យុ ABC នេះជារបស់លោក សេង ប៊ុនវេង ហៅក្រៅថា អាចារ្យ អេ។ កាលពីមុនថ្ងៃបោះឆ្នោតឆ្នាំ២០១៣ លោកបានព្រមានថា ឈាមនឹងហូរ ប្រសិនបើគណបក្សប្រឆាំងបានកាន់កាប់អំណាច៕