ការសិក្សាស្រាវជ្រាវពីគោលនយោបាយមានសារៈសំខាន់ដើម្បីឱ្យមានការកែប្រែលើបញ្ហាធំៗដែលកើតមានឡើងនៅក្នុងប្រទេសជាតិ ប៉ុន្តែក្នុងពេលកន្លងមកការចេញផ្សាយគោលនយោបាយមួយចំនួនរបស់រដ្ឋាភិបាលនិងគណបក្សនយោបាយហាក់ដូចជាខ្វះខាតឆន្ទៈក្នុងការជំរុញឱ្យសម្រេចបាន។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគ។
លោកអ៊ូ វីរៈដែលបានបង្កើតនិងដឹកនាំក្រុមស្រាវជ្រាវ «វេទិការអនាគត» បានបញ្ជាក់ពីតម្រូវការចាំបាច់ក្នុងការមានស្ថាប័នឯករាជ្យមួយដើម្បីតាមដាននិងផ្ទៀងផ្ទាត់គោលនយោបាយដែលបានដាក់ចេញមកទាំងរបស់រដ្ឋាភិបាលនិងគណបក្សនយោបាយ។
លោកបានបញ្ជាក់ថាបញ្ហាដែលបានលើកឡើងដោយក្រុមអ្នករិះគន់កន្លងមកមានលក្ខណៈមិនទាន់ស៊ីជម្រៅនៅឡើយ។
លោកបានបន្ថែមថា៖
«អ្វីដែលខ្ញុំបានឃើញនូវស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះគឺការរិះគន់ភាគច្រើនជាការរិះគន់សើៗ។ ដូច្នេះហើយរដ្ឋាភិបាលក្នុងការឆ្លើយតបរបស់ខ្លួនទោះបីក្នុងការប្រកាសកែទម្រង់ស៊ីជម្រៅក៏មិនមានឆន្ទះក្នុងការកែទម្រង់ស៊ីជម្រៅដែរគឺឆ្លើយតបតែអ្វី ដែលមើលឃើញគឺឆ្លើយតបតែអ្វី ដែលសើស្បែក អ្វីដែលមិនដូរជាប្រព័ន្ធមិនដូរជានីតិវិធីគ្រប់គ្រងរដ្ឋបាលទាំងមូល ជាគោលនយោបាយទេ»។
បញ្ហាទាំងនេះរួមមានអំពើពុករលួយ ហិរញ្ញវត្ថុ អន្តោប្រវេសន៍និងបក្សពួកគ្រួសារនិយមជាដើម។
លោកអ៊ូ វីរៈបានលើកឡើងពីសារៈសំខាន់ក្នុងការមានស្ថាប័នស្រាវជ្រាវឯករាជ្យមួយដែលអាចតាមដាននិងផ្ទៀងផ្ទាត់មើលគោលនយោបាយដែលរដ្ឋាភិបាលបានចេញព្រោះមានពេលខ្លះតួលេខមានការកែប្រែខុសពីការពិតដែលទាមទារឱ្យអ្នកឯករាជ្យត្រូវហ៊ានលើកឡើង។
«អញ្ចឹងត្រូវតែមានអ្នកឯករាជ្យក្នុងការវិភាគទៅលើទិន្នន័យស៊ីជម្រៅដើម្បីជួយជាស្មារតីដល់ប្រជាពលរដ្ឋក្នុងការថ្លឹងថ្លែងផងដែរ»។
លោកអ៊ូ វីរៈទទួលស្គាល់ថាក្នុងបរិបទកម្ពុជាមានការដាក់សម្ពាធមកលើការស្រាវជ្រាវដើម្បីកុំឱ្យមានលក្ខណៈរិះគន់ទៅលើភាគីពាក់ព័ន្ធមួយចំនួនដែលរបាយការណ៍រកឃើញហើយពេលខ្លះ មានសម្ពាធពី ម្ចាស់ជំនួយដែលមិនចង់ឱ្យរដ្ឋាភិបាលអាក់អន់ចិត្តខ្លាំងពេកជាដើម។
ប៉ុន្តែលោកសង្ឃឹមថាវេទិការអនាគតនឹងរក្សាបាននូវ «សេចក្តីថ្លៃថ្នូរនៃការស្រាវជ្រាវមួយ»។
បញ្ហាដែលលោកនឹងផ្តោតការសិក្សាស្រាវជ្រាវគឺលើគោលនយោបាយសារពើពន្ធនិងតម្លាភាពក្នុងការស្វែងរកចំណូលនិងចំណាយនៃថវិកាជាតិ៕